Friday, September 21, 2012

អនុ​សា​សន៍​១២​ចំណុច​របស់​សម្តេច​តេជោ​សម្រាប់​អនុវត្ត​ផែនការ​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍន៍​ទេស​ចរណ៍​២០១២-២០២០


ផែន​ការ​យុទ្ធសាស្រ្តអភិវឌ្ឍន៍​ទេសចរណ៍ ២០១២-២០២០ ត្រូវ​បាន​ប្រគល់ និង​ប្រកាស​ផ្សព្វ​ផ្សាយ​ជាផ្លូវការ​នា​ព្រឹក​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព​ក្រោម​អធិបតីភាពដ៏​ខ្ពង់​ខ្ពស់​សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន។ ថ្លែង​នៅ​ក្នុង​ឱកាស​នោះ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី បាន​សម្ដែង​នូវ​ការ​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំប្រឹងប្រែង​របស់​ថ្នាក់ដឹក​នាំ និង​មន្ដ្រី​គ្រប់​លំដាប់​ថ្នាក់​នៃ​ក្រសួងទេសចរណ៍ ក្រសួង-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ ក្នុង​កិច្ចសហការ​គ្នា​រៀបចំ​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ទេស​ចរណ៍​នេះ​ឡើង។
សម្តេចតេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា ទេសចរណ៍​វប្បធម៌​ត្រូវ​បាន​ផ្ដល់​អាទិភាព​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​ទេសចរណ៍​នៅ​កម្ពុជា ព្រម​ជា​មួយនឹង​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​អេកូ​ទេសចរណ៍ ដែល​ជា​ចក្ខុវិស័យ និង​គោលដៅ​ទេសចរណ៍​ថ្មី​សម្រាប់​រួម​ចំណែក​ដល់ការ​ទប់ទល់​ជាមួយ​នឹង​ការ​ផ្លាស់​ប្ដូរ​អាកាសធាតុ​សកល ការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​ការ​រួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា។ ជា​រួម​វិស័យ​ទេសចរណ៍​ត្រូវ​បាន​ចាត់​ទុកថា ជា​វិស័យ​អាទិភាព ឬ​អាច​និយាយ​មួយបែប​ទៀត​ថា ជា (មាសបៃ តង) ដោយ​វិស័យ​នេះ​បាន​រួម​ចំណែក​យ៉ាង​ខ្លាំងក្លា​ដល់​ការ​បង្កើត និង​បង្កើន​ឱកាស​ការងារ បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជាជន​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល ការ​ជំរុញ​ការ​នាំ​ចេញ​នៅ​នឹង​កន្លែង ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​បង្កើន​ចំណូល​ជាតិ ដែល​នឹង​រួម​ចំណែក​ដល់​ការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន។
សម្តេច​អគ្គ​មហាសេនា​បតីតេជោ​ ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​អនុសាសន៍​ចំនួន​១២​ចំណុច សម្រាប់​ថ្នាក់​ដឹកនាំ និង​មន្ដ្រី​គ្រប់​លំដាប់ថ្នាក់​នៃ​ក្រសួង​ទេសចរណ៍ ក្រសួង-ស្ថាប័ន និង​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ដើម្បី​ជាគន្លឹះ ក្នុង​ការ​ចូលរួម​ចំណែក ជំរុញ​ការអនុវត្ដ​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ទេសចរណ៍ ២០១២-២០២០ និង​ការ​បន្ដ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ទាំង​មូល​នោះ​រួម​មាន៖
ទី១-ត្រូវ​បន្ដ​ខិតខំ​យក​ចិត្ដ​ទុកដាក់​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ តាម​រយៈ​ការអនុវត្ដ​យុទ្ធ​សាស្ដ្រ ពិពិធកម្ម​ផលិត ផល​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍ ព្រម​ទាំង​ការ​ពង្រឹង​គុណ​ភាព ផលិតផល និង​សេវា​ទេសចរណ៍​នៅគ្រប់​រាជធានី-ខេត្ដ ជាពិសេស​នៅ​តំបន់​អាទិភាព​ទេសចរណ៍។
ក្នុង​នោះ ក្រសួង​ទេសចរណ៍ ត្រូវ​បន្ដ​យក​ចិត្ដទុក​ដាក់​សហការ​លើការ​គ្រប់គ្រង​ឧស្សាហ​កម្ម​ទេស​ចរណ៍ ដោយ​ខិតខំ​បន្ដ​ជំរុញ​អនុវត្ដ​ច្បាប់​ស្ដីពី​ទេសចរណ៍ និង​ជំរុញ​ការរៀបចំ​លិខិត​បទ​ដ្ឋាន​គតិយុត្តិ​នានា​ឱ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ធានា​បាន​នូវសង្គតិភាព​នៃ​ការអភិវឌ្ឍ និង​ការអភិរក្ស។
ទន្ទឹម​នឹង​នេះ ត្រូវ​បន្ដចលនា​ប្រឡង​ប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋាន​ស្អាត សេវាល្អ» ដែល​ជាយុទ្ធនា​ការពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍​ប្រកប​ដោយ​ប្រសិទ្ធភាព ភាព​ស្អាត​បៃ​តង និង​ត្រូវ​ចូលរួម​បំផុស​ចលនា «ទេសចរ​ម្នាក់ ដើម​ឈើ​មួយ​ដើម» ឬ «ការ​ដាំ​ដើម​ឈើ​ផ្ដើម​ចេញ​ពី​អ្នក»។
ទី២-ត្រូវ​យក​ចិត្ដ​ទុកដាក់​ក្នុង​ការជំរុញ​បង្កើត​សហគមន៍​អ្នកលក់​វត្ថុអនុស្សាវរីយ៍ និង​សមាគម អ្នក​លក់​វត្ថុអនុស្សាវរីយ៍ ការ​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ សហគមន៍​អេកូ​ទេសចរណ៍ ជាពិសេស នៅ​តំបន់​ទេសចរណ៍​អាទិភាព សំដៅ​រួម​ចំណែក​ការពារ​អភិរក្ស​ធនធាន​ធម្មជាតិ សម្បត្ដិ​វប្បធម៌​ប្រពៃណី​ទំនៀម​ទម្លាប់​នៅ​តាម​តំបន់ និង​ធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅមូល​ដ្ឋាន​មាន​មុខរបរ មាន​ការងារ​ធ្វើ​បន្ថែម និង​ទទួល​ផលប្រយោជន៍​ប្រកប​ដោយ​សមធម៌​ពី​សកម្ម​ភាព​ទេស​ចរណ៍ និង​សកម្មភាព​សេដ្ឋកិច្ច​ផ្សេង​ៗ​ទៀត។
ទី៣-ត្រូវ​បន្ដ​យក​ចិត្ដ​ទុក​ដាក់​បង្កើន​កិច្ច​សហ​ប្រតិបត្ដិការ​ជាមួយ​វិស័យ​ឯកជន ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវទេសចរ​មក​ពីទីផ្សារ​ទេសចរណ៍​អាស៊ាន អាស៊ាន​បូក​បី ឥណ្ឌា និង​ទីផ្សារ​ទើបងើប​ថ្មី​ដូចជា ទីផ្សារ​រុស្ស៊ី និង​អារ៉ាប់​ជាដើម។ ប៉ុន្ដែ​ក៏ត្រូវ​យក​ចិត្ដទុកដាក់​រក្សានូវ​ទីផ្សារ​ដែល​មាន​ស្រាប់ ដូច​ជា​អឺរ៉ុប ចិន និង​អាមេរិក​ផង​ដែរ។
ព្រម​ជាមួយ​នេះ​ត្រូវ​បង្កើន​យុទ្ធនាការ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជាៈ ព្រះរាជាណាចក្រ​អច្ឆរិយៈ តាម​រយៈការ​ផ្សព្វផ្សាយ​ម្ហូប​អាហារ​ខ្មែរ និង​បង្អែម​ខ្មែរ​ឱ្យ​កាន់​តែទូលំទូលាយ​ថែម​ទៀត​ដល់​ភ្ញៀវ​ទេសចរ។
ជា​មួយ​នេះ​ត្រូវ​បន្ដ​ពង្រឹង និង​ពង្រីក​សកម្មភាព​ផ្សព្វផ្សាយ​ទេសចរណ៍​តំបន់​អភិវឌ្ឍ​ត្រីកោណ​នៃ​ខេត្ដភាគឦសាន​របស់​កម្ពុជា​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា-ឡាវ-វៀត​ណាម និង​តំបន់​ឆ្នេរ​សមុទ្រ​ឱ្យបាន​ខ្លាំងក្លា។
ទី៤-គណៈកម្មការ​អន្ដរក្រសួង​ត្រូវយក​ចិត្ដ​ទុកដាក់​ថែម​ទៀត ក្នុង​ការ​សម្រួល​ការធ្វើ​ដំណើរ​ឱ្យ​កាន់​តែរលូន​នៅតាម​ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ និង​ត្រូវ​ខិតខំ​រៀបចំ​ហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់​បដិសណ្ឋារកិច្ច​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ដូចជា ចំណត​រថយន្ដ កន្លែង​រង់ចាំ អគារ​ឆ្លង​កាត់​របស់​អ្នក​ដំណើរ សេវា​ប្ដូរប្រាក់ សេវា​ព័ត៌មាន។ល។ ពិសេស​ការសម្រួល​បែប​បទ​ធ្វើ​ដំណើរ​ឱ្យបាន​រហ័ស។ ទន្ទឹម​នឹង​នេះ ក្រសួង​ទេសចរណ៍ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ភាគី​ពាក់ព័ន្ធ​ត្រូវ​បន្ដ​យក​ចិត្ដ​ទុក​ដាក់​ក្នុង​ការសម្របសម្រួល និង​ទាក់​ទាញ​ឱ្យមាន​ការ​តភ្ជាប់​ការ​ហោះហើរ​ឱ្យ​បាន​ច្រើន​ថែម​ទៀត​ពីអាស៊ាន អាស៊ាន​បូក​បី ឥណ្ឌា រុស្ស៊ី អារ៉ាប់ និង​ទីផ្សារ​អឺរ៉ុប​មក​កម្ពុជា និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ជាតិ​កម្ពុជា​អង្គរអ៊ែរ​ពង្រីក​ជើង​ហោះ​ហើរ​ឱ្យ​កាន់​តែ​ច្រើន​នៅ​ក្នុង​តំបន់ ជា​ពិសេស តំបន់​អាស៊ាន និង​អាស៊ាន​បូក​បី។
ព្រម​ជា​មួយ​នេះ ត្រូវ​ជំរុញ​យក​ចិត្ដ​ទុក​ដាក់​ទាក់ទាញ​ផង​ដែរ នូវ​ក្រុមហ៊ុន​អាកាសចរណ៍​ ដែល​មាន​តម្លៃទាប​ហោះហើរ​មក​កម្ពុជា​កាន់​តែ​ច្រើន​ថែម​ទៀត។
ទី៥-ក្រសួង​ទេសចរណ៍​ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រោម​យន្ដការ គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ និង​យន្ដការ​សមស្រប​នានា ដើម្បី​ជំរុញ​ការ​ពង្រីក​ហេដ្ឋា​រចនាសម្ព័ន្ធ​គាំទ្រ​ទេសចរណ៍ ដូចជា ការ​ស្ដារ និង​កសាង​ផ្លូវ​ទៅ​កាន់​គោល​ដៅទេស​ចរណ៍ វាល​ឬ ព្រលាន​យន្ដ​ហោះ ការ​តភ្ជាប់​តាម​ផ្លូវ​ដែក ការ​កសាង​កំពង់ផែ​ទេសចរណ៍ ការ​ផ្គត់​ផ្គង់​អគ្គីសនី ទឹក ស្អាត និង​ការ​គ្រប់គ្រង​កាកសំណល់​រឹង និង​រាវ ដែល​ជាការ​រួម​ចំណែក​ក្នុង​ចលនា​ប្រឡង​ប្រណាំង «ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ»។
ដោយ​ឡែក​នៅ​ក្នុងការ​អភិវឌ្ឍ​សម្រាប់​រយៈ​ពេល​វែង​ត្រូវ​ពិនិត្យ​លទ្ធភាព និង​សិក្សា​ការ​កសាង​ព្រលាន​យន្ដ​ហោះ​កម្រិត​អន្ដរជាតិ​ថ្មីមួយ​នៅ​ភ្នំពេញ ដែល​មាន​សមត្ថភាព​ផ្ទុក​រហូត​ដល់​ជា​១០ លាន​នាក់​ក្នុង​មួយ​ឆ្នាំ។
ទី៦-ក្រសួង​មហាផ្ទៃ អគ្គស្នងការ​នគរបាលជាតិ ជាពិសេស​អង្គភាព​នគរបាល​ទេសចរណ៍​ត្រូវ​ចូល​រួមយ៉ាង​សកម្ម ក្នុង​ការ​ថែរក្សា​សន្ដិភាព សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​ជូន​ភ្ញៀវ​ទេសចរ​នៅ​គ្រប់​តំបន់​ទេសចរណ៍។
ទាក់​ទង​បញ្ហា​នេះ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ខ្ញុំ​សូម​គាំទ្រ​ដល់​ប្រតិបត្ដិករ អាជីវករ​ទេសចរណ៍ ក្នុង​ការ​ចូលរួម​បង្កើត​ឱ្យ​មាន​សន្ដិសុខ​ស្ម័គ្រចិត្ដ​ឯកជន​ដើម្បី​រក្សា​សន្ដិ​សុខ សុវត្ថិភាព​នៅ​តាម​គោល​ដៅ​ទេសចរណ៍​ទាំង​ឡាយ ជា​ជំនួយ​ដល់​កម្លាំង​សន្ដិសុខ​សាធារណៈ ។ ទន្ទឹម​នឹង​នេះ ក្រសួង​ទេសចរណ៍​ត្រូវ​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ អគ្គស្នងការន​គរបាល​ជាតិ ក្រសួង​សុខា​ភិបាល វិស័យ​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​ពង្រឹង​ប្រព័ន្ធ​ធានា​សុវត្ថិភាព សង្គ្រោះ​ភ្ញៀវទេសចរ​ឱ្យ​បាន​កាន់​តែ​ប្រសើរ​ថែម​ទៀត ដោយ​ត្រូវ​រៀបចំ​ឱ្យ​មាន​ផែន​ការ​ជាតិ ធានា​សុវត្ថិភាព​ភ្ញៀវទេសចរ និងត្រូវដាក់ចេញនូវយន្ដការ និង​វិធាន​ការ​ច្បាស់​លាស់​លើ​សេវា​សន្ដិសុខ សង្គ្រោះ​បន្ទាន់ ពេល​ជួប​បញ្ហាជាយថាហេតុ​ណា​មួយ។
ទី៧-ត្រូវ​យក​ចិត្ដ​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ជា​ពិសេស ផ្នែក​ជំនាញ​វិជ្ជាជីវៈ ទេស​ចរណ៍ ដោយ​ហេតុថា កិច្ចការ​នេះ​ជាកត្ដា​កំណត់ និង​ជាមូលដ្ឋាន​ក្នុងការ​ពង្រឹង​គុណ​ភាព​សេវាកម្ម​ទេសចរណ៍។
ក្នុង​នោះ ត្រូវ​បន្ដ​ជំរុញ​ការកសាង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​គ្រឹះស្ថានសិក្សា​ទេស​ចរណ៍​ជាតិ​សម្រាប់​អភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​វិស័យទេសចរណ៍ ដើម្បី​ធានា​ដល់​ការអនុវត្ដ​កិច្ច​ព្រមព្រៀង​នានា​នៅក្នុង​តំបន់ និង​អន្ដរជាតិ​ស្ដីពី​ការអភិវឌ្ឍ​ធនធាន​មនុស្ស និង​ការ​ធ្វើ​បម្លាស់ទី​នៃ​អ្នក​ជំនាញ​ទេសចរណ៍ ពិសេស ការ​អនុវត្ដ​ក្នុង​ក្របខណ្ឌ័​អាស៊ាន​ចាប់​ពី​ឆ្នាំ២០១៥ តទៅ។
ទី៨-ស្រប​ពេល​ដែល​យើងខិតខំ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្ដរជាតិ​ឱ្យមក​ទស្សនា​កម្ពុជា យើង​ក៏​មិន​ត្រូវ​ភ្លេច​ពីសារៈសំខាន់ និង​ចាំបាច់​ក្នុងការ​ជំរុញ​ចលនា​ទេសចរណ៍​ក្នុង​ស្រុក ដើម្បី​រួម​ចំណែក​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ផ្ទៃក្នុង ការលើក​កម្ពស់​ស្មារតី​ស្រឡាញ់ជាតិ​មាតុភូមិ និង​ចូល​រួមក្នុង​ការ​ថែរក្សា​ធនធាន​ធម្មជាតិ​បីតិកភណ្ឌ វប្បធម៌ និង​ជួយ​ដល់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ជា​ពិសេស នៅ​សហគមន៍​មូលដ្ឋាន។
ទី៩-ត្រូវ​សិក្សា​ឱ្យ​ច្បាស់​អំពី​បញ្ហា​ប្រឈម​នានា​ក្នុង​ការអភិវឌ្ឍ​ទេសចរណ៍ ហើយ​ត្រូវ​សហការ​គ្នា​ដោះស្រាយ​ឱ្យ​បាន​សមស្រប និង​ទាន់​ពេល​វេលា​ដើម្បី​ដោះ​របាំង ឬឧបសគ្គ​នានា​ដើម្បី​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​អភិវឌ្ឍន៍​កាន់​តែ​ប្រសើរ​ឡើង។
ទី១០-ត្រូវ​ខិតខំ​ចាប់​យក​ទស្សនា​ទាន «ស្អាត និងបៃតង» ដែល​ជា​ជម្រើស​ដ៏ឆ្លាត​វៃ​នា​ពេល បច្ចុប្បន្ន និង​សម្រាប់​ពេល​អនាគត។ ភាព​ស្អាត គឺ​ការ​មាន​អនាម័យ ការ​មានរបៀប​រៀប​រយ​នៅ​ទី​សាធារណៈ ការរក្សា​នូវ​ភាព​បៃតង​នៃ​ធម្មជាតិ​ទាំងឡាយ​រួមទាំង​ជីវចំរុះ ការ​ដាំ​ដើម​ឈើ​ឡើង​វិញ ការ​ប្រើប្រាស់​ដោយ​សន្សំ​សំចៃ​នៃថាមពល​អគ្គីសនី ទឹក ការប្រើ​ប្រាស់​ថាមពល​កកើត​ឡើង​វិញ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង​នៅ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ និង​បង្កើត​បាន​នូវ​ភាព​ទាក់​ទាញ​យ៉ាង​សំខាន់​ផង និង​ជាចលករ​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​បៃតង​ផង។
ទី១១-ត្រូវ​សិក្សា និង​វាយតម្លៃ​ជា​ប្រចាំ​អំពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ដផែនការ​យុទ្ធសាស្ដ្រ​នេះ ហើយ​ត្រូវខិតខំ​ស្វែងរក​ប្រពភ​ហិរញវត្ថុ​ដើម្បី​ជំរុញ​ដល់​ការ​អនុវត្ដ។ ទន្ទឹមនេះ យើង​ត្រូវ​តែ​បន្ដ​កៀរគរ​ធនធាន​វិនិយោគ​បន្ថែមទៀត​ពីគ្រប់​វិស័យ ដើម្បី​ទាញ​យក​ផល​ប្រយោជន៍ឱ្យ​អស់​លទ្ធភាព និង​មាននិរន្ដរភាព ក្នុងនោះ​យើង​ក៏ត្រូវ​តែ​បន្ដ​ឈ្មុស​ឈ្មុល​ប្រើប្រាស់ឱ្យ​អស់​លទ្ធភាព​ផង​ដែរ នូវ​ជំនួយ​បច្ចេកទេស​នានា​ដែល​ដៃគូអភិវឌ្ឍន៍​ផ្ដល់​ឱ្យ និង​ខិតខំ​ស្វះ​ស្វែង​រក​ជំនួយ​បច្ចេក​ទេស​បន្ថែម​ទៀត រួម​ទាំង​ការ​ជំរុញ​ការវិនិយោគ​ពីវិស័យ​ឯកជន​ផង ដើម្បី​បង្កើន​កាលានុវត្ដ​ភាព​នៃ​ការអភិវឌ្ឍ​វិស័យ​នេះ ឱ្យ​បាន​ជាអតិបរមា និង​ប្រកប​ដោយ​ចីរភាព។
ក្នុង​នោះ យន្ដការ​សមស្រប​មួយ​ចំនួន ចាំបាច់​ត្រូវ​បង្កើត​ឡើង ហើយ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ខ្លះ​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ពិនិត្យ​កែសម្រួល ដើម្បី​បង្កើន​ល្បឿន​នៃការ​អភិវឌ្ឍ​ទេសចរណ៍​កម្ពុជា ឱ្យ​បាន​ស័ក្ដិសម​ជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ។
ទី១២-យើង​មាន​ប្រាសាទ​អង្គរ ប្រាសាទ​ព្រះវិហារ ដែល​ជាបិតិកភ័ណ្ឌពិភពលោក​ដ៏​ល្បីល្បាញ មាន​ឆ្នេរសមុទ្រ​ដ៏ល្អ​ស្អាត មាន​តំបន់​អេកូទេស​ចរណ៍ និង​ទេសចរណ៍​ធម្មជាតិ​ដ៏សម្បូរ​បែប ដែល​សម្បត្ដិ​ទាំង​នោះ ជាមរតក​មិនអាច​កាត់​ថ្លៃ​បាន ដូច្នេះ​យើង​ត្រូវ​នាំ​គ្នា​ថែរក្សា អភិរក្ស និង​អភិវឌ្ឍ​ឱ្យបាន​ល្អគង់វង្ស​តទៅ។
ទន្ទឹម​នឹង​នេះ ចូរ​នាំ​គ្នា​បន្ដ​រក្សា​នូវ​ប្រពៃណី​ញញឹម​រួសរាយ​រាក់ទាក់​ដ៏ល្អ​របស់​យើង ចូរ​នាំ​គ្នា​ចូល​រួម​ចលនា​ធ្វើឱ្យទីក្រុង ទី​ប្រជុំជន ភូមិឋាន​របស់​យើង​ស្អាត មាន​អនាម័យល្អ​គ្មាន​សំរាម និង​ថង់ផ្លាស្ទិក​ហើរ​តាម​ខ្យល់ ដើម្បី​ប្រែក្លាយ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​បៃតង​ដ៏ទាក់​ទាញ មួយ​ក្នុង​តំបន់ និង​ពិភព​លោក។
សម្តេចតេជោ​នាយករដ្ឋមន្រ្តី​មានប្រសាសន៍ឲ្យ​ដឹង​ថា ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ទេស​ចរណ៍​២០១២-២០២០ ជាឯកសារ​ជាតិ​ដ៏សំខាន់ ដែល​មាន​ចំនួន​៥៧​ទំព័រ បាន​បង្ហាញ​ពីចក្ខុ​វិស័យ​ច្បាស់លាស់ និង​យូរអង្វែង​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍​កម្ពុជាឱ្យ​ប្រកប​ដោយ​ចីរភាព ដោយ​ផ្ដោត​ជាសំខាន់​ទៅ​លើ​សក្ដានុពល​វប្បធម៌ និង​ធម្មជាតិ។
សូម​បញ្ជាក់​ថា ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ទេសចរណ៍​២០១២-២០២០ បាន​ចង្អុល​បង្ហាញ​ថា​ នៅ​ឆ្នាំ​២០២០ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវទេសចរ​អន្ដរជាតិ​ប្រមាណ​៧​លាន​នាក់ ព្រម​ជា​មួយ​នឹង​ទេសចរ​ក្នុងស្រុក​ប្រមាណ​ពី​៨​ទៅ​១០​លាន​នាក់ ត្រូវ​ធ្វើ​ដំណីរទស្សនា​នៅ​ទូទាំង​ប្រទេស ដែល​តាម​រយៈនេះ ចំណូល​ទេសចរណ៍​ទៅ​ក្នុងវិស័យ​សេដ្ឋកិច្ច​នឹងកើន​ឡើងដល់​ប្រមាណ ៥០០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដែល​ចំណូល​នេះ​នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​កំណើន​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ការលើក​កម្ពស់​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ផ្ដល់​ឱកាស​ការងារ​ប្រមាណ​៨០​ម៉ឺន​នាក់ ជូន​ប្រជាពល​រដ្ឋ​របស់​យើង​នៅ​ផ្ទៃ​ក្នុង​ប្រទេស។ វិស័យ​ទេស​ចរណ៍​នេះ​មានលក្ខណៈ​ជា​ប្រព័ន្ធ ដែល​នឹង​រួម​ចំណែក​លើក​ស្ទួយ និង​ជំរុញ​វិស័យ​ដទៃ​ទៀត​ឱ្យ​មាន​ការអភិវឌ្ឍ​ផង​ដែរ។
ទាក់​ទង​នឹង​ការដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ទេសចរណ៍ របស់​រាជ​រដ្ឋាភិបាល សម្តេចតេជោ​នាយករដ្ឋមន្រ្តី​មានប្រសាសន៍​បញ្ជាក់​ថា យើង​សង្ឃឹម​ថា គណបក្ស​ប្រឆាំង​មិន​ចោទ​ប្រកាន់ថា រាជរដ្ឋាភិបាល​សម័យ​នេះ​បំពាន​ការងារ​ហួស​អាណត្តិ​នោះ​ទេ។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា យើង​អាច​ប្រកួត​ប្រជែង​គ្នានៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ប្រសិន​បើ លោក​ឈ្នះ សូម​អញ្ជើញ​មក​កាន់​អំណាច​ចុះ ហើយ​ផែនការ​នេះ​បោះបង់​ចោល​ក៏បោះ​ទៅ ប៉ុន្តែ​នៅ​ក្នុង​ដំណាក់​កាល​នេះ រាជរដ្ឋាភិបាល​ត្រូវ​តែរៀបចំ​ចក្ខុវិស័យ​របស់​ខ្លួន ព្រោះ​អ្វី​ដែល​ជា​ប្រយោជន៍​បាន​មក​ពីវិស័យ​ទេសចរណ៍ គឺជា​ផល​របស់សង្គម​ជាតិ​យើង​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​កូន​ចៅ​យើង​ទៅ​អនាគត​ផង​ដែរ៕