Thursday, February 14, 2013

រាជ​រដ្ឋា​ភិបាល​ទទួល​ថវិកា​ជាង ១លាន​យូរ៉ូ ពី​ប្រទេស​អាល្លឺម៉ង់​ សម្រាប់​ការ​បោស​សំអាត​មីន នៅ​ខេត្ត​សៀមរាប និង​ឧត្តរ​មាន​ជ័យ ឆ្នាំ ២០១៣

នៅ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី នា​រសៀល​ថ្ងៃ​ទី ១៣ ខែ កុម្ភៈ ឆ្នាំ​ ២០១៣ ក្រោម​​​អធិប​តី​ភាព ឯកឧត្ត​មបណ្ឌិត​សភា​ចារ្យ សុខ អាន ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​​បន្ទុក​​​ទីស្តី​ការ​គណៈ​​រដ្ឋមន្រ្តី មាន​ប្រារព្ធ​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ រវាង​រាដ្ឋាភិបាល​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ និង​រដ្ឋា​ភិបាល​សាធា​រណ​រដ្ឋ​សហ​ព័ន្ធ​អាល្លឺម៉ង់ សម្រាប់​គាំទ្រ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​បោស​​សំអាត​មីន​ដោយ​​អង្គ​ភាព​ សកម្ម​ភាព​កំចាត់​មីន​កម្ពុជា (ស៊ីម៉ាកៈ CMAC) ក្នុងឆ្នាំ ២០១៣ នៅ​ក្នុង​​ខេត្ត​សៀម​រាប និង​ខេត្ត​ឧត្តមរមាន​ជ័យ ។
កិច្ច​ព្រម​ព្រៀង​ដែល​មាន​ទឹក​ប្រាក់​ចំនួន ១.១១២.៥០០យូរ៉ូ (ប្រហែល ១.៤៣លានដុល្លារ​សហរដ្ឋអាមេរិក)  ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ដោយ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តី​អម​នាយក​រដ្ឋមន្រ្តី និងជាអនុប្រធានអជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងជួយសង្រ្គោះជនពិការដោយ​សារមីន ជាមួ​យ​ឯកឧត្តម ​វ៉ុលហ្កែង ម៉ូសឺរ ( Wolfgang Mosez ) ឯក​អគ្គ​រដ្ឋ​ទូត​វិ​សា​មញ្ញ​ និង​ពេញ ​សមត្ថភាព សាធារណ​រដ្ឋ​សហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។
ឯ​ភារកិច្ច​បោសសំអាត​មីននៅ​ក្នុងទឹកដី​នៃខេត្ត​ទាំង ២ខាង​លើ គឺ​អង្គភាព​ទី ៦ នៃមជ្ឈ-មណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (ស៊ីម៉ាក់) ។
ជាមួយ​នឹងការ​ថ្លែង​អំណរ​គុណចំពោះ​រដ្ឋាភិបាល និងប្រជាជន​អាល្លឺម៉ង់ ឯកឧត្ត​មបណ្ឌិត​សភា​ចារ្យ សុខ អាន ការកត់ ​សម្គាល់​ថាពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ សម្រាប់​គាំទ្រ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​បោស​​សំអាត​មីន​ ក្នុងឆ្នាំ ២០១៣ នៅ​ក្នុង​​ខេត្ត​សៀម​រាប និង​ខេត្ត​ឧត្តរ​មាន​ជ័យ ថាជាការ​ឆ្លុះបញ្ចាំង​អំពីការ​បន្តគាំទ្រ​ផ្តល់​ជំនួយ​មនុស្សធម៌​របស់​ ប្រទេស​អាល្លឺម៉ង់ ក្នុង​សកម្មភាព​កំចាត់​មីន និងអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់ព្រះរាជា​ណាចក្រ​កម្ពុជា ។
ឯកឧត្ត​មបណ្ឌិត​ សុខ អាន  មាន​ប្រសាសន៍​ថា សម្រាប់​រាជរដ្ឋា​ភិបាល​កម្ពុជា សកម្មភាព​កំចាត់​មីន​មិនគ្រាន់​តែទាក់​ទងនឹង​បញ្ហា​សន្តិសុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វាជា​កត្តាដ៏​មាន​អត្ថន័យ និងមាន​សារៈ​សំខាន់​ក្នុង​ការ​កាត់​បន្ថយភាព​ក្រីក្រ និង​បង្កើន​ការ​អភិវឌ្ឍន៍ ។ ព្រោះថា ដីមិន​អាច​ត្រូវ​បង្កបង្កើន​ផល​បាន និងមិន​អាច​បង្កើតនូវ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បាន​ឡើយ ប្រសិន​បើផ្ទៃដី​នៅ​បន្សល់​​​​គ្រាប់​មីន យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ និងកាក​សំណល់​ពី​សង្រ្គាម ។
ឯកឧត្ត​មបណ្ឌិត​  សុខ អាន បាន​មានប្រសាសន៍​បញ្ជាក់​ថា យើង​ត្រូវ​បន្ត​រំដោះ​ផ្ទៃដី​អំពី​មីន​ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា ប្រជាជន​របស់​យើង​អាច​ប្រើប្រាស់​ដី​សម្រាប់​ដាំដុះ និង​ធ្វើក​សិដ្ឋាន​បាន ដោយ​សុវត្ថិភាព ។ ទន្ទឹម​គ្នានោះដែរ ​យើងត្រូវ​បង្កើន​ល្បឿន​សហប្រតិបត្តិការ​បោស​សំអាត​មីនក្នុង ​តំបន់​អាទិភាព​មួយ​ចំនួន​ទៀត ដូចជា​តំបន់​នៅជុំវិញ​ប្រាសាទ​ជាប្រវត្តិសាស្រ្ត និង​តំបន់​ដែល​មាន​សារៈ សំខាន់​ខាង​ទេសចរណ៍​ដទៃ​ទៀត ក្នុងគោល​បំណង​ដើម្បីជម្រុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​យើង ។
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តី​អម​នាយក​រដ្ឋមន្រ្តី និង​ជា​អនុប្រធាន​អជ្ញាធរ​កម្ពុជា គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​ជួយ​សង្រ្គោះ​ជនពិការ​ដោយ​សារមីន បាន​បញ្ជាក់​ថា៖ «គម្រោង​នេះ​នឹង​ជួយ​ឲ្យស៊ីម៉ាក់​អាច​បោស​សំអាត​ផ្ទៃដី បាន​ចំនួន ៩២០​ហិកតា ដែល​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​ដោយផ្ទាល់​ចំនួន​៩៥០​គ្រួសារ និងមិន​ផ្ទាល់ ៥.០៤១គ្រួសារ» ។
ឯកឧត្តម ប្រាក់ សុខុន បាន​ថ្លែង​ថា គម្រោង​ដែលចុះ​ហត្ថលេខា​នៅពេល​នេះ គឺមាន​ន័យ យ៉ាងជ្រាល​ជ្រៅ​បំផុត​សម្រាប់​ពលរដ្ឋ​កម្ពុជា ពិសេស​អ្នកនៅ​ក្នុង​ខេត្ត​សៀមរាប និង​ឧត្តរមានជ័យ អាចរស់​នៅបាន​ដោយគ្មាន​ការភ័យ​ខ្លាចនិង​គ្មានគ្រោះ​ថ្នាក់ដោយ​សារគ្រាប់មីន ។
មាន​ប្រសាសន៍​ក្នុងពិធី​ចុះហត្ថលេខា​នេះដែរ ជាមួយ​នឹងការ​ទទួល​ស្គាល់​អំពីការ​យកចិត្ត​ទុកដាក់​ខ្ពស់​របស់រាជ​ រដ្ឋាភិបាល​កម្ពុជាក្នុ​ងការបោស​សំអាតមីន និង​យុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះ ដែលជា​កាក​សំណល់​នៃអតីតកាល​មួយ​ដ៏​អភ័ព្វ មាន​ទម្ងន់​យ៉ាង​ធ្ងន់ធ្ងរ​លើ​សន្តិភាព និង​សុភមង្គល​នៃ​ប្រជាជន​ក្នុង​តំបន់​ពាក់ព័ន្ធ ឯកឧត្តម ​វ៉ុលហ្កែង ម៉ូសឺរ ( Wolfgang Mosez ) បាន​មានប្រសាសន៍​ថា ឯកឧត្តម​មាន​មោទ​នភាព​ដោយ​ប្រទេស​អាល្លឺម៉ង់​កំពុង​តែរួម​វិភាគទាន​ជាមួយ​ នឹង​បណ្តាប្រ​ទេស​ជា​មិត្ត​ដទៃ​ទៀត​ក្នុងការ​ជួយ​កំចាត់​មីននៅ​ក្នុង​ប្រទេស ​កម្ពុជា ។
ចាប់ពីឆ្នាំ ១៩៩៩មក រដ្ឋាភិបាល​នៃសាធារណ​រដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ បាន​ផ្តល់​ថវិកា​ប្រមាណ​ជាង ១៥លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​សម្រាប់​គាំទ្រ​ការបោស​សំអាត​មីន​នៅ​ ក្នុង​ខេត្ត​សៀមរាប និង​ឧត្តរមាន​ជ័យ ។ តាម​របាយ​ការណ៍​របស់ស៊ី​ម៉ាក់ចេញ​ដើមខែ មករា ឆ្នាំនេះបាន​ឲ្យ​ដឹងថា ស៊ីម៉ាក់​បោស​សំអាត​បាន​ផ្ទៃដី ៣៨.៧៣៦ហិកតា បាន​រក​ឃើញ និង​បំផ្លាញ​ចោល​គ្រាប់មីន​ប្រឆាំង​មនុស្ស​ប្រមាណ ៤ម៉ឺន​គ្រាប់ និង​គ្រាប់មីន​ប្រឆាំង​នឹង​រថក្រោះ​ចំនួន ៦៦០គ្រាប់ និង​រកឃើញ​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ប្រមាណ​ជាង ១៧ម៉ឺនគ្រាប់ ។
សូម​បញ្ជាក់​ថា កាលពីខែ វិច្ឆិកា ឆ្នាំ ២០១១  ព្រះរាជា​ណា​ចក្រ​កម្ពុជា ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​បាន​រៀបចំ​ដោយ​ជោគ​ជ័យ នៅកិច្ច​ប្រជុំ​លើកទី​១១ នៃរដ្ឋភាគី​នៃអនុសញ្ញា​ហាម​ឃាត់​គ្រាប់​មីន​ប្រឆាំង​មនុស្ស ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ ៩០០នាក់ មក​ពីជា​ង ១៥០​ប្រទេស និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ទៀត ដែល​ជាឱកាស​សម្រាប់​កម្ពុជា ក៏ដូច​ជាប​ណ្តា​ប្រទេស​ដែល​ប៉ះពាល់​ដោយ​សារ​គ្រាប់​មីន បង្ហាញ​នូវ​ករណី​ប្រតិបត្តិកា​រមនុស្ស​ធម៌បោស​សំអាត​មីន​ក្នុង​កម្រិត​ អន្តរជាតិ និង​ផ្លាស់​ប្តូរបទ​ពិសោធន៍​ក្នុង​សកម្មភាព​កំចាត់មីន ដើម្បី​សម្រេច​នូវគោល​ដៅរួម​ក្នុង​ការធ្វើឲ្យ​ពិភពលោក​រួចផុតពី​ផលប៉ះ​ពាល់​ នៃ​គ្រាប់​មីន ៕