Wednesday, December 5, 2012

សម្តេច​​​តេ​ជោ ៖ ដី​ដែល​​បាន​ចែក​នឹង​បង្កើត​ជា​មាស​ជា​ពេជ្រ

 ​ដោយ​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ច្នៃប្រឌិត​ក្នុង​ការ​ដាំ​ដុះ​ទៅលើ​ដី ដែល​រដ្ឋ​បាន ផ្តល់​កម្មសិទ្ធិ​ឲ្យ​នោះ សម្តេច​​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ដី​នេះ​នឹង​ផ្តល់ ផលប្រយោជន៍​យ៉ាង​ធំធេង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ពេល​អនាគត​នោះ។
 
នៅ ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ប្រជាពលរដ្ឋ​ចំនួន ៧៤៩ គ្រួសារ​នៅ​ភូមិ​ខ្នាច​ឬ​ស្សី និង​ភូមិ ក​សិ​ទេព​ពោធិ​វង្ស សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី ៤ ធ្នូ សម្តេច​​តេ​ជោ នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ការ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​នេះ​គឺជា​ការ​ផ្តល់​ត​កូន ត​ចៅ បើសិនជា​ប្រជា​ពលរដ្ឋ​ចេះ​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​នោះ ដី​នេះ​វា​នឹង​បង្កើត​ទៅជា​មាស ទៅជា​ពេជ្រ​នៅ​ពេល​ក្រោយ នៅ​ពេល​ដែល​យើង​បង្កបង្កើនផល​បាន​ត្រឹមត្រូវ​នោះ។ សម្តេច​តេ​ជោ​ថ្លែង​ថា យើង​សង្ឃឹមថា បងប្អូន ប្រជាពលរដ្ឋ​នឹង​ប្រើប្រាស់​ដីធ្លី​ដែល​បាន​ទទួល​កម្មសិទ្ធិ​នេះ សម្រាប់​ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវ ហើយ​ចំពោះ​ដី​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​អត់​ទឹក ត្រូវ​បង្វែរ​ទៅ​ដាំ​ដំណាំ​ផ្សេងៗ​ដែល​ផ្តល់​ផល​ច្រើន​ជាង​ស្រូវ​នោះ​ទើប​ជា ​ការ​ប្រសើរ។ សម្តេច​តេ​ជោ​ក៏​មាន​ប្រសាសន៍​ដែរ​ថា«ខ្ញុំ ​មានការ​សង្ឃឹមថា​បន្ទាប់​ពី មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជាក់លាក់​រួចហើយ ប្រជាពលរដ្ឋ​របស់​យើង​នឹង​មិន​ធ្វើ​ចំណាកស្រុក​ទៀត​ដែរ។

សម្តេច ​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា ភាព​មិន​ច្បាស់លាស់​លើ​បញ្ហា​កាន់កាប់​ដីធ្លី​នេះ​ហើយ ជា​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​របស់​រាជរដ្ឋាភិបាល​ផង​ដែរ ដូច្នេះ​ហើយ​បានជា​រាជ​រដ្ឋា​ភិបាល​ត្រូវ​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​វាស់វែង​ផ្តល់​កម្មសិទ្ធិ ដោយ​ចាប់​ផ្តើម​ចេញ​ពី​ជនបទ​ទៅ ដែល​ការ​នេះ​ធានា​សុវត្ថិភាព​នៃ​ការ​កាន់​កាប់​ដីធ្លី និង​ចៀសវាង​បញ្ហា​ទំនាស់​កើតឡើង​រវាង​ប្រជាជន និង​ប្រជា​ជន រវាង​ប្រជាជន​ដែល​កាន់កាប់​ដី​រដ្ឋ ហើយ​ដោយ​សារភាព​មិន​ច្បាស់លាស់​ទាំង​នេះ​ហើយ​ទើប​រដ្ឋ បាន​ផ្តល់​ដី​មួយ​ចំនួន​ទៅ​ធ្វើ​ដី​សម្បទាន​សេដ្ឋកិច្ច ប៉ុន្តែ​ដី​នោះ​នៅតែ​ជា​ដី​រដ្ឋ​ដដែល​ទេ។

នៅ ​ក្នុង​សង្កថា សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ឲ្យ​ក្រុម​វីរៈ​និស្សិត​ស្ម័គ្រ ​ចិត្ត​បន្ត​ការងារ វាស់វែង​ដីធ្លី ដោយមាន​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ ដោយមាន​ប្រសាសន៍​ថា ការចូលរួម​របស់ ប្រជាពលរដ្ឋ​គឺជា​ការចាំបាច់​ណាស់ ព្រោះថា បើ​គ្មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទេ​យើង​មិន​អាច​ចេញ ប័ណ្ណ​កម្មសិទ្ធិ​ជូន​បាន ហើយក៏​ត្រូវ​មាន​​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​ឡើងវិញ​ផង​ដែរ។ សម្តេច ​នាយក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ចំពោះ​ការ​លះបង់​របស់​ក្រុម​វីរ​និស្សិត​ ស្ម័គ្រចិត្ត ប៉ុន្តែ​បាន​មានប្រសាសន៍ថា នេះ​ជា​ការ​លះបង់​ដើម្បី​ប្រជាពលរដ្ឋ​របស់​យើង ហើយក៏​ជា​ការ​ងារ​ប្រវត្តិ​សាស្ត្រ​ដែល​ត្រូវ​បាន​កត់ត្រា​ទុក​ផង​ដែរ។

នៅ ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​នោះ សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចំណាយ​ពេលវេលា យ៉ាង​ច្រើន នៅ​ក្នុង​​ការ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​វីរៈ​យុវជន​ស្ម័គ្រចិត្ត ដើម្បី​ស្វែងយល់​ពី​សុខ ទុក្ខ ការ​លំបាក និង​ភាព​ងាយ​ស្រួល​របស់​ពួកគេ ព្រមទាំង​បាន​ដោះស្រាយ​នូវ​សំណូមពរ​ជាច្រើន របស់​ប្រជាជន​ក្នុង​មូលដ្ឋាន តា​រយៈ​វីរ​និស្សិត​ស្ម័គ្រចិត្ត​ដូចជា​ផ្លូវ និង​សាលារៀន​ជាដើម។

លោក ពេជ្រ សុ​ខិន  អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរ​មានជ័យ​មានប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​កំណែ​ទំរង់​ដីធ្លី​ ជាពិសេស​បទបញ្ជា​លេខ ០១ របស់​រាជរដ្ឋាភិបាល និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន  គឺ​រដ្ឋ​បាល​ខេត្ត​បាន​រៀប​ចំ​បង្កើត​គណៈកម្មកា​រ​ចុះ​វាស់វែង​ដី ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ទៅ​តាម​គោលដៅ​ដែល​បាន​កំណត់។ លោក​អភិបាលខេត្ត​ថ្លែង​បន្ត​ថា លទ្ធផល​ដែល​ទទួល​បាន​គិត​មក​ដល់​ថ្ងៃ ទី ២៤ វិច្ឆិកា រួមមាន​ប្រកាស​តំបន់​វិនិច្ឆ័យ​ចំនួន ១៤ ឃុំ-សង្កាត់ បំពេញ​សាលា​កប​ត្រ​ព័ត៌មាន​​បាន ១៨ ២០៩ ក្បាលដី បញ្ចូល​ក្នុង​​ទម្រង់​បញ្ជី​ឈ្មោះ​បាន ១២ ៣៣៤ គ្រួសារ​ចំនួន​គ្រួសារ​ផ្ទៀងផ្ទាត់​រួច​មាន ១៣ ៤៦៣ គ្រួសារ វាស់វែង​ក្បាលដី​បាន ១៥ ០៤៧ ក្បាលដី គូរ​ក្បាលដី​ជា​ប្លង់​សុរិយោដី ១៤ ១២១ ក្បាលដី​ស្មើនឹង ២៧ ៤៥៥ ហិកតា និង​បំពេញ​ទម្រង់​បែបបទ​បាន ៧២៧៣ ក្បាលដី។ 

នេះ ​គឺជា​លើក​ទី ១៤ ហើយ ដែល​សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ចុះ​សំ​ណា​ល​សំ​ណាល សាកសួរ​សុខទុក្ខ និង​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​​បណ្តា​ខេត្ត​មួយ ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ដោយ​លើក​ទី១ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥៦០ គ្រួសារ​ស្មើនឹង ៨៩០ ប័ណ្ណ រស់នៅ​ឃុំ​ស្រែ​ចារ និង ឃុំ ២ ធ្នូ​ស្រុក​ស្នូល​ ខេត្ត​ក្រចេះ  លើក​ទី ២ ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥៩៤ គ្រួសារ​ស្មើនឹង​ប័ណ្ណ​កម្ម សិទ្ធិ ៩៧២ ប័ណ្ណ​រស់នៅ​ឃុំ​ឆ្នាល់​មាន់​ ស្រុក​គាស់ក្រឡ​ ខេត្ត​បាត់ដំបង និង​លើក​ទី ៣ ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៦៨៥ គ្រូ​សារ ស្មើនឹង​ប័ណ្ណ​កម្មសិទ្ធិ​ចំនួន ១០៨៦ ប័ណ្ណ​រស់នៅ​ឃុំ​ព្រ​ងិ​ល និង ឃុំ​លាច ​ស្រុក​ភ្នំក្រវាញ​ ខេត្ត​ពោធិ៍សាត់ លើក​ទី ៤ ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥១០ ក្បាលដី​មាន​ផ្ទៃដី ទំហំ​ជាង ៤៣៦ ហិកតា និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ២៩៨ គ្រួសារ​រស់​នៅ​​ឃុំ​ត្រស់ និង​ឃុំ​គគីរ ស្រុក​រមាសហែក​ខេត្ត​ស្វាយរៀង លើក​ទី ៥ ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៧៤៤ គ្រួសារ ប័ណ្ណ​ក្បាលដី ១១០៨ ក្បាលដី ស្មើនឹង ២៨៨៦ ហិកតា​រស់នៅ​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយ មានជ័យ និង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ លើក​ទី ៦ ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥៣២ គ្រួសារ​មាន​ប័ណ្ណ​ក្បាលដី​ចំនួន ១ ០៥៣ ក្បាលដី មាន​ផ្ទៃដី​ទំហំ ១៣៨០ ហិកតា​រស់នៅ​ឃុំ​ត្រពាំង​ភ្លាំង និង​ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត លើក​ទី ៧ ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ១០៥៧ គ្រួសារ​ស្មើនឹង ១២៩៧ ប័ណ្ណ​ក្បាលដី​មាន​ផ្ទៃដី​ទំហំ​ជាង ១៩៧ ហិកតា​រស់នៅ​ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ ចាម លើក​ទី ៨ ចែកជូន​ប្រជាពលរដ្ឋ​ទាំង ២៩៧ គ្រួសារ មាន ៧៣០ ក្បាលដី លើ​ផ្ទៃដី​ទំហំ​ជាង ៣៦៩ ហិកតា រស់នៅ​ភូមិ​អណ្តូងប្រេង ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង លើក​ទី ៩ ចែកជូន​ប្រជា ពលរដ្ឋ​ចំនួន ១១៧៨ គ្រួសារ​ស្មើនឹង ១២២២ ប័ណ្ណ​រស់នៅ​ភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្តាយ ស្រុក បន្ទាយស្រី ខេត្តសៀមរាប លើក​ទី ១០ ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ៨១១ គ្រួសារ​ស្មើនឹង ១៣២៥ ក្បាលដី​រស់នៅ​ភូមិ​បន្ទាយស្រី ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ លើក​ទី ១១ ចែកជូន​ប្រជា ពលរដ្ឋ​ចំនួន ៥៧០ គ្រួសារ ស្មើនឹង ៩០០ ក្បាលដី រស់នៅ​ភូមិ​ចំការ​ស្រ​ម៉ូ​វ សង្កាត់​ប៉ា​លហាល ក្រុង ព្រះវិហារ ខេត្តព្រះវិហារ លើក​ទី ១២ ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ១៨៩ គ្រួសារ ស្មើនឹង ៣៥១ ក្បាលដី មាន​ផ្ទៃដី ទំហំ​ជាង ៥៥៤ ហិកតា  រស់នៅ​ភូមិ​អូរ​សោម ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ និង​លើក​ទី ១៣ ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៤៧១ គ្រួសារ​ស្មើនឹង ៩១៩ ក្បាលដី​រស់នៅ​ភូមិ​ស្វាយ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ៕