Monday, June 4, 2012

បទអត្ថាធិប្បាយ៖ ចាញ់​ឆ្នោត​ស្រែក​ថា អយុត្តិធម៌ នេះ​ គឺជា​ទម្លាប់​របស់​បក្ស​ប្រឆាំង​ ​


បទអត្ថាធិប្បាយ

ចាញ់ឆ្នោតស្រែកថា អយុត្តិធម៌ នេះគឺជាទម្លាប់របស់បក្សប្រឆាំង​ ​

          ជាលទ្ធផលបណ្តោះអាសន្នក្រៅផ្លូវការ បានបង្ហាញថា « គណបក្សប្រជាជន កម្ពុជា ទទួលបាន សម្លេងឆ្នោតគាំទ្រពីប្រជាពលរដ្ឋដ៏ច្រើនលើសលប់នាំមុខគេក្នុង​ ការ បោះឆ្នោត ជ្រើស រើស ក្រុមប្រឹក្សា​​ឃុំ សង្កាត់អាណត្តិទី៣នេះគឺឈ្នះដាច់លើគណបក្សដទៃផ្សេងទៀត ដោយ​ កាន់កាប់បានចំនួន​​១៥៨៩ ក្នុងចំណោម ឃុំ សង្កាត់ចំនួន១៦៣៣នៅទូទាំងប្រទេស ចំណែកឯ​ឃុំ​ សង្កាត់​ដែលនៅសល់​ចំនួន​៤៤ទៀត​ បាន​ទៅ​គណបក្ស​ផ្សេង​។
          គ្រាន់​តែនៅ​រាជ​ធានីភ្នំពេញ​ គណបក្ស​ប្រជាជន​កម្ពុជា​ដណ្តើម​បាន​សង្កាត់​ចំ​នួន​៣ ដែល​គណបក្ស​សម​ រង្ស៊ី បាន​ឈ្នះ​ក្នុង​អាណត្តិមុន​។ លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹក​នាំ​ធ្វើ​ចៅ​សង្កាត់​ទាំង​៩៦ នៅ​ក្នុង​រាជ​ធានីភ្នំ​ពេញ​។
          បើធៀប​ទៅ​នឹង​ការបោះ​ឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សាឃុំ សង្កាត់ កាលពី​ឆ្នាំ២០០៧ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សម្លេង​ឆ្នោត​​គាំទ្រកើន​ឡើង​ជាង​១ភាគរយនៅ​ទូ​ទាំងប្រទេស គឺ​ប្រជាពល​រដ្ឋដែល​បានបោះឆ្នោត​ជូន​គណបក្សប្រជាជន​កម្ពុជាមាន​រហូត​ដល់​ជាង៣លាននាក់។​
          បើ​ទោះបី​ជា​មិន​ទាន់​មាន​ការ​ប្រកាសលទ្ធផល​ឆ្នោត​ជា​ផ្លូវ​ការ ដោយ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​​បោះ​ឆ្នោត​ដ៏ដោយ​ ប៉ុន្តែ លទ្ធផលក្រៅ​ផ្លូវ​ការនេះ គឺត្រូវ​បានទទួល​ការ​​​ស្វាគមន៍​ពី​សំ​ណាក់​គណបក្សប្រជាជន​កម្ពុជា​ដែល​មានប្រៀប​ជាង​គេ រី​ឯគណបក្សសិទ្ធិមនុស្ស​បាន​សម្តែង​នូវ​ការរីករាយ​ ដោយ​​សារ​បក្សរបស់​ខ្លួន​បានឈ្នះ​តំ​ណែង​មេឃុំនៅ​តាម​ខេត្តមួយ​ចំ​នួន​ ដោយ​ឡែក​គណបក្ស​ សម រង្ស៊ីវិញ​​ស្រែក​ថា ការ​បោះឆ្នោត​នេះ​ គឺមាន​ស្ថានភាព​អាក្រក់​បំ​ផុត​ និង​ថា​ការបោះ​ឆ្នោត​លើក​នេះ​មាន​ភាព​មិន​ប្រក្រតី​ជាង​ពេល​ណាៗទាំងអស់។
 គណបក្ស​សម រង្ស៊ី បាន​ត្រឹម​តែ២៣ ឃុំ សង្កាត់​ប៉ុណ្ណោះ​ ដោយ​ត្រូវ​បាត់​បង់​ចំ​នួន​៥ភាគរយ​ បើ​ធៀប​នឹង​​ឆ្នាំ២០០៧ ដែល​គណបក្សប្រឆាំង​មួយ​នេះធ្លាប់​​បាន​ទទួល​ឃុំ​សង្កាត់​នៅ​ទូ​ទាំង​ប្រទេស​ចំ​នួ​ន​​២៨។ ដោយ​​ឡែក​គណបក្សសិទ្ធិ​មនុស្ស​វិញអាច​នឹង​ទទួល​បាន​ដំ​ណែង​ជាមេឃុំ​ចៅ​សង្កាត់​​ចំ​នួន​២០។
          បន្ទាប់​ពី​ដឹង​ថា​ បក្ស​សម រង្ស៊ី​ចាញ់​ឆ្នោត ភ្លាម​ៗទាំង​លោក គង់​គាំ ប្រធាន​ស្តី​ទី​ និង​លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សម រង្ស៊ី ស្រែក​ឡាំប៉ានិង​បាន​ប្រកាសច្រាន​ចោល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​។ ​វាបាន​ក្លាយ​ទៅ​ជាប្រពៃណី ​វប្ប​ធម៌របស់​បក្ស​ប្រឆាំង​នៅ​លើពិភព​លោកទៅ​ហើយ​ គឺនៅ​ពេល​ដែល​ខ្លួន​ចាញ់​ឆ្នោត​តែង​តែ​លើក​ហេតុ​ផលនេះ​ ហេតុ​ផល​នោះ​មិន​ចេះ​ចប់​។
          ចំ​ពោះ​ ការ​រិះ​គន់​របស់​គណបក្ស​ប្រឆាំង​អំពីភាព​មិន​ប្រក្រតី​ ដែល​ថា​ ការបោះ​ឆ្នោត​នេះ​មាន​ឈ្មោះស្ទួន​ក្នុង​បញ្ជី និង​ចោទ​ថា មានពល​រដ្ឋមួយ​ចំ​នួន​បាន​បោះ​ឆ្នោតជា​ច្រើន​ដង​ក្នុង​ថ្ងៃតែ​មួយនោះ គឺជាការ​ភូកុហក់ មួល​បំ​ភ្លៃខុសពី​ការពិត​ទាំងស្រុង ពីព្រោះ​  ពល​រដ្ឋម្ចាស់​ឆ្នោត​គ្រប់​រូប​ គឺមាន​សិទ្ធិ​បោះ​ឆ្នោត​បាន​តែម្តង​គត់​ ហើយ​ត្រូវ​បាន​ជ្រលក់​ទឹក​ខ្មៅរបស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះ​ឆ្នោ​ត(..)​ ជាប់​ចង្អុល​ដៃ មិន​អាច​លាង​ជម្រះ​បាន​ដោយ​ងាយនោះ​ទេ ដែល​ខុសពី​ទឹក​ខ្មៅ​របស់​អ៊ុន តាក់។
            ជាទិដ្ឋភាពរួម​​ ការបោះ​ឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សាឃុំ សង្កាត់ កាល​ពី​ថ្ងៃទី​៣ ខែ មិថុនា ឆ្នាំ ២០១២ គឺ​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាសល្អ​ប្រសើរណាស់ គឺគ្មានភាព​​មិន​ប្រក្រតី​ណាមួយ​ប៉ះ​ពាល់​មកលើ​លទ្ធផល​នៃការ​បោះ​ឆ្នោត​នេះ​ទេ។
          សូម្បី​តែអង្គការ​សង្គម​ស៊ីវិល​មួយ​ចំ​នួនដែល​​ធ្លាប់តែ​រិះ​គន់ ​អំពីដំ​ណើរការ​បោះ​ឆ្នោត​ជាច្រើន​អាណត្តិ​មកនោះ​​ ក៏បាន​សំ​ដែង​នូវ​ការពេញ​ចិត្តចំ​ពោះការបោះ​ឆ្នោត​នេះ​ដែរ ជាក់​ស្តែង​ អង្គការ​ ខុមហ្រ្វែល បានហៅ​ដំ​ណើរការ​បោះ​ឆ្នោត​ឆ្នាំ២០១២នេះ ថា បាន​ប្រព្រឹត្តទៅ​​ដោយ​សន្តិភាព​ មិន​មាន​អំពើហឹង្សាធ្ងន់​ធ្ងរដែល​​ធ្វើ​អោយ​ប៉ះ​ពាល់ដល់​ដំ​ណើរការ​បោះ​ឆ្នោត​ទេ គឺពិនិត្យ​ឃើញ​ថា​ មាន​ភាព​រលូន ខុសប្លែក​ពី​លោក​យឹម សុវណ្ណ នៃ​​គណបក្ស​សម រង្ស៊ី ដែល​ចាញ់​ឆ្នោត​ហើយ ស្រែក​ទាម​ទារឱ្យ​មានការបោះ​ឆ្នោត​សារជាថ្មី។
          ទោះយ៉ាង​ណា​ លទ្ធផលនៃការ​​បោះ​ឆ្នោត​នេះ​ បាន​បង្ហាញ​​អំពី​ភាព​សេរី​ ត្រឹម​ត្រូវ និង​យុត្តិ​ធម៌ និង​តម្លាភាព​ និង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ដំ​ណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ គឺ​​កាន់​តែ​មាន​ការរីកចំ​រើន​ និង​​ចាក់ឬសកាន់​តែជ្រៅទៅ​ៗនៅ​ក្នុង​សង្គម​កម្ពុជា​ ហើយ​នេះ​ក៏ជា​មូល​ដ្ឋានគ្រឹះដ៏សំ​ខាន់សម្រាប់​​​វាស់​​​ស្ទង់​ការបោះ​ឆ្នោត​សកល​ឆ្នាំ២០១៣ ដែល​ជាសញ្ញា​​ជោគ​ជ័យ​របស់​​គណបក្ស​ប្រជាជន​កម្ពុជា នាខាង​មុខផងដែរ។

អត្ថបទដោយៈ ពូន សំ​រេច