Sunday, December 16, 2012

ពិធីសម្ពោធ​ដាក់អោយ​ប្រើប្រាស់ ផ្លូវវាង​រមណីយ​ដ្ឋានអង្គរ "មិត្តភាព​កម្ពុជា-កូរ៉េ " ដំណាក់កាល​ទីពីរ



ព្រឹកថ្ងៃ​ទី១៥ ខែធ្មូ ឆ្នាំ​២០១២​នេះនៅ​ក្នុង​បរិវេណ​វិទ្យាល័យ​បន្ទាយ​ស្រី ស្រុក​បន្ទាយ​ស្រី ខេត្តសៀមរាប​មានប្រារពពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់ផ្លូវក្រវ៉ាត់​ដំណាក់​កាលទី២​"មិត្តភាពកម្ពុជា​-កូរ៉េ" វាងខាងជើងរមណីយ​ដ្ឋាន​អង្គរ ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​របស់ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តី​ទទួលបន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តីនិងជា​ប្រធានអាជ្ញាធ​រអប្សរា, ឯកឧត្តម ស៊ូ ភិរិន្ទ អភិបាលនៃគណៈអភិបាល​ខេត្ត​សៀមរាប, ឯកឧត្តម ប៊ុន ណារិទ្ធ អគ្គនាយក​អាជ្ញាធរ​អប្សរា, ឯកឧត្តម ផាក ដេវ៉ុន ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ​(KOICA)  ព្រមទាំង​ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិសិស្សានុសិស្ស​និង​ប្រជាពលរដ្ឋដ៏ច្រើនកុះករ។
ផ្លូវ​ក្រវ៉ាត់ "មិត្តភាព​កម្ពុជា-កូរ៉េ" ដំណាក់​កាល​ទី2 វាង​ខាង​ជើង​រមណីយដ្ឋាន​អង្គរភ្ជាប់ពី​ចំនុច​មុខអតីតភូមិភាគ៤​ចាស់ទៅ​ភូមិតា​កុះ ឃុំព្រះដាក់ ស្រុក​បន្ទាយ​ស្រី មានប្រវែង20,5Km ទទឹង មានស្ពានបេតុង​ប្រវែង​៣៨ម លូកន្លែង និង​ស្ថានីយ៍​ថ្លឹងរថយន្តកន្លែង ចាប់​ផ្តើម​សាង​សង់ពីឆ្នាំ ២០១០​ហើយបញ្ចប់នៅចុងឆ្នាំ២០១២ នេះ ដោយ​ចំណាយ​អស់​ថវិការ ១១ ៧៨០ ០០០​ដុល្លារ ក្នុង​នោះ​ជំនួយ​ឥត​សំណង​របស់​សាធារណៈ​រដ្ឋកូរ៉េ​ចំនួន 11,5លាន​ដុល្លារ និង​ថវិការ​បដិភាគ​របស់​អាជ្ញាធ​រអប្សរា​ចំនួន​280ពាន់​ដុល្លារ

កំណាត់​ផ្លូវវាង"​មិត្តភាព​កម្ពុជា-កូរ៉េ"​ដំណាក់​កាល​ទី2នេះ​ជាសមិទ្ធិផល​ដែល​កើតចេញពីកិច្ច​សហប្រតិ​បត្តិការ​រវាង​អាជ្ញាធរ​អប្សរា​និង​សាធារណៈ​រដ្ឋកូរ៉េ​តាមរយៈ​KOICA ​រួម​ចំណែកក្នុងកិច្ច​អភិរក្ស​និង​អភិវឌ្ឍន៍​ដោយចីរ​ភាព​រមណីយ​ដ្ឋាន​ប្រវត្តិសាស្រ្ត​អង្គរដែល​ជាបេតិក​ភណ្ឌ​ពិភព​លោក។ គោល​បំណង​ចម្បង​នៃ​​គម្រោងកសាង​ផ្លូវក្រវ៉ាត់កូរ៉េ គឺផ្តល់​ភាព​ងាយ​ស្រួល​​ក្នុង​ការ​បញ្ចៀស​ចរា​ចរ​ធុន​ធ្ងន់​ចេញ​ពី​តំបន់​ក្បែរ​ប្រាសាទ និង​ការពារ​មរតក​វប្បធម៌ពី​ការបំផ្លាញនិង​បំពុលបរិស្ថាន​ដោយ​​សកម្មភាព​ចរាចរ​ទាំង​នោះ  
 ផ្លូវវាង​រមណីយ​ដ្ឋានអង្គរ​ផ្នែកខាង​ជើងនេះនិងផ្តល់អត្ថ​ប្រយោជន៍​ច្រើន​ណាស់​មិនត្រឹម​តែ សម្រួល​ដល់ការ​ធ្វើដំណើរ​និងការ​ប្រកបរ​បរដឹកជញ្ជូនរបស់​ប្រជាពល​រដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បញ្ចៀស​ការ​កក​ស្ទះ​ចរាចររបស់ភ្ញៀវទេសចរដែលធ្វើដំ​ណើរ​ទស្សនា​ប្រាសាទផង​ដែរ មាន​ប្រសាសន៍​ក្នុងឱកាស​នេះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បាន​បញ្ជាក់​ថា៖ ដើម្បីគ្រប់​គ្រងតំបន់​អង្គរ​ឱ្យមាន​ចីរភាព អាជ្ញាធរ​អប្សរា​មានភារ​កិច្ច​ដ៏ទូលំ​ទូលាយ​ក្នុងការ​គ្រប់គ្រង អភិរក្ស ថែរក្សា ការពារ និងអភិវឌ្ឍន៍ដោយ​ឈរ​លើ​គោល​នយោបាយ ​"អភិរក្ស ដើម្បី​អភិវឌ្ឍ ​និង​អភិវឌ្ឍ ​ដើម្បីចូល​រួមចំណែក​ការ​អភិរក្ស" ក្នុងន័យ​នេះអាជ្ញាធ​រអប្សរា មានបេសកកម្ម​ជាពិសេសដោយ​​មិនត្រឹម​តែ​អភិរក្ស ថែរក្សាទៅ​លើប្រាសាទ​នានា​ដែលជា​បេតិកភណ្ឌ​រូបី និង​ការអភិរក្សនូវទំនៀម​ទំលាប់ ប្រពៃណី វប្បធម៌​របស់​បងប្អូន​ក្នុងតំបន់​អង្គរដែល​ជាបេតិក​ភណ្ឌអរូបី​ប៉ុណ្ណោះទេគឺ​ត្រូវ​គិតគូរអំពីការ​រៀប​ចំ​ហេដ្ឋា​រចនា​សម្ព័ន្ឋ​ផ្លូវ​ថ្នល់​ក្នុងតំបន់អង្គរ​ ដែល​មិន​ត្រឹម​តែ​​​បំរើ​អោយ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ប៉ុណ្ណោះ​ទេ តែ​ក៏​នៅ​បំរើ​អោយ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចក្នុង​តំបន់​តាម​រយៈ​ការ​កាត់​បន្ថយ​ចំណាយ​ថវិកា​ និង​ពេល​វេលា​​ក្នុង​ការ​ដឹកជញ្ជួន​ផង​ដែរ។

គួរ​រំឭក​ផង​ដែរ​ថា សាធា​រណៈរដ្ន​កូរ៉េ​តាម​រយៈទី​ភ្នាក់ងារ​សហ​ប្រតិបត្តិ​អន្តរជាតិ​កូរ៉េ KOICA បាន​ជួយ​ស្ថាបនា​ផ្លូវវាង​រមណីយ​ដ្ឋាន​អង្គរ​ដំណាក់​កាល​ទី១​ម្តងរួច​មក​ហើយ គឺផ្លូវវាងខាងកើ​តអង្គរ​តភ្ជាប់​ពីភូមិព្រះ​ដាក់​ទៅភូមិស្វាយ​ធំ និង​ផ្លូវវាង​ខាងលិច​អង្គរ​ពីចំនុចជាប់សាលារៀន ហ៊ុន សែនគ្រួស​ទៅចំនុច​អតីត​ភូមិភាគ៤​ចាស់ដែល​មាន​ប្រវែង១៥គម ដោយចំណាយអស់ថវិការ​ជិត​លាន​ដុល្លារ  ដោយ​ផ្អែកលើជោគ​ជ័យ​នៃកិច្ចសហ​ប្រតិបត្តិការទាំងពីរដំណាក់កាលខាង​លើ  ដំណាក់​កាលទី៣​នឹង​ចាប់​ផ្តើមនៅ​ឆ្នាំ២០១៣​ខាងមុន​បន្ត​ទៀត។

ឆ្លៀត​ក្នុងឱកាស​នេះដែរ​ អាជ្ញាធរ​អប្សរា​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អាជ្ញាធរដែន​ដីដែល​រស់នៅ​តាមដង​ផ្លូវ ព្រមទាំង​ក្រុមហ៊ុន​ដឹកជញ្ជូន​នានាដែល​កំពុងប្រកប​អាជីវកម្មលើក​កំណាត់​វាងរ​មណីដ្ឋាន​អង្គរទាំង​អស់ សូមជួយ​ថែរក្សាផ្លូវ​ទាំងនេះ​ឲ្យបានស្ថិតស្ថេរគង់វង្ស​​យូរអង្វែង។ ​ត្រូវគោរព​ច្បាប់ចរាចរ​និងកុំដឹក​ទំនិញ​គ្រប់​ប្រភេទលើស​ទម្ងន់​កំណត់​ព្រោះផ្លូវ​​វាងទាំង​នេះជាសមិទ្ធិផល​របស់​យើងទាំង​អស់​គ្នា។