Saturday, December 29, 2012

ពិធីសំណេះសំណាលនិងជប់លៀង អបអរចូលឆ្នាំសាកល នៅទីស្ដីការគណៈរដ្ឋមន្ត្រី



ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានជួបជុំគ្នា ក្នុងពិធី​សំណេះ សំណាល និងជប់លៀង អបអរសាទរ ចូល​ឆ្នាំ​សកល ឆ្នាំ២០១៣ ។
កម្មវិធីនេះ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី ២៨ ធ្នូ ក្រោមអធិបតីភាព ឯកឧត្ដម ឧបនាយក​រដ្ឋ​មន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី និងលោកជទាវ ។
មានប្រសាសន៍សំណេះ​សំណាល​ក្នុងឱកាស​នោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​កោត​​សរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការ ក្រោម​ឱវាទនៃទីស្ដីការគណៈរដ្ឋមន្ត្រីទាំងអស់ ដែល​បាន​​ខិត​ខំ​ប្រឹងប្រែងបំពេញការងារ តាមតួនាទី និង​ភារ​កិច្ចរបស់ខ្លួន ក្នុងក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជា​សេនា​ធិការផ្ទាល់ របស់រាជរដ្ឋាភិបាល ពិសេស បានបម្រើជូនដោយជោគជ័យ​ តាម​គោល​នយោ​បាយ និង ការ​ណែ​នាំរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី 
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន បានលើកឡើងដែរថា ជាច្រើនឆ្នាំមកហើយ ដែល ទីស្ដីការគណៈរដ្ឋមន្ត្រី មិនដែល​បានរៀប​ចំពិធី​សំណេះ​សំណាល និងពិធី​ជប់​លៀង​ជួបជុំ​សប្បាយ​រីករាយ ដូច្នេះទេ ទើបតែឆ្នាំនេះ ប៉ុន្តែ​ជា​ការ​កត់​សំគាល់ ការជួបជុំពិសាភោជនាហារនេះ មិនមាន​កំដរដោយ វង់តន្ត្រី នោះទេ ដោយសារតែយើង​កំពុង​ស្ថិតនៅក្នុងអំឡុងពេល នៃការកាន់មរណទុក្ខ ចំពោះ​ព្រះបរមសព នៃ ព្រះមហាវីរក្សត្រនៃយើង។
ក្នុងការសំណេះសំណាលនេះ ឯកឧត្ដម ឧប​នាយរដ្ឋមន្ត្រី សុខ អាន ក៏បាន រំលេចឡើង នូវ​លទ្ធ​ផល ការងារ​ទាំងឡាយ ដែល​មន្ត្រីរាជការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី សម្រេច​បាន​កន្លងមក ក្នុងភារ​កិច្ច​ជា​សេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល ក៏ដូចជា​សមិទ្ធ​ផលនានា ដែលរាជ​រដ្ឋាភិបាល ក្រោមការដឹកនាំ របស់ សម្ដេចតេជោ ហ៊ុន សែន សម្រេចបាន ជាអាទិ៍ ជោគជ័យ​នៃការ​ធ្វើជា​ម្ចាស់​ផ្ទះរៀបចំ កិច្ច​ប្រជុំធំៗ​ជា​ច្រើន ពិសេស កិច្ចប្រជុំកំពូល​អាស៊ានលើកទី២១និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត ដែល ទើប​បញ្ចប់​ថ្មីៗ​នេះ,​ ការដាក់ប្រាសាទព្រះវិហារ ចូលជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក, ការធ្វើ​កំណែ​ទំរង់ រដ្ឋបាល, អភិបាល​កិច្ចល្អ កំណែទំរង់លុបចោលឡូនេសាទ ជាពិសេស កំណែទំរង់​ដ៏ស៊ីជម្រៅ​ក្នុង វិស័យដីធ្លី ដែល​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី បានបញ្ជូនក្រុមយុវជនស្ម័គ្រចិត្ត ចុះទៅវាស់វែង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ជូន ប្រជាពលរដ្ឋ​ប្រកប​ដោយ​ជោគជ័យ។ 
សមិទ្ធផលសំខាន់ៗជាច្រើនទៀត ក៏​ត្រូវ​បាន​ឯកឧត្ដម ឧបនាយក រដ្ឋមន្ត្រី សុខ អាន បង្ហាញ​ផង​ដែរ នោះគឺការខិតខំពង្រឹងសន្តិភាព ស្ថិរភាព​នយោ​បាយ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា ការ​ជំរុញឲ្យមានកំណើនសេដ្ឋកិច្ច ដែលជា​ការ​ទាក់​ទាញ និងលើក ទឹកចិត្តដល់ការវិនិយោគនៅកម្ពុជា និងការរីកចម្រើននៃវិស័យទេសចរណ៍។ 
ដើម្បីបន្តការ​កែទំរង់រដ្ឋបាល ឲ្យកាន់​តែ​ស៊ី​ជម្រៅ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យមាន​ការ​​បង្កើន​ សេវា​សា​ធារណៈ​ឲ្យបានល្អ​ ក្នុង​នោះ​ក៏​ត្រូវ​បង្កើន​សមត្ថភាពធនធានមនុស្សមន្ត្រីរាជការ ដែល​អនុវត្ត​​ការងារផ្ដល់​សេវាសាធារណៈ ឲ្យកាន់​តែ​ប្រសើរ​ កាន់តែពូកែ ឲ្យមន្ត្រី​សេវា​សាធារណៈ​ដិត​ដាម​​ដោយ​​ស្មារតី​សេវាសាធារណៈ បម្រើ ការងារ​សេវា​សាធារណៈបានល្អ មានភក្ដីភាព មានសីលធម៌ វិជ្ជាជីវៈ និងកាន់​តែ​ខិត​ជិត​ប្រជាជន ធ្វើឲ្យ​ប្រជាព​លរដ្ឋ​ ទទួលយកសេវាសាធារណៈដោយរីករាយ ។
នៅក្នុងពិធីជួបជុំនេះ ក៏មានការបំពាក់ឥស្សរិយយស និងមេដាយ ជូនដល់មន្ត្រីរាជការ បុគ្គលិក ដែលមានស្នា​ដៃក្នុងការបំពេញការងារ កន្លងមក ហើយក៏មានចាប់ឆ្នោតរង្វាន់ផ្សងសំណាងផងដែរ ៕