Tuesday, December 11, 2012

ឯកអគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន​បញ្ចប់​អាណត្តិ​ជំរាបលាសម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី



​ឯកឧត្តម​បណ្ឌិត Fazal Ur Rahman ឯកអគ្គរដ្ឋទូត​​ប៉ា​គី​ស្ថាន ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​នៅ​ព្រះ​​រាជាណាចក្រកម្ពុជា  ​នារសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ២០១២ បាន​ថ្លែង​អំណរគុណ​ក្នុង​នាម​រដ្ឋាភិបាល​ប៉ាគីស្ថាន ចំពោះ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ដែល​បាន​គាំទ្រ ដល់​​ប្រទេស​ប៉ា​គី​ស្ថាន​ក្នុងការ​​ក្លាយ​ជា​ដៃ​គូ​សន្ទនា​ពេញសិទ្ធិ​របស់​អាស៊ាន​។ ឯកឧត្តម​ឯកអគ្គ​រដ្ឋ​ទូត​ប៉ាគីស្ថាន ក៏បាន​បង្ហាញ​នូវមោទនភាព ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​រវាងប្រជាជន និង​ប្រជាជន​ ពិសេស​ការ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំងពីរ​កម្ពុជា-ប៉ា​គី​ស្ថាន​ឲ្យ​កាន់តែ​រឹងមាំ​ក្នុង​ពេល​រយៈ​ពេល​បេសកកម្ម​ការទូត​នៅ​កម្ពុជា ។
 
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា ក្នុងឱកាស​ចូល​សំដែង​ការ​គួរ​សម​ និង​ជំរាប​លាសម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព ឯកឧត្តម​បណ្ឌិត Fazal Ur Rahman បាន​ឲ្យ​ដឹង​​​ថា ប្រទេស​កម្ពុជា​បាន​ចូលរួម​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​ចំនួន២ឆ្នាំជាប់ៗ​គ្នា​​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ហើយ​នៅ​ឆ្នាំ២០១៣ ខាង​មុខ ឯកឧត្តម​បណ្ឌិត ចម ប្រសិទ្ធ នឹងអញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ និង​ចូលរួម​ក្នុង​ពិធី​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​លើក​ទី៣ នៅ​ប៉ា​គីស្ថាន​ផង​ដែរ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ពិសេស​ការ​ជំរុញទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន អ្នក​​វិនិយោគ និង​អ្នក​វិនិយោគ ដើម្បី​ជំរុញ​ឲ្យ​លំហូរ​ពាណិជ្ជកម្មមានការ​រីក​ចំរើន​ថែមទៀត​ពី​មួយ​​ឆ្នាំទៅ​មួយ​ឆ្នាំ​។ 

នៅ​ក្នុង​កិច្ច​សន្ទនា​គ្នា​នោះ​ដែរ    តាម​នាម​ឲ្យ​ឯកឧ​ត្ត​ម​ប្រធានាធិបតី និង​ឯកឧត្តម​នាយក​រដ្ឋ​មន្ត្រី​​​នៃប្រ​ទេសប៉ា​គី​ស្ថាន​ ឯកឧត្តម​បណ្ឌិត Fazal Ur Rahman បាន​មាន​ប្រសាសន៍ចូលរួម​សំដែង​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុតជាមួយ​ព្រះរាជវង្សានុវង្ស ក៏ដូចជា​ថ្នាក់ដឹកនាំ​កម្ពុជា​ទាំង​អស់ ចំពោះ​​ការ​ចូល​ទិវង្គត​របស់​ព្រះករុណា ព្រះ​មហា​វីរក្ស​ត្រ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ របស់​ថ្នាក់​ដឹក​នាំ និងប្រជា​រាស្ត្រ​​កម្ពុជា។ ​ក្នុងនាម​ថ្នាក់ដឹកនាំ​ និង​ប្រជាជន​ប៉ា​គី​ស្ថាន​ ឯកឧត្តមឯកអគ្គរដ្ឋ​ទូត​ប៉ាគីស្ថាន​​ ក៏បាន​សំដែង​នូវការ​អបអរសាទ​រយ៉ា​ង​ជ្រាលជ្រៅ​បំផុត ចំពោះ​ជោគជ័យ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំប្រកបដោយ​កិត្តិ​បណ្ឌិត​ របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី ទទួល​បាន​​ក្នុង​ការ​ធ្វើជា​ម្ចាស់ផ្ទះដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ និង​កិច្ចប្រជុំ​ពាក់​​ព​ន្ធ័​នានា​កាល​ពី​ពេល​​កន្លង​មក។
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍បញ្ជាក់​ថា នៅពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​ដឹក​នាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់​ព​ន្ធ័​ដទៃទៀត​នោះ ស្ថានភាព​មិនជា​ល្អ​ប៉ុន្មាន​ទេ និង​មាន​បញ្ហា​ជាច្រើន​នៅក្នុង​តំបន់ និង​នៅក្នុង​ពិភពលោក ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏​ដោយ​​ ក៏​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ជំនះ​នូវ​ការលំបាក់​គ្រប់បែបយ៉ាង ដើម្បីឆ្លុះបញ្ចាំង​នូវ​ការ​ទទួលខុសត្រូវ​ក្នុងនាម​​អាស៊ាន​ និង​ជាប្រធាន​អាស៊ានផង​។ 

ពាក់​ព​ន្ធ័​ទៅនឹងការធ្វើ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា-ប៉ា​គី​ស្ថាន សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​មានប្រសាសន៍ថា បើទោះបីជា​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ នៅមាន​ទំហំ​តិចតួច​ក៏ដោយ ប៉ុន្តែ​នោះ​គឺជា​ការចាប់ផ្តើមដ៏​ល្អ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បានមានប្រសាសន៍​លើ​កទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បន្ត​ធ្វើការ​រួមគ្នា​ជា​បន្តទៅទៀត ដើម្បី​ធ្វើយ៉ាង​ណា​ជំរុញ​ទំនាក់ទំនង​លើ​វិស័យ​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​ទ្វេភាគី​រវាងប្រទេស​ទាំងពីរ ​ឲ្យ​កាន់​​តេ​រឹងមាំ​ថែមទៀត៕