Saturday, December 15, 2012

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន ក្នុងពិធី​សម្ពោធ​ផ្លូវ​​មិត្តភាព​​កម្ពុជា-កូរ៉េ (គម្រោង​សាង​សង់ផ្លូវវាង​តំបន់​រមណីយ​ដ្ឋានអង្គរ ដំណាក់​កាល​ទី២)

សៀមរាប ថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០១២
                
-   សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ
-   ឯកឧត្តម ផាក ដេវ៉ុន ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ​(KOICA)
-​   ឯកឧត្ដមបណ្ឌិត ស៊ូ ភិរិន្ទ  អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាអនុប្រធាន​អាជ្ញាធរអប្សរា
-   ឯកឧត្ដម ប៊ុន ណារិទ្ធ  អគ្គនាយកអាជ្ញាធរអប្សរា
-​   បណ្ឌិត Shin Eui Cheol​ តំណាង KOICA ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា
-   ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ បងប្អូន​ប្រជាពលរដ្ឋ និង​ក្មួយៗសិស្សនិស្សិតទាំងអស់​​ ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំព្រះករុណា ខ្ញុំមានសេចក្តីសោមនស្សរីករាយចូលរួមជាមួយ ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ និង​ក្មួយៗសិស្សនិស្សិតទាំងអស់ ក្នុងពិធីសម្ពោធផ្លូវ​មិត្តភាព​កម្ពុជា-កូរ៉េ​ (ផ្លូវក្រវ៉ាត់កូរ៉េ) នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែង​នូវការកោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃ​អាជ្ញាធរ​អប្សរា ព្រមទាំង​អាជ្ញាធរខេត្ត​គ្រប់លំដាប់​​ថ្នាក់ ដែលបានចូលរួមធ្វើឱ្យសម្រេចបាននូវសមិទ្ធផល​ដ៏ថ្លៃថ្លានេះ។ ទន្ទឹមនឹងនេះ ក្នុងនាម​រាជរដ្ឋា​ភិបាល ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ​ឯកឧត្តម ផាក ដេវ៉ុន ប្រធានទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិកូរ៉េ​ (KOICA) និងគណៈប្រតិភូ ដែលបាន​ចំណាយ​ពេលវេលាដ៏មានតម្លៃ​ចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ និង​សូមថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល​ និង​ប្រជាជនកូរ៉េ តាមរយៈ KOICA ដែលបាន​ផ្តល់​​ជំនួយ​ឧបត្ថម្ភ​ជាបន្តបន្ទាប់ ទាំងថវិកានិង​បច្ចេកទេស​ សម្រាប់​គម្រោងសាងសង់ផ្លូវមិត្តភាព​កម្ពុជា-កូរ៉េ ដែល​ជា​ផ្លូវ​វាង​តំបន់​រមណីយដ្ឋាន​អង្គរដ៏សំខាន់ មានសារៈ​ប្រយោជន៍ដល់កិច្ចគាំពារ និង​អភិរក្ស​រមណីយដ្ឋានដ៏មានតម្លៃជាប្រវត្តិសាស្ត្រនេះ។
ការជួបជុំគ្នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដែលឆ្លុះបញ្ចាំងឱ្យឃើញ​ពីការរីក​ចម្រើន​មួយកម្រិតទៀតនៃហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅលើទឹកដីអង្គរដ៏បវរនៃយើង។ ផ្លូវមិត្តភាព​កម្ពុជា-កូរ៉េ មិនត្រឹមតែជានិមិត្តរូបតំណាងឱ្យមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា​និងសាធារណរដ្ឋកូរ៉េ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់ឱ្យឃើញនូវការរីកលូតលាស់និងភាពរឹងមាំនៃ​កិច្ចសហ-​ប្រតិបត្តិការ​រវាងប្រទេសយើងទាំងពីរទៀតផង។
សមិទ្ធផល​ដ៏ថ្លៃថ្លានេះ អាចសម្រេចបានដោយសារមានការយកចិត្តទុកដាក់ខ្ពស់​របស់​រាជរដ្ឋា​-ភិបាល​ក្រោមការដឹកនាំ​ប្រកបដោយគតិបណ្ឌិតរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរអប្សរា ក៏ដូចជា​អាជ្ញាធរ ខេត្ត​សៀមរាប​ ព្រមទាំង​ជំនួយ​ឧបត្ថម្ភ​គាំទ្រទាំងថវិកានិងបច្ចេកទេស​ពី​សំណាក់​មិត្តកូរ៉េ ដើម្បីរួម ចំណែកដល់ការការពារ អភិរក្ស និងអភិវឌ្ឍ​តំបន់​រមណីយដ្ឋាន​អង្គរ​ប្រកបដោយចីរភាព។
បន្តិចទៀតនេះ យើងនឹង​សម្ពោធដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការនូវផ្លូវក្រវ៉ាត់កូរ៉េ ដែលជាសមិទ្ធផល នៃការអនុវត្តគម្រោងសាងសង់ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ​ ដំណាក់កាលទី២។ កញ្ចប់ថវិកានៃគម្រោងនេះ គឺ​ជា​​ជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ដែលបាន​អនុវត្ដនៅក្នុងតំបន់រមណីយដ្ឋានអង្គរចាប់​តាំង ពីឆ្នាំ២០១០​​មក ដោយមាន​កិច្ច​សហប្រតិបត្តិការ​​យ៉ាងជិតស្និទ្ធ​ជាមួយ​អាជ្ញាធរអប្សរា។​ គិត​មក​ដល់​ពេល​នេះ​ រដ្ឋា​ភិបាល​នៃសាធារណរដ្ឋ​កូរ៉េ​​​បាន​ផ្ដល់​ជំនួយជាថវិកា​សរុប​​ចំនួន ១៧,៤​លានដុល្លារ សម្រាប់ ការ​កសាងផ្លូវប្រវែង ៣៤,៥គ.ម ដែល​ក្នុង​នោះ​ ដំណាក់កាលទី១​ មានចំនួន ៥,៩លាន​​ដុល្លារ ​សម្រាប់ សាងសង់កំណាត់ផ្លូវប្រវែង១៤គ.ម និងដំណាក់កាលទី២ មានចំនួន ​១១,៥លាន​ដុល្លារ សម្រាប់​សាងសង់កំណាត់ផ្លូវប្រវែង ២០,៥គ.ម ​ក្នុងគោលបំណង​បញ្ចៀស​ការដឹកជញ្ជូនធ្ងន់ៗ​ឆ្លងកាត់​តំបន់​ប្រាសាទ សំដៅ​រួមចំណែកដល់កិច្ចគាំពារ អភិរក្ស​ និងអភិវឌ្ឍរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិ​បេតិកភណ្ឌពិភពលោក។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សនិស្សិត
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណា ខ្ញុំសូម​អធិប្បាយដោយសង្ខេបអំពី​ប្រវត្តិនៃ​ការ​ចុះ​បញ្ជី​រមណីយដ្ឋានអង្គរ​ជា​បេតិកភណ្ឌ​ពិភពលោក និងអំពីបេសកកម្ម​​​​ដែលរាជរដ្ឋាភិបាល​ ក៏ដូចជា​អាជ្ញាធរ​អប្សរា បាន​និង​​កំពុង​អនុវត្ត ក្នុង​កិច្ចការពារ អភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរ។​ រមណីយ​ដ្ឋាន អង្គរ ត្រូវបានចុះក្នុងបញ្ជី​បេតិកភណ្ឌ​​ពិភពលោក នៅខែធ្នូ ឆ្នាំ១៩៩២  ក្នុង​សម័យ​ប្រជុំ​លើកទី១៦ របស់គណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក​នៅទីក្រុងសាន់តាហ្វេ សហរដ្ឋ​អាមេ​រិក។ នៅពេលនោះ រមណីយដ្ឋានអង្គរ​ត្រូវ​បាន​ចុះ​បញ្ជីជាបេតិកភណ្ឌប្រឈម​នឹង​គ្រោះ​ថ្នាក់ ហើយ​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បំពេញ​​​លក្ខខណ្ឌ​​​ចំនួន​៥ ក្នុងរយៈពេល​៣ឆ្នាំ​ ដែលរួមមាន​ (១) បង្កើត​ច្បាប់​ការពារ​បេតិកភណ្ឌឱ្យបានគ្រប់គ្រាន់​​ (២) បង្កើតស្ថាប័នជាតិសម្រាប់​រៀបចំរមណីយដ្ឋានអង្គរ (៣) កំណត់ព្រំតំបន់ការពារ ​ (៤) កំណត់​តំបន់​ទ្រនាប់ចាំបាច់ និង(៥) បង្កើតយន្តការសម្រាប់ត្រួត​ពិនិត្យ និង​សម្របសម្រួល​គម្រោងអន្តរជាតិ​នៅ​អង្គរ។ ​ដើម្បីបំពេញលក្ខខណ្ឌទាំងនេះ​ យន្តការ​និង​លិខិត​បទ​ដ្ឋាន​ គតិយុត្តិមួយចំនួនត្រូវបានបង្កើតឡើង ដូចជា គណៈកម្មាធិការអន្តរជាតិ​ដើម្បីសម្របសម្រួល​កិច្ច​គាំ​ពារ ​និង​អភិវឌ្ឍន៍រមណីយដ្ឋាន​ប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា ICC-Angkor អាជ្ញាធរដើម្បីការពារ​រមណីយដ្ឋាន​​​និងរៀបចំ​តំបន់អង្គរ ហៅកាត់ថា អាជ្ញាធរអប្សរា ព្រះរាជ​ក្រឹត្យ​​ស្តីពីការកំណត់​និង​ការចាត់ចែង​គ្រប់គ្រង​​តំបន់សៀមរាប អង្គរ និងច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌។​  
ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់​រាជរដ្ឋាភិបាល និងដោយមានការចូលរួមយ៉ាងផុលផុស​ពី​សំណាក់បណ្តា​ប្រទេសជាមិត្ត គណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោកបានសម្រេចដក​រមណីយដ្ឋាន​អង្គរចេញពី “បញ្ជីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់” នៅឆ្នាំ២០០៤ នៅក្នុងកិច្ចប្រជុំ នៅទីក្រុងស៊ូចូវ សាធារណរដ្ឋ​ប្រជាមានិតចិន ហើយរមណីយដ្ឋានអង្គរត្រូវបាន​ចារឹតជាអចិន្ត្រៃយ៍​នៅក្នុង​​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក ចាប់ពីពេលនោះមក។
ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​អប្សរា បានយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង ក្នុងកិច្ចអភិរក្សនិងអភិវឌ្ឍសម្បត្តិវប្បធម៌ ដោយសម្រេចបាននូវ​សមិទ្ធផលធំៗ​ជាបន្តបន្ទាប់ ដូចជា​ ការស្រោចស្រង់រមណីយដ្ឋានអង្គរ​ឱ្យរួចផុត​ពីគ្រោះថ្នាក់ ការអភិរក្ស​​​​​សម្បត្តិបេតិកភណ្ឌ​ទាំងរូបី​និងអរូបី ​និង​ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅក្នុង​តំបន់​សៀមរាប-អង្គរ។​ ជាមួយគ្នានេះ អាជ្ញាធរអប្សរា​ក៏បាននិងកំពុងខិតខំជួសជុលនិង​ស្តារ​ឡើង​វិញ​នូវប្រព័ន្ឋ​ធារា​សាស្ត្រ​​​បុរាណ​មួយ​ចំនួន ​ដើម្បី​ជា​ប្រយោជន៍ ​ដល់ការគ្រប់គ្រងនិងការប្រើ​ប្រាស់​ធន​ធាន​ទឹក​ប្រកប​ដោយ​ចីរភាព​ និងដើម្បី​បញ្ចៀស​​​​​ការ​ជន់លិច​តំបន់ ​អង្គរ​និង​ក្រុង​សៀម​រាប។
ដើម្បីធានាបាននិរន្តរភាព​សម្រាប់​តំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរអប្សរាមានភារកិច្ចដ៏ធំធេង​ក្នុង​ការគ្រប់គ្រង អភិរក្ស ថែរក្សា ការពារ និងអភិវឌ្ឍរមណីយដ្ឋាននេះ ដោយឈរលើទស្សនាទាន “អភិរក្ស​ដើម្បីអភិវឌ្ឍ និង​អភិវឌ្ឍដើម្បីអភិរក្ស“។ ​ក្នុងន័យនេះ អាជ្ញាធរអប្សរា​មានបេសកកម្ម​មិន​ត្រឹម​តែអភិរក្ស ថែរក្សា​ ប្រាសាទ​​នានាដែលជាបេតិកភណ្ឌរូបី និង​ទំនៀមទំលាប់ ប្រពៃណី វប្បធម៌​របស់​បងប្អូន​ក្នុង​តំបន់​អង្គរ​ ដែល​ជាបេតិកភណ្ឌអរូបី​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​គិតគូរអំពីការ​រៀប​ចំ​ហេដ្ឋា​រចនា​​​សម្ព័ន្ឋ​ផ្លូវ​​ថ្នល់​ក្នុង​តំបន់​​អង្គរ ដើម្បី​បម្រើ​ឱ្យ​ការ​អភិវឌ្ឍវិស័យ​ទេសចរណ៍ លើកកម្ពស់កម្រិត​ជីវភាព ប្រជាពលរដ្ឋនៅ​​ក្នុង​តំបន់ ក៏ដូចជា រួមចំណែកដល់ការកាត់​បន្ថយភាព​ក្រីក្រនៅកម្ពុជា​ជារួម​ផង​ដែរ។​ លើសពីនោះ​ទៅ​ទៀត អាជ្ញាធរ​អប្សរា​នៅមាន​គម្រោង​និង​កម្មវិធី​ជាច្រើន​ទៀត ដែលផ្តោតការយកចិត្ត​ទុកដាក់​ជាពិសេស​​ទៅ​លើការលើក​កម្ពស់​ជីវភាព​របស់​សហគមន៍​មូលដ្ឋាន​​​​​ផ្ទាល់ ដូចជា​ គម្រោង​អភិវឌ្ឍន៍​សហគមន៍​សហការជាមួយប្រទេស​នូវែលសេឡង់​ និង​គម្រោង​ខ្សែ​ក្រវ៉ាត់​បៃតង​​​សហការ​ជា​មួយ​ប្រទេស​​​អាល្លឺម៉ង់​ជាដើម ​ដែលជារួមគម្រោងទាំងនេះ​មាន​គោលដៅលើកកម្ពស់ការចូលរួម​របស់​ប្រជាជន ក្រីក្រនៅជនបទក្នុង​ខេត្តសៀមរាប ក្នុងការទទួលបាន​ផលប្រយោជន៍ពីសកម្មភាព​នានា​របស់​គម្រោង​។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សនិស្សិត
គម្រោងសាងសង់​ផ្លូវក្រវ៉ាត់កូរ៉េនេះ បានទទួលការគាំទ្រនិងអបអរសាទរពីកិច្ច​ប្រជុំ​ពេញ​អង្គ លើក​ទី១៩ របស់ ICC-Angkor ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប កាលពីសប្តាហ៍​កន្លងទៅ​នេះ ដោយសមិទ្ធផលនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋាន​អង្គរយ៉ាងពិតប្រាកដ។​ ទន្ទឹមនឹងនេះ កិច្ចប្រជុំ ICC-Angkor ក៏បានផ្តល់ជាអនុសាសន៍ ចំពោះ​​កំណាត់ ​​ផ្លូវ​មួយ​ភាគ​ធំ ដែល​ស្ថិត​នៅក្នុង​តំបន់​១ គួររក្សាទុកជា​ផ្លូវ​សម្រាប់​​ការ​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ ក៏ដូច​ជា​សម្រាប់បម្រើ​ឱ្យសកម្មភាព​ដឹក​ជញ្ជូន​ផលិតផល​របស់បងប្អូន​ប្រជា​ពល​រដ្ឋ​​ក្នុងស្រុកភូមិ ដោយ​​​គិត​គូរ​ដល់ការសាងសង់ផ្លូវវាងបន្ថែម ដើម្បី​បញ្ចៀស​ការដឹកជញ្ជូន​ធ្ងន់ៗ​ឱ្យចេញផុត​ពី​តំបន់​ប្រាសាទ​នានា។
ខ្ញុំព្រះករុណា ខ្ញុំមានជំនឿយ៉ាងមុតមាំថា​ ​រដ្ឋា​ភិបាល​នៃសាធារណរដ្ឋ​កូរ៉េ​ តាម​រយៈ​ឯកឧត្តម ផាក ដេវ៉ុនប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ​(KOICA) នឹងបន្ត​ជួយ​សាង​សង់​បណ្តាញ ផ្លូវវាងដ៏មានសារសំខាន់នេះ​បន្ថែមទៀត ដើម្បី​បញ្ចៀស​ការដឹកជញ្ជូន​ធ្ងន់ៗឱ្យ​ចេញផុត​ពី​តំបន់​ប្រាសាទ ទាំងស្រុង​ តាមរយៈការ​កែ​លម្អផ្លូវគ្រួស​ក្រហម​ដែលមាន​ស្រាប់​ចំនួនពីរ​ខ្សែគឺៈ
-ខ្សែ​ទី១​ ភ្ជាប់​ពី​ចំណុច​ខាង​លិច​នៃ​កំណាត់​ផ្លូវ​​ក្រវ៉ាត់កូរ៉េ​ដំណាក់កាលទី២​ផ្នែក​ខាង​ជើង​ រហូត​ដល់​ចំណុចប្រសព្វនឹង​ផ្លូវ​ជាតិ​លេខ​៦។
-ខ្សែ​ទី២​​ ភ្ជាប់​ពី​ចំនុច​ខាង​កើត​នៃ​កំណាត់​ផ្លូវ​​ក្រវ៉ាត់កូរ៉េ​ដំណាក់កាលទី២​ផ្នែក​ខាង​ជើង​ រហូត​ដល់ចំណុចប្រសព្វនឹង​​ផ្លូវ​ជាតិ​លេខ​៦៧។
​ជាថ្មីម្តងទៀត ខ្ញុំព្រះករុណាខ្ញុំសូមសម្តែងការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់​នៃ​អាជ្ញាធរ​អប្សរា ព្រមទាំង​អាជ្ញាធរ​ខេត្តសៀមរាប​គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួម​សហការ​យ៉ាង​ល្អ​ក្នុងការកសាងសមិទ្ធផលដ៏មានសារសំខាន់នេះ។ ខ្ញុំព្រះករុណាខ្ញុំក៏សូមយកឱកាស​នេះ​ថ្លែង​អំណរគុណ​​ ចំពោះ​រដ្ឋាភិបាលនិងប្រជាជនកូរ៉េ ដែលបាន​ផ្តល់ជំនួយឧបត្ថម្ភ​ទាំង​ថវិកានិង​បច្ចេកទេសជា​បន្តបន្ទាប់​ ក្នុងការកសាង​ផ្លូវមិត្តភាពកម្ពុជា-​កូរ៉េនេះ ហើយក៏សូម​សម្តែង​នូវការកោតសរសើរចំពោះ​អ្នកជំនាញការ​​កូរ៉េ​ទាំងអស់ ដែលបាន​បំពេញបេសកកម្ម​របស់ខ្លួន​នៅកម្ពុជា ប្រកប​ដោយ​ជោគជ័យ ជាពិសេស​ គឺបាន​ចែករំលែកទាំងចំណេះដឹង និងបទពិសោធដល់​អ្នកបច្ចេកទេស​កម្ពុជា ឱ្យយល់ដឹងអំពីបច្ចេកទេស​ក្នុងការគ្រប់គ្រង​​និង​ថែទាំផ្លូវ។
មុននឹងបញ្ចប់ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមាន​សមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរអប្សរា សូមបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរ​រៀបចំ​​ដល់ការកសាងបណ្តាញផ្លូវគមនាគមន៍ឱ្យបានសមស្រប ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង​របស់ភ្ញៀវទេសចរ ក៏ដូចជាកិច្ចការពារ អភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរ។ ជាមួយគ្នានេះ​ដែរ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ដែលប្រើប្រាស់ផ្លូវនេះ សូមជួយ​រួមចំណែក​ថែរក្សាការពារផ្លូវសាធារណៈនេះ​ឱ្យបាន​ស្ថិតស្ថេរគង់វង្ស​ ដើម្បីជាប្រយោជន៍ដល់​ការលើក​កម្ពស់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនក្នុងពេលបច្ចុប្បន្ន ក៏ដូចជាក្មួយៗជំនាន់ក្រោយ។ ជាងនេះទៅទៀត ខ្ញុំព្រះករុណា ខ្ញុំក៏សូមអំពាវនាវដល់សប្បុរសជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិ ជាពិសេស​មិត្តកូរ៉េ សូមបន្តជួយផ្តល់ជំនួយឧបត្ថម្ភ ទាំង​ថវិកា​និង​បច្ចេកទេស ដល់កិច្ចគាំពារ អភិរក្ស និងអភិវឌ្ឍ​តំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីធ្វើឱ្យតំបន់នេះក្លាយជាគោលដៅ ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏ទាក់ទាញ នៅក្នុងតំបន់និងពិភពលោក។
ជាទីបញ្ចប់ ខ្ញុំព្រះករុណា ខ្ញុំសូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ នូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ សុខៈ ពលៈ និងសូមជូនពរ​ ឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី បងប្អូន​ប្រជាពលរដ្ឋ និងក្មួយៗសិស្សនិស្សិតទាំងអស់ សូមមានសុខភាពល្អ ទទួលបាន​ជ័យជំនះ​គ្រប់ភារកិច្ច និងមាន​សុភមង្គលក្នុងគ្រួសារ។
ខ្ញុំព្រះករុណា ខ្ញុំសូមប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផ្លូវ​មិត្តភាព​កម្ពុជា-កូរ៉េ” ចាប់ពី​ពេល​នេះតទៅ។