Friday, February 22, 2013

រាជ​រដ្ឋា​ភិបាល​​កម្ពុជា​​ស្វាគមន៍​ការ​ស្មុំ​កុមារ​កម្ពុជា​​យក​​ទៅ​​ចិញ្ចឹម​ក្នុង​នាម​​ជា​មនុស្ស​ធម៌

សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា ​ស្វាគមន៍​ចំពោះ​ការ​ស្មុំ​កុមារ​កម្ពុជា​យក​ទៅ​ចិញ្ចឹម​ដោយអំពើ​មនុស្សធម៌ ប៉ុន្តែ​មិនមែន​សម្រាប់​បម្រើ​ជា​ទាសករ និង​ដើម្បី​ផលប្រយោជន៍​អ្វី​នោះ​ឡើយ។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បែប​នេះនៅ​ក្នុង​ជំនួបសវនាការ​ជាមួយ​លោកជំទាវ Mary L.Landrieu សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក នៅវិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ នា​​ថ្ងៃទី២១ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា កម្ពុជា​ស្វាគមន៍​ណាស់​ចំពោះ​អ្នក​ដែល​ស្មុំ​កុមារ​យក​ទៅចិញ្ចឹម​ក្នុងនាម​ជា​មនុស្សធម៌ មានចិត្ត​ មាន​បេះដូង​មនុស្សធម៌ ដោយ​ចាត់​ទុក​កុមារ​ទាំងនោះ​ជា​កូនរបស់​ខ្លួន ផ្តល់​ឲ្យ​នូវ​អាហារូបត្ថម្ភ​ ផ្តល់​ឲ្យ​នូវ​ការ​សិក្សា​អប់រំ​ និង​ផ្តល់​នូវ​ការ​ថែទាំ​ត្រឹមត្រូវ។ ទន្ទឹមនេះ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍ថា ​កម្ពុជា​មិន​​អនុញ្ញាត​ទាំង​ស្រុង​​ឲ្យ​អ្នក​ដែល​ស្មុំ​កុមារ​យកទៅ​បម្រើ​ជា​ទាសករ ​សម្រាប់​គ្រួសារ​ខ្លួន ​ឬ​ធ្វើការ​ដើម្បី​ផល​ប្រយោជន៍​ដទៃ​ទៀត​នោះ​ទេ។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កម្ពុជា​បាន​ចាត់វិធាន​ការ​យ៉ាង​ហ្មត់​ចត់​តឹង​រ៉ឹង​ជាទី​បំផុត​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្មុំ​កុមារ​កម្ពុជា​យក​ទៅ​ចិញ្ចឹម​ ប៉ុន្តែ​មិន​មែនមានន័យថា កម្ពុជា​បិទ​មិន​ឲ្យ​មានការស្មុំ​កុមារ​យក​ទៅ​ចិញ្ចឹម​នោះ​ទេ។ ទាក់​ទង​ទៅនឹង​បញ្ហាស្មុំ​កុមារកម្ពុជា​យក​ទៅ​ចិញ្ចឹម​នេះដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ជម្រុញ​លោកជំទាវ Mary L.Landrieu ឲ្យបន្ត​ធ្វើកិច្ចពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា​ដែលមានការ​ពាក់ព័ន្ធ លើ​បញ្ហា​ស្មុំ​កុមារ​កម្ពុជា​យក​ទៅ​ចិញ្ចឹម ដោយ​សម្តេច​តេជោ​បានមាន​ប្រសាសន៍ឲ្យ​ដឹង​ថា ​កិច្ចការ​ទាំងនេះ ​សម្តេច​បាន​ប្រគល់​ឲ្យ​លោក​ជំទាវ​ ម៉ែន សំអន ឧបនាយក​រដ្ឋ​មន្ត្រី​ប្រចាំការ ឯកឧត្តម អ៊ិត សំហេង​ រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធ​ជន និង​យុវនីតិសម្បទា និង​ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា ជា​អ្នកទទួល​បន្ទុក។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បញ្ហា​កុមារ​កំព្រា​នៅ​ក្នុង​ព្រះរាជា ណា​ចក្រ​កម្ពុ​ជា​មាន​ការ​វិវត្តន៍​​ចាប់​តាំងពី​ជំនាន់ ប៉ុល ពត មក ដែល​ពេលនោះ​ម្តាយ ឪពុក​របស់​កុមារ​កំព្រា​ត្រូវ​បាន​សម្លាប់ ហើយ​បន្ទាប់មក​សង្គ្រាម​រហូត​ដល់​ឆ្នាំ១៩៩៨ និង​ក្រោយ​ពេល​ដែល​ប្រទេស​ជាតិ បាន​ទទួល​នូវ​សុខ​សន្តិភាព​ក្តី​ ក៏​កម្ពុជា​នៅ​តែ​មាន​កុមារ​កំព្រា​​ដោយ​សារ​មាន​ជំងឺ​ផ្សេងៗ​ ដូចជាជំងឺ​អេដស៍ គ្រោះថ្នាក់​ច​រា​ចរណ៍ ឬ​ដោយសារ​ឪពុក​ម្តាយ​រងគ្រោះ​ដោយ​គ្រាប់​មីន និង​យុទ្ធភ័ណ្ឌទាន់​ផ្ទុះ​ជាដើម។ សម្តេច​​តេ​ជោមាន​ប្រសាសន៍​​ថា ទោះជា​យ៉ាង​ណា​ក៏​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ​ផ្តល់​​ទីជម្រក តាមរយៈ​ការ​បង្កើត​ជា​មជ្ឈមណ្ឌល​កុមារ​កំព្រា​ជួយ​ដល់​កុមារ​កំព្រា​ទាំងអស់ ហើយ​ក៏​មាន​អង្គការ​មនុស្សធម៌​ជាច្រើន ក៏បាន​ជួយ​ដល់​កុមារ​កំព្រា ដោយ​បាន​ជួយ​ផ្តល់​នូវ​អាហារូបត្ថម្ភ ទីកន្លែង​ស្នាក់នៅ និង​ការ​សិក្សា​ជាដើម ដែល​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា​មាន​មោទនភាព​ណាស់ ដែល​កុមារបន្សល់​ពីរបប ប៉ុល ពត មក​ហើយ​​រហូត​មក​ដល់​ពេល​នេះ ​ក៏បាន​ទទួល​ការសិក្សា​ ទទួល​ការអប់រំ និង​ទទួល​បាន​ការងារ​ធ្វើ​ត្រឹមត្រូវ​។

ពាក់ព័ន្ធ​ជាមួយនឹង​កុមារ​កំព្រា​​ដែល​មាន​ភាព​ពិការ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​មានបាន​ប្រសាសន៍ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​ចាត់វិធានការ​ជួយ​ដល់​ពួកគេ ដោយមាន​កម្មវិធី​ទទួល​យក​ឲ្យ​បម្រើ​ការងារ​នៅ​ក្នុងវិស័យ​សាធារណៈ​ចំនួន ២% ហើយ​វិស័យ​ឯកជន​ចំនួន ១% ផង​ដែរ។ ​ដើម្បី​ជួយ​ដល់​វិស័យ​សុខុមាល​ភាព រាជរដ្ឋាភិបាល​ក៏បាន​ចាត់វិធានការ​ក្នុង​ការ​ផ្តល់​កម្ម​សិទ្ធិ​​ដីធ្លី​ជូន​ដល់​ប្រជាជន​កម្ពុជា ប្រ​ការ​នេះ​ជា​ផ្នែក​មួយ​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ ដែល​​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល។ សម្តេច​​តេ​ជោមាន​ប្រសាសន៍ថា នៅ​ក្នុង​កម្មវិធី​នេះ​ បញ្ហា​អាទិភាព ដែល​ររាជ​រដ្ឋា​ភិ​បាល​បាន​ដាក់​ចុះ​នោះ​ គឺ​ការ​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ទឹក មណ្ឌល​សុខភាព​ជាដើម ​នៅ​ក្នុង​តំបន់​តាំងទី​លំនៅ​ថ្មី​របស់​ប្រជាជន ដែល​បាន​ទទួល​ដី​ពី​រាជ​រដ្ឋាភិបាល។

ឯកឧត្តម​ អ៊ាង សុផល្លែត បាន​មាន​ប្រសាសន៍​​ឲ្យ​ដឹង​ថា លោកជំទាវ Mary L.Landrieu បាន​ជម្រាប​ជូនសម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី១ របស់​លោក​ជំទាវ​​ដែល​បាន​ដឹកនាំ​គណៈ​ប្រតិភូមកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​គោលដៅ​សំខាន់​ ​គឺ​ផ្តោត​​ការ​យក​ចិត្ត​ទុកដាក់​ទៅលើ​ច្បាប់ទទួល​កុមារ​ទៅ​ចិញ្ចឹម និង​បញ្ហា​សុខុមាល​ភាព​​របស់​កុមារ​ផង​ដែរ។ លោកលោកជំទាវ Mary L.Landrieu បានមានប្រសាសន៍​ឲ្យ​ដឹងថា ក្នុង​មួយ​ឆ្នាំ​សហរដ្ឋអាមេរិក ​បាន​ស្មុំ​កូនក្មេង​យក​ទៅ​ចិញ្ចឹម​ជុំវិញ​ពិភពលោក​ចំនួន ៥,៧ម៉ឺន​នាក់ ​ដែល​ក្មេងៗ​ទាំង​នោះ ​​គឺ​សុទ្ធតែ​បាន​ទទួល​​​នូវ​ការថែទាំ​ទាំង​ខាង​សុខុមាលភាព ទាំង​ខាង អប់រំ ហើយ​ស្វាមី​របស់​លោក​ជំទាវ​ ក៏​ជា​កូនចិញ្ចឹម​មកពី​អាយ​លេន​​នា​ពេល​កន្លងមក​ផង​ដែរ៕