Wednesday, December 19, 2012

ការកសាង​ព្រះមេរុ​ព្រះបរមរតន​កោដ្ឋ​រដ្ឋាភិបាល​ចំណាយថវិកា​ក្រោម១,២លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​

 សម្តេចអគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ព្រះ​មេរុ​ព្រះបរម​រតន​កោដ្ឋ ដែល​កំពុង​ស្ថាបនា​សាងសង់​នៅ​វាល​ព្រះ​មេរុ​​ខាង​ជើង​ជាប់​ព្រះ​បរម​រាជវាំង ត្រូវ​ចំណាយ​ថវិកា​ក្រោម ១,២លាន​ដុល្លារ​អាមេរិក គឺ​មិន​មែន​​តម្លៃ​៥លាន​ដុល្លារ​ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រតិកម្ម​​បែប​នេះ នៅ​ក្នុង​ឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យការ​ស្ថាប​នា​ព្រះ​មេរុ ​ព្រះ​​បរម​រតនកោដ្ឋ ជា​លើក​ទី​២ ​នា​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១២។
ទាក់​ទង​នឹង​ការ​វាយ​តម្លៃរបស់​មនុស្ស​មួយ​ចំនួន សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​​ថា ការ​​ចំណាយ​ទៅ​លើ​ការ​កសាង​ព្រះ​មេរុ​ព្រះបរម​រតន​កោដ្ឋ ត្រូវ​ចំណាយ​ថវិកា​អស់​ដល់​ទៅ​ប្រ​មាណ​ជា ៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដោយ​សម្តេច​តេជោ​មាន​ប្រសា​សន៍​បញ្ជាក់​ថា ការ​វាយ​​តម្លៃ​បែប​នេះ គឺ​ជា​ការ​ធ្វើ​ឲ្យ​អាប់​យស​របស់​ប្រជា​ជាតិ​ខ្មែរ​ទាំង​មូល។
បើ​ផ្អែក​តាមការ​វាយ​តម្លៃ​ដោយ​មនុស្ស​មួយ​ចំនួន ​រាប់​ទាំង​ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទី​ប្រឹ​ក្សា​​​​​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហា​ក្សត្រ ដែល​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ត្រូវបានសម្តេច​តេជោ​សែន​បញ្ជាក់​ថា ការ​ចំណាយ​លើ​ការ​កសាង​ព្រះ​មេរុ​សម្តេច​ព្រះ​មហា​វីរក្សត្រ ព្រះបរម​រតនកោដ្ឋ អស់​មិន​តិច​ជាង ៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នោះ គឺ​ដោយ​សារ​ពួក​គេ​ទាំង​នោះ​ធ្លាប់​ស៊ី ធ្លាប់​លួច ធ្លាប់​កឹបកេង​ទ្រព្យ​សម្បត្តិ​ជាតិ។ សម្តេចតេ​ជោ​សង្កត់​ធ្ងន់​ថា ខ្ញុំ​សូម​ប​ញ្ជាក់​ជូន​ប្រជា​ពល​រដ្ឋ​កម្ពុជា​ថា បើ​ទោះ​បីជា​មើល​ឃើញ​ភា​ព​ស្កឹមស្កៃ​នៃ​សំណង់ ហើយ​ដែល​មាន​តម្លៃ​ប៉ាន់​ស្មាន​គួរ​តែ ៥​លាន​ដុល្លារ ក៏ប៉ុន្តែ​តម្លៃ​នេះ ស្ថិត​នៅ​ក្រោម ១,២​ដុល្លារ​សហ​រដ្ឋ​អាមេ​រិក​តែ​ប៉ុណ្ណោះ។ “នេះជា​ការ​វាយ​តម្លៃ​អាក្រក់​ណាស់ វា​ហាក់​ដូចជា​ការ​ប្រមាថ​ចំពោះ​អតី​ត​ព្រះ​មហាក្សត្រ ប្រមាថ​ចំពោះ​ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ ក៏ដូច​ជា​ព្រះ​រាជ​វង្សា​នុវង្ស និង​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ថា បាន​ចំណាយ​ខ្ជះ​ខ្ជាយ​ទៅ​លើ​ព្រះរាជ​សព ដោយ​គ្រាន់​តែ​ព្រះមេរុ​នេះ​អស់​តម្លៃ​ប្រមាណ​ជា ៥​លាន​ដុល្លារ​សហ​រដ្ឋ​អាមេ​រិក”។
សម្តេច​តេជោ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ខ្ញុំ​គិត​ថា អំពើ​ថោក​ទាប​ទាំង​ឡាយ​ដែល​អ្នក​ដទៃ​បាន និយា​យ រាប់​ទាំ​ងព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បើ​មិន​យល់​ទេ សូម​លួចសួរ​មករាជ​រដ្ឋា​ភិ​បាល សូម​កុំ​ឆ្លើយ​ទាំង​មិន​ដឹង​អី​ជាមួយ​នឹង​សារព័ត៌​មាន ព្រោះ​សំណង់​នេះ មើល​ពី​ក្រៅ​គឺ​មាន​តម្លៃ ៥​លាន​ដុល្លារ​មែន ក៏​ប៉ុន្តែ​ថ្ងៃ​នេះ ខ្ញុំ​បញ្ជាក់​ជូន​ប្រជាពល​រដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​ថា តម្លៃ​នេះ​មាន​ក្រោម ១,២​លាន​ដុល្លារ ហើយ​មិន​បាន​ធ្វើ​ការ​ដេញ​ថ្លៃ​ទេ។ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​បាន​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​ថា ខ្ញុំ​សូម​ទូល​ទៅ​ព្រះ​អង្គ​ម្ចាស់ ធម្មិកោ ថា ប្រ​សិន​បើ​ព្រះ​អង្គ​ម្ចាស់​មិន​យល់ ព្រះ​អង្គ​អាច​សរសេរ​សំបុត្រ​មក​សួរ​ខ្ញុំ​ជា​នាយក​រដ្ឋមន្រ្តី​ក៏​បាន សួរ​សម្តេច​ចៅ​ហ្វាវាំង គង់ សំអុល ក៏​បាន ឬ​សួរ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី គាត ឈន់ ក៏​បាន ព្រោះ​ខ្ញុំ​បាន​ចារ​ឲ្យ​ទទួល​ខុស​ត្រូវ​ខាង​ថវិកា សម្រាប់​ការ​ចំណាយ​សម្រាប់​ពិធី​ទាំងមូល​ ដោយ​មិន​ឲ្យ​ប៉ះ​ពា​ល់​ដល់​ថវិកា​ព្រះបរមរាជ​វាំង​នោះ​ឡើយ។
សម្តេច​តេជោ​សែន​បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា ខ្ញុំ​សូម​យក​ឱកាស​នេះ ដើម្បី​បញ្ជាក់​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ថា រាជរដ្ឋាភិ​បាល​មាន​កាតព្វកិច្ច ដើម្បី​នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​សក្តិសម​ទៅ​នឹង​ព្រះបិតា​ជាតិ​របស់​យើង ដូច្នេះ​យើង​ត្រូវ​ការ​វេលា​មិ​នតិច​ជាង​រយៈ​ពេល ៣ខែ​ទេ សម្រាប់​ការរៀបចំ​ព្រះរាជ​ពិធី​នេះ ដែល​កាល​ពី​ព្រះរាជ​សព​របស់​ព្រះ​ករុណា​ព្រះសុរា​ម្រិត បាន​ចំណាយ​ពេល​រហូត​ដល់​ទៅ ៥ខែ ប៉ុន្តែ​ដោយសារ​តែ​មិន​ចង់​ឲ្យ​មាន​ការ​ឆ្លង​ឆ្នាំ ទាំង​ឆ្នាំ​ចិន និង​ឆ្នាំ​ខ្មែរ ដូច្នេះ​ទើប​ត្រូវ​បូជា​ព្រះរាជ​សព​នៅ​ក្នុង​ឆ្នាំ​រោង​រាប់​ទាំង​ឆ្នាំ​ចិន និង​ឆ្នាំ​ខ្មែរ​ ពោល គឺ​ព្រះ​រាជពិធី​ថ្វាយ​ព្រះភ្លើង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ខាង​មុខ​នេះ។
ទាក់​ទង​ទៅនឹង​ការ​កសាង​ព្រះមេរុ​ព្រះបរម​រតន​កោដ្ឋ ដោយ​មិន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ត្រូវ​បាន​សម្តេច​​តេ​ជោ​សែន​បញ្ជាក់​ថា ប្រសិន​បើ​មាន​ការ​ដេញថ្លៃ មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​បើក​ការ​ដ្ឋាន​ទេ ព្រោះ​នីតិវិ​ធី​នៃ​ការ​ធ្វើលទ្ធកម្ម​សាធារណៈ តម្រូវ​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​តាមទូរ​ទស្ស​ន៍ វិទ្យុ និង​សារព័ត៌​មាន និង​ត្រូវ​ប្រើពេល​មិន​តិច​ជាង ២ខែ ទើប​អាច​បើក​ធ្វើការ​ដេញ​ថ្លៃ​បាន។ ទន្ទឹម​នឹង​នេះ​ពា​ក់​ព័ន្ធ​ទៅ​នឹងការ​ចោទ​ប្រកាន់​ដែល​ថា ក្រុម​ហ៊ុន​សាង​សង់​នេះ ជា​របស់​កូន​សម្តេច​​ចៅ​ហ្វាវាំង គង់ សំអុល ​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា តើ​យើង​ទៅ​រក​ក្រុម​ហ៊ុន​ណា? ព្រោះ​រឿង​សំណង់នេះ​ស្មុគ​ស្មាញ​ណាស់ ដែល​សូម្បី​តែ​រូប​ខ្ញុំក៏ចេះ​មិន​អស់​ដែរ អំពី​ទិដ្ឋ​ភាព​ទាំង​ឡាយ​ទាក់ទ​ង​ជាមួយ​នឹង​ព្រះមេរុ​នេះ ប៉ុន្តែ​យើង​បាន​អង្វរករ​ក្រុម​ហ៊ុន​ដើម្បី​ធ្វើ។
សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​ដោយ​ពន្យល់​ថា ដោយ​សារ​យើង​ត្រូវ​ការ​ពេល​​វេលា​ខ្លី ដូច្នេះ​យើង​ពិបាក​ក្នុងការ​រកជាង​ណាស់ “ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា រាល់​ការ​ទទួល​ខុស​​ត្រូវ​ក្នុង​ឋានៈ​ខ្ញុំជានាយក​រដ្ឋមន្រ្តី ហើយជា​អនុប្រធាន​គណៈ​ប្រចាំ​ការ​នៃ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​សព​នេះ គឺ​ខ្ញុំ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្លាំង​ណាស់​ជាមួយ​នឹង​បញ្ហា​នេះ រួម​ជាមួយ​សមាជិក​នានា​នៃ​គណៈ​កម្មការ​បុណ្យ”។
គួរ​ជម្រាប​ជូន​ដែរ​ថា សំណង់​សមិទ្ធផល​នានា​នៃ​ការដ្ឋាន​សាងសង់​ព្រះមេរុ ដែល​ចាប់​បដិ​សន្ធិ​ឡើង​នេះ បាន​ប្រារព្ធ​ពិធី​ក្រុងពាលី​សម្រាប់​ដំណើរ​ការសាង​សង់​ជា​ផ្លូវ​ការ នាថ្ងៃទី១ ខែវិច្ឆិកា​ ឆ្នាំ​២០១២ ដោយ​សម្រេច​បាន​នូវលទ្ធផល​យ៉ាងល្អ​ប្រសើរ​ជាប​ន្ត​បន្ទាប់។ ការ​ដ្ឋាន​សាង​សង់​ព្រះ​មេរុ នាពេល​នេះ សម្រេច​បាន​ប្រមាណ​ជា ៦៥% នៃ​ផែន​ការ និង​គ្រោង​បញ្ចប់​នៅ​បំណាច់​សប្តាហ៍​ទី៣ នៃ​ខែ​មករា ឆ្នាំ​២០១៣ ខាង​មុខ​នេះ៕