Thursday, December 13, 2012

សម្តេច​​តេ​ជោ​​ផ្តល់​​អនុសាសន៍​​សំខាន់ៗ​ដល់​ក្រសួង​​ការងារ ​និង​​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​

ថ្លែង​នៅ​ក្នុង​ពិ​ធី​សម្ពោធ​អគារ​រដ្ឋបាល​ទីស្តីការ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ រួម​ជា​មួយ​ពិធី​បើក​សន្និ​បាត​បូក​សរុប​លទ្ធផល​ការងារ​អាណត្តិ​ នៃ​ការ​អនុវត្តន៍​ផែន​ការ​សកម្ម​ភាព​៤​ឆ្នាំ (២០០៩-២០១២)​ និង​ទិស​ដៅ​ការ​ងារ​ឆ្នាំ​២០១៣ នា​ព្រឹក​​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០១២ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ច​ក្រ​កម្ពុជា បាន​មាន​ប្រ​សា​សន៍​ឲ្យ​ដឹង​ថា ក្នុង​ប្រ​ទេស​កម្ពុជា​សព្វ​ថ្ងៃ​នេះ កំពុង​តែ​ជួប​វិបត្តិខ្វះ​កំលាំង​ពលកម្ម​លើ​គ្រប់​​វិស័យ នៅ​ពេល​ដែល​ប្រជា​ជ​ន​កម្ពុជា​មួយចំនួន បែរជា​នាំគ្នាធ្វើ​ចំណាក​ស្រុកទៅ​រក​ការ​ងារ​​ធ្វើ​នៅ​ក្រៅ​ប្រ​ទេស ដោយ​ប្រថុយ​ប្រថាន។
ទាក់​ទង​ទៅនឹង​បញ្ហា​នេះ សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​បាន​ដាក់ចេញ​នូវ​អនុសាសន៍សំខាន់ៗ​មួយ​​ចំនួន​រួម​មាន៖
- ចាត់​វិធានការ​ក្នុង​ការ​កាត់​បន្ថយ​ចំណាក​ស្រុក​ប្រថុយ​ប្រថាន​ របស់​ប្រជា​ពលរដ្ឋ ដោយ​បង្ហា​ញ​ឱ្យ​កាន់​តែច្បាស់​អំពី​សក្កា​នុព​ល​ការងារ​ក្នុង​ស្រុក ជា​ពិសេស​ការងារ​ក្នុង​វិស័យ​កសិកម្មតាម​គ្រប់​មធ្យោ​បាយ​ ដើម្បី​ធ្វើការ​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​ ឱ្យ​បាន​ច្រើន អំពី​គុណ​សម្បត្ដិ និង​គុណ​វិបត្ដិ ​នៃ​ការ​ធ្វើ​ចំណាកស្រុក​ អំពី​គោ​លន​យោ​បាយ​ទេសន្តរប្រ​វេស​ក៍​ដែល​មាន​ស្រាប់ សិទ្ធិ និង​ច្បាប់​ស្ដីពី​ការងារ​ ឱ្យ​ស៊ីជម្រៅ​តាមរយៈ​ការរៀបចំ​សិក្ខា​សាលា​​វគ្គ​​បណ្ដុះ​បណ្ដាល​ដល់​ប្រជា​ ជន​មូលដ្ឋាន​ដោយ​ផ្ទាល់។
- ពង្រឹង​ប្រសិទ្ធ​ភាព​យុទ្ធ​សាស្ដ្រ​ពិពិធ​កម្ម​មុខ​របរ និង​ការងារ​នៅ​​កម្ពុជា តាម​រយៈ​ការ​អនុវត្ដន៍​នៅ​ក្នុង​វិស័យ​ការងារ​ប្រកប​ដោយ​ភាព​ជឿន​លឿន ដើម្បី​ពង្រឹង​ឧត្ដម​ភាព​ប្រជែង​ឈ្នះ​របស់​អាស៊ាន។ ការ​អនុវត្ដន៍​សេចក្ដី​ថ្លែង​ការណ៍​អាស៊ាន​ស្ដីពី​ការ​ការ​ពារ និង​ការ​លើក​កម្ពស់​សិទ្ធិ របស់​ពលករ​ទេសន្ដរ​ប្រវេសន៍ តាម​រយៈ​ការ​បង្កើត​លិខិតូ​បករណ៍​ដែល​ត្រូវ​ចាប់ផ្ដើម​ដំណើរការ​ដោយ​ផ្ដោត​ ទៅ​លើ​បញ្ហា​ទាំងឡាយ​ ដែល​សមស្រប​ទៅ​តាម​ស្ថានភាព​របស់​ប្រទេស​ជា​សមា​ជិក​ទាំង​អស់ និង​ស្រប​ទៅ​តាម​ច្បាប់ និង​គោល​នយោ​បាយ​ជាតិ​ជា​ធរមាន​របស់​ប្រទេស​ជា​សមា​ជិក​នីមួយៗ។
- ពង្រឹង​គុណ​ភាព​ផលិត​ផល​ការងារ ដោយ​ជំរុញ​ឱ្យអា​ជ្ញាធ​រ​រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ចូលរួម​អភិវឌ្ឍ និង​ផ្សព្វ​ផ្សាយ​តម្រូវការ​ទីផ្សារ​ការងារ និងតម្រូវការ​មុខជំនាញ​វិជ្ជាជីវៈ​នៅ​កម្ពុ​ជា​ដែល​នឹង​ធ្វើ​សមាហ​រណកម្ម​ ទីផ្សារ​ការងារ​នៅ​ក្នុង​តំបន់ ជា​ពិសេស​ការ​បង្កើត​មជ្ឈ​មណ្ឌល​​​ការងារ​នៅ​តាម​ទី​រាជធានី ខេត្ដ និង​ការ​ផ្សព្វផ្សាយ​ចល័ត​ឱ្យ​ដល់​មូលដ្ឋានជនបទ​ឱ្យ​បាន​​ច្រើន​ជា​អតិបរមា​ ។
- បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស ដោយ​គិតពី​គុណ​ភាព​នៃ​ការ​អប់រំ​ បណ្ដុះ​បណ្ដាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ ​ឆ្លើយ​តប​ទាំង​ស្រុង​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ការ​ងារបច្ចេក​វិទ្យា និងជំ​រុញឱ្យ​គ្រឹះ​ស្ថាន​បណ្ដុះ​បណ្ដាល​ជំនាញ​នីមួយៗ ឱ្យ​មា​ន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​ជា​មួយ​ទីផ្សារ​ការ​ងារ។ ការ​លើក​កម្ពស់​សមត្ថ​ភាព​ធន​ធាន​មនុស្ស ជា​ការ​ជំរុញ​ល្បឿន និង​ពិពិធ​កម្ម​សេដ្ឋកិច្ច​នៅ​ក្នុង​របត់​នៃ​ការ​បង្កើន​ឧត្ដមភាព​ប្រៀបធៀប​ នៅក្នុង​រយៈ​ពេល​មធ្យម​ខាង​មុខ។ ក្នុងនោះ​ត្រូវ​បន្ដ​ផ្ដោត​ឱ្យបាន​ខ្លាំង​ក្លា​លើ​ការ​អប់រំ និង​បណ្ដុះ​បណ្ដាល​បច្ចេក​ទេស និង​វិជ្ជា​ជីវៈ ដើម្បី​ជួយ​ដល់​បុរស ស្ដ្រី​ ជា​ប្រជា​ជន​ក្រីក្រ ជន​ពិការ និង​ជន​ងាយ​រង​គ្រោះ​ ​ដើម្បី​ឆ្លើយ​តប​​តាម​តម្រូវការ​ទីផ្សារ​ការងារ។
- ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ស្ដីពី​ការងារ និង​ការពង្រឹង​វិស័យ​ឯកជន ដែល​​ជា​ដៃគូ​ដ៏​សំខាន់​របស់​រដ្ឋ ដើម្បី​ធានា​ដល់​ចីរភាព​នៃ​ការអភិវឌ្ឍ​វិស័យ​ការងារ និង​បណ្ដុះ​បណ្ដា​លវិជ្ជាជីវៈ​នៅ​កម្ពុជា ដែល​​​ទន្ទឹម​នឹង​ការ​អនុវត្ដ​ច្បាប់ ត្រូវ​ឱ្យមាន​ប្រសិទ្ធភាព​ក្នុងការ​អប់រំ​បណ្ដុះ​បណ្ដាល និងការចុះ​អធិ​ការ​​​កិច្ច​ការងារ​តាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន​នានា អំពី​លក្ខខណ្ឌ​ការងារ អំពី​អនា​ម័យ និង​សុខភាព សុវត្ថិភាព​ការងារ អំពី​ពលកម្ម​កុមារ និង​ការ​ប្រើ​ប្រាស់​ពលករ​បរ​ទេស និង​ការ​​អនុវត្ដ​​សេរីភាព​សហជីព​តាមច្បាប់​ស្ដីពី​ការងារ និង​បទ​បញ្ជា​ស្ដី​ពី​​ការងារ ​ជាពិសេស​ការ​គិត​គូ​រប​ន្ថែ​មទៀត​អំពី​កិច្ចសន្យាការងារ​រយៈពេល​ខ្លី ការបន្ដ​ពិនិត្យ​ការ​កសាង​ច្បាប់​ស្ដីពី​សហ​ជីព​ ​និង​បទដ្ឋានផ្សេងៗ ដែល​អាច​ទទួលយកបាន​ពី​គ្រប់ភាគី។
- ជំរុញ​ការគិតគូរ​ឱ្យបាន​ល្អិតល្អន់​អំពី​ផល​ប្រយោជន៍​កម្មករ និយោ​ជិត​ឱ្យ​បាន​ប្រសើរ ដើម្បី​រួម ចំណែក​ដល់​ការកាត់​បន្ថយ​ភាពក្រីក្រ​ប្រកប​ដោយ​ប្រសិទ្ធភាព តាម​រយៈ​​ការ​អនុវត្ដ​ច្បាប់​ស្ដីពី​របប​សន្ដិសុខ​សង្គម​សម្រាប់​ជន​ទាំង​ ឡាយ​ណា ដែល​ស្ថិតក្រោម​បទ​ប្ប​ញ​ត្ដិ​នៃ​ច្បាប់​ស្ដីពីការ​ងារ​ជា​ជំហានៗ​បន្ដ​ទៀត ជា​ពិសេស​ត្រូវ​គិតគូរ​ដល់​អ្នកធ្វើការ​ក្រៅផ្លូវ​ការ ដែល​មិនអាច​ទទួល​បាន​នូវ​សោធន​និ​វត្ដ​ន៍ អត្ថប្រយោជន៍​ពេល​ឈឺ​ថ្កាត់ និង​ការការពារ​លើ​​ហានិភ័យ​នៃ​ការ​ងារ​​ដូចជា គ្រោះ​ថ្នាក់ និងការ​ខូចសុខភាព​ជាដើម។
ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មាន​ប្រសាសន៍ឲ្យ​ដឹងថា ក្នុង​អាណត្តិ​នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព​រយៈ​ពេល៤ឆ្នាំ (២០០៩-២០១៣) នេះ​ក្រ​សួង​​បាន​អនុវត្ត​សកម្មភាព​ចំនួន៥ធំៗ ដែល​រួមមាន៖
​ទី១- ការរៀបចំ​បញ្ជូន​ពល​ករ​ចេញទៅ​ធ្វើការ​នៅតាម​រោងចក្រ​សហ​គ្រាស។
ទី២- ធានា​ឲ្យ​មាន​សុខភាព សុវត្ថិភាព​ការងា ​ដល់​កម្មករនិយោជិត​នៅតាម​រោងចក្រ​សហ​គ្រាស។
ទី៣- ការដោះស្រាយ​វិវាទ​ការងារ​ក្នុង​រោងចក្រ​សហគ្រាស។
ទី៤-ជម្រុញ​អនុវត្ត​របប​សន្តិសុខ​សង្គម។
ទី៥- ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ។
ឯកឧត្តម​ វង សូត បានមានប្រសាសន៍បញ្ជាក់​ថា ក្រសួង​បាន​ជម្រុញ​ការអនុវត្ត​លក្ខ​ខណ្ឌ​ការ​ងារ​តាមរយៈ​ការចុះ​ធ្វើ​ អធិការកិច្ច​ការងារ​តាម​សហគ្រាស​គ្រឹះស្ថាន​ សំដៅ​លើក​កម្ពស់​​សុខ​ភាព សុវត្ថិភាព​ការងារ និង​ធានា​សុខដុម​នីយកម្ម​រវាង​និយោជក និង​កម្មករ​និយោជិត ពោលគឺ​កាត់​បន្ថយ​វិវាទ​ការងារ និង​បញ្ហា​បាតុកម្ម កូដកម្ម​ជាដើម រួមទាំង​ការទប់​ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍ និង​ជម្ងឺ/អេដស៍​តាម​សហគ្រាស គ្រឹះស្ថាន៕