Thursday, July 12, 2012

រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក ៖ ទំនាក់​ទំនង​អាមេរិក-កម្ពុជា​មានចំណុច​វិជ្ជមាន​ច្រើន

លោកជំទាវ ហ៊ីលឡារី គ្លីនតុន រដ្ឋមន្រ្តីក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក មាន ប្រសាសន៍ កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១២ ថា ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​ ព្រះរាជាណា​ចក្រ​កម្ពុជា មានចំណុច​រីកចម្រើន​ជាវិជ្ជមាន​យ៉ាង​ច្រើន ហើយ​ក៏នៅ​មាន សក្កានុ​ពលជា​ច្រើន​ទៀត ដែល​ប្រទេស ទាំងពីរ​អាច​ធ្វើកិច្ច​សហ​ប្រតិបត្តិ​ការជា​មួយគ្នា​បាន ផង​ដែ។យោងតាម​លោក អ៊ាង សុផល្លែត ជំនួយ​ការសម្តេច​តេជោ​នាយ​ករដ្ឋមន្រ្តី​ឲ្យដឹង​ថា នៅក្នុ​ងជំនួប សម្តែង​ការគួរ​សម ជាមួយ សម្តេច​អគ្គមហា​សេនា​បតីតេ​ជោ ហ៊ុន សែន នៅវិមាន សន្តិភាព ក្នុងរាជធា​នីភ្នំពេញ លោកជំទាវ គ្លីនតុន មានប្រសាស​ន៍ថា នៅក្នុង​ដំណើរ​ទស្សន​កិច្ច មកកាន់ កម្ពុជា ដើម្បី​ចូល​រួមក្នុង​កិច្ច​ប្រជុំ អាស៊ាន​នេះ គឺដើម្បី​ស្ថាបនា​ឲ្យមាន​ការរីក ចម្រើន នូវអ្វី ដែល​បាន​ពិភាក្សា និងបាន​សហការ​គ្នានា​ពេល​កន្លង មកនោះ។ លោក​ជំទាវ គ្លីនតុន ថ្លែងថា លោក​ជំទាវ​បាន​សង្កេត​ឃើញថា មាន​ចំណុច​រីកចម្រើន​ជាច្រើន នៃកិច្ច​សហប្រ​តិបត្តិការ​រវាង ប្រទេស​ទាំង​ពីរ ដែល​សហរដ្ឋ​អាមេ​រិក នឹង​បញ្ជាក់​នូវការ ផ្តួចផ្តើមរ​បស់​ខ្លួនដែល​អាមេរិក​នឹង ជំរុញ​ទំនាក់​ទំនង​រវាង​អាមេរិក​ជាមួយ​កម្ពុជា ក៏ដូចជា​ជាមួយ​អាស៊ាន​ឲ្យបាន​កាន់តែ​ស៊ីជម្រៅ ថែមទៀត លើវិស័យ​គ្រប់គ្រង​គ្រោះម​ហន្តរាយ វិស័យអប់រំ គឺការជំរុញ​វិស័យកា​រសិក្សា​ភាសា អង់គ្លេស​ក៏ដូច​ជា វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិនិយោគ​ជាដើម។លោកជំទា​វហ៊ីល​ឡារី គ្លីនតុន មាន​ប្រសាសន៍​ថា នៅក្នុង​ដំណើរ​ទស្សន​កិច្ចនេះ លោ​កជំទាវ បាន នាំមក​ជា មួយនូវ គណៈប្រតិភូ​វិនិយោគ​សហរដ្ឋអា​មេរិក​យ៉ាងធំ​មកកាន់​កម្ពុជា ហើយ​ដែលនឹង​មានកិច្ច​ប្រជុំ ធុរកិច្ច​អាមេរិក នៅថ្ងៃទី ១៣ កក្កដា​នេះ នៅ​ឯខេត្ត​សៀមរាប។ លោក​ជំទាវ គ្លីនតុន ថ្លែងថា អ្វីដែល​សហរដ្ឋ អាមេរិក​ចង់ឃើញ​នៅពេល​នេះ គឺបណ្តា ប្រទេស​អាស៊ាន​រៀបចំ និងបង្កើត ក្រម​ប្រតិបត្តិ​ឲ្យមាន​ប្រសិទ្ធភាព​ពាក់ព័ន្ធ​នឹងបញ្ហា​សមុទ្ទខាង​ត្បូងនោះ។លោក អ៊ាង សុផល្លែត ឲ្យដឹងថា នៅក្នុង​ជំនួបនោះ លោកជំទាវ គ្លីនតុន បាន​ថ្លែងអំណរ​គុណ យ៉ាងជ្រាលជ្រៅ ចំពោះ​កម្ពុជា ដែលបាន​គាំទ្រ​ទៅដល់​កិច្ចផ្តួច​ផ្តើមរបស់​សហរដ្ឋអា​មេរិក​ទៅលើការ​អភិវឌ្ឍ តំបន់ មេគង្គ​ខាង​ក្រោម ដោយមាន​ប្រសាសន៍ថា នៅថ្ងៃ សុក្រខា​ងមុខនេះ លោកជំទាវ​នឹង​ប្រកាស អំពីការ​ផ្ដល់ជំនួយ​ចំនួន៥០លាន​ដុល្លារអាមេរិក​សម្រាប់កា​រអភិវឌ្ឍន៍​តំបន់ មេគង្គ ខាងក្រោម នេះ។ លោកជំទាវ​មានប្រសាសន៍​ថា លោកជំទាវ​សប្បាយ​រីករាយ​យ៉ាងខ្លាំង ចំពោះកិច្ច សហប្រតិបត្តិការ​ជាមួយ​កម្ពុជា លើវិស័យ​សន្តិសុខ ដោយលោកជំទាវមា​នប្រសាសន៍ថា សហរដ្ឋ​អាមេរិក​មានបំណង​ពង្រីកកិច្ច​សហប្រតិបត្តិការ លើវិស័យ សន្តិសុខ​បន្ថែមទៀត។ លោកជំទាវ​ក៏បាន​ស្វាគមន៍នូវ​គំនិតរបស់​អាស៊ាន ដែលចង់ឲ្យ​អាស៊ាន​ជាប្រទេស​ដែលគ្មាន អាវុធនុយ​ក្លេអ៊ែរ ហើយជាង​នេះទៅទៀត​លោកជំទាវ​ក៏បានថ្លែង​អំណរ​គុណ និងស្វាគមន៍​ចំពោះ ការបន្ត​ជួយគាំទ្រ​ដល់ការកាត់​ទោសខ្មែរក្រហម​ផងដែរ។លោកជំ​ទាវ គ្លីនតុន បានសម្តែង​នូវការ អបអរសាទ​រចំពោះ ការធ្វើ​ជាម្ចាស់ផ្ទះ​ដឹកនាំកិច្ច​ប្រជុំអាស៊ាន​របស់កម្ពុជា ដែលទទួ​លបាន ជោគជ័យ ផងដែរ។​នៅក្នុង​ជំនួបនោះ សម្ដេច​តេជោ ហ៊ុន សែន បានថ្លែង​អំណរគុណ ចំពោះ សហរដ្ឋ​អាមេរិកដែ​លបានជួយ​ព្រះរាជាណា​ចក្រកម្ពុជា ចំពោះគ្រោះទឹកជំនន់​កាលពីឆ្នាំ​ ២០១១ កន្លងមកនេះ។

ពាក់ព័ន្ធនឹងការ​ផ្ដួចផ្ដើម​របស់សហរដ្ឋ​អាមេរិក ចំពោះការ​អភិវឌ្ឍ​មេគង្គក្រោម​នេះ សម្ដេច នាយក​រដ្ឋមន្រ្តីបាន​មាន​ប្រសាសន៍ថា នេះគឺជា​ការផ្ដួច​ផ្ដើមដ៏ត្រឹម​ត្រូវរបស់​សហរដ្ឋ​អាមេរិក ដែលការ​ផ្ដួចផ្ដើម​នេះមិនត្រឹមតែ​ជួយដល់​បញ្ហាគ្រោះ​ទឹកជំនន់ទេ ថែមទាំង​ជួយដល់​ការធ្វើ សមាហរណកម្មរ​បស់អា​ស៊ានផង​ដែរ ដែល​នេះជា គោលដៅ​របស់​អាស៊ាន​សម្រាប់​ឈានទៅ កាន់ សហគមន៍​អាស៊ាននៅឆ្នាំ ២០១៥ ខាងមុខ។​ ពាក់ព័ន្ធនឹង​បញ្ហាសមុទ្រ​ចិនខាង​ត្បូង ក្រមប្រតិបត្តិ​សមុទ្ទចិន​ខាងត្បូង (COC) សម្ដេចបាន​មានប្រសាសន៍​ថា វាគ្មាន​មធ្យោបាយ​អ្វី​ដែលល្អប្រ​សើរជាងការអនុវត្ត​តាម សេចក្តីថ្លែងការណ៍​ស្តីពីការ​ប្រតិបត្តិ របស់​ភាគី​សមុទ្ទ​ចិន​ខាងត្បូង (DOC) ដែល​ឈានទៅរក COC ដែលមាន​ប្រសិទ្ធភាព​នោះទេ។ ជាងនេះ​ទៅទៀត សម្ដេចក៏បាន​សម្តែងនូវការ​សប្បាយរីករាយ ដែល​លោកជំទា​វបាននាំមកនូ​វធុរកិច្ចអាមេរិក​យ៉ាងធំមកកាន់កម្ពុជានេះ ហើយអ្វី​ដែលលោកជំទាវ​បានលើក​ឡើង ពាក់ព័ន្ធនឹង​ការតភ្ជាប់នោះ គឺជាកត្តាសំខាន់​ណាស់ ព្រោះបើមិនអាច​តភ្ជាប់គ្នារ​វាងប្រទេសអា​ស៊ាន និងការ​តភ្ជាប់ លើការ​ដឹកជញ្ជូន​រវាងគ្នា​នោះទេគឺមិន​អាច ទទួលបាន​នូវសមា​ហរណកម្មរបស់​អាស៊ាន ដែលជា​កត្តា​សំខាន់ដើម្បីកសាង​សហគមន៍​អាស៊ាននាថ្ងៃ​អនាគតនោះ​ដែរ។សម្ដេច​​​តេជោហ៊ុន សែន ក៏បាន​ថ្លែងអំណ​រគុណចំពោះ​លោកជំទា​វហ៊ីឡារី គ្លីនតុន ក៏ដូចសហរដ្ឋអា​មេរិកផងដែរ ដែល​បាន គាំទ្រការកាត់​ទោសខ្មែរ​ក្រហម៕
អត្ថបទអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស