Monday, December 31, 2012

គណបក្ស​ប្រជាជនគ្មាន​នយោបាយ​យកពន្ធ​លើ​ដី​កសិកម្មជា​រៀងរហូត​ទុក​ដូច​ជាការ​បានផ្តល់​លុយ​ជូនកសិករ



នៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ៦៩៣គ្រួសារ នៅក្នុងឃុំត្រាំកក់ ស្រុក ត្រាំកក់ ខេត្តតាកែវ នា​ព្រឹក​ថ្ងៃអាទិត្យទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១២ សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរា​ជា​ណាចក្រកម្ពុជា បាន​ប្រកាស​ជា​ថ្មី​អំពីការបន្តមិន​យកពន្ធដីស្រែ​ពីកសិករ​ដែលធ្លាប់បានអនុវត្តជាច្រើនឆ្នាំមក ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ 
សម្តេច​តេ​ជោ​បានអះអាងថា ដរាប​ណាមានរូប​សម្តេច មានគណបក្សប្រជាជនកម្ពុជា នោះការមិន​យក​ពន្ធដី​នឹង​បន្ត​ជារៀង​រហូត គឺ​ទុក​ដូច​ជា​ការ​បានផ្តល់​លុយ​ជូន​កសិករ​រួច​ទៅហើយ
នៅ​ចំពោះ​មុខ​ប្រជា​កសិករ​ខេត្ត​តាកែវ ហើយ​ត្រូវបាន​ចាក់​ផ្សព្ធ​ផ្សាយ​តាម​ទូរទស្សន៍ និង​វិទ្យុ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា "​ប្រជា​កសិករ​កម្ពុជា​ពេល​នេះ មិន​មែន​មិន​ត្រឹមតែ​មិន​ត្រូវ​យក​ពន្ធ​ពី​គាត់​ទេ ថែមទាំង​ត្រូវ​ជួយ​គាត់ តាម​រយៈ​នៃ​ការរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ ដូចជា​ប្រព័ន្ធ​ប្រឡាយទឹក ឬ​ផ្នែក​ផ្សេងៗ​ទៀត ដែល​ជួយ​ពួកគាត់​ឲ្យមាន​ប្រាក់​ចំណូល។ មិន​មែន​ត្រូវការ​យក​ពន្ធ​ពី​គាត់​ទេ"។
 សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​ពន្យល់ថា "​បើ​សិន​ជា​យើង​យក​ពន្ធ​ដី​ពី​កសិករ យើង​ក៏​អាច​មាន​ប្រាក់​មួយ​ចំនួន​យក​មក​ដែរ​។ ឧទាហរណ៍ យក​តែ​មួយ​ហិកតា ៥ម៉ឺន​រៀល​ទៅ​ចុះ​។ គិត​ជា​មធ្យម ៥ម៉ឺន​រៀល ក្នុង​មួយ​ឆ្នាំ​។ ឥឡូវ​យើង​ធ្វើ​ជាង ៤លាន​ហិកតា​។ អីចឹង តើ​យើង​នឹង​បាន​ប្រាក់​ទំហំ​ប៉ុន្មាន​?​។ ប៉ុន្តែ​ប្រាក់​នោះ វា​ជា​ការ​សង្កត់ដាក់​ទម្ងន់​ទៅលើ​កសិករ​របស់​យើង​។ ពិត​មែន​តែ​ជា​ចំណូល​ថវិកា​ជាតិ ដែល​បាន​មក​ពី​ពន្ធ​ដីធ្លី ហើយ​និង​ចែក​រំលែក​ត្រឡប់​ទៅវិញ ធ្វើ​ជា​ផ្លូវថ្នល់ ធ្វើ​ជា​ប្រឡាយទឹក ធ្វើ​ជា​សាលា​រៀន និង​ធ្វើ​ជា​មន្ទីរពេទ្យ​។ អា​នឹង​គឺថា ជា​ប្រយោ​ជ​ន៍ កាល​ណា​ពន្ធ​បាន​មក ត្រូវ​យក​ទៅ​ចំណាយ​ត្រឡប់​ទៅ​វិញ​។ ប៉ុន្តែ​យើង​មិន​ចាំបាច់​យក​ទេ​។ ចាត់ទុកថា រាជ​រដ្ឋាភិបាល ឬ​បក្ស​កាន់​អំណាច បាន​ផ្តល់​ជូន​កសិករ​របស់​យើង ក្នុង​មួយ​ឆ្នាំៗ គឺ​ប្រាក់​នៅ​ក្នុង​ហោ​ប៉ាវ​របស់​ខ្លួនឯង​តែម្តង"។
សម្តេច​តេជោ​បាន​គូសបញ្ជាក់ថា "​គណបក្ស​នេះ (គណបក្ស​ប្រជាជន​កម្ពុជា) គ្មាន​នយោបាយ​ផ្តល់​លុយ​ជូន​ប្រជាជន​ដោយ​ផ្ទាល់​ទេ​។ គណបក្ស​នេះ គឺ​មាន​នយោបាយ​មិន​យក​ពន្ធ​ដី។ ចាត់​ទុកថា ដូច​បាន​ផ្តល់​លុយ​ឲ្យ​កសិក​ររួចស្រេច​ទៅ​ហើយ ៣៤ឆ្នាំ​ទៅ​ហើយ។
សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រវត្តិ​បង់ពន្ធ​ដីនៅ​ស្រុក​ខ្មែរមិនមែន​ជា​រឿង​ថ្មី​ថ្មោង​ទេ រហូត​ដល់​ខ្មែរកាប់​បារាំង​នៅ​ក្រាំង​លា​វ ខេត្ត​កំពង់ឆ្នាំង​។ អា​ប៉ា​ដេស រហូត​ដល់​បារាំង​ដាក់​ឈ្មោះ​ភូមិ​ខ្មែរ​មួយ ជា​ភូមិ​តិរច្ឆាន​។ វា​ទារពន្ធ​ដី​ធ្ងន់​ពេក​។ ពន្ធ​ដី​នោះ បាន​កកើត​តាំងពី​សម័យ​អាណា​និគម​បារាំង​"​។
សម្តេច​តេជោ​ក៏​បាន​លើកឡើង​ថា "​នៅ​ស្រុក​ណា ក៏​គេ​យក​ពន្ធ​ដែរ​។ តែ​សម្រាប់​ស្រុក​យើង គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន និយាយ​ឲ្យ​ត្រង់​អីចឹង​តែម្តង​... គឺ​ធានា​ចំពោះ​ប្រ​ជា​ពលរដ្ឋ ដរាប​ណា​នៅ​មាន ​ហ៊ុន ​សែន មិន​មែន​ត្រឹមតែ​មាន ហ៊ុន សែន ទេ ខ្ញុំ​ជឿជាក់​ថា មន្ត្រី​គណបក្ស​ប្រជាជន​បន្ត​វេន ត​ជំនាន់ ត​ទៅ​ទៀត មិន​យក​ពន្ធ​ដី​ពី​កសិករ​ទេ​។ អីចឹង គណ​បក្ស​គ្មាន​គោល​នយោបាយ​យក​លុយ​ទៅ​ដាក់​ក្នុង​ហោ​ប៉ាវ​ប្រជាជន ដូច​អ្នក​ដទៃ​ទេ​។ ប៉ុន្តែ​មិន​យក​ពន្ធ​ដី​មួយ គឺ​បាន​ន័យ​ថា បាន​ផ្តល់​លុយ​ទៅ​ឲ្យ​ប្រជាជន​ដោយ​ផ្ទាល់​នៅក្នុង​ហោ​ប៉ាវ ព្រោះ​គេ​ចែក​រំលែក​ថា បង់ពន្ធ​រួច​ទៅ​រដ្ឋ​យក​ទៅ​កសាង​វិញ​។ ប៉ុន្តែ​នេះ រដ្ឋ​ទុក​ឲ្យ​ប្រជាជន​សន្សំ​លុយ​នោះ​ទិញ​កង់​ឲ្យ​កូន​ជិះ ទិញ​ជី ឬ​ក៏​ធ្វើ​ស្អីៗ ផ្ទះសម្បែង​ទៅ​។ បន្ថែម​លើ​នោះ ធ្វើ​ផ្លូវ​ថ្នល់ ធ្វើ​ស្អីៗ​នឹង បាន​សេច​ក្តី​ថា អា​នឹង​មួយ​ថ្ងៃៗ គណបក្ស​កាន់​អំណាច​ដាក់​លុយ​ចូល​ក្នុង​ហោ​ប៉ាវ​ប្រជា​ជន​រាល់​ថ្ងៃ តាម​រយៈ​នយោបាយ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ"។
ទាក់​ទង​នឹង​ការ​ឃោសនា​របស់​គណបក្ស​ប្រឆាំង​ដែល​សន្យា​ថា ​នឹង​ផ្តល់​លុយ ៤ម៉ឺន​រៀលដ​ល់​មនុស្ស​ចាស់ ក៏​ដូច​ជា​តម្លើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ នៅ​ពេល​ដែល​គេ​ជាប់​ឆ្នោត​ជា​នាយ​ក​រដ្ឋមន្ត្រី​នៅ​ក្នុង​ការ​បោះឆ្នោត នៅ​ខែ​កក្កដា ឆ្នាំ​២០១៣ សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​អំពី​ដែល​ជា​ស្រមោល និង​អ្វីដែល​ជា​ការពិត។
សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ផ្តល់​ជា​ឧទាហរណ៍​ថា "​ពី​ដើម​ធ្លាប់​ធ្វើដំណើរ​លើ​ផ្លូវ ធ្វើ​ដំណើរ​កន្លះ​ថ្ងៃ យើង​ថា ធ្វើដំណើរ​អស់ ៣ម៉ោង អស់​លុយ ៥​ម៉ឺន ឥឡូវ​ធ្វើដំណើរ​តែ​មួយ​ម៉ោង អស់​លុយ ១​ម៉ឺន​។ ដូច្នេះ​ពេល​ធ្វើដំណើរ​ម្តង គណបក្ស​ប្រជាជន ឬ​រាជរដ្ឋា​ភិបាលដែល​កាន់​កាប់​ដោយ​គណបក្ស​ប្រជាជន ដាក់​លុយ​ឲ្យ​ប្រជាជន ២ម៉ឺន​។ អីចឹង​ទេ គិត​ទៅ ស៊ីសង ទូទាត់​គ្នា​ទៅ អា​មួយ​កំពុង​តែ​ឲ្យ​ពិតឲ្យ ៣៤ឆ្នាំ​មកហើយឲ្យ​ពិត ឯ​មួយ​ទៀតឲ្យ​ខ្យល់ទិញ​ជឿ​។ បោះ​ឲ្យ​ខ្ញុំ​មក ខ្ញុំ​នឹង​ឲ្យ ៤ម៉ឺន មនុស្ស​ចាស់​។ ឥឡូវជឿ​បាន ឬ​មិន​បាន​?​។ ត្រី​នៅ​ក្នុង​ទឹក​...​។ គេ​ថា យក​លុយ​នោះ មកពី​អំពើ​ពុករលួយ​។ តើ​គេ​បិទ​នឹង​ថ្ងាស់ថា ខ្ញុំ​ពុករលួយ​?"​
សម្តេច​តេជោនាយករដ្ឋមន្ត្រី​ថ្លែងថា សម្តេច​ក៏​ចង់ឲ្យ​ប្រាក់ខែ​មន្ត្រីរាជកា​រ ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ផង​ដែរ​។ តែ​សំខាន់ ថា​តើ​យើង​បាន​លុយ​នោះមកពីណា​?​។ សម្តេចតេជោបាន​ពន្យល់ថា រឿង​ប្រាក់ខែ​នោះ មាន​ពីរ​។ មួយ​នៅ​លើ​ក្រដាស់ និង​មួយ​ទៀត សាច់​ប្រាក់សុទ្ធ​។ បើសិនជា​គ្រាន់​តែសរសេ​រលើ​ក្រដាស់ មិន​ជា​បញ្ហា​ទេ​។ តែ​បើ​យក​ក្រដាស់​អាណត្តិ​សាច់ប្រាក់​នោះ ទៅ​បើ​កលុយ​នៅ​រតនាគារ​ជាតិ គឺ​យើង​មិន​មាន​ប្រាក់បើក​ទេ​។​
សម្តេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍បញ្ជាក់​ថា "​បើ​សិន​ជា​អ្នក​នយោបាយ ឃោសនា​សន្យា​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ​នោះ គឺ​គេ​នឹង​យកពន្ធ​ដី ហើយ​ត្រូវតែ​តម្លើង​ពន្ធ ដើម្បី​តម្រឹម​ប្រាក់ខែ។ អីចឹង​ទេ បើ​យើង​គិតតែ​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ​តែ​ប៉ុន្មាន​សិប​ម៉ឺន​នាក់ តើ​ប្រជាជន ១៤លាន​នាក់​ទៀត បាន​អី​?​។ ជា​ផ្លូវថ្នល់ ជា​ប្រឡាយទឹក ជា​សាលារៀន ជា​មន្ទីរ​ពេទ្យ ជា​ថ្នាំពេទ្យ ជា​បរិក្ខា​ពេទ្យ បាន​អី​?​។ បើ​នាំ​គ្នាហ៊ឺហា​តែ​សម្រាប់​មន្ត្រីរាជការ កង​កម្លាំង​ប្រ​ដាប់​អាវុធ តើ​បាន​អី​? ប្រជាជន​បាន​អី​?"
សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា "​ឆ្នាំនេះ យើង​មាន​អតិ​រេក​គណ​នេយ្យ​ចរន្ត​ជា​ង ១.០០០ពាន់​លាន(រៀល)​។ យើង​អាច​បង្កើត​ប្រាក់ខែ​បាន​លើស​ពី​នោះ (លើស​ពី​ការ​តម្លើង ២០%ក្នុង​មួយ​ឆ្នាំ)​។ នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត យើង​នឹង​បង្កើន​​ប្រាក់ខែ​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ ២០%ទៀត ព្រោះ​ខ្ញុំ​បាន​ចុះ​ហត្ថលេខា​រួចហើយ​។ អីចឹង បើ​ចង់​តម្លើង​ដល់ ២៥%ក៏​យើង​អាច​ឡើង​បាន​។ ក៏ប៉ុន្តែ​យើង​មិន​អាច​យក​អា​លុយ​ជាងមួយ​ពាន់ ពាន់​លាន​នោះ ដែល​ប្រហាក់​ប្រហែល​ជា ៤០០លាន​ដុល្លារ យក​ទៅ​វិនិ​យោគ​ធ្វើ​ផ្លូវ​ថ្នល់ ធ្វើ​ប្រ​ឡាយ​ទឹក ធ្វើ​ស្អីៗ​បាន​ទៀត​ទេ"។
នៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្រាំកក​នោះ​ដែរ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ដែរថា ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​វាស់​វែង​ដីធ្លី ដែល​ជា​ក្រុម​ទី​មួយ ទើប​តែ​បាន​ឈប់​សម្រាក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២ គឺ​សម្តេច និង​លោកជំទាវ នឹង​រៀបចំ​ពិធី​ជប់លៀង​ជូននៅ​យប់​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០១៣​។ សម្តេច​តេជោ​បាន​ប្រកាស​ឲ្យ​ក្រុម​យុវជន ដែល​មាន​គ្នា​សរុប​ប្រហែល ៥.៦០០នាក់ ត្រូវ​ស្លៀក​ពាក់​ឯកសណ្ឋាន​យោធាដូច​ពេល​ចុះ​បំពេញ​ភារកិច្ច និង​មិន​ត្រូវ​សេព​គ្រឿង​ស្រវឹងច្រើន​លើស​ពី​មួយ​កំប៉ុង​ទេ​៕