Thursday, September 20, 2012

ពិធី​បិទ​​សន្និបាទ អន្តរ​​ជាតិ​​លើក​​ទី២ របស់​វិទ្យា​ស្ថាន​​ខុង​​ជឺ​​ស្តី​ពី « ៤៥​​ឆ្នាំ​​នៃ​​ទំនាក់​​ទំនង​​កម្ពុជា​​-​ចិ​ន»



ឯកឧត្តម​បណ្ឌិតសភាចារ្យ​ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​គំាទ្រ និង​លើក​ទឹក​ចិត្ត​ឲ្យ​រាជបណ្ឌិត្យសភាកម្ពុជា​ធ្វើ​ការ​ស្រាវ​ជ្រាវ និង​ចង​ក្រង​អំពី​ទំនាក់​ទំនង​រវាង​កម្ពុជា-ចិន ដើម្បី​ចែក​រំលែក និង​ផ្សព្វផ្សាយ​ចំណេះ​ដឹង​ជូនប្រជា​ពលរដ្ឋ។
ប្រសាសន៍​របស់​ឯកឧត្តមសភាចារ្យ​ សុខ អាន បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១២ នៅ​ក្នុង​ពិធី​បិទ​សន្និសីទ្ធ​អន្តរជាតិ​លើក​ទី​២ ស្តី​ពី​ខួប​៥៤ឆ្នាំនៃ​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា-ចិន ដែល​រៀប​ចំ​ដោយ​រាជបណ្ឌិត្យសភា​កម្ពុជា​ និង​ទទួល​បានឧបត្ថម្ភពី​ស្ថាន​ទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​ទីស្នាក់ការ​កណ្តាល​នៃវិទ្យាស្ថាន​ខុង​ជឺ ទីក្រុង​ប៉េកាំង។ ឯកឧត្តម្ភ​បណ្ឌិត​សភា​ចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​វាយ​តម្លៃ​ថា តាមរយៈ​វេទិកា​វិទ្យាសាស្ត្រ​នេះ បទបង្ហាញ​របស់​វាគ្មិនម្នាក់ៗ​បានរួមចំណែកយ៉ាងច្រើនដល់​ការសិក្សា​ស្រាវជ្រាវ​អំពីប្រវត្តិ​នៃទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ ដែលមាន​តាំង​ពីសម័យហ្វូណន​មក​ម្ល៉េះ។ ឯកឧត្តមបណ្ឌិត​សភាចារ្យ​ សុខ អាន បាន​ចាត់​ទុក​ លទ្ធផលនៃការសិក្សាស្រាវជ្រាវ ការពិភាក្សា ការចែករំលែក​បទពិសោធ និងចំណេះដឹង​អំពី​ចំណងមិត្តភាព ភាតរភាព និងកិច្ចសហ​ប្រតិបត្តិការកម្ពុជា-ចិន គឺជាកម្រង​ឯកសារដ៏មាន​សារៈ​សំខាន់ សម្រាប់ការសិក្សាស្រាវជ្រាវបន្ត សំដៅលើកកម្ពស់​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរឱ្យកាន់​តែ​ប្រសើរ​ឡើង​ថែមទៀត។
ទាក់​ទង​នឹង​ចំណង​មិត្ត​ភាពកម្ពុជា-ចិន ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​​ សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា បច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយ​គតិបណ្ឌិត​របស់សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព​រវាង​ប្រជាជន​ទាំងពីរ​កាន់តែមានភាពស្អិតរមួត ហើយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក៏កាន់តែ​ត្រូវបាន​ពង្រឹងនិងពង្រីក​ថែមទៀត​ ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមនៃប្រទេសទាំងពីរ។ ជាងនេះ​ទៅទៀត រាជរដ្ឋាភិបាល​កម្ពុជាជានិច្ចកាល​គាំទ្រ​គោលនយោបាយចិនតែមួយ និងជាដៃគូ​យុទ្ធសាស្ត្រ​ដ៏ស៊ីជម្រៅ។ សមិទ្ធផលទាំងនេះឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​​ពីជំហរឥតងាករេរបស់រាជរដ្ឋាភិបាល​កម្ពុជា​នូវ​ន​យោបាយ​​ការបរទេស អព្យាក្រឹត សន្តិសហ​វិជ្ជមាន មិនចូលបក្សសម្ព័ន្ធ កសាងទំនាក់ទំនងមិត្តភាព​និង​សហប្រតិបត្តិការ​ជាមួយ​គ្រប់ប្រទេស​ ដោយឈរលើ​គោលការណ៍​សមភាព គោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីគ្នា​ទៅវិញ​ទៅមក​និងមិន​ជ្រៀតជ្រែកចូលកិច្ចការ​ផ្ទៃក្នុងផងគ្នា។
ក្នុង​គោល​បំណង​បង្កើន​ការ​យល់​ដឹង ឲ្យ​កាន់តែ​ជ្រាល​ជ្រៅ​អំពី​ចំណង​មិត្ត​ភា​កម្ពុជា-ចិន ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំសូមលើកទឹកចិត្ត និងគាំទ្រឱ្យបន្តការងារសិក្សា​ស្រាវជ្រាវ និង​រៀបចំវេទិកាវិទ្យាសាស្ត្រដ៏មានសារសំខាន់បែបនេះបន្តទៀត ​ដើម្បីពង្រីកការយល់ដឹងឱ្យកាន់តែ​ទូលំទូលាយអំពី​វប្បធម៌ សិល្បៈ​​ ភាសា ទំនាក់ទំនងការទូត និងចំណងមិត្តភាពជាប្រពៃណី​រវាង​ប្រជាជាតិទាំងពីរ សំដៅ​រួម​ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច​ សង្គម នៃប្រទេសទាំងពីរ។ លទ្ធផលនៃ​ការស្រាវជ្រាវ​អំពីកម្ពុជា ក៏ដូចជាអំពី​ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន គួរត្រូវបានចងក្រងនិងបោះ​ពុម្ព​ផ្សាយ​នៅក្នុងទស្សនាវដ្តីវិទ្យាសាស្រ្ត (Academic Journals) ជាតិ និងអន្តរជាតិ ដើម្បីផ្សព្វផ្សាយ​និង​ចែក​រំលែកចំណេះដឹង​និង​របក​គំហើញថ្មីៗ។ ជាមួយគ្នានេះដែរ ខ្ញុំព្រះករុណាខ្ញុំមានជំនឿយ៉ាង​មុតមាំ​ថា អ្នក​ស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការងារ​ស្រាវ​ជ្រាវដើម្បីពង្រឹង​សមត្ថភាព​ស្រាវជ្រាវរបស់ខ្លួន សំដៅរួមចំណែក​ធ្វើឱ្យរាជបណ្ឌិត្យសភាកម្ពុជា​ក្លាយជា​ស្ថាប័នជាតិស្រាវជ្រាវ​នាំមុខនៅក្នុង​ប្រទេសកម្ពុជា ឱ្យស័ក្តិសមជាធនាគារ​ខួរក្បាលរបស់ជាតិ។
​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ផាង គ័ងសៀ ឯកអគ្គរដ្ឋ​ទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​ប្រចាំ​កម្ពុជាបាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​២០១០កន្លង​មក ថ្នាក់​ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​ចិន-កម្ពុជា បាន​លើក​ស្ទួយ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ឲ្យ​ទៅ​ជា​ទំនាក់​ទំនង​នៃ​កិច្ច​សហប្រតិបត្តិការ​ដៃគូជា​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ។ ដើម្បី​អប​អរ​សាទរពិធី​ប្រារព្ធ​ខួប​លើក​ទី​៥៥ឆ្នាំនៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរនៅ​ឆ្នាំ​ក្រោយនេះ ឯកឧត្តម​ឯក​អគ្គ​រដ្ឋ​ទូតចិនបាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ចិន​នឹង​អញ្ជើញ​យុវជន​កម្ពុជា​ចំនួន​១០០នាក់ ទៅ​ទស្សនកិច្ច​នៅ​សាធារណប្រជា​មានិត​ចិន​ ដើម្បី​សិក្សា​ស្វែង​យល់​ និង​បង្កើន​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ទូលំទូលាយ​បន្ថែម​ទៀត។
សូម​បញ្ជាក់​ថា កាល​ពីខែសីហា ឆ្នាំ​២០១១ កន្លង​មក​នេះ វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​រៀប​ចំ​សន្និសីទ្ធ​អន្តរជាតិ​លើក​ទី​១ ក្រោម​ប្រធាន​បទទំនាក់​ទំនង​កម្ពុជា-ចិន៖ សម័យ​ចេនឡា និង​អង្គរ”
កម្ពុជា និងចិនធ្លាប់មានទំនាក់ទំនងនឹងគ្នាយ៉ាងជ្រាលជ្រៅ​តាំងពី​សម័យបុរាណមក គឺ​មិន​តិច​ជាង​២០០០ឆ្នាំនោះទេ បើ​គិត​ចាប់​តាំង​ពីពេលដែលបេសកជនចិន គឺលោក ជូយីង និងលោក កាំងថៃ ធ្វើដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​នៅ​សម័យហ្វូណន ហើយក្នុងសម័យអង្គរ យើងទាំងអស់គ្នា​សុទ្ធ​តែ​បាន​ស្គាល់​អ្នកការទូតចិន ជីវតាក្វាន់ ដែលបាន​កត់ត្រាពីស្ថាន​ភាព​ទូទៅ​របស់​កម្ពុជា នាសម័យ​កាល​នោះ។ កំណត់ត្រាទាំងនោះ​ត្រូវបានគេប្រើប្រាស់ជាមូលដ្ឋានដ៏សំខាន់ក្នុង​ការសិក្សា​​ស្រាវជ្រាវ​ប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យបុរាណ
ក្រោយសម័យអង្គរ គេសង្កេតឃើញថា ទំនាក់ទំនងកម្ពុជា-ចិន បានថយចុះដោយសារកត្តាជាច្រើន ដែលបានធ្វើឱ្យអ្នកស្រាវជ្រាវមួយចំនួនយល់ឃើញថា ប្រទេសកម្ពុជានិងចិន ស្ទើរតែគ្មានទំនាក់ទំនងជាមួយនឹងគ្នាទាល់តែសោះ។ ទើបតែនៅក្រោយសម័យអាណានិគមនិយមប៉ុណ្ណោះ ដែលទំនាក់ទំនងការទូតរវាងកម្ពុជា​និងចិន បានចាប់ផ្តើមឡើងវិញនៅថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដោយ​អតីត​ព្រះ​មហាក្សត្រ​ព្រះ​បាទ​ នរោត្តម សីហនុ និង​ឯកឧត្តម ម៉ៅ សេទុង ប្រធានាធិបតី​នៃប្រទេស​ចិន​ និង​ឯកឧត្តម ជូ អេងឡាយ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ចិន
លោក​ជំទាវ​បណ្ឌិត​សភាចារ្យ ខ្លូត ធីតា ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា វិទ្យាស្ថាន​ខុង​ជឺ នៃ​រាជ​បណ្ឌិត្យ​សភាដែល​កើតឡើង​ដោយ​កិច្ច​សហប្រតិបត្តិការ​រវាង​រាជបណ្ឌត្យ​សភាកម្ពុជា និង​វិទ្យាស្ថាន​ខុង​ជឺ ទីស្នាក់​ការ​កណ្តាល​(ហាន់ប៉ាន់) ហើយ​ត្រូវ​បាន​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន តំណាង​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​ឯកឧត្តម​ ហ្ស៊ី ជីង​ពីង អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ សម្ពោធដាក់​ឲ្យ​ដំណើរការស្លាកវិទ្យា​ស្ថាន​ខុង​ជឺ​នៅ​ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ​២០០៩ ។វិទ្យា​ស្ថាន​ខុង​ជឺ​បាន​បំពេញ​បេសកកម្ម​របស់​ខ្លួនជា៖
១,បង្អួច​វិទ្យាសាស្ត្រ​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​កម្ពុជា​ស្វែង​រយល់​ និង​សិក្សា​ស្រាវជ្រាវ​នៅ​ប្រទេស​ចិន។
២,ស្ពាន​ទំនាក់​ទំនង​ទេសចរណ៍ និង​វិនិយោគិន​ចិន​មក​ទេសចរ និង​បណ្តាក់​ទុន​ជន​ចិន​នៅ​កម្ពុជា។
៣,​មជ្ឈមណ្ឌល​ព័ត៌មានវប្បធម៌​រវាង​ប្រទេស​ទាំង​ពីរកម្ពុជា-ចិន​។
ក្រៅ​ពីមានទីតាំង​នៅ​រាជបណ្ឌិត្យ​សភា វិទ្យាស្ថាន​ខុង​ជឺ មាន​សាខា​ជា​ច្រើន​ទៀត​នៅក្នុង​ព្រះ​រាជាណាចក្រកម្ពុជា៕