Saturday, September 29, 2012

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ទទួក​ជួប​សហ​ប្រធាន​អាយ ស៊ី​ ស៊ី​ អង្គរ



ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី បានទទួលជួបពិភាក្សា នៅថ្ងៃ ២៨ ខែ កញ្ញា ឆ្នាំ ២០១២ ជាមួយឯកអគ្គរដ្ឋទូតបារាំង លោក Christian Connan និងឯកអគ្គរាជទូតជប៉ុនលោក Kuroki Masafumi ព្រមទាំងលោកស្រី Anne Lemaistre តំណាងអង្គការយូណេស្កូ (Unesco) ប្រចាំនៅភ្នំពេញ ។
កិច្ចពិភាក្សាផ្តោតទៅលើការរៀបចំកំណត់យកកាលបរិច្ឆេទ និងទីកន្លែងសម្រាប់ការប្រារព្ធខួប លើទី ២០ នៃការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់កិច្ចការថែរក្សា និងអភិរក្ស អង្គរ (ICC - ANGKOR) ។
ឯកឧត្តម សុខ អាន បានវាយតម្លៃខ្ពស់អំពីសមិទ្ធិផលដ៏ធំធេងសម្រេចបាន ដោយរាជរដ្ឋាភិបាល កម្ពុជា ក្នុងការថែរក្សា និងអភិរក្សប្រាង្គប្រាសាទបុរាណកម្ពុជា ក្រោមការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ជាតិអប្សរាដែលបាននិងកំពុងសហការជាមួយមន្ត្រីជំនាញរបស់ ICC – ANGKOR និងអង្គការយូណេស្កូ។
ICC – ANGKOR ត្រូវបានបង្កើតឡើងដោយសហប្រធានជប៉ុន និងបារាំងនៅឆ្នាំ ១៩៩៣ ដែល មានគោលបំណងថែរក្សា និងអភិរក្សប្រាង្គប្រាសាទ ដែលជាបេតិកភ័ណ្ឌជាតិកម្ពុជានៅខេត្តសៀមរាប។ ចាប់តាំងពីពេលនោះមក មានប្រទេសចំនួន ១៦ និងអង្គការអន្តរជាតិប្រមាណ ២៧ ដែលបាន និង កំពុងជួសជុលគម្រោងអភិរក្សជាង ៦០ ។
កម្ពុជានឹងរៀបចំប្រារព្ធខួបលើកទី ២០ នៃ ICC – ANGKOR នៅខេត្តសៀមរាប ដោយមានការ គាំទ្រពីដៃគូរបស់ខ្លួន ជាពិសេសបារាំង និងជប៉ុន រួមជាមួយនឹងអង្គការយូណេស្កូ ក៏ប៉ុន្តែកាលបរិច្ឆេទ ជាក់លាក់មិនទាន់ត្រូវបានគេកំណត់នៅឡើយ ពីព្រោះនៅចុងខែវិច្ឆិកានេះ នឹងមានព្រឹត្តិការណ៍នៃការ ប្រណាំងរថយន្ត ដើម្បីរំលឹកខួបទំនាក់ទំនងឥណ្ឌាអាស៊ាននឹងមកដល់នៅខេត្តសៀមរាប ។​ ម្យ៉ាងវិញ ទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ក្រោយ សម្រាប់សម័យប្រជុំលើកទី ៣៧ នៃគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក (WHC) ដែល នឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ។ ឯកឧត្តម សុខ អាន ក៏បានមានប្រសាសន៍ថា លោកក៏មានកិច្ច មមាញឹកជាមួយយុទ្ធនាការបោះឆ្នោតថ្នាក់ជាតិនឹងមកដល់នៅខែកក្កដាឆ្នាំក្រោយ ។ ទោះជាយ៉ាង ណាក៏ដោយ រាជរដ្ឋាភិបាលនឹងខិតខំអស់ពីសមត្ថភាពដែលអាចធ្វើទៅបាន ដើម្បីប្រារព្ធខួបលើកទី ២០ នេះ នៅពេលវេលាដ៏សមស្របខាងមុខនេះ ។
ឯកអគ្គរដ្ឋទូតបារាំងបានមានប្រសាសន៍ថា នៅក្នុងអំឡុងពេលនៃការប្រារព្ធខួបលើកទី ២០ នេះ បារាំងចង់ឲ្យមានសម័យប្រជុំបច្ចេកទេសមួយដែលទាក់ទងទៅនឹងកិច្ចការអភិរក្ស ICC – ANGKOR
ឯកអគ្គរាជទូតជប៉ុនបានបង្ហាញការគាំទ្រចំពោះការប្រារព្ធខួបនេះ ហើយគាត់សង្ឃឹមថា នឹង អាចប្រព្រឹត្តទៅនៅចុងខែធ្នូឆ្នាំនេះ នៅខេត្តសៀមរាប ។ ឯកអគ្គរាជទូតរូបនេះ ក៏បានស្នើឯកឧត្តម​   សុខ អាន ឲ្យថ្លែងសុន្ទរកថាដោយឡែក សម្រាប់ការរំលឹកខួបទី ៤០ នៃការបង្កើតអនុសញ្ញា បេតិកភ័ណ្ឌពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅប្រទេសជប៉ុននាពេលខាងមុខ ។
លោកស្រីតំណាងអង្គការយូណេស្កូបានលើកឡើងថា អង្គការយូណេស្កូនឹងបញ្ចាំងខ្សែភាពយន្ត រយៈពល ២៦ នាទី ជាការរំលេចឡើងការចូលរួមវិភាគទាន របស់បារាំង និងជប៉ុន ចំពោះការថែរក្សា និងអភិរក្សប្រាសាទបុរាណកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៣ មក។ លោកស្រីក៏ស្នើឯកឧត្តម សុខ​ អាន​ ថា ព្រះមហាក្សត្រ នរោត្តម សីហមុនី គួរត្រូវបាន​យាងចូលធ្វើជាព្រះអធិបតីក្នុងពិធីខួបលើកទី ២០ នៃ ICC–ANGKOR នេះ ។ ជាការឆ្លើយតប ឯកឧត្តម សុខ​ អាន នឹងជម្រាបជូនសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អំពីដំណើរការនេះ ។
ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តម សុខ អាន ក៏បានលើកឡើងថា ការប្រារព្ធខួបនេះនឹងអាច ប្រព្រឹត្តទៅបានដោយងាយស្រួលនៅខេត្តសៀមរាប ពីព្រោះយន្តហោះប្រភេទ Air Bus 321 អាចដឹក ជញ្ជូនក្រុមគណៈប្រតិភូ និងឥស្សរជនសំខាន់ៗបាន ក្នុងមួយថ្ងៃពីរជើង ពីភ្នំពេញទៅសៀមរាប ។
លោកស្រីតំណាងអង្គការយូណេស្កូបានលើកឡើងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរតែ រៀបចំសម្តែងសិល្បៈខ្នាតធំមួយនាឱកាសនៃការប្រារព្ធនេះ ។ លោកស្រីក៏បានមានប្រសាសន៍ផងដែរ ថា ស្នាព្រះហស្ថរបស់សម្តេចព្រះនរោត្តម សីហនុ គួរត្រូវបានគេរំលេចផងដែរនៅក្នុងសម័យប្រជុំ គណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកនៅឆ្នាំក្រោយ ។