ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១២
លោកសត្យា រក្ស
ចម្លើយ៖ សូមលោកបណ្ឌិត ជួយពន្យល់ និងបំភ្លឺដល់ជនរួមជាតិ ទាក់ទងទៅនឹងព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ាន ជាកិច្ចប្រជុំដ៏ធំមួយ ដែលមានបណ្ដាប្រទេសជាច្រើន គឺ១៨ប្រទេសមកចូលរួម នៅក្នុងនោះក៏មានប្រទេសមហាអំណាចពិភពលោក ក៏បានអញ្ជើញមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំនេះផងដែរ។ រឿងដែលសំខាន់ យើងសង្កេតមើល ទៅលើទឹកចិត្តប្រជាពលរដ្ឋឃើញថា មានពីរក្រុម។ បងប្អូនប្រជាពលរដ្ឋភាគច្រើន គឺគាំទ្រការអភិវឌ្ឍ
គាំទ្រអ្វីដែលជាការប្រព្រឹត្តទៅប្រកបដោយសេចក្តីថ្លៃថ្នូរ ដែលរាជរដ្ឋាភិបាលបានធ្វើ និងកំពុងធ្វើ គឺបងប្អូនយើងមានការគាំទ្រ
ស្វាគមន៍សប្បាយរីករាយ។ ប៉ុន្តែក្នុងចំណោមនោះ
ក៏មានប្រជាពលរដ្ឋមួយក្រុមតូច ដែលគាត់កំពុងតែមិនសប្បាយចិត្តចំពោះវត្តមាន និងកិត្តិយស កេរ្តិ៍ឈ្មោះ របស់ប្រទេសកម្ពុជា ដែលទទួលភ្ញៀវកិត្តិយសពីបណ្ដាប្រទេសនានា ១៨ប្រទេស
ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ។ ហើយបើយើងនិយាយឲ្យចំទៅ គឺគណបក្សប្រឆាំងតែម្ដង ដែលគាត់កំពុងតែបង្ហាញនូវចេតនាក្នុងការបំផ្លិចបំផ្លាញ កិត្យានុភាពនៃប្រទេសជាតិ។ ត្រង់ចំណុចនេះ
ខ្ញុំចង់ឲ្យលោកបណ្ឌិតជួយបញ្ជាក់មើលថា តើមូលហេតុអ្វីបានជា គណបក្សប្រឆាំងនៅកម្ពុជានេះ
ប្រើរូបភាពមួយក្នុងចេតនាបំបាក់កិត្យានុភាព ក៏ដូចជាមុខមាត់ប្រទេសជាតិ? តើសកម្មភាពហ្នឹង
គេធ្វើក្នុងប្រយោជន៍អ្វីដែរលោកបណ្ឌិត?
លោកបណ្ឌិត
ឈឹម ផលវរុណ
ចម្លើយ៖ ការពិតទៅគណបក្សប្រឆាំងនៅកម្ពុជា
រួមនិងចលនាប្រឆាំងមួយចំនួន ដែលពាក់ស្លាកអង្គការសិទ្ធិមនុស្សក្នុងស្រុកហ្នឹង ពួកគាត់មានបញ្ហាមួយ ដែលជាបញ្ហាស្នូល គឺគាត់អត់ទទួលស្គាល់ការពិតនៃដំណើរការវិជ្ជមាន នៃដំណើរការកសាងប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច
ការអភិវឌ្ឍប្រទេស។ ចលនា ឬក្រុមប្រឆាំងនេះ គាត់មានចំនុចខ្សោយមួយ គឺគាត់អត់ទទួលស្គាល់
ដោយសារជំហររបស់គាត់មិនទទួលស្គាល់ការពិតហ្នឹងហើយ
ហើយនិងចេតនារបស់គាត់ប៉ុនប៉ងត្រឹមតែចង់ផ្ដួលរំលំរដ្ឋាភិបាលហ្នឹងឯង ហើយនិងយកគណបក្សប្រជាជន ជាសត្រូវ។ អញ្ចឹងហើយបានជាពួកគាត់រកវិធីធ្វើរបាយការណ៍ភូត បំប៉ោង បំភ្លៃនៅក្នុងស្រុកផង ផ្សព្វផ្សាយទៅក្រៅស្រុកផង
រហូតទៅញុះញង់ អុចអាលដល់អ្នកនយោបាយបរទេសទៅទៀត មានទាំងសមាជិកព្រឹទ្ធសភា
មន្រ្តីរដ្ឋាភិបាលអញ្ចឹងទៅ។ ពួកគាត់ទៅញុះញង់អញ្ចឹង រួមសហការជាមួយជនបរទេសខ្លះ ក្រោមស្លាកអង្គការសិទ្ធិមនុស្សអាស៊ាន ឬក៏អន្តរជាតិអីរបស់គេហ្នឹង គឺគេញុះញង់។ ដល់ពេលដែលកម្ពុជាមានដំណើរការវិវត្តទៅមុខជាពិសេសក្នុងឆ្នាំនេះ កម្ពុជាជាប្រធានប្ដូរវេនអាស៊ាន យើងទទួលធុរកិច្ចរៀបចំការប្រជុំធំៗ។ មកដល់ក្នុងសប្ដាហ៍នេះ
គឺយើងមានការរៀបចំប្រជុំកំពូលអាស៊ាន មានទាំងប្រធានាធិបតី យើងហៅថា ប្រមុខរដ្ឋ
ហើយនិងនាយករដ្ឋមន្រ្តី យើងហៅថា ប្រមុខរដ្ឋាភិបាល ហើយប្រទេសសមាជិកទាំង១០របស់អាស៊ាន
រួមទាំងប្រទេសពាក់ព័ន្ធ ពិសេសប្រទេសមហាអំណាច
ហើយនិងប្រទេសសំខាន់ទៀត ដូចជា ជប៉ុន អូស្រ្តាលី ។ល។ ក៏គេចូលរួមដែរ។ ដល់អញ្ចឹងទៅ នៅពេលដែលថ្នាក់ដឹកនាំកំពូលៗនៃបណ្ដាប្រទេសទាំងអស់ មកកម្ពុជា
វាធ្វើឲ្យបាក់មុខដល់អស់លោកប្រឆាំងហ្នឹង។ តាមពិតវត្តមានថ្នាក់ដឹកនាំទាំងអស់ហ្នឹង
វាធ្វើឲ្យរីកមុខរីកមាត់ប្រជាជាតិខ្មែរទៅវិញទេ រួមទាំងរីកមុខរីកមាត់ដល់អស់លោកប្រឆាំង ផងដែរ។ តែដោយសារអស់លោកប្រឆាំងហ្នឹង មានជំហរបញ្ច្រាស់ទិសហ្នឹងហើយ ទើបគាត់គិតថា ជាការបាក់មុខរបស់ពួកគាត់។
លោក សត្យា រក្ស
សំណួរ៖ ត្រង់ចំណុចបាក់មុខ
ចំពោះអស់លោកដែលជាអ្នកប្រឆាំងហ្នឹង លោកបណ្ឌិតអាចបញ្ជាក់បានទេថា តើមូលហេតុអីដែលគ្រាន់តែវត្តមានរបស់បណ្ដាប្រទេស មេដឹកនាំធំៗនៅលើពិភពលោកក៏ដូចជាប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសទាំង
១០នៅសមាគមប្រជាជាតិអាស៊ាន ដែលមកចូលរួមប្រជុំនៅកម្ពុជា ក្នុងនាមដែល ព្រះរាជាណាចក្រកម្ពុជាជាប្រធានប្ដូរវេននេះ ធ្វើឲ្យប៉ះពាល់ទៅដល់មុខមាត់នៃគណបក្សប្រឆាំងហ្នឹង
លោកបណ្ឌិតអាចបញ្ជាក់ត្រង់ហ្នឹងបានទេ?
លោកបណ្ឌិតឈឹម ផលរុណ
ចម្លើយ៖ ដោយសារកន្លងមក គេធ្វើរបាយការណ៍កុហក់
គេភូតទាំងអង្គការអន្តរជាតិ ហើយគេភូតទាំងអង្គការសហប្រជាជាតិទៀតនោះ ហើយគេភូតបរទេសទាំងអស់នោះ។ ដល់អញ្ចឹងទៅ ដូចពាក្យខ្មែរយើងថា កាលណាគេមកឃើញជាក់ស្ដែង ប្រសើរជាងគេថា
១០០ដង អញ្ចឹងពួកគាត់ភ័យអាពាក្យស្លោកហ្នឹង។
ឧទាហរណ៍ យើងនិយាយឲ្យចំ ដូចជាលោក អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក គណបក្សប្រឆាំង រួមទាំងអង្គការ NGO មាននិន្នាការប្រឆាំង ដំបូង គេរកវិធីរាំងស្ទះ ឬក៏អុចអាល កុំឲ្យលោក អូបាម៉ា
អញ្ជើញមកកម្ពុជា ដែលលើកហេតុផលអញ្ចេះៗ សុទ្ធតែកាលណាមក
ហាក់ដូចជាលើកមុខមាត់រដ្ឋាភិបាលខ្មែរ អញ្ចឹងទៅណា។ ហើយដល់ទប់មិនបាន លោក អូបាម៉ា នៅតែមក គេទៅជារកវិធីទៅផ្សព្វផ្សាយព័ត៌មានបំផ្លើសបំភ្លៃបន្ថែមទៀត ដើម្បីឲ្យលោក អូបាម៉ា យកបរិបទហ្នឹង មកដាក់ឥទ្ធិពលមកលើរដ្ឋាភិបាលកម្ពុជា នេះជាពាក្យរបស់គេតែម្ដង។ ដល់អញ្ចឹង គេភ័យណាស់ នៅពេលដែលលោក អូបាម៉ា មក ព្រោះខ្ញុំមើលតាមកាលវិភាគនៃការប្រជុំហ្នឹង គឺប្រធានាធិបតី អូបាម៉ា នឹងជួបសវនាការ ទ្វេរភាគីរវាងសម្ដេចប្រមុខរដ្ឋាភិបាល និងលោកប្រធានាធិបតី មុននឹងប្រជុំជួបគ្នា អាស៊ាន អាមេរិកហ្នឹងឯង។ អញ្ចឹងពួកគេព្រួយណាស់ ប្រសិនជាថ្នាក់ដឹកនាំកំពូលបានជួបស្គាល់គ្នា
ជជែកពីការងារ ។មានន័យថា អ្វីដែលមេដឹកនាំគណបក្សប្រឆាំង និងអង្គការ NGO និន្នាការប្រឆាំង
សរសេរបំផ្លើសអំពីបរិបទកម្ពុជាហ្នឹង គឺជាការបញ្ជាក់ថា ធ្វើឲ្យគេលែងជឿអស់លោកហ្នឹងទៀត ព្រោះអស់លោកនោះជាអ្នកភូតភរ។ ដូចយើងនិយាយអញ្ចឹង រឿងភូត
ភូតបានត្រឹមតែអូសបន្លាយពេលទេ ក្នុងពេលណាមួយ នៅពេលតួអង្គពាក់ព័ន្ធជួបគ្នា ពេលនោះ អ្នកឯងនឹងក្ស័យធនភូតហើយ ឬក៏ភាសាសាមញ្ញមួយទៀត គេហៅថា អស់លក្សណ៍ក្នុងការភូតហើយ។ អញ្ចឹងហើយបានជាខ្ញុំចង់បញ្ជាក់ថា យើងរង់ចាំតែប៉ុន្មានថ្ងៃទៀត ចប់ហើយ ការប្រជុំកំពូលអាស៊ានជាមួយនឹងប្រទេសមហាអំណាចទៀត អញ្ចឹងចាំមើលតើលទ្ធផលហ្នឹង បានមកប្រជាជនកម្ពុជា ឬបានមកលោកសម
រង្ស៊ី កឹម សុខា ឥឡូវចាំមើល។ ហើយបើសិនជា ចេញលទ្ធផលអី ចាំយើងនាំគ្នាលើកបញ្ហាហ្នឹង ធ្វើការវាយតម្លៃថា
តើចលនាទុច្ចរិត ឬក៏បាក់មុខរបស់អស់លោកប្រឆាំងហ្នឹងបានប្រយោជន៍អី។ ឧទាហរណ៍
ឥឡូវយើងឃើញហើយថា ខាង NGO ប្រឆាំងហ្នឹងគេញុះញង់ គេប្រមូលមនុស្សមកធ្វើអញ្ចេះទៅ ដើម្បីឲ្យមានភាពចលាចលនៅទីសាធារណៈ
ដើម្បីពួកកាសែតគេបានថតបង្ហោះ វេបសាយ តាមរូបភាពឲ្យគេមើលផ្អើលមួយពិភពលោក ឃើញទេពួកគេគឺខូចអញ្ចឹង។ ដល់អញ្ចឹងហើយ គេញុះ កៀងគរប្រជាពលរដ្ឋ បួនដប់នាក់
ហាហុកសិបនាក់មកធ្វើបាតុកម្ម ហើយខាងគណបក្សប្រឆាំងគេធ្វើអញ្ចឹងទៀតទៅ ដើម្បីឲ្យឃើញថា
នៅក្នុងទិដ្ឋភាពដែលកម្ពុជាកំពុងទទួលភ្ញៀវនោះ គឺកម្ពុជាកំពុងតែវឹកវរ
នេះគឺគេចង់បញ្ជាក់អញ្ចឹង។ ចរឹតនេះហើយដែលពួកគាត់ពុំបានទទួលយកថា ខ្លួនជាម្ចាស់ផ្ទះទេ។ ប៉ុន្តែប្រជាជាតិខ្មែរទាំងមូល រួមទាំងរដ្ឋាភិបាល និងរដ្ឋសភា គឺស្ម័គ្រចិត្តថា យើងទាំងអស់គ្នា
គឺជាម្ចាស់ផ្ទះ ត្រៀមខ្លួនតាមទិដ្ឋភាព និងតាមតួនាទីរៀងៗខ្លួនទទួលភ្ញៀវបរទេស
ជាពិសេសប្រជាពលរដ្ឋត្រូវរក្សាសណ្ដាប់ធ្នាប់ កុំនាំឲ្យមានផលវិបាកដល់អាជ្ញាធរមានសមត្ថកិច្ច
ហើយកុំឲ្យមានរូបភាពអាក្រក់ អត់ប្រយោជន៍ទេ។ ឯរឿងការញុះញង់របស់គណបក្សប្រឆាំង របស់មេ NGO
និន្នាការប្រឆាំង រួមទាំងជនបរទេសមួយចំនួន ដែលគេចង់បំបាក់មុខ បំបាក់មាត់ប្រជាជាតិយើង ទង្វើនេះពុំមានប្រយោជន៍អីសម្រាប់យើងទេ។
លោក សត្យា
រក្ស
សំណួរ៖ ឥលូវនេះ ងាកមកមើលមុខមាត់របស់លោក សម
រង្ស៊ី វិញម្ដង ដែលជនរួមជាតិ ហើយជាពិសេស
គឺលោកបណ្ឌិតបានជ្រាបហើយ។ យើងឃើញថា គ្រាន់តែព្រឹត្តិការណ៍ដែល បារ៉ាក់ អូបាម៉ា
គាត់បានបញ្ជាក់ថា នឹងមកកម្ពុជា គឺយើងឃើញថា ទីមួយ៖ គឺអ្នកតំណាងរាស្រ្តស្រីម្នាក់របស់ សម រង្ស៊ី គឺបានប្រើសកម្មភាពមួយ ទប់ស្កាត់មិនឲ្យ បារ៉ាក់ អូបាម៉ា មកកម្ពុជា ដែលយើងមើលទៅហាក់បីដូចជា អ្នកស្រីហ្នឹង របៀបដូចថា
ជាម្តាយរបស់ អូបាម៉ា អញ្ចឹង ដែលថា មិនឲ្យ អូបាម៉ា មក។
ហើយបន្ទាប់ពីបរាជ័យរបស់អ្នកស្រីមា្នក់ ដែលជាតំណាងរាស្រ្ត សម រង្ស៊ី ហ្នឹង
យើងឃើញថា សម រង្ស៊ី បានធ្វើសកម្មភាពវិញម្ដង ហើយរហូតទៅដល់ប្រើភាសាគម្រាម បារ៉ាក់ អូបាម៉ា ទៀត នៅក្នុងអំឡុងពេលបោះឆ្នោត ដែលថា
បើសិនណាជា បារ៉ាក់ អូបាម៉ា មកចូលរួមប្រជុំនៅកម្ពុជានេះ ខ្មែរនៅអាមេរិកនឹងមិនបោះឆ្នោតឲ្យ បារ៉ាក់ អូបាម៉ា ទេ ដែលធ្វើឲ្យលោក បារ៉ាក់ អូបាម៉ា ខាតសម្លេងគាំទ្រពីខ្មែរនៅអាមេរិក។ អញ្ចឹងយើងពិនិត្យមើលព្រឹត្តិការណ៍នេះ
ហើយដោយប្រៀបធៀបមកបច្ចុប្បន្នភាព យើងឃើញថា បន្ទាប់ពី សម រង្ស៊ី ប្រើភាសាខ្យល់
គ្មានប្រយោជន៍របស់គាត់ហ្នឹង យើងឃើញថា លទ្ធផលចុងក្រោយ បារ៉ាក់
អូបាម៉ា ឈ្នះឆ្នោត ហើយមួយវិញទៀត បារ៉ាក់ អូបាម៉ា នៅតែមកកាន់ប្រទេសកម្ពុជា។
អញ្ចឹងត្រង់ចំនុចនេះ
លោកបណ្ឌិតអាចមានអ្វីដើម្បីជាការបញ្ជាក់ជូនទៅដល់ជនរួមជាតិ ថាតើចរឹត និងមាយាទរបស់លោក សម
រង្ស៊ី ហ្នឹង មានចរឹតបែបណាដែរទៅលោកបណ្ឌិត?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ត្រង់ហ្នឹង បងប្អូនប្រជាពលរដ្ឋអាចមើលឃើញខ្លួនឯងហើយ ពួកគេ
គេអួតថា គេនឹងអាមេរិក គឺជិតដិតគ្នាណាស់។ សម រង្ស៊ី ក៏បង្ហាញដែរថា ឆាប់ៗហ្នឹង គេនឹងមកជាមួយប្រតិភូអាមេរិក ឆាប់ៗនេះហើយ។ កឹម សុខា គេថា បើមានបញ្ហាអី គេជិតដិតជាមួយអាមេរិកណាស់ តែដល់ឥលូវនេះ
និយាយឲ្យអស់ទៅនារីម្នាក់ដែលជាតំណាងរាស្រ្តហ្នឹង គាត់មានសញ្ជាតិអាមេរិក ជនជាតិខ្មែរទេ ដើមកំណើតខ្មែរ ហើយមកធ្វើតំណាងរាស្រ្តខ្មែរ
តែមានសញ្ជាតិអាមេរិក ក៏គ្មានលទ្ធភាពឯណាមកឃាត់ឃាំងលោក អូបាម៉ា ដែលតំណាងឲ្យផលប្រយោជន៍ប្រជាជាតិអាមេរិកទេ។ ដោយសារអី ការជួបជុំលោក
អូបាម៉ា មកជួបជាមួយនឹងថ្នាក់ដឹកនាំកំពូលអាស៊ាន
គឺជាការស្វែងរកផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជាតិ មិនមែនរវាងបុគ្គលទេ ហើយលោក សម រង្ស៊ី មិនមែនជាតិគេទេ ដូច្នេះសូមប្រជាពលរដ្ឋ ញែកឲ្យដាច់។ លោក សម រង្ស៊ី ចូលចិត្តតាំងខ្លួនឯងជាជាតិរបស់គេណាស់ តែតាមពិត លោក សម រង្ស៊ី ជាបុគ្គលម្នាក់
ដែលដកដង្ហើមចេញចូលដូចគេដូចឯង ហើយនិយាយស្ដីប្រើមាត់ដូចជាគេ ដូចឯងដែរ អត់មានអីខុសគេទេ ដូច្នេះលោក សម រង្ស៊ី ជាមនុស្សមា្នក់សុទ្ធសាធ មិនមែនជាជាតិរបស់គេទេ។ លោក កឹម សុខា ក៏ជាមនុស្សម្នាក់សុទ្ធុសាធ ហើយនារីម្នាក់ដែលជាតំណាងរាស្រ្តឲ្យគណបក្ស សម រង្ស៊ី
ក៏ជាមនុស្សម្នាក់ដែរ។ ចំណែកជាតិមានន័យច្រើនណាស់ គឺប្រជាពលរដ្ឋរាប់លាននាក់នៅកម្ពុជា ប្រជាពលរដ្ឋនៅបណ្ដាប្រទេសអាស៊ានប្រជាពលរដ្ឋសហរដ្ឋអាមេរិក គឺគេតំណាង ដោយប្រធានា ធិបតី
ឬក៏ប្រមុខរដ្ឋាភិបាលក្នុងការជជែកការងារ តំណាងឲ្យផលប្រយោជន៍ទៅវិញទៅមករវាងជាតិទាំងអស់នោះ។ ដូច្នេះអស់លោកអ្នកនយោបាយប្រឆាំងខ្មែរយើងនេះ គឺអភ័ព្វត្រង់ថា ល្ងង់។
ល្ងង់ចេះធ្វើនយោបាយបានត្រឹមតែដើរអួត និងដើរភូត។ ដើរអួត គឺខ្ញុំចង់និយាយឲ្យចំដូចជាគាត់អួតថា គាត់សុទ្ធតែជាអ្នកប្រជាធិបតេយ្យ ហើយអ្នកប្រជាធិបតេយ្យស្អី អាឡិះអាឡោះអញ្ចឹង ត្រង់ហ្នឹងដែលខ្ញុំចង់និយាយ
ប្រជាធិបតេយ្យអត់ដឹងម៉ង់អី អាឡិះអាឡោះ។ ឧទាហរណ៍ ដូចទាញរឿង លោក សម រង្ស៊ី គាត់និយាយថា បើលោក អូបាម៉ា នៅតែមក កាលហ្នឹងជិតដល់ថ្ងៃបោះឆ្នោត
ពេលហ្នឹងប្រជាពលរដ្ឋអាមេរិក ដើមកំណើតខ្មែរនឹងមិនបោះឆ្នោតគាំទ្រគាត់ទេជាដើម។ បរទេសគេនឹងសើច គេសើចត្រង់ថាម៉េច តំណាងរាស្រ្តរបស់ បក្សនយោបាយប្រឆាំងនៅស្រុកខ្មែរ អត់ដឹងម៉ង់ទីទុយអី អញ្ចឹង?
អាមេរិកគេ បោះឆ្នោតដោយវិធីណា?
នីតិវិធីគេបោះឆ្នោតយ៉ាងម៉េច? ហើយមកយកអ្វីៗមកគម្រាមទៅលើលទ្ធផលបោះឆ្នោតរបស់គេយ៉ាងម៉េច? អ្នកឯងគ្រាន់តែគម្រាមលទ្ធផលបោះឆ្នោតនៅស្រុកខ្មែរហ្នឹង គេសើចរយះមាត់ទៅហើយ
ដល់ចេញអីណា យកវិធីគម្រាមលទ្ធផលបោះឆ្នោតនៅអាមេរិកទៀត អាហ្នឹងហើយ ជាមាយាទទុច្ចរិត ដល់យូរៗវាធ្លាយឯង ធ្លាយចុះធ្លាយឡើង វាអត់ប្រយោជន៍។
នៅអាមេរិកវិធីបោះឆ្នោតគេ ខុសពីនៅកម្ពុជា ហើយគេមិនមែនបោះឆ្នោតដោយផ្ទាល់ដូចលោក សម រង្ស៊ី និយាយហ្នុងទេ អត់មានរឿងនឹងទេ គេបោះឆ្នោតដោយអង្គបោះឆ្នោត តែអាហ្នឹងយើងមិនចាំបាច់បកស្រាយរឿងរបៀបបោះឆ្នោតទេ។ ចង់និយាយថា
ធ្វើអ្នកនយោបាយមួយអត់ដឹងអីអញ្ចឹង ហើយជាមេបក្សនយោបាយទៅទៀត។ បើសិនអ្នកហ្នឹងជាមេបក្សនយោបាយនៃប្រទេសផ្សេង យើងមិនទៅឈឺក្បាលហាលថ្ងៃអីទេ ប៉ុន្តែវាអភ័ព្វត្រង់ថា គាត់ហ្នឹងដាក់ឈ្មោះថា ជាមេបក្សនយោបាយប្រឆាំងនៅកម្ពុជា គឺវាអភ័ព្វនឹងពាក្យកម្ពុជា មិនមែនអភ័ព្វនឹងពាក្យជាមេបក្សនយោបាយប្រឆាំងទេ។ បើដកតែពាក្យកម្ពុជាចេញ ចង់អ្នកឯងអាឡិះអាឡោះ អាលីអាលើ តាមតែខ្លួនឯងទៅ ត្រង់ហ្នឹងដែលខ្ញុំចង់ទាញថា ពួកគាត់ខំបំភ្លៃថា លោក សម
រង្ស៊ី ត្រូវបានរដ្ឋាភិបាលប្រើអំណាចតុលាការ ទប់ស្កាត់មិនឲ្យត្រឡប់មកបោះឆ្នោតនេះ ដោយសារតែរឿងការពារជាតិ ការពារទឹកដី។ អញ្ចឹងហើយនៅពេលដែលលោក អូបាម៉ា មកធ្វើសវនាការជួបជាមួយសម្ដេចនាយករដ្ឋមន្រ្តី ពេលនោះខ្ញុំជឿថា
ប្រមុខរដ្ឋាភិបាលយើងនឹងជម្រាបការពិតមួយត្រង់ថាលោក សម រង្ស៊ី មិនមែនរងគ្រោះដូចគាត់ថាទេ ផ្ទុយទៅវិញលោក សម រង្ស៊ី
ប្រព្រឹត្តបទល្មើសដកបង្គោលតម្រុយព្រំដែន។ គ្រាន់តែជម្រាបតែមួយម៉ាត់ខ្ញុំថាលោក
អូបាម៉ា ប្រាកដជាផ្ទុះសំណើចពេញសាលប្រជុំហើយ។ ហើយមួយទៀតបទល្មើសរបស់លោក សម រង្ស៊ី
ដែលត្រូវបានតុលាការដាក់ទោស មិនមែនរឿងគាត់ទៅស្រលាញ់ជាតិ ការពារទឹកដីទេ គឺគាត់ទៅយកផែនទីដែលគេបង្ហោះនៅក្នុងវេបសាយ ដែលជាផែនទីមិនមែនជាឯកសារផ្លូវការទេ បែរទៅជាគាត់ទៅយកផែនទី
ដែលគេបង្ហោះនៅវេបសាយនោះ វាមានបាត់ជ្រុង បាត់នេះ បាត់អីនោះ វាអត់មានត្រូវខា្នតទេ ព្រោះអាហ្នឹងវាមិនមែនផ្លូវការ
គាត់យកអាហ្នឹងមកធ្វើមូលដ្ឋានឯកសារក្នុងការវាយតម្លៃថា កម្ពុជាបាត់ទឹកដីប៉ុណ្ណេះៗ។ បើសិនជាលោក អូបាម៉ា
បានជ្រាបតាមរយៈរឿងហ្នឹងទៀតនោះ ខ្ញុំថា ពេលនោះគាត់លែងផ្ទុះសំណើច គាត់បែរទៅជាអាណិតវិញហើយ។ អាណិតនៅត្រង់ថា អីក៏អភ័ព្វម្លេះ មេបក្សប្រឆាំងខ្មែរមួយទាំងមូល ចង់ការពារជាតិ
ម៉េចក៏មិនយកផែនទីផ្លូវការជាក់លាក់ បែរទៅជាយកផែនទីគេបង្ហោះផ្តេសផ្តាសទៅវិញ។ អាហ្នឹងផែនទីគ្រាន់តែគេគូសលេង គេមិនមានការទទួលខុសត្រូវទេ គឺគ្រាន់តែជាផែនទីសម្គាល់ឲ្យអ្នកដែលមើលវេបសាយដឹងថា កម្ពុជានៅទីនេះ វៀតណាមនៅទីហ្នុងតើ អាហ្នឹងមិនមែនជាខ្នាតមាត្រដ្ឋានពិតទេ។ អញ្ចឹងហើយគ្រាន់តែពីររឿងហ្នឹង ទីមួយ៖ ដកបង្គោល
គេអស់សំណើចហើយ ព្រោះក្នុងពិភពលោក គ្មានមេបក្សនយោបាយណា ទៅអាឡេអាឡូ ទៅដករហេតរហូតដល់ប្រព្រឹត្តបទល្មើសដកបង្គោលទេ។ ហើយដល់មួយទៀតធ្វើជាមេបក្សមួយនឹងគេដែរ ទៅជាអត់យកឯកសារផ្លូវការជាមូលដ្ឋានទៅធ្វើការតតាំងគ្នា បែរជាទៅយកឯកសារមិនផ្លូវការមកប្រើទៅវិញបែបនេះ។ សូម្បីតែយើងសរសេរនិក្ខេបបទ និស្សិតម្នាក់ដែលសរសេរនិក្ខេបបទBachelor ក៏ដោយ Master ក៏ដោយ PHD ក៏ដោយ
បើអ្នកឯងយកឯកសារមិនផ្លូវការយកមកប្រើតម្លៃនៃនិក្ខេបបទអ្នកឯងទាបទេ តែបើអ្នកឯងយកឯកសារដើមនោះណា
តម្លៃនៃសំណេររបស់អ្នកឯងគឺខ្ពស់។ ចំនុចហ្នឹងបានន័យថា វាជារឿងអភ័ព្វរបស់លោក សម រង្ស៊ី ហើយនិងរបស់គណបក្សប្រឆាំងនៅកម្ពុជា
ដោយសារមានឈ្មោះកម្ពុជាហ្នឹងឯង។ ប៉ុន្តែខ្ញុំគិតថា ក្រោយការប្រជុំកំពូលអាស៊ាននេះ
ប្រជាពលរដ្ឋខ្មែរប្រាកដជាមានមូលដ្ឋានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ គឺអស់ជំនឿ ឬលែងជឿនឹងនយោបាយរបស់លោក សម រង្ស៊ី កឹម សុខា ទៀតហើយ ហើយក៏លែងជឿទៅលើ NGO សិទ្ធិមនុស្សនិន្នាការប្រឆាំងដែរ។ អញ្ចឹងយើងតាមមើលលទ្ធផលនៃការប្រជុំតទៅទៀត។
-មតិលោក សត្យា
រក្ស
តាមរយៈប្រសាសន៍របស់លោកបណ្ឌិត យើងឃើញថា គណបក្សប្រឆាំងនៅកម្ពុជានេះ គឺកំពុងតែប្រព្រឹត្តនូវសកម្មភាពរបស់ខ្លួនហ្នឹង ដូចសត្វមមាចអញ្ចឹង។ មមាចដែលមិនស្គាល់ភ្លើង គឺទីបំផុតគឺមមាចនោះ
នឹងសម្លាប់ខ្លួនឯងជាមួយនឹងភ្លើង។ ហើយសម្រាប់កេរ្តិ៍ឈ្មោះកិត្តិយសរបស់អ្នកនយោបាយប្រឆាំងនៅកម្ពុជានេះ
បើតាមការសង្កេតមើលទៅឃើញថា ខ្លួនគាត់ជាអ្នកបំផ្លាញកេរ្តិ៍ឈ្មោះខ្លួនគាត់ ខ្លួនគាត់ជាអ្នកធ្វើអត្តឃាតខ្លួនគាត់ ខ្លួនគាត់ជាអ្នករំលាយគណបក្សខ្លួនគាត់ តាមរយៈទង្វើរបស់គាត់។ ឧទាហរណ៍ដូចជា ព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលនេះ
គ្រាន់តែវត្តមានរបស់លោក បារ៉ាក់ អូបាម៉ា មកកាន់កម្ពុជា យើងឃើញថា គណបក្សប្រឆាំង បានប្រឌិតរឿងច្រើន ហើយការប្រឌិតរឿងរបស់គាត់ហ្នឹង សុទ្ធតែជាការប្រឌិតរឿងដែលហួសពីសមត្ថភាព
ហួសពីអ្វីដែលជាការរំពឹងគិត ជាពិសេសគឺហួសពីអ្វីដែលជាគំនិតផ្ទាល់របស់លោក បារ៉ាក់
អូបាម៉ា ទៅទៀត។ ដូចជាគាត់លើកឡើងថា បារ៉ាក់ អូបាម៉ា មកកម្ពុជានឹងលើកយកបញ្ហាលោក សម រង្ស៊ី
យកមកដោះស្រាយជាមួយនឹងរដ្ឋាភិបាលខ្មែរ។ លោក បារ៉ាក់ អូបាម៉ា មកកម្ពុជានឹងដាក់ការគាបសង្កត់មកកម្ពុជា រឿងបញ្ហាសិទ្ធិមនុស្សជាដើម ។ល។
យើងឃើញសុទ្ធតែជារឿងមួយដែលវាខុសពីអ្វីដែលជាប្រធានបទ ដែលគេត្រៀមយកមកជជែក។ អញ្ចឹងត្រង់នេះហើយ
បើសិនណាជារឿងហ្នឹង វាជារឿងពិតអាហ្នឹងវាមិនអីទេ
បានន័យថា គណបក្សប្រឆាំងអាចរក្សាខ្សែក្រវ៉ាត់ អាចរក្សាកិត្តិយសបាន ប៉ុន្តែផ្ទុយទៅវិញ
បើវាអត់មាននោះ ត្រង់ហ្នឹងហើយដែលធ្វើឲ្យកេរ្តិ៍ឈ្មោះ កិត្តិយសរបស់គណបក្សប្រឆាំងហ្នឹង ត្រូវបើកកកាយនៅមុខប្រជាពលរដ្ឋ ដែលគេឃើញថា
ពួកប្រឆាំងបានត្រឹមតែអួតបានត្រឹមតែកុហក់ មិនខុសអំពីចរឹតពួកប្រឆាំង
កាលពី២០ឆ្នាំមុនទេ។ ដែលខ្ញុំចង់និយាយថា តាំងពីអាណត្តិទីមួយ ទីពីរ ទីបី ទីបួន គឺចរឹតភូតកុហក់នឹងហើយ ដែលធ្វើឲ្យគាត់រលាយដោយខ្លួនគាត់។ ហើយរឿងដែលគួរឲ្យស្អប់ខ្ពើមមួយទៀត គឺអ្វីដែលជាអសមត្ថភាពរបស់ពួកប្រឆាំង គឺគាត់តែងតែចោទគេ នៅពេលដែលបក្សខ្លួនឯងរលាយក៏ថាគេអ្នកផ្លុំ អ្នកផ្ដាត់អីអញ្ចឹងទៅ។ ស្នាក់ការខ្លួនឯង
អត់លុយបង់ភ្លើងខ្លួនឯងសោះ ក៏ថារដ្ឋអំណាចទៅផ្ដាច់ភ្លើង។អត់លុយទិញវិទ្យុបើកខ្លួនឯងសោះ ថារដ្ឋាភិបាលអត់ឲ្យបើកវិទ្យុ។ អញ្ចឹង នេះជារឿងមួយ ដែលយើងអាចនិយាយបានថា ជាគំនិតមិនជឿនលឿនរបស់គណបក្សប្រឆាំងដែលគួរតែកែប្រែត្រង់ចំនុចនេះ។
លោក សត្យា រក្ស
សំណួរ៖ ឥឡូវនេះ ខ្ញុំចូលដល់បញ្ហាមួយទៀតលោកបណ្ឌិត គឺយើងឃើញថា គ.ជ.ប បានលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីបោះឆ្នោត ហើយការលុបឈ្មោះនេះ ត្រូវបានអ្នកដែលមានស្វាមីភ័ក្តជាមួយ សម រង្ស៊ី
ឬក៏ក្រុមហែរហមអាយ៉ងអាយ៉ាប់អីអញ្ចឹងទៅរបស់លោក សម រង្ស៊ី ហ្នឹង
កំពុងតែមានប្រតិកម្មចំពោះ គ.ជ.ប ថាការលុបឈ្មោះនេះ គឺជាការរំលោភសិទ្ធិអញ្ចេះមួយ អញ្ចុះពីរ ធ្វើតាមការបង្គាប់បញ្ជាពីអ្នកនេះ ឬអ្នកនោះជាដើម។
សូមលោកបណ្ឌិតជួយបញ្ជាក់មើល បើតាមច្បាប់បោះឆ្នោត លោក សម រង្ស៊ី ដែលជាអ្នកមានទោសទណ្ឌ
ត្រូវជាប់គុកជាប់ច្រវ៉ាក់នេះ តើអ្វីដែល គ.ជ.ប ធ្វើហ្នឹងគឺធ្វើដោយបំពានច្បាប់ ឬធ្វើដោយការគោរពទៅតាមលក្ខខណ្ឌនៃច្បាប់បោះឆ្នោត?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ត្រង់ចំណុចនេះ ដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋមានការមន្ទិល ជាពិសេសចំពោះបងប្អូនដែលគាំទ្រលោក សម រង្ស៊ី គឺខ្ញុំសូមបញ្ជាក់ថាមិនមែន គ ជ ប ឬក៏កម្ពុជាធ្វើទុកបុកម្នេញ លោក សម រង្ស៊ី នោះទេ។ បើយើងមើលនៅក្នុងរដ្ឋធម្មនុញ្ញ នោះយើងនឹងដឹងថា តើអ្នកតំណាងរាស្ត្រអាចមានទោសឬទេ? ថ្វីត្បិតតែមាត្រា១ នៃរដ្ឋធម្មនុញ្ញបានសរសេរការពារអ្នកតំណាងរាស្ត្រដោយអភ័យឯកសិទ្ធិនៅពេលដែលខ្លួនបញ្ចេញមតិការងារ គឺមិនមែនជាការបញ្ចេញមតិបែបអាវ៉ាសែនោះទេ នៅក្នុងសភា គឺពុំត្រូវបានយកទោសពៃរ៍ទេ គឺត្រូវបានការពារដោយឯកសិទ្ធិសភា។ ប៉ុន្តែ នៅក្នុងមាត្រាមួយទៀត គឺអ្នកតំណាងរាស្ត្រត្រូវបាត់បង់អាណត្តិរបស់ខ្លួនជាអ្នកតំណាងរាស្ត្រ នៅពេលដែលខ្លួនបានប្រព្រឹត្តិបទល្មើសជាក់ស្តែង ហើយនិងមិនត្រូវបានការពារដោយអភ័យឯកសិទ្ធិទៀតឡើយ ហើយគឺតុលាការអាចធ្វើការកាត់ទោសអ្នកតំណាងរាស្ត្រនោះបាន ក្រោយពេលដែលស្ថាប័នសភាធ្វើការដកអភ័យឯកសិទ្ធិជាមុនសិន។ ក្រោយពេលដែលតុលាការធ្វើការកាត់ទោស ក្នុងបីដំណាក់កាលហើយ បើជននោះជាជនមានទោស គឺជននោះត្រូវបាត់បង់សមាជិកភាព ឬបាត់បង់នូវអាណត្តិជាអ្នកតំណាងរាស្ត្រហើយ។ បន្ទាប់មកទៀត បើសិនជាអ្នកនោះចង់ឈរឈ្មោះជាអ្នកតំណាងរាស្ត្រ ទាល់តែបុគ្គលនោះគ្មានទោស។ ទោះបីជាតំណាងរាស្ត្រក៏ដោយ នៅពេលដែលបុគ្គលនោះមានទោស គឺលែងជាតំណាងរាស្ត្រដែរ ឧទាហរណ៍ដូច លោក សម រង្ស៊ី នៅពេលដែលតុលាការកាត់ទោស ហើយរកឃើញថាមានទោស ដូច្នេះគឺត្រូវលុបឈ្មោះចេញពីសមាជិកសភា។ បន្ទាប់មក យើងសួរថាបុគ្គលដែលមានទោស តើមានសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតបានឬទេ?ចម្លើយគឺមិនបានទេ។យើងសួរថាតើនរណាជាអ្នកដកសិទ្ធិនេះ? ទី១ គឺច្បាប់ជាអ្នកដក។ ច្បាប់នោះគឺបានសរសេរទាំងអស់គ្នា រួមទាំងលោក សម រង្ស៊ី ខ្លួនឯងនៅពេលដែលគាត់ជាអ្នកតំណាងរាស្ត្រ ។
ឥឡូវនេះ ចំពោះករណីកាត់ទោសលោក សម រង្ស៊ី គឺបានធ្វើចប់សព្វគ្រប់ហើយ។ ក្នុងការចូលត្រៀមការបោះឆ្នោតនៅឆ្នាំ ២០១៣ យើងសួរថា នៅពេលដែលអាជ្ញាធរ និង គ ជ ប បានលុបឈ្មោះគាត់ចេញពីបញ្ជីបោះឆ្នោត ជាការធ្វើដោយបំពាន ឬជាការអនុវត្តច្បាប់? អញ្ចឹងលោក សម រង្ស៊ី អាចរើសមេធាវីឲ្យទៅការពារសិទ្ធិបោះឆ្នោតរបស់គាត់ ហើយមេធាវីនោះក៏ត្រូវមានសមត្ថភាពដើម្បីពន្យល់ការពិតដែរ ថាតើការលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីបោះឆ្នោតនោះខុសត្រង់ណា?តើ គ ជ ប មិនអនុវត្តច្បាប់ឬយ៉ាងណា?ត្រូវចោទសួរឲ្យចំចំណុច គឺមិនត្រូវធ្វើដូចមេអង្គការ ខុមហ្វ្រែល ដែលចេះតែចោទប្រកាន់ថាខុសនោះទេ។ នេះគឺដោយសារខ្លួនឯងអត់ដឹងអី ហើយទៅបង្កើតជាអង្គការ ធ្វើការងារបោះឆ្នោត ហើយមិនស្គាល់អំពីច្បាប់បោះឆ្នោត។
ខ្ញុំសូមងាកមករឿងលោក សម រង្ស៊ី ជាបន្តទៅទៀត។ តើលោក សម រង្ស៊ី ជាទណ្ឌិតឬអត់? ក្នុងលក្ខណៈជាផ្លូវការ តុលាការកំពូលបានសម្រេចជាស្ថាពរហើយ ថាលោក សម រង្ស៊ី គឺជាទណ្ឌិត ឬជាបុគ្គលដែលមានទោស។ អញ្ចឹងបើសិនជាលោក សម រង្ស៊ី គាត់មានទោសហើយ ដែលកាត់ដោយតុលាការកំពូល ដូច្នេះគឺគាត់មិនអាចតវ៉ាបានទៀតទេ។ ពាក់ព័ន្ធទៅនឹងសិទ្ធិបោះឆ្នោតឬការលុបឈ្មោះ គឺគាត់អាចប្តឹងតទៅទៀត ទៅក្រុមប្រឹក្សាធម្មនុញ្ញ ស្តីអំពីសិទ្ធិគោលខាងសេរីភាពក្នុងការបោះឆ្នោត។ អញ្ចឹង គេអាចរកមើលថា តើចំណុចត្រង់ណា ដែល គ ជ ប ធ្វើខុស ។ ប៉ុន្តែបើ គ ជ ប មិនបានធ្វើខុសទេនោះ គឺច្បាប់ជាអ្នកអនុញ្ញាត្តិ ឬច្បាប់ជាអ្នកចង្អុលឲ្យ គ ជ ប ជាអ្នកធ្វើហើយ។ ប្រសិនបើ គ ជ ប ធ្វើខុសពីច្បាប់ គឺ គ ជ ប ជាអ្នកខុស។ ម្យ៉ាងទៀត ប្រសិនបើអ្នករកកំហុស គ ជ ប មិនឃើញគឺមិនអាចចោទថា គ ជ ប ខុសបានទេ។ ដូច្នេះសូមឲ្យគណបក្សប្រឆាំង ទៅពិនិត្យមើលច្បាប់រៀបចំការបោះឆ្នោត និងច្បាប់ជ្រើសរើសអ្នកតំណាងរាស្ត្រ ឡើងវិញ។
លោក សត្យា រក្ស
សំណួរ៖ បើតាមការដែលលោកបណ្ឌិតបានពន្យល់មកនេះ យើងឃើញថា ទី១ លោក សម រង្ស៊ី ពិតជាមិនអាចមានសិទ្ធិបោះឆ្នោត និងមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតដែរ។ អញ្ចឹងបើពិនិត្យទៅមើលអនាគត នៃគណបក្ស សង្គ្រោះជាតិដែលគេកំពុងតែរួមគ្នាជាមួយ កឹម សុខា ជាគណបក្សសិប្បនិម្មិត ដែលមានតែខ្លួនអត់ក្បាល នោះ បើតាមទស្សនៈរបស់លោកបណ្ឌិត អាចយល់ថាគណបក្សសង្គ្រោះជាតិនោះអាចវិវត្តន៍ទៅប្រសើរជាងគណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ដែលគណបក្សមួយមាន៣កៅអី និងគណបក្សមួយទៀតមានជាង២០កៅអីដែរឬទេ?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ជាដំបូងខ្ញុំសូមជម្រាបបងប្អូនប្រជាពលរដ្ឋដើម្បីយល់ឲ្យបានច្បាស់បន្តិច គឺយើងត្រូវញែកឲ្យដាច់ជាពីរ។ ទី១ គេហៅថាសិទ្ធិបោះឆ្នោត ដែលខ្ញុំបានពន្យល់អម្បាញ់មិញហើយ គឺលោក សម រង្ស៊ី គាត់ជាទណ្ឌិត ដូច្នេះគាត់ត្រូវបាត់បង់នូវសិទ្ធិបោះឆ្នោតជាបុគ្គលរបស់គាត់ហើយ។ រីឯរឿងឈរឈ្មោះក៏គាត់បានបាត់បង់ដែរ។ ចំណែកទីពីរ គឺសិទ្ធិសេរីភាពនយោបាយរបស់គាត់គឺមិនបាត់បង់ទេ ចង់គាត់ទៅធ្វើអ្វីនៅទីណាក៏ធ្វើទៅ ដូចជាទៅធ្វើជាមេបក្សអីជាដើម។ ប្រសិនបើគាត់ចង់ប្រើនូវសិទ្ធិនយោបាយក្នុងតួនាទីជាប្រធានគណបក្សថ្មីនោះគឺអត់បញ្ហាទេ ហើយក្រសួងមហាផ្ទៃក៏បានទទួលស្គាល់ហើយ។ ប៉ុន្តែរឿងសំខាន់គឺនៅពេលដែលគណបក្សនោះកើតហើយ មេបក្សនោះក៏ក្រសួងមហាផ្ទៃទទួលស្គាល់ហើយ តែមេបក្សនោះមិនហ៊ានមកដឹកនាំបក្សរបស់ខ្លួនដើម្បីឲ្យមានភាពកក់ក្តៅបែបនេះ តើអនាគតបក្សនោះវាប្រសើរជាង ឬក៏យ៉ាប់ជាងគណបក្សចាស់របស់ខ្លួន? ។ ត្រង់ចំណុចនេះបងប្អូនប្រជាពលរដ្ឋសូមពិនិត្យមើលទាំងអស់គ្នា។
បច្ចុប្បន្ននេះ កឹម សុខា អត់ហ៊ានមកធ្វើជាអនុប្រធានគណបក្សថ្មីទេ ដោយសារខ្លាចបាត់បង់លុយប្រាក់ខែសភារបស់ខ្លួន។ បើយោងតាមច្បាប់បោះឆ្នោត បុគ្គលម្នាក់ដែលជាតំណាងរាស្ត្រ អាចចេញពីគណបក្ស ដោយមិនបាត់បង់អាណត្តិជាអ្នកតំណាងរាស្ត្របាន គឺក្នុងអំឡុងពេល៦ខែមុនការបោះឆ្នោត។ ដូច្នេះ កឹម សុខា អាចនៅត្រាំត្រែងក្នុងតួនាទីជាប្រធានគណបក្សសិទ្ធិមនុស្សរហូតដល់ថ្ងៃ ២៨ ខែមករា ឆ្នាំ២០១៣ ដើម្បីកុំឲ្យបាត់លុយរបស់គាត់។ ចាប់ពីថ្ងៃទី ២៩ ខែមករា លោក កឹម សុខា អាចលាលែងចេញពីគណបក្សសិទ្ធិមនុស្សរបស់គាត់ចូលមកគណបក្សថ្មី។ ត្រង់នេះបងប្អូនប្រជាពលរដ្ឋអាចមើលឃើញហើយថា រឿងនេះមិនមែនជារឿងស្នេហាជាតិទេ តែជាហេតុផលខ្លាចបាត់លុយប្រាក់ខែសភារបស់គាត់ទៅវិញទេ។ បើសិនជា កឹម សុខា ស្មោះនឹងគណបក្សថ្មី ហេតុអ្វីក៏គាត់មិនចូលភ្លាមៗទៅ ហើយជំនួសដោយសមាជិកខ្លួនដែលមានលេខរៀងទី២ ឬទី៣ទៅ។
លោក សត្យា រក្ស
សំណួរ៖ ក្រៅអំពីហេតុផលដែលខ្លាចបាត់លុយសភានោះ តើមេគណបក្សទាំងពីរនោះមានការបារម្ភថានៅពេលដែលគេចូលគ្នាហើយ អាចនឹងបែកគ្នា ឬអាចនឹងមានរឿងផ្ទុះឡើងដែរឬទេ?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ចំណុចទី១ គឺលោក កឹម សុខា បើគាត់ពិតជាស្នេហាជាតិមែន គឺគាត់គួរតែឲ្យអ្នកដែលឈរឈ្មោះបន្ទាប់គាត់ធ្វើជំនួសហើយ ពីព្រោះអ្នកជំនួសគាត់នៅមានដែរ។ ចំណែកគាត់គឺត្រូវចេញទៅធ្វើជាអនុប្រធានបក្សថ្មីទៅ។ តើហេតុអ្វីបានជាគាត់មិនចេញទៅ?
ចំណែកឯលោក សម រង្ស៊ី ដែលលាលែងមកធ្វើប្រធានគណបក្សថ្មីហើយ តែនៅមិនអស់អាល័យនឹងគណបក្សចាស់ឡើយគឺគាត់អាចត្រឡប់ទៅវិញពេលណាក៏បានដែរ នេះជាមូលហេតុដែល លោក សម រង្ស៊ី មិនទុកចិត្តលោក កឹម សុខា ។ រីឯ កឹម សុខា មិនទាន់ហ៊ានស្មោះស្មគ្រជាមួយគណបក្សថ្មីទេ ព្រោះនៅស្តាយលុយប្រាក់ខែសភា៦ខែ។ ដូច្នេះអ្នកទាំងពីរនេះ គឺនៅមិនទាន់ទុកចិត្តគ្នានៅឡើយទេ។ អញ្ចឹងហើយទើប សម រង្ស៊ី ឲ្យអនុប្រធានរបស់គាត់ធ្វើជាប្រធានបក្សចាស់ ។ ប៉ុន្តែដោយមិនទាន់ទុកចិត្តប្រធានទើបគាត់ឲ្យភរិយាគាត់ធ្វើជាអនុប្រធាន។ ចំណុចនេះ ដោយសារលោក សម រង្ស៊ី គាត់ធ្វើខ្លួនគាត់ គឺគាត់អត់មានមាត់អ្វីទាំងអស់ ប៉ុន្តែបើសិនជាអ្នកផ្សេងធ្វើបែបនេះ ប្រហែលជាគាត់ចោទគេថាគ្រួសារនិយម បក្សពួកនិយម បាត់ទៅហើយ។ ចំណុចមួយទៀត ដោយខ្លាចត្រឡប់មកបក្សចាស់វិញមិនបាន លោក សម រង្ស៊ី បានធ្វើការកែលក្ខន្តិកៈ ដោយដាក់ថាលោក សម រង្ស៊ី ចេញទៅហើយគឺអាចវិលត្រឡប់មកវិញ ដោយហេតុផលថា លែងមានធុរៈកិច្ចដឹកនាំនៅក្នុងគណបក្សថ្មី។ នៅក្នុងរឿងនេះ នៅពេលដែលគាត់ត្រឡប់មកវិញលោក សម រង្ស៊ី នឹងទទួលតួនាទីជាប្រធានគណបក្សសម រង្ស៊ី វិញដោយស្វ័យប្រវត្តិ និងដោយគ្មាននរណាជំទាស់។ ការសរសេរបែបនេះ គឺលោក សម រង្ស៊ី ការពារជាមុននៅពេលណាដែលខ្លួន សម រង្ស៊ី និង កឹម សុខា ឈ្លោះបែកបាក់គ្នានៅក្នុងគណបក្សថ្មី នេះជាការប្រមើលទុករបស់គាត់។ បើសិនជារហូតទៅដល់ថ្ងៃរៀបចំបញ្ជីឈ្មោះបេក្ខជនគណបក្សថ្មីទៅ គ ជ ប រៀបទៅមិនកើតទេ ប្រាកដ ជាឈ្លោះគ្នាជាមិនខាន ហើយម្នាក់ៗនឹងរត់ទៅគណបក្សចាស់រៀងៗខ្លួនវិញ ដើម្បីរៀបចំបញ្ជីឈ្មោះគណបក្សចាស់របស់ខ្លួនវិញ។ បើតាមខ្ញុំឮ គឺក្រុម លោក សម រង្ស៊ី ឲ្យក្រុមលោក កឹម សុខា កាន់តែ៣ខេត្តទេ ហើយខេត្តទាំងអស់មាន២៤ខេត្ត ក្រុង។ អញ្ចឹងគណបក្ស គេចែកគ្នាគ្រប់គ្រងខេត្ត គឺក្រុមលោក សម រង្ស៊ី ឲ្យក្រុមលោក កឹម សុខា កាន់តែបីខេត្តទេ ហើយខ្ញុំមិនបាច់បញ្ជាក់ឈ្មោះខេត្តទេ ចំណែក២១ខេត្តទៀតខាងលោក សម រង្ស៊ី ជាអ្នកកាន់។ នេះជាបញ្ហា១ ដែលអាចកើតឡើងរួចទៅហើយ។
លោក សត្យា រក្ស
សំណួរ៖ យើងឃើញថាលោក សម រង្ស៊ី ធ្លាប់ចាញ់បោកលោក កឹម សុខា ធ្ងន់កាលពី កឹម សុខា រត់ចោលពីប្រធានអង្គការសិទ្ធិមនុស្សមកបង្កើតគណបក្ស ដោយយកមនុស្ស និងសម្លេងឆ្នោតរបស់ លោក សម រង្ស៊ី អស់មួយពេលទៅហើយ នៅពេលដែល សម រង្ស៊ី បាន បញ្ជូនអ្នកមកចូលរួមក្នុងវេទិកាជេរប្រទេច ម៉ាក់ងាយដល់រាជរដ្ឋាភិបាល។នេះជាការចាញ់បោកលើកទី១ របស់លោក សម រង្ស៊ី។ ឥឡូវនេះ នៅក្នុងសម្ព័ន្ធភាពថ្មីដែលកំពុងរៀបចំនេះ យើងឃើញថាមានក្លិនមិនល្អទៀតហើយ និងផ្តល់សញ្ញានៃការបែកបាក់ជាបណ្តើរៗហើយ។ បើសិនជារឿង សង្គ្រោះជាតិ ដែលជារឿងចុងក្រោយរបស់គេនេះផ្ទុះឡើងនូវការទាស់ទែងខ្វែងគំនិតគ្នាមែន រវាងភាគីទាំងពីរនេះ តើភាគីមួយណាទទួលបានផលប្រសើរជាងគេ?
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ រឿងនេះគឺជាបទពិសោធន៍របស់ សម រង្ស៊ី កាលដែល កឹម សុខា នៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ។ នៅពេលនោះអង្គការអន្តរជាតិដែលឧបត្ថម្ភលុយ គេចង់ឲ្យសកម្មជនរបស់គណបក្ស សម រង្ស៊ី ចូលរួមវគ្គបណ្តុះបណ្តាល ឬសិក្ខាសាលា ឬក៏ក្នុងវេទិកាសាធារណៈរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលមាន កឹម សុខា ជាប្រធាន។ ប៉ុន្តែនៅពេលនោះ គេមិនចង់ឲ្យ កឹម សុខា ធ្វើជាគណបក្ស ហើយទៅគៀងគរយកមនុស្សពី សម រង្ស៊ី ទេ គឺគេចែកឲ្យ កឹម សុខា ធ្វើ NGO ហើយ សម រង្ស៊ី ធ្វើគណបក្ស ។ចំណែក ឯ សម រង្ស៊ី គាត់គិតថា ការផ្តល់កម្លាំងឲ្យ កឹម សុខា ជាការចំណេញដល់គណបក្សខ្លួន តែដោយសារ កឹម សុខា ខូច គេក៏ប្រមូលសកម្មជនរបស់គណបក្ស សម រង្ស៊ី មកធ្វើជាភ្នាក់ងារស្មគ្រចិត្តរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទៅ។ ចុងក្រោយ កឹម សុខា បានប្រមូលអ្នកស្មគ្រចិត្តទាំងនោះមកធ្វើជាសមាជិកគណបក្សគាត់ទៅ។ បានសេចក្តីថា សមាជិកបក្សរបស់លោក កឹម សុខា ៩០% សុទ្ធតែជាមនុស្សមកពីគណបក្ស សម រង្ស៊ី ដែលភាគច្រើនគឺជាសកម្មជនរបស់គណបក្ស។ អញ្ចឹងមេរៀននេះ លោក សម រង្ស៊ី និងក្រុមរបស់គាត់ដឹងច្បាស់ ប៉ុន្តែគេត្រូវតែរួមគ្នា ដើម្បីប្រយោជន៍ប្រទាញប្រទង់យកសម្លេងសមាជិកពីគ្នា គឺមិនមែនដើម្បីប្រយោជន៍ជាតិនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមើលឲ្យច្បាស់។
ការទាញប្រយោជន៍ពីគ្នានេះ គឺនៅត្រង់ចំណុចដែលក្រុម លោក សម រង្ស៊ី ឲ្យក្រុមលោក កឹម សុខា កាន់តែ៣ខេត្តទេ។ អញ្ចឹងខេត្ត២១ផ្សេងទៀតដែលក្រុមខាងលោក សម រង្ស៊ី ធ្វើជាប្រធានខេត្ត គេនឹងធ្វើចលនាប្រមូលអតីតៈ សកម្មជនរបស់គណបក្ស សម រង្ស៊ី ដែលរត់ទៅ កឹម សុខា ពីមុននោះដើម្បីយកមកវិញ។ ចំណុចមួយទៀតនៅពេលដែលមានការប្រទាញប្រទង់សម្លេងអ្នកគាំទ្រនោះ វានឹងអាចផ្ទុះជម្លោះនៅពេលដែលបែងចែកលេខលំដាប់ឈរឈ្មោះក្នុងបញ្ជីបោះឆ្នោតជាមិនខាន។យើងក្រឡេកមើល កាលពីគណបក្ស សម រង្ស៊ី ម្នាក់ឯងមិនទាន់រួបរួមជាមួយ កឹម សុខា នៅឆ្នាំ២០០៨ នោះ ការរៀបបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះសម្រាប់គណបក្ស សម រង្ស៊ី នៅក្នុងមណ្ឌលខេត្តក្រុងនីមួយៗ គឺរៀបមិនចង់ទាន់ថ្ងៃ គ ជ ប ឈប់ទទួលពាក្យនោះទេ រហូតទាល់តែមានការដោះស្រាយដោយវិធីប្តូរបេក្ខជនដែលបានឈរឈ្មោះនៅពាក់កណ្តាលអាណត្តិ ទើបពេលនោះមានការយល់ព្រមពីក្រុមរបស់គាត់ ។ ចំណែកពេលនេះគឺមានទាំងក្រុម សម រង្ស៊ី និងក្រុម កឹម សុខា គឺច្បាស់ជាមានការដណ្តើមគ្នាជាមិនខាន ដូច្នេះប្រហែលជាមិនអាចដោះស្រាយចេញនោះទេ។ អញ្ចឹង ប្រសិនបើពួកគេមានថ្នាំសក្តិសិទ្ធិសម្រាប់ព្យាបាលក៏មានទៅ ប៉ុន្តែបើអត់មានទេប្រាកដជាត្រឡប់មករកកំពង់ផែចាស់វិញហើយ គឺ សម រង្ស៊ី មកគណបក្ស សម រង្ស៊ី វិញ ហើយ កឹម សុខា វិលមកគណបក្ស កឹម សុខា វិញជាមិនខានឡើយ ហើយពេលនោះប្រហែលជាចោទថាមានគេបំបែកពួកគាត់ទៀតហើយ និងចុងក្រោយ គឺច្បាស់ជាជេរគ្នាបែកមុខបែកមាត់ម្តងទៀត។
សរុបមក រឿងទាំងអស់នេះគឺប្រជាពលរដ្ឋយើងទាំងអស់គ្នាត្រូវតែយល់ដឹង និងសិក្សាឲ្យបានច្បាស់នូវចរឹតរបស់គណបក្សប្រឆាំង ពីព្រោះសកម្មភាពរបស់គណបក្សប្រឆាំងដែលកំពុងតែសាបព្រោះនៅក្នុងស្រទាប់ប្រជាពលរដ្ឋយើងបច្ចុប្បន្ននេះ វាមិនមែនជាសកម្មភាពដែលបម្រើដល់ឧត្តមគតិជាតិនោះទេ តែវាជារឿងបង្កឲ្យមានការបែកបាក់រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋក្នុងសង្គមតែប៉ុណ្ណោះ។ ដូចជាការញុះញង់ឲ្យមានការឈ្លោះគ្នារវាងអ្នកមាន និងអ្នកក្រ រវាងថៅកែរោងចក្រ និងកម្មករ រវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលជាដើម។ ពួកគេមិនចង់ឲ្យមានភាពសុខដុមរមនានៅក្នុងសង្គមនោះទេ ដូច្នេះហើយទើបយើងចង់ឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមពិចារណាទាំងអស់គ្នា ដើម្បីទុកជាប្រយោជន៍ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ៕
សម្រង់ព័ត៌មាន៖ លោក នូសាវុធឌី