Wednesday, July 11, 2012

ទស្សនៈវិភាគ ៖ អវសាន្ត​នៃជីវិត​​នយោបាយរបស់សម រង្ស៊ី​


ទស្សនៈវិភាគ

អវសាន្ត​នៃជីវិត​​នយោបាយរបស់សម រង្ស៊ី​

ជាមួយ​នឹងចំណងច្បាប់​យ៉ាង​​តឹង​មាំ ដែលមិន​អាចស្រាយរួច គឹបាន​សម្លាប់​ជីវិត​នយោបា​យ​របស់​លោក​សម រង្ស៊ី​ និង​​បញ្ចប់ទាំង​ស្រុង​នូវ​​ឥទ្ធិពល​របស់​មេបក្ស​ម្នាក់​នេះ​ឱ្យ​ទន់​ឆ្អឹង​​រើលែង​រួច​​។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹងការលើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ឱ្យបាន​ប្រសើឡើង​​ គឺ​រាជរដ្ឋា​ភិបាល​​បាន​ប្រឹង​ប្រែង​​ពង្រឹង​នូវការអនុវត្តច្បាប់ជាអទិភាព និង​បាន​​ចាត់​វិធាន​ការ​ជាបន្ត​បន្ទាប់​ទៅ​លើ​ជន​ប្រព្រឹត្តបទ​ល្មើស ដោយ​មិន​ប្រកាន់​បក្ខពួក​ ឬ​និន្នាការ​នយោបាយ​ឡើយ​។

យ៉ាង​ណា​មិញ​ ករណី​សំ​នុំ​រឿង​របស់​ទណ្ឌិត សម រង្ស៊ី​ ក៏មិន​មែន​ជាប្រធាន​បទ​ក្តៅ​ ចោទ​ជាបញ្ហា​អំ​ពី​ការ​កៀប​សង្កត់​ បំ​បិទសិទ្ធិ​នយោបាយបក្សប្រឆាំង សិទ្ធិ​បញ្ចេញ​មតិ ឬ​ក៏រាជ​រដ្ឋាភិបាល​ខ្លាច​ឥទ្ធិពល​របស់​លោក សម រង្ស៊ី ទើប​បាន​ជា​រកវិធី​រាំង​ខ្ទប់​ផ្លូវ​មិន​ឱ្យ​មេបក្ស​ប្រឆាំង​ចូល​ស្រុក ដូច​ការ​ចោទ​ប្រកាន់​របស់​អង្គការ​សង្គមស៊ីវិល​ និង​ក្រុម​​ដែល​មាន​គំ​និត​ខ្វែង​ជាមួយ​រដ្ឋាភិបាល​បាន​លើក​ឡើង​នោះ​ទេ គឺវាពិត​ជា​លោក សម​ រង្ស៊ី បាន​ដើរដល់​មាត់​ជ្រោះ​ដោយ​ខ្លួន​ឯង​។​

បញ្ហា​របស់​លោក​សម រង្ស៊ី គឺពិត​ជាផ្តើម​ចេញ​ពី​ការដើរខុសផ្លូវ​ផ្នែក​យុទ្ធសាស្ត្រ​នយោបាយ​ផ្ទាល់​ខ្លួន​ និងសកម្មភាព​ជុំ​វិញ​ឥរិយាបថ​នៃ​ចេតនា​ « យក​​ច្បាប់​ទ្រាប់​អង្គុយ​» ។​
 
តើ​ទង្វើ​ដក​បំ​ផ្លាញ​តម្រុយ​បង្គោល​ព្រំ​ដែន​ ការ​ក្លែង​ឯកសារ​ផែន​ទី ការ​ជេរប្រមាថ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ញុះញង់​ អុជអាល​ បង្ក​ចលាចលសង្គម​ អំ​ពើទាំង​នោះ  បាន​ឆ្លុះបញ្ចាំងអ្វី​ខ្លះ​ អំ​ពី​ការ​ចូល​រួម​អនុវត្តកាតព្វ​កិច្ចពង្រឹង​នីតិរដ្ឋ គោរព​លទ្ធិ​ប្រជាធិបតេយ្យ និងជា​មោទនភាពសម្រាប់​ជាតិ​ដែរឬ​ទេ? ។ (សូម្បី​តែ​សហគមន៍​អន្តរជាតិ​ក៏អស់​ជំ​នឿលើលោកសម រង្ស៊ី​ដែរ)។

តើ​អ្នក​ណាជាអ្នក​បញ្ជាឱ្យ​លោក សម រង្ស៊ី​ ទៅ​ដក​តម្រុយ​បង្គោលព្រំ​ដែន​កម្ពុជា‑វៀត​ណាម​? តើ​លោក​ សម រង្ស៊ី ដឹងទេ​ថា​ ទង្វើ​នោះ គឺជា​អំ​ពើបំ​ពាន​ច្បាប់​រដ្ឋដែរទេ?​​ តើ​អ្នក​តំ​ណាង​រាស្ត្រមាន​សិទ្ធិ​ធ្វើ​ដូច្នោះមែន​ឬ? តើ​នៅ​លើពិភព​លោកអ្នក​តំ​ណាង​រាស្ត្រ​ជាអ្នក​ដក និង​ដាំបង្គោលព្រំ​ដែន ឬ​ក៏ការងារនោះ​ជា​សមត្ថកិច្ច​របស់​រាជ​រដ្ឋាភិបាលជាអ្នក​អនុវត្ត ​?

ប្រទេស​នៅ​លើសកលលោក ដែល​មាននូវ​ការ​អភិវឌ្ឍរីក​ចំ​រើន ការ​ធានានូវ​សន្តិសុខ ស្ថិរភាព​នយោបាយ​ សណ្តាប់​ធ្នាប់​សង្គម​ គឺគេខិត​ខំ​រិត​បន្តឹងខ្លាំង​ណាស់​​ការ​គោរព និង​អនុវត្ត​ច្បាប់យក​ធ្វើ​ជាមូល​ដ្ឋាន​។​ចុះ​អំ​ពើរបស់​លោក សម រង្ស៊ី តើលោកបាន​ដើរត្រឹម​ត្រូវ​តាម​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​ដែរ​ឬទេ? គឺគេអាច​ឆ្លើយ​បាន​ភ្លាម​ថា ពិត​ជា​បញ្រ្ចាស់​ពី​គោលការ​ណ៍​ច្បាប់​ទាំង​ស្រុង​​។ ផ្ទុយ​ទៅ​វិញ​ លោកសម រង្ស៊ី បាន​សម្រេចចិត្តយក​ច្បាប់​ព្រៃមក​អនុវត្ត បើ​ទោះ​ជា​ដឹង​ថា សកម្មភាព​របស់​គាត់​មិន​អាច​ទាក់​ទាញ​សម្លេង​គាំទ្រពី​សាធារណមតិជាតិ និង​សហគមន៍អន្តរជាតិ​ក៏ដោយ​ក្តី​។

រាជ​រដ្ឋាភិបាល​បាន​រងគ្រោះ​ច្រើន​ពេក​ហើយ ដែល​ត្រូវ​បក្សប្រឆាំង និង​សង្គម​ស៊ីវិល​មួយ​ចំ​នួ​ន វាយប្រហារ ចោទប្រកាន់​ជាបន្តបន្ទាប់ដោយ​គ្មាន​មូល​ដ្ឋាន​ ក្រោម​លេសថា ប្រព័ន្ធ​តុលាការ​ស្ថិត​ក្រោម​សម្ពាធនយោបាយរបស់​រាជរដ្ឋាភិបាល​ ប៉ុន្តែ ផ្ទុយទៅ​វិញ​​ពួក​គេនាំគ្នា​ខិត​ខំ​បំ​ភ្លេច​​​ចោល​ទាំង​ស្រុង​នូវទ​ង្វើ​ខុសច្បាប់ដ៏ធ្ងន់​ធ្ងរដែល​ទណ្ឌិត​ម្នាក់​នេះ​ បាន​ប្រឹង​ប្រែង​ទាញ​ទម្លាក់នីតិរដ្ឋឱ្យ​ធ្លាក់​ចុះ​ដល់​បាត​ដាល ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ដើរស្រប​តាម​ផល​ប្រយោជន៍​ក្រុម​ និង​បក្ខពួក​របស់ពួក​គេ​។
ជាញឹក​ញ៉ាប់​ទណ្ឌិត​ សម រង្ស៊ី បាន​ប្រើ​ឧបករណ៍បំ​ពង​សម្លេង​ពី​ក្រៅ​ប្រទេស​ដូច​ជា​ វី​ដេអូ ខន់ហ្វើ​រិន និង​បាន​ផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​បរទេស​ផ្សាយ​ជា​ខេម​រភាសាមួយ​​ចំ​នួន ​មក​បំ​ពុល​បរិយាកាសសង្គម​ខ្មែរ​ ថា​ការ​ដឹក​នាំរបស់​រដ្ឋាភិបាល​សព្វ​ថ្ងៃ​​​​អាក្រក់​បំ​ផុត​ដោយ​មិន​បាន​គោរព​សិទ្ធិ​មនុស្ស និង​ចោទ​ថា​ ការបោះ​ឆ្នោត​ប្រព្រឹត្តទៅ​ដោយ​គ្មាន​ភាព​ត្រឹម​ត្រូវ សេរី និង​យុត្តិធម៌នោះ​ទេ។

ប៉ុន្តែ ទណ្ឌិតរូប​នេះ មិន​មាន​អំ​ណះ​អំ​ណាង​ផ្លូវ​ច្បាប់​ណាមួយ​រឹង​មាំ ​និង​ច្បាស់​លាស់​​ ដើម្បី​បកស្រាយ​ការពារខ្លួន​ និង​មាននូវ​​ភាព​ក្លាហាន​តតាំង​គ្នា​នៅ​ចំ​ពោះ​មុខតុលាការ​ម្តង​ណាឡើយ ក្រៅ​តែពី​ការ​ប្រព្រឹត្តខុសច្បាប់​ហើយ​ រត់​គេចខ្លួន​ទៅ​ក្រៅ​ប្រទេស និង​យក​ទឹក​ដី​បរទេស​សម្រាប់ធ្វើ​​ជា​ទីលាន​វាយប្រហារ​ កំ​ទេចស្រុក​ខ្មែរ​ ដើម្បីបិទ​បាំង​កំ​ហុសរបស់​ខ្លួន​។ មិន​ត្រឹម​តែប៉ុណ្ណោះ​ទេ  បុគ្គល​រូប​នេះគ្មាន​ភាពច្បាស់​លាស់​ និង​រក្សានូវ​សម្តី​របស់​ខ្លួន​ម្តង​ណាទេ គឺបន្ទាប់​ពី​កសាង​កំ​ហុសម្តង​ហើយ​ម្តង​ទៀត និង​បាន​សុំ​ទោសជាសាធារណៈថា​ ខ្លួនគាត់​​នឹង​ឈប់​ប្រព្រឹត្តនូវ​កំ​ហុសឆ្គង​សារ​ជាថ្មី​ទៀត​ហើយ  ប៉ុន្តែ រូប​គាត់(សម រង្ស៊ី)​ មិន​បាន​ទម្លាក់​ចោល​នូវ​គំ​នុំផ្ទាល់​ខ្លួន​នោះទេ គឺបន្ត​សង​សឹក​ត្រឡប់​វិញ​ ដូច​អ្វី​ដែល​ទណ្ឌិត​រូប​នេះ​ធ្លាប់​ប្រកាសថា ធ្វើ​យ៉ាង​ណា​ឱ្យ​ស្រុក​ខ្មែរឆោឡោ និង​ចលាចល​

សម រង្ស៊ី គួរគប្បី​បញ្ឈប់​នូវ​សកម្មភាព​របស់​ខ្លួន​ និង​គួរឈប់​លាបពណ៌ ឬ​ក៏បង្ក​នូវ​ភាព​កករល្អក់​ដាក់​មកលើ​រាជ​រដ្ឋាភិបាល​ ពី​ព្រោះ​រូប​លោកសព្វ​ថ្ងៃជាទណ្ឌិត គឺសិទ្ធិនយោបាយ​ត្រូវ​បាន​បញ្ចប់​ហើយ​ ហើយ​ម៉្យាង​ទៀត ធាតុពិត​ការ​រត់ចោល​ស្រុក​របស់​លោក​ គឺមិន​មែន​សម្តេច​តេជោ ហ៊ុន សែន ជា​អ្នក​បណ្តេញ​នោះ​ទេ គឺរូប​គាត់​សម្រេចចិត្ត​រត់​ចោល​ស្រុក​ដោយ​ខ្លួន​ឯង​បន្ទាប់​ពី​ដឹង​ថា​ ខ្លួន​ធ្វើ​ខុសច្បាប់​ហើយ​នោះ​។ 

ក្នុង​បរិបទ​​នេះ​ លោក សម រង្ស៊ី កំពុង​ប្រឈម​នឹង​នីតិវិធី​បន្ថែម​ទៀត​របស់គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ទាក់​ទង​នឹង​សកម្មភាព​ឃោសនា​របស់​លោកពី​ក្រៅ​ប្រទេស​ ពី​ព្រោះ​តាម​ច្បាប់​«ទណ្ឌិត គឺត្រូវ​បាន​បញ្ចប់​ជាស្ថាពរអំពី​សិទ្ធិ​ធ្វើ​នយោបាយ​​ ​ ​និង​ក៏ពុំ​មាន​សិទ្ធិ​បោះ​ឆ្នោត​ ហើយ​ក៏គ្មាន​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេបោះ​ឆ្នោត​ឱ្យដែរ»។

ដោយ​ឡែក កិច្ចខិត​ខំប្រឹង​ប្រែង​ណាមួយ​របស់​លោក​ប្រេដ អាដាម នាយកប្រចាំតំ​បន់​អាស៊ី  នៃអង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ដូច​មាន​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ចេញ​ផ្សាយ​ថ្ងៃទី​១០ ខែ កក្កដា ឆ្នាំ ២០១២ ថា​ គួរតែ​លោកស្រី ហ៊ីល​ឡារី គ្លីន​តុន​ រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ ប្រើ​ការ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា ដើម្បី​បើ​កផ្លូវ​ឱ្យ​ លោក​សម រង្ស៊ី​ចូល​ស្រុកដើម្បី​​ចូល​រួម​បោះ​ឆ្នោត​ឆ្នាំ ២០១៣ នោះ​ ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​ខ្លះ​គិត​ថា បញ្ហាបុគ្គល​ម្នាក់ជាទណ្ឌិតដូច​ជារូប​លោក​សម​ រង្ស៊ី គឺជា​អនុវត្ត​ដែន​សមត្ថកិច្ចនៃប្រព័ន្ធច្បាប់​របស់កម្ពុជា ហើយ​វា​មិន​ស្ថិត​នៅ​ក្នុង​របៀប​វារៈនៃកិច្ច​ប្រជុំ​អាស៊ាន​នោះ​ទេ។​

និយាយជារួម​ទណ្ឌិត​ សម រង្ស៊ី បាន​ដើរដល់​មាត់​ជ្រោះដោយ​ខ្លួន​ឯង​​ ដែល​ជា​ទី​អវសាន្ត នៃជីវិត​នយោបាយ​​៕

អត្ថបទដោយៈ សុខ សំ​ណាង