Saturday, December 8, 2012

សម្ភាសន៍​​លោក​បណ្ឌិត​ ឈឹម ផលវរុណ ស្តីពី​ ខ្លឹមសារ និងអត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​​​នៃ​ថ្ងៃ ២ ធ្នូ​


ថ្ងៃទី
 ០៣ ខែធ្នូ ឆ្នាំ២០១២
លោក​សត្យា រក្ស​
សំណួរ​៖ ថ្ងៃ ២ ធ្នូ គឺជាថ្ងៃ​ព្រឹត្តិការណ៍​ពិសេស​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ និងអាច​និយាយ​បាន​ថា​​គឺ​​ជា​ដើម​​ចម​ដែលនាំមក​នូវ​សមិទ្ធផល​នាពេលបច្ចុប្បន្ន​ និង​ការ​រីក​ចម្រើន​​របស់​ប្រជា​ជាតិ​ខ្មែរ​​នា​ពេល​បច្ចុប្បន្ន​នេះ​​។​​​ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់យើងឃើញថា ប្រជា​ពលរដ្ឋ​ទូទៅ​​ទាំង​ក្នុង​​និង​​ក្រៅប្រទេស ​គឺបានទទួលដឹង ទទួលឮ​ហើយ អំពីអត្ថន័យខ្លឹមសារ និង​      ​អត្ថ​ប្រយោជន៍​នៃថ្ងៃ២ធ្នូនេះ។ ប៉ុន្តែសម្រាប់អស់លោកអ្នកនយោបាយមួយចំនួន ដែលយើង​រាប់​បាន​​ថាគណបក្សប្រឆាំង គឺ​គេមិនចាប់អារម្មណ៍ ​មិនពេញចិត្តចំពោះថ្ងៃ២ធ្នូ ឬក៏៧មករា​នេះទេ​។​ ​មូលហេតុសំខាន់ៗនោះ គឺបងប្អូន​ប្រជាពលរដ្ឋក៏បានជ្រាប បានដឹង ហើយ​​ដែរ​​ថាតើ​មូលហេតុ​អ្វី​​បាន​ជាគណបក្សប្រឆាំងតែងតែច្រានចោល​​នូវ​ថ្ងៃ២ធ្នូ និង៧មករា​នេះ គឺ​ដោយ​សារ​​​ ពួកប្រឆាំងហ្នឹង គាត់គ្មានគុណសម្បត្តិចំពោះថ្ងៃនេះ។​​មានន័យថា គាត់មិន​បាន​ចូលរួម​ដើម្បី​ធ្វើ​​ឲ្យប្រទេសកម្ពុជា ឬក៏ប្រជាពលរដ្ឋខ្មែរហ្នឹង រួចផុតពីរណ្ដៅមរណៈនោះឯង។
 ​ឥឡូវ​យើង​ងាក​មក​បច្ចុប្បន្ន​ភាព​វិញ​។​ យើងចង់ឲ្យលោក​បណ្ឌិតបំភ្លឺ និងជម្រាប​ជូន​ជន​​រួមជាតិ​ថា តើ ២ ធ្នូ ក្តី ៧ មករា ក្តីនេះ មានសារៈប្រយោជន៍យ៉ាង​ណាសម្រាប់​ការ​រស់​នៅ​របស់​ខ្មែរ​នា​​ពេល​បច្ចុប្បន្ន​នេះ?​
លោក​បណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​៖ ថ្ងៃ ២ ធ្នូ ក៏ដូចជាថ្ងៃបន្ទាប់មកទៀតគឺ​ ថ្ងៃ ៧ មករា គឺ​មាន​អត្ថន័យ​ខ្លឹមសារ​ជា​ប្រវត្តិសាស្រ្ត​​សម្រាប់​កម្ពុជា​រហូត​មក​ដល់​បច្ចុប្បន្ន​​ ហើយក៏មិនសាបសូន្យរហូតទៅអនាគត។ ដែលខ្ញុំហ៊ាន​អះ​អាងដូច្នេះបានសេចក្តីថា នៅពេលដែលយើងគិតថា តើ​ប្រទេស​មួយ​ត្រូវ​ការ​អ្វី​ខ្លះ​?​​ ហើយត្រូវការអ្វី​ជា​មូលដ្ឋាន?​ គឺជីវិតរស់នៅ ​និងភាព​រស់រាន​មាន​ជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​ តើ​ហេតុអ្វី​បាន​យើងលើកយក​ចំណុច​​ពាក់ព័ន្ធនឹងសិទ្ធិរស់រានមានជីវិតនេះមក​និយាយ​?​ ពីព្រោះ​ក្នុងពេលរៀបចំបង្កើត​រណសិរ្សសាមគ្គី​សង្រ្គោះជាតិកម្ពុជានៅថ្ងៃ ២ ធ្នូ គឺក្នុង​ពេល​ហ្នឹង​ គឺ​ប្រជាជន​កម្ពុជាកំពុងតែធ្វើការធ្ងន់ធ្ងរ​ គ្មានការ​ហូបចុកគ្រប់គ្រាន់ ហើយ​ការ​កាប់​សម្លាប់​មាន​ជា​បន្ត​បន្ទាប់​មិនទាន់ចប់ទេ។ បើ​យើង​​គិត​​ថ្ងៃ ២ ធ្នូ ​ឆ្នាំ​១៩៧៨ មក​ដល់​ថ្ងៃ​ ២ ធ្នូ នាពេលនេះ​ ឥឡូវ​​គឺយើង​កំពុងនិយាយ ហើយយើងអត់បានទៅធ្វើការ​ធ្ងន់​ទេ គឺម្នាក់ៗ​ទៅ​ធ្វើ​ការ​តាម​សមត្ថភាព​។​ ប៉ុន្តែថ្ងៃ​ ២ ធ្នូ ឆ្នាំ ១៩៧៨ យើងទាំងអស់គ្នាប្រាកដជានៅចង​ចាំ​មិន​ភ្លេច​អំពី​ទុក្ខ​វេទនា​ និង​ទណ្ឌកម្ម​ដ៏ធ្ងន់ធ្ងរ ហើយពេលនោះ​​ក៏មានការសម្លាប់មនុស្ស​បន្ត រហូត​ទៅ​ដល់​ថ្ងៃ​ ៧​ មករា​ ១៩៧៩​ ទើប​យើង​​បានរួចផុត។ អញ្ចឹង ២ ធ្នូ ១៩៧៨ កាលហ្នឹងនៅ​មានការកាប់សម្លាប់ជាបន្តបន្ទាប់។ អញ្ចឹងអត្ថន័យនេះ បើយើងគិតពីអតីតកាលគឺ​បាន​បញ្ចប់​​ នូវ​របប ប៉ុល ពត នៅថ្ងៃ​៧ មករា ​។ អញ្ចឹងអត្ថន័យប្រវត្តិសាស្រ្តនេះ មាន​ខ្លឹមសារ​សម្រាប់​បច្ចុប្បន្ន​ភាព​កម្ពុជា​។​ គឺ​ចង់បញ្ជាក់ថា មានអ្វីៗ​ថ្ងៃនេះ ហើយនិងបន្តទៅថ្ងៃមុខ គឺ​ផ្ដើម​ចេញ​ពី​ការ​រៀប​ចំ​នូវ​រណសិរ្ស​សាមគ្គីសង្រ្គោះ​ជាតិកម្ពុជា និងថ្ងៃ ២ ធ្នូ ១៩៧៨។ ហើយ​ពាក្យ​សង្រ្គោះជាតិ​នោះ​ គឺ​មាន​ន័យ​ទូលំទូលាយណាស់​គឺសង្រ្គោះជាតិទាំងជីវិតប្រជាជនកម្ពុជា សង្គ្រោះជាតិទាំងបរិបទ​នៃការអភិវឌ្ឍប្រទេស ការ​កសាងប្រទេសដែលត្រូវបាន ប៉ុល ពត កំទេច​ចោល​ទាំង​អស់​នូវ​អ្វីដែលជាសមិទ្ធផលពីសង្គម​ចាស់។ ខ្ញុំហ៊ានប្រើពាក្យទាំងអស់ហ្នឹង បានន័យថា ទោះបីជាយើងនៅមើលឃើញអគារ ដូច​ភ្នំ​ពេញអីអញ្ចឹង ឃើញមានអគារ ឃើញ​មាន​សាលារៀន​ ប៉ុន្តែរបស់នេះ គ្រាន់តែជាខ្មោចអគារទេ កុំនិយាយតែមនុស្ស សូម្បី​តែ​អគារ​ហ្នឹង​ ក៏​ជា​ខ្មោច​អគារដែរ។ អ្វីៗ គឺសុទ្ធតែប្រើការអត់បានទាំង​អស់ អញ្ចឹងត្រូវការជួសជុល​ឡើង​វិញ​។​​ ពាក្យថា ជួសជុលហ្នឹង បានន័យថា របស់ហ្នឹង បើយើងមានទុន​សង់​សារ​ជា​ថ្មី​ក៏​វា​មិន​ជា​ទៅ​ខុស​គ្នា​ប៉ុន្មាន​ដែរ​។​ អញ្ចឹងបានជាខ្ញុំប្រើពាក្យថា រលត់រលាយសឹងតែទាំងស្រុង​ហ្នឹង គឺ​របប​ប៉ុល ពត​ ហ្នឹងឯង។ អញ្ចឹងមានមកដល់ថ្ងៃនេះ យើងរាប់ទៅពី ១៩៧៨ ២ ធ្នូ និង​ ៧ មករា ១៩៧៩ គិតមកដល់ពេលនេះ គឺកម្ពុជាចាប់ផ្ដើម មិនមែនពីចំនុចសូន្យទេគឺ​ ចំណុច​ក្រោម​​សូន្យ​។​ ពាក្យថា​ចំណុច​ក្រោម​សូន្យ​នេះ​ បើយើង​និយាយ​ទាំងអស់គ្នា​ដោយ​ឈរលើ​សុភវិនិច្ឆ័យ​ យើងនៅ​សល់មនុស្សរស់រានមានជីវិត ប៉ុន្តែមនុស្សដែលរស់រានមានជីវិត មាន​ទាំង​រូបខ្ញុំ​ផ្ទាល់​ លោក សត្យារក្ស គឺយើង​រស់រាន​ប្រកប​ដោយ​សុខភាព​ទ្រុឌទ្រោម​នៅ​ឡើយ​ទេ​។​ បើសិនជាយើងរស់រាន​​ កាលហ្នឹងយើងមានអាយុជាជំទង់ ប៉ុន្តែបើសុខភាពទ្រុឌទ្រោម អាហ្នឹង​យើង​ចាប់​ផ្ដើម​ពី​ចំនុច​សូន្យ​។ តែនេះយើងទ្រុឌទ្រោមទៀត ចាស់ៗវ័យកណ្ដាល យុវជន​សុទ្ធតែ​ទ្រុឌទ្រោម​ដោយ​ទណ្ឌ​កម្មការងារដ៏សែនវេទនានៅក្នុងរបប ប៉ុល ពត។ ចំណុច​ក្រោម​​សូន្យ​​មួយ​ទៀត​ មិនមែនតែយើងទ្រុឌ​ទ្រោមទេ ក្នុងកាលៈទេសៈ ដែល​យើង​រំដោះ​ចេញ​ពី​របប​ ប៉ុល ពត យើងអត់ទាន់មានស្បៀង​អាហារហូបចុកគ្រប់គ្រាន់ ដើម្បី​ស្ដារ​កាយសម្បទា​ របស់​យើងឡើង​វិញ​ទេ គឺ​នៅទាំងអស់។
លោក​សត្យា រក្ស​
សំណួរ​៖ ខ្ញុំចង់ងាកមកមើលអ្នកនយោបាយនៅកម្ពុជាវិញម្ដង ហើយជាពិសេស គឺ​អ្នក​នយោបាយ​​ប្រឆាំង​ ដែលកំពុងតែបង្ហាញនូវ​សកម្មភាពអមិត្តជាមួយនឹងថ្ងៃ ២ ធ្នូ ក្ដី ក៏ដូចជា ថ្ងៃ ៧ មករា ក្តី។ ការចោទប្រកាន់របស់គណបក្សប្រឆាំង គឺយើងរាប់បានថា ជាគំនិត​ដ៏​ទុច្ចរិត​បំផុត​ ដែលគណបក្ស​ប្រឆាំងបង្ហាញនូវ​ភាពខ្មៅងងឹត ចំពោះថ្ងៃ ២ ធ្នូ និងថ្ងៃ ៧ មករានេះ​។ សូម​លោកបណ្ឌិតបញ្ជាក់​ជូនជនរួមជាតិមើល ថាតើចលនា ២ ធ្នូ ឆ្នាំ​១៩៧៨ នៃ​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា​ហ្នឹង​ ​លោកបណ្ឌិត​អាច​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​នៃ​ការ​អាណិត​ស្រលាញ់​ ប្រជា​ពលរដ្ឋ​កម្រិត​ណាដែរ​ទៅ?​ ព្រោះថាក្នុងអំឡុងពេល​នោះ យើង​ឃើញ​ថា​ មេ​ចលនា​តស៊ូ ដែលប្រមូល​ផ្ដុំកំលាំងអ្នកស្នេហាជាតិ បង្កើតជារណសិរ្ស ២ ធ្នូ ហ្នឹង គឺ​មាន​តួ​អង្គ​បី​ ដែលបានចូលរួមក្នុងការ​បង្កើតចលនាហ្នឹង។​ ទីមួយ គឺសម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ទី២​សម្ដេចអគ្គមហា​ពញា​ចក្រី ហេង សំរិន និងទី៣​សម្ដេច​អគ្គ​មហា​ធម្មពោធិសាល​។​ អញ្ចឹងការប្រមូលផ្ដុំកំលាំងអ្នកស្នេហា​ជាតិនេះ លោកបណ្ឌិត​អាច​បញ្ជាក់​បាន​ទេ​ ថាតើចលនានេះ ដើម្បីបុគ្គល ដើម្បីប្រយោជន៍សួន​តួ​ដើម្បី​អំណាច​ដូច​គណបក្ស​ប្រឆាំង​គេ​លើក​ឡើង​ ឬ​ក៏​បង្ហាញ​នូវ​ភាពស្មោះសរចំពោះជាតិ?
លោក​បណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​៖ យើងទាំងអស់គ្នាត្រូវទទួលស្គាល់ថា ចលនារបស់ឥស្សរជនយើងបច្ចុប្បន្ន ដែល​​កាលជំនាន់​ហ្នឹង គឺជាចលនារៀងៗខ្លួនដែលស្ថិតនៅក្នុងរង្វង់យោធា។ ហើយចលនានេះ គឺ​ជា​ចលនា​លះ​​បង់​​ជីវិត​មួយ​ទៅហើយ កុំនិយាយថា អាចទៅជុំគ្នារៀបរណសិរ្ស សូម្បី​តែ​រំដោះ​ខ្លួន​ចេញ​ពី​​បន្ទាយ​ទាហ៊ាន​​យោធា ប៉ុល ពត ហ្នឹង គឺម្នាក់ៗត្រូវគណ​នាទុកស្រេចថា ត្រូវ​លះបង់​ជីវិត​រួច​​បាត់​​ទៅ​ហើយ​។ ដូច្នេះការរៀបចំជាចលនាដាច់ដោយឡែកផ្សេងៗគ្នា ទៅ​តាម​លទ្ធភាព​ និងស្ថាន​ភាពជាក់ស្ដែងហ្នឹង គឺបង្ហាញអំពីការបូជាជីវិត ត្រៀមទុករួចស្រេច ដើម្បី​បុព្វហេតុ​ជីវិត​ប្រជា​ពល​រដ្ឋ​រាប់​លាន​នាក់ មិនមែនបូជាជីវិតសម្រាប់ជីវិតខ្លួនឯងទេ។ បើ​យើង​ម្នាក់ៗ​បូជា​ជីវិត​ទៅ​ហើយ​​វា​អត់​មាន​អីរស់ទៀតទេ។​ ដូច្នេះបើសិនជាគ្រាន់តែគេច​ពី​ទាហ៊ាន​ហើយ​ ភាសខ្លួនទៅប្រទេស​វៀត​ណាម ដើម្បីរស់ដោយខ្លួនឯងនោះ វាគ្មានអ្វី​ដែល​យើង​មន្ទិល​ថា​ ហេតុអីបានមានដល់​ថ្ងៃនេះទេ? អញ្ចឹងទាល់តែ​មានការលះបង់ ជា​មនៈសិកា​ជាតិ​ដ៏​ខ្ពង់ខ្ពស់​មួយ​ ដែលមានតម្លៃជាអមតៈហ្នឹង។​ គឺ​នៅ​ត្រង់ថា ជីវិតដែល​យើង​ហ៊ាន​ដើរ​ចេញ​ពី​មណ្ឌល​ប្រមូល​ផ្ដុំ​ ឬមណ្ឌលយោធា ប៉ុល ពត មិនមែន​ជា​រឿងលេង​សើច​ទេ​ សូម្បី​តែ​យើង​នៅ​កង​ចល័ត​ ឬ​កង​ជំទង់ក៏​ដោយ​​ គឺ​អត់មានរបងព័ទ្ធជុំវិញទេ ប៉ុន្តែ​សាកចេញពី ក្រុមកងចល័ត ឬ​កង​ជំទង់​ហ្នឹង​ ក៏​ត្រូវ​បាត់ជីវិត​ទៅហើយ ដូច្នេះវីរៈភាពនេះ​គឺ​អត់មាន​ទេ​សម្រាប់​អស់​លោក​អ្នក​នយោបាយ​ប្រឆាំង​សព្វថ្ងៃ។ ពួកគេ​បែរទៅជា​រៀបចំ​យុទ្ធនាការប្រឆាំងនឹងវីរៈភាព និង​តម្លៃ​ដ៏​វិសេស​វិសាល​សម្រាប់​ប្រជាជាតិទៅវិញ​ ហើយមកធ្វើ​ខ្លួនជា​អ្នកប្រជាធិបតេយ្យ​។​ វាអត់​មាន​ន័យ​​ទេ​ ហើយចង់បញ្ជាក់ថា ខ្លួនឯងជាអ្នកគិតសិទ្ធិ​មនុស្ស​​ ពីព្រោះ​សិទ្ធិមនុស្ស​ដែល​យើង​ចង់​ការពារ​សិទ្ធិរបស់បុគ្គល លុះត្រាតែយើង​ឈរ​ទៅ​លើបុគ្គលដែលកំពុងមានជីវិត យើង​មិនអាច​ទៅ​ការពារ​សិទ្ធិមនុស្ស​ដែល​បុគ្គល​ម្នាក់ៗស្លាប់​បាត់​បង់ជីវិតរួចទៅ​ហើយនោះទេ។ នេះ​ជា​មាយាទ​នយោបាយ​របស់​គណបក្ស​ប្រឆាំង ដែល​យើង​មើល​គាត់​មិនមែន​យក​ត្រឹម​តែ​អាយុ​ជីវិត​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ ដែលបានស្លាប់បាត់បង់ជីវិត​នៅក្រោមរបបប៉ុល ពត ទេ។ សូម្បី​តែ​ពលរដ្ឋ​ម្នាក់ ដែលស្លាប់បាត់បង់ជីវិតក្នុងពេលបច្ចុប្បន្ន ក៏​អស់​លោក​អ្នក​ប្រឆាំង​យក​មក​ប្រើ​ដែរ​ គឺគាត់យកប្រើទាំងអស់ ហើយតែត្រូវនឹងស្ថានភាព និង​មហិច្ឆតា​នយោបាយ​របស់​ខ្លួន​​។​ ដូច្នេះហើយ យើងទាំងអស់អាចពិចារណាមើល តើ ២ ធ្នូ និង ៧ មករា វា​ជា​សត្រូវ​អ្វី​ជា​មួយ​នឹង​ប្រជា​ធិបតេយ្យ​សេរីពហុបក្ស?​ យើងកុំគិតបុគ្គលលោក សម រង្ស៊ី លោក កឹម សុខា ជា​មាយាទ​ដែល​មិន​ថ្លៃថ្នូរ​សម្រាប់ជីវិតមនុស្សទៅហើយ ហើយជាពិសេសលោក កឹម សុខា​ដែល​ឪពុក​របស់​ខ្លួន​បានបាត់បង់ជីវិតនោះ យើងមិនបាច់រាប់លោក សម រង្ស៊ី ទេ។ ទោះបីបង្ខំ​គាត់ក៏គាត់អត់ទទួលស្គាល់ប៉ុន្មានដែរ ព្រោះគាត់អត់មានរងគ្រោះនឹងរបប ប៉ុល ពត ទេ អញ្ចឹង ៧ មករា គ្មានន័យសម្រាប់គាត់ទេ។​ ប៉ុន្តែបើសិនគាត់ដើរតួជាអ្នកនយោបាយ ហើយ​ជីវិត​គាត់​អត់​មាន​​ពាក់ព័ន្ធ​នឹង​ការ​ដឹង​គុណចំពោះ​ថ្ងៃ ២ ធ្នូ និង ៧ មករា ក៏ហីទៅចុះ ប៉ុន្តែ​គាត់​ធ្វើ​នយោបាយ​ មិន​មែនធ្វើនយោបាយនៅស្រុកបារាំងឯណា គឺ​ធ្វើនយោបាយនៅក​ម្ពុជា។ អញ្ចឹង​​គាត់​ត្រូវ​តែ​ឲ្យ​តម្លៃ​​ជីវិតប្រជាជនកម្ពុជា ហើយបើមិនឲ្យតម្លៃជីវិតប្រជាជនកម្ពុជា សម្រាប់​លោក សម រង្ស៊ី ក៏គ្មាន​តម្លៃសម្រាប់ក​ម្ពុជាដែរ។ ​ងាកមកលោក កឹម សុខា ជា​បុគ្គល​ដែល​អាច​រាប់​ថា​ ជាជនរង​គ្រោះ​ម្នាក់​ក្នុងចំណោមប្រជាពលរដ្ឋខ្មែរទូទៅ ហើយគាត់​ក៏ជា​ប្រជា​ពលរដ្ឋ​ម្នាក់​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​​ដែរ គឺបាត់បង់ជីវិតឪពុកបង្កើតរបស់ខ្លួន។ ដូច្នេះលោក កឹម សុខា មិនគួរ​មើល​រំលោងទៅ​លើតម្លៃ​នៃ​ជីវិតរបស់ខ្លួនដែលបានរស់រាន ហើយមើល​តម្លៃ​ជីវិត​ម្ដាយ​របស់​ខ្លួន​ បងប្អូនរបស់ខ្លួនដែលបាន​រស់រាន ហើយមិនគួរបំភ្លេចនូវ​ភាពសោកស្ដាយ ដែល​ឪពុក​របស់​ខ្លួន​បាន​បាត់បង់​ជីវិតដោយ​សារអំពើយង់​ឃ្នង​របស់ ប៉ុល ពត ទេ។ ត្រង់នេះ​ខ្ញុំចង់បញ្ជាក់​​ថា បើចង់ធ្វើប្រជាធិបតេយ្យអ្នក​ធ្វើ​ទៅ។​ ប្រជាធិបតេយ្យ​សេរីពហុបក្ស​ផ្ដល់​ឲ្យ​អ្នក​ធ្វើ​ហើយ​ ប៉ុន្តែមិនមែនមានន័យថា កម្ពុជាអនុវត្តនូវ​​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ដើម្បី ថ្ងៃ ៧ មករា និងថ្ងៃ ២ ធ្នូ ជាដាច់ខាត។ ប្រជាធិបតេយ្យ​សេរីពហុបក្ស​បើកើត​នៅ​ក្នុង​រាជា​ណាចក្រ​ទីមួយ​ អាហ្នឹងអ្នកឯងអាចបដិសេធ ៧ មករា ២ ធ្នូ ទៅ ហើយ​ជួនកាល​វា​អត់​ចាំ​បាច់​មាន​ ៧ មករា និង ២ ធ្នូ ផង ប្រសិនកុំមានរបប​ ប៉ុល​ពត បើកុំមានថ្ងៃ ១៨ មីនា។​ បានន័យថា បើរាជាណាចក្រទីមួយ កាលជំនាន់យើងបានឯករាជ្យ​នោះ មាន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ គឺ​អ្នកអាចនិយាយយ៉ាង​ចំថា កម្ពុជាមិនត្រូវការ ២ ធ្នូ ៧ មករា។​ ប៉ុន្តែ ២ ធ្នូ ឆ្នាំ ១៩៧៨ និង ៧ មករា ឆ្នាំ១៩៧៩ គឺកើតចេញ​ដោយសារតែអតីតកាលរបស់កម្ពុជា ទើប​កើត​មាន​ ១៩៧៨ និង១៩៧៩ ហ្នឹងឯង។ អញ្ចឹងលោក​សម រង្ស៊ី លោក កឹម សុខា ត្រូវ​ទទួល​ស្គាល់​ថា​ ២ ធ្នូ ឆ្នាំ ១៩៧៨ និង ៧ មករា ឆ្នាំ១៩៧៩ មិន​មែន​ជា​សត្រូវ​របស់​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​ ជាដាច់ខាត។ បានន័យថា ប្រជាធិប​តេយ្យសេរីពហុបក្សនៅកម្ពុជា អនុវត្ត​នៅ​ឆ្នាំ១៩៩៣​ ក៏​ជា​ការ​ញាស់​ចេញ​ពី ថ្ងៃ ២ ធ្នូ ១៩៧៨ និង​៧ មករា ១៩៧៩ ដែរ។​
លោក​សត្យា រក្ស​
សំណួរ​៖ ឥលូវយើងងាកទៅមើលទិដ្ឋភាពហ្នឹងដដែល ជាពិសេសក្នុងអំឡុង ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។​ បើ​យើង​ប្រៀបធៀប និងពិចារណាទៅលើចរឹតបុគ្គលអ្នកប្រឆាំងនៅកម្ពុជា ដែល​យើង​ដឹង​ហើយ​ថា​ អ្នក​នយោបាយដែលប្រឆាំង ទាំងងងឹតងងុលនៅកម្ពុជាសព្វថ្ងៃនេះ គឺមាន​មួយ​ចំនួន​​ គឺជាខ្មែរ​ដែលរស់នៅក្រៅប្រទេស ដែលមានន័យថា ជីវិតរបស់​ពួកគាត់​មិនបាន​ឆ្លង​កាត់​​នូវ​ទារុណកម្ម​ ឬ​ក៏ការកាប់សម្លាប់ ធ្វើបាបនៅក្នុងប្រទេសនាសម័យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃនេះទេ​។ ប៉ុន្តែជីវិតនៅក្រៅ​ប្រទេសរបស់គាត់នេះ គឺថាគាត់រស់នៅដោយសេរីភាព ដូចជា​គាត់​នៅ​ប្រទេស​បារាំង សហរដ្ឋ​អាមេរិកអីជាដើមហ្នឹង -ល-។ អញ្ចឹង​លោកបណ្ឌិត​អាច​ឆ្លុះ​បញ្ចាំង​ថា​ អ្នកទាំងអស់នោះមានឱ​កាសក្នុងការជួយប្រជាពលរដ្ឋខែ្មរដែរឬ​ទេ?​ ប្រសិន​ណា​ជា​គេ​មាន​ចេតនា​ ឬក៏គេមានបេះដូងរបស់​គេ​ថា​ជាអ្នកស្នេហាជាតិ ជាអ្នកអាណិតប្រជាពលរដ្ឋ បើ​យើងប្រៀបធៀបទៅនឹងសម្ដីរបស់​គេបច្ចុប្បន្ន គឺគេថា គេស្រលាញ់ប្រទេសជាតិណាស់។ ប៉ុន្តែ​កាលៈទេសៈ​​ ដែលគេរស់នៅ​ក្រៅប្រទេសនោះ ព្រោះងាយស្រួល​ក្នុង​ការ​ប្ដឹង​សហរដ្ឋ​អាមេរិក​ ងាយស្រួល​ក្នុង​ការ​ប្ដឹង​ទៅ​ដល់​​អង្គការសហប្រជាជាតិ និយាយឲ្យចំ គឺមាន​ឱកាស​ច្រើន​។​ អញ្ចឹងលោកបណ្ឌិតអាចឆ្លុះបញ្ចាំងចរឹត​របស់អ្នកប្រឆាំងហ្នឹង បានយ៉ាងម៉េចដែរទៅ បើ​ប្រៀបធៀប​ព្រឹត្តិការណ៍​កាល​ជំនាន់​នោះ​?​
លោក​បណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​៖ ត្រង់ហ្នឹងហើយដែលទីមួយ ឲ្យ កឹម សុខា ​សួរ សម រង្ស៊ី ព្រោះ កឹម សុខា និង សម រង្ស៊ី មាន​ឋានៈជាពលរដ្ឋខុសគ្នាចំពោះរបប ប៉ុល ពត។ សម រង្ស៊ី អត់ស្ថិត​នៅ​ក្នុង​របប​ ប៉ុល ពត ទេ​ ដូច្នេះគាត់​អត់ស្គាល់ការឈឺចាប់ទេ។ កឹម សុខា ជាជនរងគ្រោះម្នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំងអស់​ គឺ​កាលណានិយាយពីរបប ប៉ុល ពត គឺមានការឈឺចាប់។ អញ្ចឹងពីរនាក់ហ្នឹង ឥឡូវ​ដោយសារតែ​របបប្រជាធិបតេយ្យសេរីពហុបក្ស ពីរនាក់​ហ្នឹង​មាន​ឱកាស​ធ្វើ​ជា​អ្នក​នយោបាយ ហើយប្រឆាំង​តទល់ជាមួយគណបក្សដទៃ​ដើម្បី​ប្រកួត​ប្រជែង​គ្នា​។​​ ហើយឥឡូវ​នេះ​ សម រង្ស៊ី កឹម សុខា នៅ​ក្នុង​​ចលនា​នយោបាយ ឬគណបក្ស​នយោបាយ​ជា​មួយ​គ្នា​ ទោះបីមិនទាន់ចេញជារូបរាងមួយរយ​ភាគ​រយក៏ដោយ។ អញ្ចឹងស្រួលហើយ បើនៅ​ក្នុង​គ្រួសារ​នយោបាយប្រឆាំងជាមួយគ្នា កឹម សុខា សួរ​សម រង្ស៊ី ទៅឯងមានដែលឈឺចាប់ទេ ក្នុង​របប ប៉ុល ពត ហើយ សម រង្ស៊ី សួរ កឹម សុខា ចុះ​ឯង​វិញ​មានដែលឈឺចាប់ឬ​អត់។ ពេល​ហ្នឹង​នឹង​ចេញ​សំណួរ​ទៀត​ ចុះបើឯងអត់ដែលឈឺចាប់​ នៅឲ្យ​ស្ងៀមទៅ ទុកឲ្យខ្មែរគេឈឺចាប់ នឹក​ឃើញ​ ២ ធ្នូ ៧ មករា បានទេ។ ដល់ សម រង្ស៊ី អាចសួរ​ កឹម សុខា ចុះបើ​ឯង​ធ្លាប់​ឈឺ​ចាប់​ហើយ​ ចុះម៉េចទៅខឹងអី ៧ មករា ២ ធ្នូ ដូចអញដែរ អាហ្នឹងចាប់​ផ្ដើមចេញ។ ឥឡូវ​យើង​ពិចារណា​ អញ្ចឹងបានន័យថា ពីរនាក់ហ្នឹងអាចសួរគ្នាពីរឿង ២ ធ្នូ ៧ មករា​ សួរពីរឿងឈឺចាប់ ប្រាកដជាមានចមើ្លយខុសគ្នា ហើយប្រាកដជាចោទគ្នាទៅវិញទៅមក ចុង​ក្រោយគឺ​មានតែ​ជាការ​បញ្ជាក់​ថា អស់លោកទាំងពីរនាក់នេះ គឺគ្មានន័យអ្វីទាំងអស់ចំពោះ​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរីពហុបក្ស។ គ្មានន័យនៅត្រង់ថា របបប្រជាធិបតេយ្យសេរី​ពហុ​បក្ស ដែល​ផ្ដល់​លទ្ធភាព​ឲ្យមាន​មកដល់ថ្ងៃនេះ ក៏ដោយសារតែប្រជាធិបតេយ្យ សេរីពហុបក្ស​ហ្នឹង ញាស់​ចេញ​ពី​ ២ ធ្នូ ហើយនិង ៧ មករា នេះឯង។ បានសេចក្តីថា យើងអាចដេញបន្ត យើង​មាន ២៣ តុលា ក៏ដោយសារតែ យើងបានរៀបចំនូវ​ការចរចារសន្តិភាព ក្នុងខណៈពេលដែល​នយោបាយ​ពិភពលោក​មាន​ការ​ផ្លាស់ប្ដូរ។ ដូច្នេះនេះហើយដែលជាចំណាប់ផ្ដើមពី ២ ធ្នូ ៧ មករា រុញឲ្យយើងអាចផ្សារភ្ជាប់ខ្លួនទៅនឹងសា្ថនភាពថ្មី ចរចារសន្តិភាព ទើប​បាន​កិច្ច​ព្រមព្រៀង​​សន្ដិភាព​​ទីក្រុងប៉ារីស។ នេះកាលណាមានឱកាសហ្នឹង គេធ្វើបានអាហ្នឹង ឥឡូវ​ដូច​សំណួរ​លោក សត្យា​​រក្ស ចុះការដែលមិនទាន់មាន ២ ធ្នូ ៧ មករា តែរបប ប៉ុល ពត កំពុង​តែ​កាន់កាប់​ អស់លោកខ្មែរ​នៅខាងក្រៅ សួរថា មាន​លទ្ធភាព​ជា​ឥស្សរជនខ្មែរ​យើង​ដែល​រួមគ្នា​បង្កើត​ចលនា​រំដោះ ឬសង្រ្គោះ​ជាតិនោះ ចេញពីបន្ទាយទាហ៊ាន​ ប៉ុល ពត នោះ។ ឯលោក សម រង្ស៊ី អស់លោកខ្មែរនៅក្រៅ​ប្រទេស ដែលអត់បានរស់នៅក្នុងរបប ប៉ុល ពត តើអ្នកណា​មាន​លទ្ធភាព​ទូលាយ​ជាង​? ប្រាប់​លោក សម រង្ស៊ី ចង់គាត់រៀបខុសរៀបត្រូវ គាត់អត់ងាប់ទេ ខ្ញុំប្រើ​ពាក្យហ្នឹង​។ ចំណែក​ឥស្សរ​ជនដែលដឹកនាំចលនារំដោះជាតិនេះ ហ៊ានតែខុស​តែមួយ​វិនាទី​ គឺ​ស្លាប់​។​ ហើយជំនាន់ហ្នឹង​យើង​មិនហៅស្លាប់ទេ ឲ្យផុតជីវិត​ គឺងាប់​ គឺជំនាន់ហ្នឹង គឺជីវិត​យើងអន់​ជាង​សត្វធាតុទៅ​ទៀត។ ប៉ុន្តែជីវិតលោក សម រង្ស៊ី ក៏ដូចជា​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ បើរៀប​ខុស​ងាប់​តែ​ខ្មែរនៅ​ក្នុងស្រុក​​ទេ?​ តែខ្លួន​ឯង​អត់ងាប់ទេ​ យើងនិយាយឲ្យច្បាស់ គឺ​អត់ងាប់ទេ​។ ត្រង់ហ្នឹងចង់និយាយថា អ្នកមានលទ្ធភាពរៀបចំណាស់ តែថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មានវីរៈភាពរៀបចំ​ដឹកនាំចលនារៀងៗខ្លួននោះ កាលហ្នឹង បើ​ខុស​តែ​បន្តិច​ គឺចប់។ កុំនិយាយទៅរំដោះប្រជាពលរដ្ឋ​ចេញពីរបប ប៉ុល ពត គ្រាន់តែ​ចេញ​ពី​បន្ទាយ​ទាហ៊ាន​ ចាត់ការខុស ខ្ចរខ្ចាយឮ​ទៅដល់មេ ប៉ុល ពត ឬក៏មេដឹកនាំដែលជា តំណាង​ឲ្យ​ឆន្ទៈ​ ប៉ុល ពត​ នោះ ស្លាប់បាត់ហើយ គឺស្លាប់បាត់ហើយ​គ្មាន​បាន​មក​កើត​នៅ​ថ្ងៃ​នេះ​ទេ​។
​លោក​សត្យា រក្ស​
សំណួរ​៖ អ្វីដែលលោក​បណ្ឌិត​បានមាន​ប្រសាសន៍​នោះគឺ​ជារឿង​មួយដែល​ប្រជា​ពលរដ្ឋ​​​​បាន​ទទួល​​ស្គាល់​ទាំងអស់​គ្នា​ ពីព្រោះ​​គ្រប់ៗ​គ្នា​ សុទ្ធតែបានឆ្លងកាត់​នូវ​ខ្សែរ​​ជីវិត​ក្នុង​សម័យ ៣ឆ្នាំ ៨ខែ​ ២០ថ្ងៃ​ និងបានរួចរស់​ជីវិត​​ដោយ​សារថ្ងៃ ៧មករា​ ហើយ​យើងទាំងអស់​គ្នា​គឺនៅតែចងចាំបាន​ជានិច្ច​។ ឥឡូវ​នេះ​គឺមានប្រជាពលរដ្ឋភាគច្រើនណាស់​ ​មិន​សប្បាយ​ចិត្ត​​នឹង​​គណបក្ស​ប្រឆាំង​ ដែលបានប្រមាថ​ទៅដល់អ្នក​មាន​គុណ​រ​បស់​ពួក​គាត់​​។​
យើងដឹងហើយ​ថា​ ប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា​ គឺនៅត្រង់​ថា​គណបក្ស​​ប្រជាជន​កម្ពុជា​​បាន​លះបង់​​នូវ​អ្វីៗ​ទាំង​អស់​​ដើម្បី​បុព្វហេតុ​ជាតិ​​។ ជាពិសេស​គឺ​សម្តេចទាំងបី​ ដែលលោកបានលះបង់នូវអាយុជីវិត​ ដើម្បី​បុព្វហេតុ​ផ្តួលរំលំ​របបប្រល័យ​ពូជសាសន៍​ ធ្វើឲ្យ​ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស​បានរស់រានមានជីវិត​ឡើងវិញ​ ទទួល​បាន​នូវ​សេរីភាព​​គ្រប់​បែប​យ៉ាង​ឡើងវិញ​។​មក​ទល់បច្ចុប្បន្ននេះ​ ​រាជ​រដ្ឋាភិបាល​ដែល​ដឹកនាំ​​ដោយ​​គណបក្ស​​​ប្រជាជន​​កម្ពុជា​ បានរៀបចំ​​ប្រទេស​​បាន​ល្អ​ប្រសើរ​​ ដោយ​យើង​អនុវត្ត​នូវនយោបាយ​តាមបែប​​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ដែលបានផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរគ្រប់គ្នា​អាច​បង្កើត​ជា​គណបក្ស​​ ដើម្បីចូលរួម​ប្រកួត​ប្រជែង​​គ្នា​ដែលមាន​អាណត្តិ​​រៀងរាល់​៥ឆ្នាំម្តង​ ដោយសេរី យុត្តិធម៌​ និងត្រឹមត្រូវ​តាមរយះ​សម្លេងបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ​។​
ដោយសារតែគុណបំណាច់របស់គណបក្ស​ប្រជាជនកម្ពុជា​​ ទី១គឺការរំដោះ​ប្រទេស​ឲ្យ​រួច​​ផុត​​ពី​ការ​សម្លាប់​រង្គាល​​បំបាត់ពូជសាសន៍ ទី២​ការស្តារប្រទេសឡើងវិញ​​​ពីគំនរផេះផង់​ មក​កើត​​ចេញ​​ជា​​សមិទ្ធ​ផល​​រាប់​មិន​អស់​នៅ​ទូទាំង​​​ប្រទេសបែបនេះហើយ​ ទើបប្រជាជន​នៅតែ​គាំទ្រ​​បោះឆ្នោត​ឲ្យ​​គណបក្ស​ដើម្បី​ដឹកនាំប្រទេសជាបន្ត​ពីមួយអាណត្តិ​ ទៅមួយអាណត្តិ​​​​។​
ប៉ុន្តែ​​ផ្ទុយ​​ទៅ​វិញ​ សម្រាប់គណបក្សប្រឆាំង​ចាប់តាំងពី​មួយអាណត្តិទៅមួយអាណត្តិ​រហូត​​មក​ដល់​អាណត្តិ​ទី៤​នេះ គឺ​នៅ​តែ​ជា​បក្ស​ប្រឆាំង​ដដែល​​​ ហើយការថយចុះ​ប្រជា​ប្រិយភាព​​ ឬការដកសេចក្តីទុកចិត្តពីប្រជាពលរដ្ឋ​ក៏កាន់តែច្រើនផងដែរ​ ​ដែលធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​​សម្រេច​ចិត្ត​​បញ្ចូល​​គ្នា​​ដើម្បីរក្សា​ជំហរ និងលំនឹងរបស់ខ្លួន​។​ រាល់ពេល​ដែល​បក្ស​​ប្រឆាំង​​តែង​តែ​​ចាញ់​នោះ លោក មេបក្ស​ កឹម សុខា​ តែងតែ​បានចោទ​រដ្ឋាភិបាល​បច្ចុប្បន្ន​ដឹកនាំ​ដោយ​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន​​​​ ថាជារដ្ឋាភិបាល​ឯកបក្ស​។
 ត្រង់​ចំណុច​នេះ​ សូមលោកបណ្ឌិត​ជួយពន្យល់បន្តិចដើម្បីឲ្យប្រជាពលរដ្ឋ​ ក៏ដូចជា​អ្នក​នយោបាយ​ប្រឆាំង​យល់​ ​ថា​តើរដ្ឋាភិបាលបច្ចុប្បន្ននេះ គឺ​ជា​​រដ្ឋាភិបាល​​ឯកបក្ស​ ឬ​ជា​រដ្ឋាភិបាល​​ពហុបក្ស​ ?​
លោក​បណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​៖​ ចំណុចនេះ​ខ្ញុំសូមជម្រាបបងប្អូនប្រជាពលរដ្ឋ​មួយសារទៀត​។ ទាំងលោក កឹម សុខា ក្តី និងលោក សម រង្ស៊ី ក្តី​ ដែលបានតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ​ ទៅបង្កើត​មហាចលនា​ប្រជាធិបតេយ្យ​របស់គេនោះ​ ខ្ញុំ​សូមផ្តល់ឈ្មោះឲ្យត្រូវ​ទៅចុះ​ គឺមហាចលនា​មោក​ប្រជាធិបតេយ្យ​ មានន័យថា​គឺជាចលនា​ល្ងង់​ ងោះអត់ដឹងអីសោះ​ ហើយចេះ​តែយកខោអាវ​ប្រជា​ធិបតេយ្យ​​មក​ពាក់​​លេង​​ទាំង​មិន​សម​​នឹង​​ខ្លួន​​ឯង​​។​
ពាក់ព័ន្ធទៅនឹងអ្វីដែលគេចោទថា​ផ្តាច់ការ ឬឯកបក្ស​នេះ​ដោយ​សារពួកលោក សម រង្ស៊ី និងលោក កឹម សុខា​ មិនយល់អំពីទម្រង់​ឬសណ្ឋាននៃរដ្ឋាភិបាលប្រជាធិបតេយ្យ​។ សណ្ឋាន​នៃរដ្ឋាភិបាលប្រជាធិបតេយ្យ​គឺមានតែពីរ​ទេ​ គឺសភានិយម និងប្រធានាធិបតីនិយម​។ រដ្ឋាភិបាល​សភានិយមនៅកម្ពុជា បញ្ជាក់ថា​រដ្ឋាភិបាល​ទទួលខុសត្រូវ​ចំពោះមុខរដ្ឋសភា ហើយ​រដ្ឋាភិបាល​កើតចេញ​ និង​មានសមត្ថភាពដំណើរការអាស្រ័យ​ដោយ​ក្រុមភាគច្រើន​ក្នុង​រដ្ឋសភា​​។ ម្យ៉ាងទៀត​ក្រុមភាគច្រើន និងក្រុមភាគតិចនៅក្នុងរដ្ឋសភា គឺកើត​ចេញ​ពី​ការ​បោះឆ្នោត​​​​ដោយ​​ពហុបក្ស​ហ្នឹង​ឯង​​។​ ទោះបី​ជាការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ​ក្តី ឬ​ប្រព័ន្ធ​ឯកត្តនាម​ក្តី​​ ការបោះឆ្នោត​នេះអាច​ប្រព្រឹត្តិទៅបានទាល់តែមានពហុបក្ស​។ សម្រាប់ប្រព័ន្ធ​បោះឆ្នោត​ឯកត្តនាម​ សមាមាត្រ​ដែលកើតចេញដោយផ្ទាល់ពីឆន្ទៈ​ម្ចាស់ឆ្នោតម្នាក់ៗ គឺជា​ការ​កំណត់​​នូវ​ចំណុច​ចាប់​ផ្តើម​​រៀងរាល់​៥ឆ្នាំម្តង​ៗ​ នៃអំណាចដឹកនាំរដ្ឋាភិបាល​។​ នៅពេលនោះ​គឺយើង​នឹង​ឃើញ​ហើយ​ថា​ពហុបក្ស​​កើត​​​ចេញ​តាំងពីដើម​ឆ្នាំ​នៃការបោះឆ្នោត​មកម្លេះ​​ គឺ​មិន​មែន​​​​មាន​តែ​បក្ស​​មួយ​​ឈរ​ឈ្មោះ​បោះឆ្នោត​នោះទេ​​ បន្ទាប់មក​គឺមិនមែនមានតែ​បក្ស​មួយ​ជាប់​ឆ្នោត​តែ​ឯង​នៅ​ក្នុង​សភា​​នោះទេ​ បន្ទាប់មកទៀតគឺមិនមែនមានតែបក្ស​មួយ​មក​ដឹកនាំ​​រដ្ឋាភិបាល​​​ទេ​ លើកលែងតែគណបក្ស​ឈ្នះ​ឆ្នោត​លំដាប់លេខមួយ​មាន​សម្លេង​គ្រប់គ្រាន់​ ពេល​នោះ​ដោយ​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ​​គឺអាច​បង្កើតរដ្ឋា​ភិបាល​តែឯង​បាន ពេលនោះគឺមិនចាំបាច់​ឲ្យមានសម្ព័ន្ធភាពរដ្ឋាភិបាលទេ​។​ ប៉ុន្តែ​ជាក់ស្តែង​សម្រាប់កម្ពុជា​ ទោះបីជាគណបក្សប្រជាជន​មានសម្លេងគ្រប់គ្រាន់​​ហើយលើសលប់ទៀត​ដែលអាចបង្កើតរដ្ឋាភិបាលតែឯងបាន​យ៉ាង​ងាយ​​​​​ក៏​ដោយ​​ក៏គណបក្ស​ប្រជាជន​កម្ពុជា​នៅតែចាត់ទុក​គណបក្ស​ដៃគូរ​ គឺ​គណបក្ស​ហ៊្វុនស៊ីនប៊ិច​ ដែល​ធ្លាប់​ជាដៃគូ​រៀបរដ្ឋាភិបាលតាំងពីឆ្នាំ១៩៩៣​​​​​ ដូច្នេះហើយ​ទើប​ប្រពៃណី​នៃ​ការ​​ដឹក​នាំ​​រដ្ឋាភិបាល​​​បាន​បន្ត​រហូត​មក​ដល់​ពេល​នេះ​ ទោះបី​ជាការទទួលខុសត្រូវ​ថិត​នៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​​ក៏​ពិត​មែន​ ក៏ប៉ុន្តែ​គណបក្ស​ ហ៊្វុនស៊ីនប៊ិច​ នៅតែជាគណបក្ស​ដៃគូ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល​ដើម្បី​បច្ចុប្បន្នភាព និងទៅអនាគត​។​ ប៉ុន្តែ​សម្រាប់លោក កឹម សុខា និងលោក សម រង្ស៊ី​ ដោយ​សារគាត់ល្ងង់​ គាត់បែរជាមិនឲ្យតម្លៃ​ទៅវិញ​​​​​ ហើយ​រួមទាំងក្រុម NGO និន្នាការប្រឆាំង​មួយចំនួនបែរទៅជាចោទថា​ជារបបនយោបាយ​ឯកបក្ស​ទៅវិញ​។ បើយើងរាប់​នៅក្នុងសភា​ គឺគណបក្សប្រជាជនកម្ពុជា​មាន​៩០ គណបក្ស​ សម រង្ស៊ី​ មាន២៦​ គណបក្ស ​ហ៊្វុនស៊ីនប៊ិច២ គណបក្ស​ នរោត្តមរណរិទ្ធិ​​២ និងគណបក្ស​ កឹម សុខា​ ៣​​។ ដូច្នេះ​ យើង​ឃើញ​ថា​នៅក្នុង​សភា​គឺមានគណបក្ស​ប្រឆាំង​​ដល់​ទៅ​២​​រួច​ទៅហើយ​។ សរុបមក​ប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាល​ប្រជាធិបតេយ្យបែបសភានិយមហ្នឹង​​ គឺជារបបនយោបាយ​ពហុបក្ស​។​ ដោយសារ​មានពហុបក្សនៅក្នុងសភានេះហើយ​ ទើបប្រព័ន្ធសភានិយមហ្នឹង​បង្កើត​បានជា​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​សភា​​។ ចំណុចនេះ​ហើយ​ ដែល កឹម សុខា និង សម រង្ស៊ី ត្រូវតែរៀនសូត្រ​ និងត្រូវ​អានសៀវភៅដែលគេសរសេរ​អំពីប្រជា​ធិ​ប​តេយ្យ​​ ហើយ​កុំ​យក​គណបក្ស​ប្រជាជន​កម្ពុជា​​​ ជាសត្រូវ​នឹង​​អ្នក​ ហើយ​ដែលធ្វើឲ្យអ្នក​ល្ងង់​មួយ​ជីវិត​​។​
ចំណុចមួយទៀត​ ប្រសិនបើគណបក្ស​ប្រឆាំងចង់ប្រកួតប្រជែង​ការបោះឆ្នោត​ក្នុងក្រប​ខណ្ឌ​ប្រជា​ធិបតេយ្យ​​សេរី​ពហុបក្ស​​ ជាពិសេស​ប្រកួត​ប្រជែងជាមួយគណបក្ស​ប្រជាជនកម្ពុជា​ ដោយខំអួត​ខ្លួនថាជាអ្នកប្រជាធិបតេយ្យ​ ប៉ុន្តែ​យក​ថ្ងៃ ៧ មករា និងថ្ងៃ ២ ធ្នូ ជាសត្រូវ​នៃ​របប​នយោបាយ​ប្រជា​ធិបតេយ្យ​​សេរី​ពហុបក្ស​ បានសេចក្តីថា​គណបក្ស​ប្រឆាំង​កំពុង​តែ​ធ្វើ​នយោបាយ​​​​ល្ងង់​​ខ្លៅ​ និងត្រូវបរាជ័យ​មួយជីវិត​។​ ខ្ញុំសូមបញ្ជាក់ថា ថ្ងៃ ៧ មករា និងថ្ងៃ ២ ធ្នូ ពិតមែន​ជា​ថ្ងៃ​វីរៈភាពរបស់ឥស្សរជន​ដឹកនាំគណបក្ស​ប្រជាជនកម្ពុជា​ក៏ពិតមែន​ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​​មិន​បាន​ដណ្តើម​យក​រឿងនេះ​មកដាក់តែឯងទេ​ តែ​វាជាតម្លៃដ៏ខ្ពង់ខ្ពស់ វិសេស​វិសាល​សម្រាប់ប្រជាជន​កម្ពុជាទាំងមូល ទូទៅ និងគ្រប់និន្នាការនយោបាយ​។​ ផ្ទុយទៅវិញ គណបក្ស​ប្រឆាំង​តែងតែ​បដិសេធ​នូវសមិទ្ធផល​ទាំងនេះ​របស់ប្រជាជន​​ចោល ដូច្នេះ​ដើម្បី​ការពារ​​នូវ​តម្លៃ ៧មករា​ និង ២ធ្នូ​ របស់ប្រជាជន​គណបក្សប្រជាជន​ត្រូវមានកាតព្វកិច្ចថែរក្សា​សម្រាប់​ប្រជាពលរដ្ឋខ្មែរ​។ សម្រាប់​គណបក្ស​ប្រឆាំង​​ដែល​មិន​ទទួល​ស្គាល់​ ហើយ​មិនយក​មក​ប្រើ​​ នោះ​គឺជា​ការបំផ្លាញ​​គណបក្ស​ប្រឆាំង​ដោយ​ខ្លួន​ឯង​ទេ​​ ពីព្រោះប្រជាពលរដ្ឋ​ដែល​កំពុង​ប្រើ​សេរីភាព​នយោបាយ​​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ ទាំង សម រង្ស៊ី និង កឹម សុខា ក៏សុទ្ធ​តែ​ជា​ប្រជា​ពលរដ្ឋ​​ខ្មែរ​​ដែល​​រ​ស់​​ដោយ​សារ ថ្ងៃ ៧ មករា និងថ្ងៃ ២ធ្នូ​​​​ ដែរ​។​
លោក​សត្យា រក្ស​
សំណួរ​៖ មានចំណុចខ្វែងគ្នា​មួយនៅក្នុងគណបក្ស​ប្រឆាំង​ ដែលជាទូទៅ​អស់លោក​គណបក្សប្រឆាំង​នោះ​និយាយថា​ ថ្ងៃ២ធ្នូ ក្តី ថ្ងៃ ៧ មករា ក្តី​ គឺជាថ្ងៃដែលកងទ័ព​បរទេស​ឈ្លាន​ពាន​។​ ប៉ុន្តែ​នៅក្នុង​គណបក្ស​របស់ កឹម សុខា យើងឃើញ​ថា រវាង កឹម សុខា និងលោក ប៉ែន សុវណ្ណ​ គឺអ្នកទាំងពីរនេះ​​ផ្ទុយគ្នា​ទៅហើយ​​ ដោយទី១ គឺ កឹម សុខា បន្តុះបង្អាប់ ថ្ងៃ២ធ្នូ និងថ្ងៃ​៧ មករា​ ប៉ុន្តែលោក ប៉ែន សុវណ្ណ បែរជាអួត​ខ្លួន​គាត់ថា​ជាបិតា​ ២ធ្នូ​ និង​បិតា ៧ មករា ទៅវិញ​។ ជុំវិញទស្សនៈខ្វែងគ្នា​ក្នុងបក្ស​តែមួយនេះ តើលោកបណ្ឌិតយល់ឃើញយ៉ាងម៉េច​ដែរ​?​​
លោក​បណ្ឌិត​ ឈឹម ផលវរុណ​
ចម្លើយ​៖​ ត្រង់នេះហើយដែលគេហៅថា មោកប្រជាធិបតេយ្យ​។ នៅពេល​ដែល​កម្ពុជា​យើង​​ថិតនៅក្នុងរបបនយោបាយប្រជាធិបតេយ្យ​សេរីពហុបក្ស​ ពួកគេ​បែរ​ទៅ​ជា​​កាឡៃ​រឿង​ថា​ជា​ឯកបក្ស​ និងតែងតែ​បដិសេធតាមតែទំនើងចិត្ត​។ រវាងលោក កឹម សុខា និងលោក ប៉ែន​ សុវណ្ណ យើងអាចឆ្ងល់ថា​ តើហេតុអ្វីបានជា​ពីរ​នាក់​នោះ​អាច​ចាប់​ដៃ​គ្នា​បាន? រឿង​មាន​តែ​មួយ​ទេ​​គឺ​សារធាតុ​អ្នកទាំងពីរនោះគឺខុសគ្នា​។ បើ​យើង​ស្តាប់ កឹម សុខា ​និយាយ​ គឺមានន័យថា កឹម សុខា ជាជនរងគ្រោះ​ រីឯលោក ប៉ែន សុវណ្ណ មិនមែន​ជាជន​រង​គ្រោះ​ទេ​។ លោក ប៉ែន សុវណ្ណ គាត់​ដឹង​ខ្លួន​គាត់​ច្បាស់ណាស់ថា​ពី​មុន​គាត់នៅកន្លែងណា​​មុនថ្ងៃ ២ធ្នូ និងថ្ងៃ៧ មករា​​។ កឹម សុខា ក៏គាត់ដឹងច្បាស់ដែរ​ថា​មុនថ្ងៃ​២ធ្នូ និងថ្ងៃ៧ មករា គាត់នៅទីណា ហើយវេទនាប៉ុនណា​។ រឿងដែលអ្នកទាំងពីរនោះ​មានសាវតាខុសគ្នា ហើយអាចចាប់ដៃគ្នាបាន គឺ​ដោយសារលោក ប៉ែន សុវណ្ណ អាក់អន់ចិត្ត និងយកភាពជាសត្រូវ​ជាមួយនឹងអតីតសហសេវិករបស់​គាត់​ក្នុង​គណបក្ស​ប្រជាជនកម្ពុជា​ ដែលមានសម្តេចទាំងបី និងរូបគាត់​។ នៅ​ពេល​ដែល​គាត់​មាន​គំនុំ​​ និង​រឿង​រ៉ាវរបស់គាត់​ ហើយពេលដែលគាត់​បានត្រឡប់មកកម្ពុជា​វិញ​ក្រោយថ្ងៃ២៣ តុលា គាត់​​បានយកអតីតសហសេវិក​នយោបាយរបស់គាត់ ដែល​ជាជួរ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​​ ជាសត្រូវ​ និងចង់កំទេច​ផ្តួលរំលំគណបក្សប្រជាជន​ផងនោះ​ ទើប​គាត់​ខំបង្កើត​​គណបក្ស​​​មួយ​ឈ្មោះ​គណបក្ស​ទ្រទ្រង់​ជាតិ​ តែ​ទី​បំផុត​​រក​សម្លេង​​គាំទ្រ​​មិន​បាន​។ ក្រោយមក​ដោយ​​សារគាត់នៅតែចិញ្ចឹមនូវភាពជាសត្រូវ​ ទើប​គាត់​ងាកមករក​លោក កឹម សុខា ដែល​មាន​ចរឹត​​​ដូច​គ្នា​​ ព្រោះ កឹម សុខា ជាក្រពើវង្វេងបឹង​ ក្រោយពីបានរស់រានមានជីវិត​ដោយសារ ២ធ្នូ​ ១៩៧៨ និងថ្ងៃ៧ មករា ១៩៧៩​នោះ​ ហើយបាន​ឆ្កួតវង្វេងក្នុងព្រៃប្រជាធិបតេយ្យ​​ ធ្វើឲ្យ កឹម សុខា ក្រឡកខួរ​ ទើប​គេមានបំណង​បដិសេធ​អតីតកាល​​ មិនទទួស្គាល់ការពិត​ពីអតីតកាល​ និង​មានបំណងចង់ផ្តួលរំលំ​គណបក្ស​ប្រជាជន​ដូចគ្នា​ ទើប​ពួកគេ​ទាំងពីរ​អាចចាប់ដៃគ្នា​បាន​។​ ប៉ុន្តែ​អ្នកទាំងពីរនេះគ្មានសារធាតុនយោបាយដូចគ្នាទេ​ ពីព្រោះ​ម្នាក់​និយាយអំពី​គោ ក្របី​ ម្នាក់​ទៀត​​និយាយ​​អួត​​ប្រជា​ធិបតេយ្យ​​ថា​ខ្លួនអស្ចារ្យ​ៗ​ ប៉ុន្តែទស្សនៈនយោបាយ​មោកដូចគ្នា​។​
លោកប៉ែន សុវណ្ណ អួតថា​គាត់​ជាបិតា២ធ្នូ និង​៧ មករា ចំណែកឯ កឹម សុខា ជា​អ្នក​ប្រឆាំង​​២ធ្នូ​ និង៧ មករា បែរជាមក​ច្របាច់ចូលគ្នា​ ហើយ​ទៅលើកវីរភាពលោក ប៉ែន សុវណ្ណ​ ចង់​យក​​២ធ្នូ និង៧ មករា ជារបស់ខ្លួនឯង​។ គណបក្ស​ប្រជាជន​កម្ពុជា​មិនបាន​ដណ្តើម​យក​​ ថ្ងៃ​២ធ្នូ​ និងថ្ងៃ​៧ មករា ជារបស់ខ្លួនឯងទេ​ ។​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជាក់​ហើយ​​ថា ថ្ងៃ២ធ្នូ និងថ្ងៃ៧ មករា ជារបស់ប្រជាជនកម្ពុជា​ ប៉ុន្តែ​គឺពួក​អស់លោក​គណបក្ស​​ប្រឆាំង​ទេ​ដែល​មិន​ព្រម​ទទួលយក​ ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ដាច់ខាត​ត្រូវ​ថែ​ទាំ​​តម្លៃ​​​ខ្លឹមសារ​ ជា​ប្រវត្តិសាស្ត្រ​​របស់​ថ្ងៃ​២ធ្នូ​ និង​ថ្ងៃ​៧ មករា​​​។​
ចំណុចមួយទៀត​ តើហេតុអ្វីបាន​ជាគេយកហេតុ​ផល​ថា​ថ្ងៃ​២ធ្នូ និងថ្ងៃ៧ មករា ជាថ្ងៃ​ដែល​​​វៀតណាម​ឈ្លាន​ពាន​?​ ឥឡូវ​ឲ្យអស់លោកទាំងពីរទៅសួរលោក សម រង្ស៊ី សិន​ថា​បើ​យើង​​​មើលទៅប្រវត្តិសាស្ត្រ​ថយក្រោយវិញ​ មុន​ថ្ងៃ២ធ្នូ ១៩៧៨ និង​៧ មករា ១៩៧៩​តើលោក សម រង្ស៊ី អាច​រៀបចំចលនាសង្គ្រោះជាតិបានឬទេ​?​ ហើយមាន​លទ្ធភាព​អាច​រៀបចំ​ឬទេ​​?​​​ បើ​មាន​​លទ្ធភាព តើហេតុអ្វីបានជាពេលនោះមិនរៀបចំ? ឬក៏មិនបានដឹងថា​កម្ពុជា​នៅ​ពេល​នោះ ថិត​​នៅ​​ក្នុង​​របប ប៉ុល ពត ជា​របប​ប្រល័យ​ពូជសាសន៍​​?​​ ឬក៏លោក សម រង្ស៊ី កំពុង​រស់នៅ​ដោយ​​សុខសាន្ត​​ពុំ​បាន​គិត​អំពី​ប្រជាជាតិ​កម្ពុជា​?​ ខ្ញុំជឿ​​ថា​ពេលនោះ លោក សម រង្ស៊ី នៅ​ប្រទេស​បារាំង  ​លោក សម រង្ស៊ី មិនបានដឹងថាជោគវាសនានៅកម្ពុជា​ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ យ៉ាងម៉េច​នោះទេ​ ពីព្រោះវ័យជំទង់របស់គាត់គឺរស់នៅបារាំង​ ហើយគាត់មានគំនុំ​ជា​មួយ​​អ្នក​​នៅ​ប្រទេសកម្ពុជា​ ដោយសារ​គ្រួសាររបស់គាត់ជួបបញ្ហានៅក្នុងរបបមុន​ ដូច្នេះ​គាត់​បាន​​​បោះបង់​​​​សមាន​​ចិត្ត​​​ជាមួយ​​កម្ពុជា​​​រួច​ទៅ​​ហើយ​​។​​​
សរុបមក​ អ្វីដែលគណបក្សប្រឆាំង​លើកនោះ​ យើងទុកឲ្យបងប្អូន​ប្រជាពលរដ្ឋ​យើង​ពិចារណា​ទៅតាម​ចំណេះដឹង និងបទពិសោធន៍​របស់បងប្អូន​ ដើម្បី​សម្រេច​តាម​ឆន្ទៈ​ក្នុង​ការ​ជ្រើសរើស​​អ្នក​ដឹក​នាំ​បន្ត​​នា​ថ្ងៃ​បោះឆ្នោត​​ខាង​មុខ​នេះ​​៕​​
សម្រង់ព័ត៌មាន​៖ លោក នូ សាវុធឌី