នាព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៣ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល ដើម្បីពិភាក្សាលើកំណែទម្រង់បៀវត្សនិងប្រាក់បន្ថែមផ្សេងៗរបស់មន្រ្តីរាជការស៊ីវិល ២០១៣-២០១៨។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី រដ្ឋលេខាធិការ នៃក្រសួង ស្ថាប័ន ដែលជាសមាជិកនៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក្នុងនាមជាប្រធានក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការបង្កើនបៀវត្សជូនមន្រ្តីរាជការស៊ីវិលជាបន្តបន្ទាប់ ដែលធ្វើឲ្យបៀវត្សមធ្យមមន្រ្តីរាជការស៊ីវិលមានការកើនឡើងប្រមាណជាង ៥ដង បើប្រៀបធៀបនឹងស្ថានភាពបៀវត្សនៅចុងឆ្នាំ ២០០១។ បន្ថែមលើនេះ រាជរដ្ឋាភិបាល បានរៀបចំឲ្យមានបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល ដែលធានានូវប្រាក់សោធននិវត្តន៍ប្រចាំខែ ប្រាក់លំហែមាតុភាព ប្រាក់គ្រោះថ្នាក់ការងារ និងប្រាក់មរណភាព ។ល។ ព្រមទាំងបានបង់ភាគទានជំនួសមន្រ្តីរាជការស៊ីវិលម្នាក់ៗសម្រាប់ទ្រទ្រង់បេឡាជាតិសន្តិសុខសង្គម។
សម្រាប់ដំណាក់កាលឆ្នាំ ២០១៣ - ២០១៨ ការងារកំណែទម្រង់រដ្ឋបាល ផ្តោតជាសំខាន់លើការបម្រើប្រជាជនឲ្យបានកាន់តែល្អប្រសើរឡើង តាមរយៈការបង្កើនគុណភាពសេវាសាធារណៈ ការលើកកម្ពស់គុណភាពធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ និងការរៀបចំប្រព័ន្ធបៀវត្សប្រកបដោយសមធម៌ និងប្រសិទ្ធភាពការងារ។ ក្នុងការងារបង្កើនគុណភាពសេវាសាធារណៈ រាជរដ្ឋាភិបាល នឹងរៀបចំដាក់ឲ្យអនុវត្តនូវស្តង់ដាគុណភាពសេវាសាធារណៈចំនួន ៥ គឺ ១. គុណភាពព័ត៌មានដែលផ្តល់ជូនអ្នកសេវា ២. ភាពងាយស្រួលក្នុងការទទួលយកសេវា ៣. ភាពយកចិត្តទុកដាក់ក្នុងការទទួលអ្នកប្រើប្រាស់សេវា ៤. សេវាផ្តល់តាមគោលការណ៍កំណត់និងមានមានអភិបាលកិច្ចល្អ និង ៥. យន្តការព័ត៌មានត្រឡប់និងបណ្តឹងតវ៉ារបស់អ្នកប្រើប្រាស់សេវា។ ក្នុងការងារលើកកម្ពស់ធនធានមនុស្ស រាជរដ្ឋាភិបាល នឹងដាក់ចេញនូវគោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ ដែលមានគោលដៅចំនួន ៥ គឺ ១. ការកែលម្អរបៀបរបបគ្រប់គ្រងការចាត់ចែងការងារ ២. ការពង្រឹងការគ្រប់គ្រងជំនាញនិងចំនួនមន្រ្តីតាមតម្រូវការ ៣. ការលើកកម្ពស់គុណផលនិងការទទួលខុសត្រូវរបស់មន្រ្តី ៤. ការអភិវឌ្ឍសមត្ថភាពការងាររបស់មន្រ្តី និង ៥. ការពង្រឹងសីលធម៌និងវិន័យរបស់មន្រ្តីរាជការស៊ីវិល។ ចំណែកឯការងារកំណែទម្រង់បៀវត្សនិងរបបប្រាក់បន្ថែមផ្សេងៗ គឺសង្កត់ធ្ងន់ទៅលើការធានាប្រសិទ្ធភាពការងាររបស់មន្រ្តីរាជការស៊ីវិល និងផលប៉ះពាល់ជាវិជ្ជមានដល់ការផ្តល់សេវាសាធារណៈ ដោយរក្សាបាននូវសមធម៌ សង្គតិភាព ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងចិរភាពហិរញ្ញវត្ថុសាធារណៈ។
ជាក់ស្តែង ក្នុងឆ្នាំ២០១៣ នេះ រាជរដ្ឋាភិបាលបានបន្តបង្កើន ២០% លើបៀវត្សមូលដ្ឋានរបស់មន្រ្តីរាជការស៊ីវិល កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ ជនបាត់បង់សម្បទាវិជ្ជាជីវៈ និងបៀវត្សសុទ្ធសាធរបស់និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនបាត់បង់សមត្ថភាពពលកម្ម ជនពិការដែលជាអតីតយុទ្ធជន ដោយចាប់អនុវត្តពីខែមករា តទៅ។ បន្ថែមលើនេះ រាជរដ្ឋាភិបាល បានកែសម្រួលបៀវត្សរបស់មន្រ្តីរាជការក្របខ័ណ្ឌប្រភេទ ឃ ដែលធ្វើឲ្យបៀវត្សអប្បបរមានៃក្របខ័ណ្ឌ ឃ នេះ បានកើនឡើងចំនួន ៦០,៨% ហើយចាប់អនុវត្តពីខែកុម្ភៈ ឆ្នាំ ២០១៣ តទៅ និងធ្វើឲ្យគម្លាតបៀវត្សអតិបរមារបស់មន្រ្តីក្នុងក្របខ័ណ្ឌប្រភេទ ក និងបៀវត្សអប្បបរមារបស់មន្រ្តីក្នុងក្របខ័ណ្ឌប្រភេទ ឃ ថយចុះពី ១៣ ដង មកនៅត្រឹម ប្រមាណ ៧ ដង ។