សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបសវនាការជាមួយលោក SUZUKI YASUZIKO ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (Jica) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍វាយតម្លៃថា ជំនួយរបស់ជប៉ុន គឺបានជួយធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនឡើង ហើយបានកាត់បន្ថយភាពក្រីក្រ និងបានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនមានកម្រិតកាន់តែល្អឡើងថែមទៀតដែរ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងឲ្យដឹងថា លោក SUZUKI YASUZIKO ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (Jica) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់បេសកកម្មរបស់លោកពីព្រះរាជាណាចក្រកម្ពុជាហើយៗ លោកបានចូលជួបជំរាបលាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ នៅវិមានសន្តិភាពក្នុង រាជធានីភ្នំពេញ។
នៅក្នុងជំនួបជំរាបលានោះ លោក SUZUKI YASUZIKO បានថ្លែងថា លោកមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងចំពោះការស្នាក់នៅធ្វើការនៅកម្ពុជា ដែលជាឱកាសពោរពេញទៅដោយក្តីរីករាយជាទីបំផុត ព្រោះលោកបានចូលរួមចំណែកក្នុងការជួយដល់កម្ពុជា ដើម្បីទាក់ទាញនាំមកនូវអ្នកវិនិយោគជប៉ុនកាន់តែកើនឡើងតាមរយៈជំនួយរបស់ជប៉ុន (ODA) ក៏ដូចជា តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង ផ្នែកទុន។ លោក SUZUKI ថ្លែងថា លោកមានការរីករាយយ៉ាងខ្លាំង ហើយមានការរំជួលចិត្តចំពោះការយកចិត្តទុកដាក់ខ្ពស់នឹងទំនាក់ទំនង និងសន្តានចិត្តរបស់ប្រជាជនកម្ពុជា ដែលបានឆ្លុះបញ្ចាំងបន្ទាប់ពីមានការរញ្ជួយផែនដី និងស៊ូណាមីនៅប្រទេសជប៉ុននៅឆ្នាំ២០១១ កន្លងមក។ ប្រជាជនកម្ពុជាបានសំដែងនូវសន្តានចិត្តតាមរយៈការផ្តល់នូវវិភាគទានក្នុងការជួយ ដែលជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ និងការស្រឡាញ់រាប់អានរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា អ្វីដែលកម្ពុជាបានចូលរួមវិភាគទានជាថវិកាជួយដល់ប្រជាជនជប៉ុន នៅពេលដែលប្រទេសជប៉ុនជួបប្រទះនឹងគ្រោះធម្មជាតិនោះ គឺមិនមានប៉ុន្មានទេ ប៉ុន្តែអ្វីដែលជាការចូលរួមចំណែកធំនោះ គឺសន្តានចិត្តរបស់កម្ពុជាចំពោះប្រជាជនជប៉ុន ដែលការនេះជាមូលដ្ឋាននៃទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងជប៉ុនទៅថ្ងៃអនាគត ទៀត។
ពាក់ព័ន្ធនឹងបញ្ហាជំនួយសម្រាប់កសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា នៅក្នុងអាណត្តិរបស់លោក SUZUKI YASUZIKO សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា យើងបានបើការដ្ឋានសាងសង់ស្ពានអ្នកលឿង ដែលស្ពាននេះពុំមែនសម្រាប់តែជួយកម្ពុជានោះទេ ប៉ុន្តែវាបានតភ្ជាប់សម្រាប់ផ្លូវអាស៊ានផង និងសម្រាប់ការធ្វើសមាហរណកម្មតំបន់មហាអនុមេគង្គផងដែរ។ សម្តេចតេជោបញ្ជាក់ថា ជំនួយរបស់ជប៉ុន គឺបានជួយធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនឡើង ហើយបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងបានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនមានកម្រិតកាន់តែល្អឡើងថែមទៀតដែរ។ សម្តេចតេជោក៏បានថ្លែងអំណរគុណជូនចំពោះជំនួយទាំងឡាយ ដែលប្រជាជនជប៉ុនបានជួយដល់កម្ពុជានាពេលកន្លងមក ទាំងសំភារៈ ទាំងថវិកា និងទាំងលើផ្នែកច្បាប់។
សូមបញ្ជាក់ថា នៅក្នុងអាណត្តិរយៈពេលជាង ៣ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា លោក SUZUKI YASUZIKO បានធ្វើការសម្របសម្រួលចរចាដើម្បីចុះហត្ថលេខា និងអនុវត្តគម្រោងជាច្រើន ដែលមានហិរញ្ញប្បទានឥតសំណងប្រមាណ ៣៦០លានដុល្លារសហរដ្ឋអាមេរិក ដូចជាគម្រោងសាងសង់ស្ពានអ្នកលឿង គម្រោងស្តារផ្លូវជាតិលេខ១ គម្រោងបំពាក់ឧបករណ៍ និងមន្ទីរពេទ្យខេត្តសៀមរាប ព្រមទាំងសមិទ្ធផលមួយចំនួនទៀតផងដែរ៕