Friday, February 15, 2013

សម្តេច​​តេជោ​​បកស្រាយ​​អំពី​​អព្ភួត​ហេតុ​​ដ៏អស្ចារ្យ​​ក្នុង​​ពិធី​​ថ្វាយ​​ព្រះភ្លើង ​ព្រះ​បរម​សព​ ព្រះបរមរតន​កោដ្ឋ



សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​អំពី​អព្ភូតហេតុ​ចម្លែក ដែល​បាន​កើត​ឡើង​ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើងចំពោះ​ ព្រះ​បរម​សព ព្រះ​បរម​រតន​កោដ្ឋ​​ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្ដម សីហនុ ព្រះ​មហា​វីរ​ក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ បូរណ​ភាព​ទឹកដី និង​ឯក​ភាព​ជាតិខ្មែរ ក្នុង​កាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី​នៃ​ពុទ្ធិ​ក​សកល​វិទ្យាល័យ​ព្រះ​សីហមុនីរាជា នៅវត្តស្វាយ​ពពែ ក្នុង​ខ័ណ្ឌ​ចំការមន ​រាជ​ធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

ការ​ទម្លាយ​ឲ្យ​ដឹង​អំពី​អព្ភូតហេតុ​នានា ដែល​បាន​កើត​ឡើង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ និង​ពិធី​ថ្វាយ​ព្រះភ្លើង ព្រះបរមរតនកោដ្ឋ ដែល​មាន​ព្រះរាជ​វត្តមាន​សម្តេច​ព្រះសង្ឃរាជ​ទាំង​ពីរគណៈ ជាសាក្សី ត្រូវ​បាន​សម្តេចតេជោ​នាយក​រដ្ឋមន្រ្តីពន្យល់​ថា ចៀស​វាង​មាន​ការ​បក​ស្រាយ​ខុស​ពី​ការ​ពិត ក៏ដូច​ជា​ពាក្យ​ចចាមអារ៉ាម​តាម​តុគុយទាវ តុកា​ហ្វេជាដើម។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា សូម​ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ ព្រះ​រាជទាន​ទោស​អំពី​ការ​បកស្រាយ ដែល​ទូលបង្គំ​ខ្ញុំ​មិន​អាច​​ចៀស​ផុត ដើម្បី​កុំ​ឲ្យ​ពាក្យ​ច​ចាម​អារ៉ាម​អាច​ទៅ​ផុតរហូត​ទៅដល់​មាន​ពាក្យ​ច​ចាម​អារ៉ាម​ខ្លះ​ថា មាន​ការ​ធ្វើ​កោសល្យវិច័យ​ដ៏​អាក្រក់​អា​ក្រី​នោះ។ សម្តេច​តេ​ជោ​ថ្លែង​ថា ខ្ញុំ​សូម​បញ្ជាក់​បញ្ហា​នេះ ហើយ​សូម​កុំ​ឲ្យ​មានការ​បក​ស្រាយ​ទៅជា​អ្វី​ផ្សេង​ពី​នេះ ដែល​អាច​បង្កើត​ជា​បញ្ហា ​ហើយ​រំខាន​ទៅដល់​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​របស់​ព្រះ​បរម​សព ព្រះ​បរម​រតន​កោដ្ឋ ហើយ​រឿង​នេះ​មិន​អាច​ឲ្យ​កើ​តទៅ​ផុត​ពី​ការគ្រប់គ្រង ហើយ​ផុត​ពី​រឿង​ពិត​បានទេ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ សូម​ព្រះ​រាជានុញ្ញាត​ពី​ព្រះករុណា​ ព្រះមហាក្សត្រ និងហ្លួង​ម៉ែ សូម​មេត្តា​ព្រះរាជទាន​ទោស ដែល​ទូលព្រះបង្គំ​ត្រូវ​មាន​ការ​ចាំបាច់ ដើម្បី​នឹង​ថ្លែង​ទៅកាន់​សាធារ​ណ​ជន ប្រជាពលរដ្ឋ​ ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ ឲ្យ​ជ្រាប​អំពី​ព្រឹត្តិ​ការណ៍​នៅ​ល្ងាច​នោះ ដែល​មិន​មែន​ជា​បញ្ហា​បច្ចេក​ទេស និង​ការ​បញ្ជា​មិន​ស៊ី​សង្វាក់​ទេ ប៉ុន្តែ​គឺជា​អព្ភូតហេតុដែល​ចេញ​មកពី​បុណ្យបារមី ​ព្រះ​បរម​រតន​កោដ្ឋ។

«អព្ភូតហេតុ ​បាន​ចាប់​ផ្តើម​ជា​ដំបូង​នៅ​ថ្ងៃទី១ ខែ​កុម្ភៈ ឆ្នាំ២០១៣ ​ដែល​ជា​ថ្ងៃ​ដង្ហែ​ព្រះ​សព​ ព្រះ​បរម​រតនកោដ្ឋ ចេញពី​ព្រះបរមរាជវាំង ខណៈ​ដែល​ក្បួន​អ្នក​កាន់​ទង់​បាន​ចាកចេញ​ផុត​ពី​ទ្វា​ជ័យ​ ហើយ​ចេះ​តែ​ធ្វើ​ដំណើរ​ទៅ​នៅ​ពេល​ដែល​ព្រះ​បរម​សព ​មិនទាន់​អាច​ដង្ហែ​ចាកចេញ​បាន ដែល​សម្តេច​តេ​ជោ​មាន​ប្រ​សាសន៍​ថា នេះ​ជា​អព្ភូតហេតុ​ពិតប្រាកដ ព្រោះ​មិនទាន់​ដល់​ម៉ោង​ព្រះករុណា ព្រះ​មហា​វីរក្សត្រ​ព្រះអង្គ មិន​ចេញ»

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​រៀបរាប់​ពី​អព្ភូតហេតុ​ដ៏​អស្ចារ្យ និង​ព្រឹត្តិការណ៍​ចេញពី​បារមី​របស់ព្រះ​បរម​សព ​នៅ​ពេល​ថ្វាយ​ព្រះ​ភ្លើង​យ៉ាង​ដូច្នេះ​ថា បន្ទាប់ពី​ទទួល​បាន​ទៀន​ដែល​មាន​ដង​ពី​ស​ម្តេច​ចៅ​ហ្វា​វាំង គង់ សំអុល សម្តេច​តេ​ជោ​បាន​លុត​ជង្គង់​ថ្វាយ​ទៀន​នោះ​ ចំពោះ​ព្រះករុណា​ ព្រះ​មហា​ក្សត្រ ដែល​គង់នៅ​ផ្នែក​ខាងឆ្វេង ហើយ​ទាំង​ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ​ បាន​ស្តេច​យាង​ទៅ​ចម្លង​ទៀន​ព្រះ​អគ្គី ដើម្បី​ជា​ការ​ថ្វាយ​ព្រះ​ភ្លើង ពេលនោះ​ហើយ​ដែល​សម្តេច​ព្រះ​សង្ឃរាជ​ទាំងពីរ​គណៈ​បាន​បង្សុកូល ហើយ​បា​គូ​បាន​ផ្លុំ​ស័ង្ខ ព្រោះ​ពេលនោះ​ទៀន​បាន​ឆេះ ២ថ្នាំងដៃ ហើយ​ទៀន​ចម្លង​នេះ​ក៏​ត្រូវ​ពន្លត់ ដោយ​សម្តេច​ចៅហ្វា​វាំង គង់ សំអុល ប៉ុន្តែ​មិន​នឹកស្មាន​សោះ​ថា ទៀន​នេះ​បាន​រលត់​ទៅ​វិញ។ លើក​ទី២ ទៀន​បាន​ចម្លង​សារ​ជាថ្មី បាន​ថ្វាយ​ព្រះ​ភ្លើង​ទៅ​ម្តង​ទៀត ទៀន​បាន​ឆេះ​ប្រហែល ៣ថ្នាំងដៃ ក៏​រលត់ទៅទៀត ដែល​នេះ​ជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ ហើយ​កាន់​តែ​ច្បាស់​ទៅទៀត​នេះ​ត្រូវ​ចាក់​អាល់កុល​ពី​ខាង​លើ​ប្រឆេះ​ រហូតដល់​ខាងក្រោម ហើយ​សម្តេច​ព្រះ​សង្ឃ​រាជ​ទាំងពីរ​គណៈ​ព្រះអង្គ​បាន​គង់នៅ​ទីនោះ ស្រាប់។ ថ្វាយ​ព្រះ​ភ្លើង​លើក​ទី៣ បាន​ឆេះ​ឡើង។ នៅ​ពេល​ដែល​ឆេះ​ឡើង​យ៉ាង​ដូច្នេះ ស្រាប់​តែ​បាន​ធ្លាក់​ទៅ​ខាង​ក្រោម​ដែល​មាន​អាល់កុល​នៅ​ទីនោះ​ ប៉ុន្តែ​បែរជា​រលត់​ឈឹង​ទៅវិញ។ នៅ​ពេល​នោះ​ព្រះ​ករុណា ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ​បាន​យាង​ទៅ​ខាង​ត្បូង ដោយ​បែរ​ព្រះភ័ក្ត្រ​ទៅ​ទិស​ខាងជើង ហើយ​និមន្ត​សម្តេច​ព្រះ​សង្ឃរាជ​ទាំងពីរ​គណៈ​មក និង​បាន​ដុត​ចម្លង​ទៀន​ដោយមាន​ជំនួយ​ពី​សម្តេចតេជោ​នាយករដ្ឋមន្ត្រី ដែល​នៅ​គ្រានោះ សម្តេច​ព្រះ​សង្ឃ​រាជ ទេព វង្ស មាន​ថេរ​ដីកា​ថា សម្តេច​ទាំង៣ តែ​ម្តង​ទៅ ប៉ុន្តែ​នៅ​ពេល​នោះ​មិន​ត្រឹមតែ​មិន​ទាន់​បាន​ថ្វាយ​ព្រះ​ភ្លើង​នោះ​ទេ ភ្លើង​ទៀន​នោះ​បាន​រលត់ភ្លឹប​តែម្តង។ នៅ​លើក​ទី៥ ដែល​ជា​លើក​ចុង​ក្រោយ​គឺ​ខ្ញុំ​បាន​សុំ​អធិដ្ឋាន​ព្រះករុណា​សុំព្រះរាជទានទោស​ចំពោះ​ព្រះ​បរម​សព។ ខ្ញុំ​តែ​ម្នាក់​ឯង​បាន​ចេញ​ត្រង់​ពី​ព្រះបាទ​ទៅ​ចំហៀង​ខាងឆ្វេង​ហើយ​បាន​ថ្វាយព្រះ​ភ្លើង​ឆេះ​តែម្តង»

សម្តេច​តេជោ​សែន មាន​ប្រសាសន៍​ថា ខ្ញុំ​គិត​ថា រឿង​ព្រះករុណា និង​ហ្លួង​ម៉ែ​ គឺ​ហាក់​ដូច​ជា​មាន​ប្រផ្នូល​មួយ​មិនធម្មតា នៅ​ត្រង់​ថា ឆេះ ២ថ្នាំងដៃ​រលត់ ឆេះ ៣ថ្នាំងដៃ​រលត់ ឆេះ​ខ្លាំង​ហើយ​ថែម​ទាំង​អាល់កុល ធ្លាក់​នៅ​ខាង​ក្រោម​មាន​ទាំង​អាល់កុល​បែរជា​រលត់។ ព្រះករុណា​ព្រះអង្គ​បាន​មាន​ព្រះរាជ​បន្ទូល ខ្ញុំ​ស្តាប់​ឮ​ច្បាស់​ណាស់ ពិត​មែន​តែ​ខ្ញុំ​យំ ហើយ​សម្តេច​ក្រុម​ព្រះ​ក៏​យំ​អោបដៃ​ខ្ញុំ ហើយ​ព្រះករុណា​ព្រះ​មហាក្សត្រ និង​ហ្លួង​ម៉ែ ទៅមុខ​បន្តិច​ទៅ​ក្រោយ​បន្តិច​«ទូល​បង្គំ​សូម​ព្រះ​រាជ​ទាន​ទោស ទូលបង្គំ​ធ្វើតាមព្រះរាជ​បណ្តាំ» ព្រះករុណា​ព្រះមហាក្សត្រ​មាន​ព្រះរាជ​បន្ទូល​យ៉ាង​ដូច្នេះ ហើយ​ហ្លួង​ម៉ែ​មាន​ព្រះរាជ​សវនី​យ៍​ថា «ខ្ញុំម្ចាស់​ធ្វើតាម​ព្រះរាជ​បណ្តាំ» បាន​សេចក្តី​ថា ព្រះអង្គ​ទាំង​ទ្វេរ​ គឺ​ហាក់​ដូច​ជា​មិន​ដាច់​ព្រះទ័យ នៅ​ក្នុង​ការ​ថ្វាយ​ព្រះ​ភ្លើង។ សម្តេច​តេ​ជោ​ថ្លែង​ថា ជា​ការ​ឆ្លើយតប​វិញ​ពី​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​នោះ​ បាន​ធ្វើ​ឲ្យព្រះ​អគ្គី​នេះ​ឆេះ​បានទេ។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ថ្លែង​បន្ត​ថា ចំពោះ​អព្ភូតហេតុ​សម្រាប់​សម្តេច​​ព្រះស​ង្ឃរាជ​ទាំង​ពីរ​គណៈ បូក​ជាមួយ​ខ្ញុំ​ទៅ​រលត់​ទៀន និង​ខ្ញុំ​ថ្វាយ​ព្រះ​ភ្លើង​ចុងក្រោយ​ដល់​ឆេះ​រហូត​មាន​ព្រះ​អដ្ឋិ អ្នក​ណា​បក​ស្រាយ​យ៉ាងណា​ក៏​បកស្រាយ​ចុះ ប៉ុន្តែ​ត្រង់​រឿង​ព្រះមហាក្សត្រ និង​ហ្លួង​ម៉ែ​ជាមួយ​នឹង​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ គឺ​ហាក់​ដូច​​ជា​មាន​ការ​ឆ្លង​ឆ្លើយ​គ្នា​នៅ​ពេល​នោះ ហើយ​ដែល​នេះ​ជា​ការ​បក​ស្រាយ​ជាក់លាក់​របស់ខ្ញុំ។ សម្តេច​តេ​ជោ​ថ្លែង​ថា ជា​លើក​ទី១ របស់ខ្ញុំ​ដែល​បាន​រើស​អដ្ឋិធាតុ ហើយ​អដ្ឋិ​ធាតុ​នេះ​ជា​ព្រះ​អដ្ឋិធាតុ ជា​លើកដំបូង​របស់ខ្ញុំ។ តើ​ជាតិ​មុន​បាន​កសាង​អ្វី​បាន​ជា​ភ្ជាប់​និស្ស័យ​យ៉ាង​ដូច្នេះ។ ឥឡូវ​ខ្ញុំ​ត្រូវ​ទទួល​តំណ​មរតក​ដើម្បី​ការពារ​រាជបល្ល័ង្ក ការពារ​ព្រះ​មហាក្សត្រ​ជា​បន្ត​ទៅ​ទៀត។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ដល់​ព្រះមហាក្សត្រ និង​សម្តេច​ព្រះមាតា ដែល​បាន​ប្រទាន​រាជ​សារ​កោត​សរសើរ ដល់​សម្តេច​ចំពោះ​ការ​រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ និង​ថ្វាយ​ព្រះភ្លើង។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​ពិធី​បុណ្យ និង​ថ្វាយ​ព្រះភ្លើង បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ គ្មាន​ឧប្បត្តិហេតុ​ណា​មួយ កើត​ឡើង​ធ្វើ​ឲ្យ​រង​គ្រោះ​ដល់​អាយុ​ជីវិត​នោះទេ។

សម្តេច​តេជោ​បាន​ថ្លែង​អំណរគុណ​ដល់ព្រះសង្ឃ ដល់​គ្រ​ប់ស្ថាប័ន​កម្លាំង​ប្រដាប់​អាវុធ អាជ្ញាធ​រ​ក្រោម​ជាតិ និង​ប្រជាពលរដ្ឋ​ទាំង​អស់ ដែល​បាន​ចូល​រួម​ធ្វើឲ្យ​ពិធី​នេះ ទទួល​បាន​ជោគជ័យ ដែល​ជាការ​លាគ្នា​ចុង​ក្រោយ​របស់​សម្តេចឪ។

សម្តេច​តេជោនាយក​រដ្ឋមន្រ្តី ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​ស្ថានីយ​ទូរទស្សន៍ វិទ្យុ ពិធីករ ពិធីការិនី ដែល​បាន​អនុវត្តន៍ និង​បំពេញ​ការងារ​របស់​ខ្លួន​យ៉ាង​ត្រឹម​ត្រូវ នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​នេះ។ ជា​មួយ​គ្នានេះ សម្តេច​ចៅហ្វាវាំង គង់ សំអុល ឧបនាយក​រដ្ឋមន្រ្តី​ព្រះ​បរមរាជវាំង ត្រូវ​បាន​សម្តេច​តេជោចាត់​ទុក​ថា ជា​អ្នក​ដែល​បានរៀបចំព្រះរាជ​ពិធីដង្ហែ និង​ថ្វាយ​ព្រះភ្លើង ព្រះបរមសព ព្រះ​បរមរតនកោដ្ឋ បាន​ល្អឥ​ត​ខ្ចោះ និង​យ៉ាង​លំអិត រួ​មទាំង​អ្នក​បច្ចេក​ទេស បាន​ធ្វើ​យ៉ាង​ល្អ។ សម្តេច​តេជោ​បញ្ជាក់​ថា បើ​មាន​តែ​សម្តេច អត់​ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី គង់ សំអុល និង​សហការី​របស់​ពួក​គាត់ ពិតជា​ពិបាក​សម្រេច​ហើយ។ សម្តេច​តេជោ ​មាន​ប្រ​សា​សន៍ឲ្យ​ដឹងថា សម្រាប់​ព្រះគង្គារ ដែល​ត្រូវ​លាង​ព្រះបរមសព ក៏ដូចជា​លាងអដ្ឋិ គឺត្រូវ​យក​ពីភ្នំគូលេន ដោយ​មាន​ការបួង​សួង និង​ធ្វើ​ពិធីយ៉ាង​ត្រឹមត្រូវ ដោយ​មិនយក​ទឹកទន្លេ ឬ​ទឹក​ក្បាលរ៉ូបីណេ​នោះ​ឡើយ ហើយ​ព្រះធរណី​វិញ ក៏​យក​ពី​ភ្នំគូលេន​ផង​ដែរ សម្រាប់​ក្រាល​ក្រោម​ព្រះ​បរម​សព។ សម្តេច​តេជោ​បាន​បញ្ជាក់​ថា ជា​រឿង​ឥត​ខ្ចោះ​ក្នុង​ការរៀបចំ​ព្រះរាជពិធី។

ទាក់​ទង​ទៅនឹង​សំណង់​ព្រះមេរុ សម្តេចតេជោ​នាយករដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​រុះ​រើ​ព្រះមេរុ នឹង​ធ្វើ​ឡើង​មិន​ឲ្យ​ឆ្លង​ផុត​ចូល​ឆ្នាំ​ខ្មែរ​នោះ​ឡើយ។ សម្តេច​តេជោ​បាន​រំលឹកថា ចំពោះ​ការ​គិត​គូរ​ទុក​ជាមុន​តាំង​ពី​ថ្ងៃ​ព្រះអង្គ​យា​ងសោយ​ព្រះ​ទិវង្គត បាន​ធ្វើ​ឡើង​យ៉ាង​ម៉ត់​ចត់ និង​មាន​ការ​គន់គូរ​ពី​ហោរាយ៉ាង​ត្រឹមត្រូវ ហើយ​ព្រះបរមសព​ត្រូវ​តម្កល់​ទុកមិន​ឲ្យតិច​ជាង​៣ខែ ហើយ​មិន​ឲ្យ​ឆ្លង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​ឆ្លងបុណ្យ​ចូលឆ្នាំ​ចិន​នោះ​ទេ។

សម្តេច​តេជោ​នាយករដ្ឋ​មន្រ្តី ក៏បាន​ថ្លែងអំណរ​អរព្រះគុណ​ចំពោះ​ព្រះសង្ឃ នៅ​ពេលនេះ ដែល​បាន​បញ្ជូន​និស្សិត​ចំនួន ២៥រូប ចុះ​ទៅ​វាស់​វែង​ដី​ធ្លីជូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ស្រប​គោល​នយោបាយចាស់ សកម្មភាព​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ ជាថ្មីម្ត​ង​ទៀត សម្តេច​តេជោ​បា​នថ្លែង​កោតសរសើរ​ចំពោះ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​វាស់​វែង​ដីធ្លី ដែល​មួយ​ចំនួន​បាន​វិល​ត្រឡប់​មក​វិញ និង​មួយ​ចំនួន​ទៀត​កំពុង​វាស់វែង​ដីធ្លី។ សម្តេចតេជោ​បាន​សុំឲ្យ​មាន​ការ​យោគ​យល់​ចំពោះកា​របំពេញ​បន្ថែម​នូវចំណេះ​ដឹង ដែល​ខ្វះចន្លោះ​ចំពោះ​ក្រុមនិស្សិត ដែលចុះ​ទៅវា​ស់​វែងដីធ្លី ហើយ​ពួកគេ​មិន​បាន​បំពេញ​គ្រប់​គ្រាន់​នូវការ​សិក្សា។

ក្នុង​ពិធី​សម្ភោធ​ពុទ្ធិក​សាកលវិទ្យា​ល័យ​សីហមុនី​រាជា ដែល​មាន​តម្លៃ​សរុប​ប្រមាណ​ជា​ជិត ៥០​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​នោះ​ថវិកា​ចំនួន ៨៥​ភាគរយ ត្រូវ​បាន​ផ្តល់​ដោយ​សម្តេច ​សម្រាប់ការ កសាង និង​ដាក់​ឲ្យ​ដំណើរការ​ពុទ្ធិក​សាកលវិទ្យាល័យ​សីហមុនី​រាជា សម្តេច​តេជោ​បា​ន​ប្រកាសផ្តល់​កុំព្យូទ័រ​៥០គ្រឿង ម៉ាស៊ីនស្កេន ម៉ាស៊ីនព្រីនធើ៥គ្រឿង ម៉ាស៊ីនថតចម្លង ៥គ្រឿង និង អិលស៊ីឌី ប្រជិកទ័រ ២០គ្រឿងផង​ដែរ៕