Thursday, February 28, 2013

សម្តេច​​តេជោ​​ស្នើ​​ឲ្យ​​ក្រសួង​ធម្មការ​និង​​សាសនា​​ដាក់​​បញ្ចូល​​ធម្ម​ទេសនា​​ទៅ​ក្នុង​​ប្រព័ន្ធ​​អ៊ីន​ធើណេត



សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា នា​រសៀ​លថ្ងៃ​ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ បាន​ស្នើ​ឲ្យ​ក្រសួង​ក្រសួង​ធម្មការ ​និង​សាសនា ​ដាក់​បញ្ចូ​ល​កម្មវិធី​ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់​សង្គម​ ដែល​ក្រសួង​ជា​អ្នក​រៀប​ចំ​នា​ពេល​កន្លង​មក ហើយ​បាន និង​កំពុង​តែ​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​ពុទ្ធសាសនិក ​ក្មេង​ចាស់​ ប្រុស​ស្រីនា​ពេល​កន្លង​មក​ ​ទៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធើណេត ក៏​ដូច​ជាគេហទំព័រ ​You Tube ​ដែល​អាច​ឲ្យ​អ្នកទស្សនា​បើក​មើល​បាន​នៅ​តាម​តំបន់​ដែល​មាន​ប្រព័ន្ធ​អ៊ីនធើណេត​។ សម្តេច​តេ​ជោ​ថ្លែងថា បច្ចុប្បន្ន​នេះ​សកល​ភាវូប​នីយកម្ម និង​ការលូត​លាស់​ដ៏​ឆាប់​រហ័សនៃ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគ​ម​ន៍ បាន​នាំមក​នូវ​បញ្ហា​ប្រឈម​ជាច្រើន ចំពោះ​ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ និង វប្បធម៌​របស់​សង្គម​ខ្មែរ​យើង ដែល​ប្រកា​នេះ​យើង​ក៏​គួរតែ​ត្រូវ​ចេះ​ប្រើ​នូវ​បច្ចេកវិទ្យា​ព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​នូវ​ព្រះ​ធម្ម​វិញ​ដែរ។

នៅក្នុង​ពិធី​បិទ​អនុសំ​វច្ឆរ​មហាសន្និបាត​មន្ត្រី​សង្ឃ​លើក​ទី២១ នៅ​សាល​សន្និសីទ​ចតុមុខ កាល ពីថ្ងៃ​ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ផលិត​កម្មវិធី​ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់​សង្គម ដែល​បទ​ទេសនា​ត្រូវបាន​ផ្សព្វផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍​នាពេល​កន្លងមក ពិត​ជា​មាន​សារៈសំខាន់​ណាស់ ដោយ​វា​បានរួម​ចំណែក​ដើម្បី​ជួយ​ដល់​សង្គម​របស់​យើង។

សម្តេច​តេ​ជោនាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ពុទ្ធសាសនិក​ទាំងអស់​ពិតជា​មិនមាន​ពេល​វេលា​គ្រប់គ្រាន់​នៅក្នុង​ការ​តាម​ដាន​ស្តាប់​នូវ​កម្មវិធី​ធម្មទេសនា តាម​វិទ្យុ និង​ទូរទស្សន៍​នោះទេ ហើយ​នៅតាមតំបន់​មួយចំនួន​ក៏​មិនអាច​មើល​ទូរទស្សន៍ និង​ស្តាប់​វិទ្យុ​បានដែរ ប៉ុន្តែ​អាចមាន​ប្រព័ន្ធ​អ៊ីនធើណេត ​ដែលអាច​បើក​មើល​កម្មវិធី​ធម្មទេសនា​ផ្សារភ្ជាប់​នឹង​សង្គម​បាន។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​គាំទ្រ​សំណើ​របស់​ក្រសួង​ធម្មការ និង​សាសនា​ ដែល​សុំ​ឲ្យ មាន​ការ​សូត្រមន្ត​រំដោះគ្រោះ​នៅតាម​ទីកន្លែង ដែល​ឧស្សាហ៍​កើតមាន​គ្រោះថ្នាក់​ចរាចរ (ជើងកប) និង​សំណើ​សុំឲ្យ​ធ្វើការបោះពុម្ព​ទម្រង់​ព្រះភ័ក្ត្រ​ព្រះពុទ្ធ​បដិមា ដើម្បី​ឲ្យ​មានការ​ឯក​ភាព​គ្នា​ផងដែរ។ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​​ថា ការបោះពុម្ព​ទម្រង់​ព្រះភ័ក្ត្រ​ព្រះ​ពុទ្ធ​បដិមា​ ពិតជា​ការចាំបាច់​ណាស់ ព្រោះ​សម្រាប់​ប្រើប្រាស់​រយៈពេល​យូរអង្វែង​រហូតដល់​រាប់​រយឆ្នាំ​ទៀតផង។
ក្នុង​នាម​ជា​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ក្នុង​នាម​ជាពុទ្ធសាសនិក​មួយរូប សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​បិទ​អនុសំវច្ឆរ​មហាសន្និបាត​មន្ត្រី​សង្ឃ​លើក​ទី២១ ដោយ​បាន​ថ្វាយ ប្រគេន និងជូន​នូវ​អនុសាសន៍​ចំនួន ៩ចំណុច សម្រាប់​ទ្រទ្រង់​លើក​កម្ពស់​វិស័យ​ព្រះ​ពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ ​រួមមាន៖

ទី​១- គណៈសង្ឃ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួន​តាម​បញ្ញត្តិ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ ព្រះ​រាជា​ណាចក្រ​កម្ពុជា។ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ ដែល​មាន​ស្រាប់​ដូចជា ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ សង្ឃប្រកាស សារាចរ សេចក្តីសម្រេច និង ស​.​ជ​.ណ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី ក៏​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ផងដែរ ដើម្បីប្រែក្លាយ​ឲ្យ​ទៅជា​កម្លាំងចលករ​ដ៏​មាន​សារៈសំខាន់​ សម្រាប់​លើកស្ទួយ​ព្រះពុទ្ធសាសនា ឲ្យ​កាន់តែ​រឹងមាំ​ល្អ​ផូរផង់។

ទី​២- គណៈសង្ឃ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​សហការគ្នា​ឲ្យ​កាន់តែ​ល្អប្រសើរ​ទ្បើង តាម​ព្រះ​វិន័យ និងតាម​ឋានានុក្រម ដើម្បី​ពង្រឹង​នូវ​ការឯកភាព សាមគ្គីភាព ក្នុង​ស្ថាប័ន​ព្រះពុទ្ធសាសនា ជា​គំរូ​ល្អ​ដល់​ពុទ្ធបរិស័ទ និង​ចូលរួមចំណែក​ជួយ​ដល់​ការអប់រំ​សីលធម៌​ដល់​សង្គមជាតិ។

ទី​៣- ​គណៈសង្ឃគ្រប់​លំដាប់​ថ្នាក់ ​ត្រូវ​ប្រកាន់យក​កិច្ច​សហប្រតិបត្តិការ​ល្អ​ទ្បើង​ថែមទៀត ជា​មួយ​ក្រសួង​ធម្មការ និង​សាសនា​ក៏ដូចជា​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​-​ខេត្ត ដើម្បី​សហ​ការ​បំពេញ​ការ​ងារ​ឲ្យ​កាន់តែ​ទទួល​បាន​លទ្ធផល​ល្អ ប្រកបដោយ​ការយោគយល់​គ្នា និង​អធ្យា​ស្រ័យ​គ្នា​ល្អទៅវិញទៅមក។

ទី​៤- ​ក្រសួង​ធម្មការ និង​សាសនា និងគណៈសង្ឃ​នាយក ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​គុណ​ភាពសាលា​ពុទ្ធិកសិក្សា​គ្រប់​កម្រិត ឲ្យ​ក្លាយជា​ថ្នាល​បណ្តុះបណ្តាល​ព្រះធម៌ ភាសាបាលី សំស្ក្រឹត និង​ចំណេះ​ដឹង​ទូទៅ ជំនាញ​វិជ្ជាជីវៈ​មួយ​ដ៏​ប្រពៃ​នៅក្នុង​សង្គមជាតិ។

ទី​៥- ក្រសួង​ធម្មការ និង​សាសនា និងគណៈសង្ឃ​នាយក ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ពង្រីក ការ​ផ្សព្វផ្សាយ​ព្រះធម៌ តាមរយៈ​កម្មវិធី​នាទី​ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់​នឹង​សង្គម ដើម្បី​ជួយ​ដាស់​សតិអារម្មណ៍​ពុទ្ធបរិស័ទ​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ ប្រកាន់​សច្ចធម៌​ក្នុង​សង្គម​ចៀសវាង​ការ​ប្រព្រឹត្ត​អំពើ​បាប​អកុសល​គ្រប់​ប្រភេទ។

ទី​៦- ​ក្រសួង​ធម្មការ និសាសនា និង​គណៈ​សង្ឃនាយក​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត ក្នុង​ការបណ្តុះ​បណ្តាល​អាចារ្យ​-​ឤ​ចា​រិ​នី ​ស្តីពី​តួនាទី និង​ភារកិច្ច​ឤចារ្យ​ក្នុង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ដើម្បីលើកស្ទួយ​ការប្រតិបត្តិ​វប្បធម៌​ទំនៀមទម្លាប់ឲ្យបាន​ខ្ជាប់ខ្ជួន។

ទី​៧- ​ក្រសួងធម្មការ និង​សាសនា និង​គណៈ​សង្ឃនាយក ត្រូវ​យកចិត្តទុកដាក់​លើកកម្ពស់​ដល់​ការ​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​នូវ​រាល់​គម្ពី​តម្រា​ពិធី​កិច្ចសាសនា និង​សទ្ទានុក្រម​បាលី​-​ខ្មែរ ឲ្យ​កាន់​តែ​ច្រើន​ថែមទៀត ដើម្បី​ផ្សព្វ​ផ្សាយ​ឲ្យ​មាន​ការយល់​ដឹង និង​ជ្រួត​ជ្រាប​ទូលំទូ​លាយ។

ទី​៨- ​ព្រះ​ថេរានុត្ថេរៈ​សមណ​សិស្ស​-​និស្សិតគ្រប់​ព្រះអង្គ ​ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់ស្វា​ធ្យាយ រៀនសូត្រ​ព្រះធម៌ ព្រះ​វិន័យ ដើម្បី​ប្រតិបត្តិ​ឲ្យ​ស័ក្តិ​សមជា​ស្រែបុណ្យ​សម្រាប់​ជាទី​គោរព​សក្ការៈ​ដល់ពុទ្ធបរិស័ទ។

ទី​៩- ​ពុទ្ធបរិស័ទ​ទាំងអស់ ​ត្រូវ​បន្ត​រួបរួមសាមគ្គី​គ្នា​កសាង​សង្គម អភិរក្ស និង​អភិវឌ្ឍ​ព្រះពុទ្ធ សាសនា​ឲ្យបាន​ថ្កុំថ្កើង​រុងរឿង ដោយ​ចៀសវាង​ឲ្យ​ផុត​នូវ​ការប្រកាន់​បក្សពួក ដែល​ឤ​ច​ធ្វើឲ្យ​ពុទ្ធបរិស័ទ​បាត់បង់​ជំនឿ អាក់សទ្ធា​ជ្រះថ្លា និងឤច​ធ្វើឲ្យ​អាប់ឱន​ដល់​ព្រះពុទ្ធសាសនា​ទាំង​មូល។
ឯកឧត្តម មិន ឃិន រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ចាប់​តាំង​ពី​អំឡុង​សតវត្សរ៍ទី៣ ព្រះ​ពុទ្ធ​សាសនា ត្រូវ​បាន​ទទួល​នូវ​ការ​គោរព​បូ​ជា​ពី​ព្រះ​មហាក្សត្រ និង​ប្រជា​ជន រហូត​ដល់​ទទួល​បាន​ការ​លើក​កម្កើង​ជា​សាសនា​របស់​រដ្ឋ​ថែម​ទៀត។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​មាន​វត្ត​ចំនួន៤.៥៥៣​វត្ត និង​ព្រះ​សង្ឃ​ចំនួន​ប្រមាណ​ជា ៥៣.២៥៧អង្គ ក្នុង​នោះ​គណៈ​មហានិកាយ​មាន​ចំនួន​ ៤.៣៨០​វត្ត និង​មាន​ព្រះ​សង្ឃ​ចំនួន ៥១.៨៧២អង្គ និង​គណៈ​ធម្ម​យុត្តិ​កនិកាយ​មាន​ចំនួន ១៧៣​វត្ត និង​មាន​ព្រះ​សង្ឃ​ចំនួន ១.៣៨៥អង្គ។

កម្ពុជា​បាន​បណ្តុះ​បណ្តាល​ព្រះ​សង្ឃ​ ចាប់​តាំង​ពី​ថ្នាក់​ធម្ម​វិន័យ ថ្នាក់​ពុទ្ធិក​បឋម​សិក្សា​រហូត​ដល់​ថ្នាក់​ឧត្តម​សិក្សា និង​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា។ មក​ដល់​ពេល​នេះ កម្ពុជា​មាន​ពុទ្ធិក​ឧត្តម​សិក្សា​ចំនួន​៣ គឺ​ទី​១-ពុទ្ធិកសកល​វិទ្យាល័យព្រះ​សីហនុរាជា ទី​២-ពុទ្ធិកសកល​វិទ្យាល័យព្រះ​សីហមុនីរាជា និង​ទី​៣-ពុទ្ធិក​សកល​វិទ្យាល័យ​សម្តេច​អគ្គមហាសេនា​បតីតេជោ​ហ៊ុន​សែន កំពង់​ចាម និង​មាន​សាខា​ពុទ្ធិកសកល​វិទ្យាល័យ​ព្រះសីហនុរាជ​ចំនួន​២​ទៀត គឺ​ទី​១-ពុទ្ធិក​សកល​វិទ្យាល័យខេត្តកំពង់​ឆ្នាំង និង​ទី​២-ពុទ្ធិក​សកល​វិទ្យាល័យ​ខេត្ត​បាត់​ដំបង៕