Tuesday, October 23, 2012

កម្មកររាប់ពាន់នាក់ មកពីគ្រប់បណ្តា ររោងចក្រទូទាំង ប្រទេសកម្ពុជា ដើរដង្ហែក្បួន ទៅគោរពព្រះ វិញ្ញាណក្ខន្ធសម្តេចតា

ភ្នំពេញ៖ សហជីពសេរីកម្មករ ដឹកនាំកម្មករ ជាច្រើនពាន់នាក់ មកពីគ្រប់បណ្តា រោងចក្រទូទាំង ប្រទេសកម្ពុជា ដើម្បីដង្ហែ ដោយថ្មើជើងទៅ គោរពព្រះ វិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ ដែលជាថ្ងៃកាន់ ព្រះរាជមរណទុក្ខទី៧ នៅមុខព្រះបរមរាជវាំង។
លោក ជា មុនី ប្រធានសហជីព សេរីកម្មករនៃ ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងនៅព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ថា ក្បួនដង្ហែ ដែលបានធ្វើឡើង នៅថ្ងៃនេះ គឺចាប់ពីការិយាល័យ សហជីពសេរីកម្មករ ចាប់ពីម៉ោង៨ និង៣០នាទី ព្រឹក ឆ្ពោះទៅបរមរាជវាំង ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ។
លោកបន្តថា ចំពោះការដើរដង្ហែក្បួន របស់ក្រុមកម្មករ-កម្មការិនី នៅពេលនេះ គឺមិនត្រូវបាន អាជ្ញាធររារាំង នោះឡើយ ប៉ុន្តែផ្ទុយទៅវិញ ក្រុមអាជ្ញាធរ រាជធានីភ្នំពេញ បានជួយធ្វើចរាចរណ៍ បានយ៉ាងល្អប្រសើរ ជូនចំពោះក្រុមកម្មករ ដែលបាននាំគ្នា ដើរដង្ហែក្បួន ដើម្បីយកកម្រងផ្កា ទៅគោរពព្រះ វិញ្ញាណក្ខន្ធ របស់សម្តេចតា។
លោកជា មុនី បន្ថែមថា “នៅថ្ងៃទី២៣នេះ គឺមានកម្មករយ៉ាងច្រើន លើសលុបដែលបាន ចូលរួមដើរ ដង្ហែក្បួនយកកម្រងផ្កា ទៅគោរពព្រះវិញ្ញាណក្ខន្ធ របស់សម្តេចតា ហើយក្រុមកម្មករ ដែលបានមក ចូលរួមនេះ គឺមកពីតាមបណ្តារោងចក្រ នានានៅក្នុងព្រះរាជាណាចក្រ កម្ពុជា”។
ទន្ទឹមនិងក្រុម កម្មករនៅរាជធានីភ្នំពេញ បាននាំគ្នាដើរដង្ហែក្បួន មកគោរពព្រះវិញ្ញាណក្ខន្ធ របស់សម្តេចតា នៅមុខព្រះបរមរាជវាំង នេះដែរ ក្រុម កម្មករ មួយចំនួន នៅតាមបណ្តាខេត្ត ដែលមានខេត្ត កំពង់ឆ្នាំ ដឹកនាំដោយ សហជីពសេរីកម្មករ និងកម្មករប្រចាំ រោងចក្រទាំងនោះ ក៏បានរៀបចំ គោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះបាទ នរោត្តសីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដោយថ្វាយភ្លេង ប៉ិនពៀត រាប់បាត និងដង្ហែក្បួន ទៅគោរព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ ខេត្តកំពង់ឆ្នាំង។
ដោយឡែកនៅ ខេត្តព្រះសីហនុ ក្រុមសហជីពសេរីកម្មករ និងកម្មករប្រចាំ រោងចក្រ ណាយត៌វែរ នៅក្រុងព្រះសីហនុ ក៏បានរៀបចំគោរពព្រះ វិញ្ញាណក្ខន្ធ សម្តេចព្រះបាទនរោត្ត សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យ បូរណភាពទឹកដី ដង្ហែក្បួនទៅគោរវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ ខេត្តព្រះសីហនុ។
សកម្មភាពដែលធ្វើទាំងនេះគឺស្តែងអំពី ទឹកចិត្តស្វាមីភក្តិ របស់ពួកគាត់ ក៏ដូចជា ប្រជារាស្ត្រខ្មែរ គ្រប់រូប ចំពោះអង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យជាតិខ្មែរ ដែលព្រះអង្គបានបំពេញ ព្រះរាជបូជនីកិច្ច ដ៏ធំធេងចំពោះកម្ពុជា ចំពោះប្រជារាស្ត្រ របស់ព្រះអង្គ ហើយស្នាព្រះហស្ថទាំងនោះ ត្រូវបានចារទុក ជាប្រវត្តិសាស្ត្រ ក្នុងក្រាំងមាសកម្ពុជា ដែលជនគ្រប់រូប បានចងចាំគ្រប់ៗគ្នា ចំពោះវីរភាព ក្នុងការបណ្តេញ អាណានិគមនិយមបារាំង ចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងបានបណ្តេញ របបហ្វាស៊ីស ចេញពីកម្ពុជា ព្រះអង្គ ជាហត្ថលេខី ដ៏សំខាន់ចំពោះ កិច្ច ព្រមព្រង ទីក្រុងបារីស ក្នុងការបញ្ចប់ជម្លោះ ប្រដាប់អាវុធនៅកម្ពុជា ព្រះអង្គជាស្ថាបនិកទី៥ ដែលបាន ប្រមូល ប្រទេសក្នុងលោក ចូលរួម ចលនា មិនចូលបក្សសម្ព័ន្ធ ព្រះអង្គបានបង្កើតច្បាប់ ធម្មនុញ្ញទី២ សម្រាប់ឲ្យអនុវត្តន៍ សព្វថ្ងៃនេះ ហើយព្រះអង្គក៏បានបញ្ចប់ ការជាប់គាំង នយោបាយ ឆ្នាំ២០០៣ រួមនឹងស្នាព្រះហស្ថ មួយចំនួនទៀត។
សូមជម្រាបថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២នេះប្រជាពលរដ្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់ បាន បាននាំគ្នា ទៅប្រមូលផ្តុំគ្នា នៅមុខព្រះបរមរាជវាំង ដើម្បីចូលរួមគោរព ព្រះវិញ្ញាណក្ខន្ធ សម្តេចតាផងដែរ ហើយនៅពេលល្ងាច ក៏មានព្រះសង្ឃជិត១ម៉ឺនអង្គ ធ្វើពិធីសូត្រមន្តបង្សុកូល ដើម្បីគោរព ព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះនរោត្តសីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យ បូរណភាពទឹកដី ដង្ហែក្បួនទៅ គោរព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ ខេត្តព្រះសីហនុ ដែលទ្រង់បានយាង សោយទីវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១ និង២០នាទី អាធ្រាត នៅមន្ទីពេទ្យនៃ ទីក្រុងប៉េកាំង ប្រទេសចិន៕
Photo by DAP-NEWS
Photo by DAP-News
Photo by DAP-News
Photo by DAP-News