Monday, March 4, 2013

សម្តេច​​តេជោ​​ឧទ្ធិស​​ទិ​វា​វប្ប​ធម៌​​ជាតិ ​៣ មីនា​​លើក​​ទី​​១៥​ជូន​ដល់​​បុព្វ​បុរស​​ខ្មែរ



ក្នុង​កាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ការ​ប្រារព្ធ​ពិធី​អប​អរ​សាទរ​ទិវា​វប្បធម៌​ជាតិ ៣មីនា លើក​ទី១៥ នៅ​សាលសន្និសីទចតុមុ នា​ថ្ងៃ​ទី៣ ខែមីនា ឆ្នាំ២០១៣ ដែល​ប្រព្រឹត្តិ​ទៅ​ក្រោម​ប្រធាបទ "​អ្វីៗ​ទាំងអស់ ដើម្បី​វឌ្ឍនភាព​វប្បធម៌​ជាតិ​"​ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​ឧទ្ទិស​ទិវា​វប្បធម៌​ជាតិដ៏​មាន​អត្ថន័យ​ជា​ ប្រវត្តិសាស្ត្រ​នេះ ជូន​ដល់​បុព្វបុរស​ខ្មែរ​ ដែល​បាន​បន្សល់ទុក​នូវ​កេរដំណែល​វប្បធម៌​ដ៏​ច្រើន​លើសលប់សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។    

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែនមានប្រសាសន៍​ថា ខ្ញុំ​សូម​ឧទ្ទិស​ទិវា​វប្បធម៌​ជាតិ ៣មីនា លើក​ទី១៥ នេះ ​ជា​ថ្ងៃ​រម្លឹក​ដល់​គុណូបការៈ​បុព្វបុរស និង​ដូនតា​ខ្មែរ និង​សូមឲ្យ​ទិវា​នេះ​ស្ថិតនៅ​ជា​អមតៈ​ក្នុង​ដួង​ចិត្ដ​ប្រជាជន​យើង​គ្រប់រូប ប្រកបដោយ​មនសិការ​ចូលរួម​ថែរក្សា​ការពារ និង​លើកស្ទួយ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ឲ្យ​មាន​វឌ្ឍនភាព​ជានិច្ច​និរន្ត។ សម្តេច​តេ​ជោ​ថ្លែង​ថា រាជរដ្ឋាភិបាល​តែងតែ​គាំទ្រ​ដល់​ផែនការ​អភិរក្ស​ និង​អភិវឌ្ឍ​វិស័យ​វប្បធម៌​ ដោយ​បន្ត​លើក​ទឹក​ចិត្ដ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​អំពី​ផលិតផល​វប្បធម៌​ខ្មែរ​ដ៏​សម្បូណ៌​បែប ការអប់រំ​អំពី​វប្បធម៌ និង​សីលធម៌​ដ៏​ល្អ​ថ្លៃថ្លា​របស់​ជាតិ ការទប់ស្កាត់​ការ​ហូរចូលនៃ​វប្បធម៌​អវិជ្ជមាន​ពី​បរទេស ការ​លុប​បំបាត់​សកម្មភាព​មិនល្អ ក្នុង​ស្រទាប់​យុវជន និង​កុមារ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​វប្បធម៌ ​ប្រពៃណី ​និងទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់​របស់​ជាតិ ដែល​កិច្ចការ​ទាំង​អស់នេះ​ ពិតជា​បម្រើ​នូវ​ឧត្ដមប្រយោជន៍​របស់​ប្រទេស​ជាតិ និង​បាន​ឆ្លើយតប​ទៅ​នឹង​សំណូមពរ និង​សេចក្ដីត្រូវការ​ដ៏​ទទូច​របស់​ប្រជាជន ​និង​សង្គមជាតិ​ទាំងមូល​ផងដែរ

ទាក់​ទង​នឹង​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​លើ​វិស័យ​វប្បធម៌​ជាតិ សម្តេច​អគ្គ​មហាសេនា​បតី​តេ​ជោ​ ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​អនុសាសន៍​ចំនួន​ ៨ចំណុច ដែល​រួម​មាន៖
ទី​១-​ ត្រូវ​យកចិត្តទុកដាក់​អភិវឌ្ឍ​ធនធាន​មនុស្ស​លើ​វិស័យ​វប្បធម៌ និង​អភិវឌ្ឍ​សិល្បៈ​គ្រប់​ទម្រង់ ដោយ​ឈរ​លើ​មូលដ្ឋាន​អភិរក្ស មាន​គ្រឹះ​នៃ​វប្បធម៌​ខ្មែរ​បុរាណ ដែល​ជា​អត្តសញ្ញាណ ពណ៌សម្បុរ ក្បួនខ្នាត និង​ជា​ព្រលឹង​នៃ​វប្បធម៌​ជាតិ​យើង​។ ជារួមយើង​ត្រូវ​ដឹងថា ការបង្កើត​ស្នាដៃ​សិល្បៈ ដោយ​ខ្វះ​នូវ​ក្បួនខ្នាត គឺជា​ការ​បង្ខូច​នូវ​តម្លៃ និង​ព្រលឹង​នៃ​សិល្បៈ​វប្បធម៌​ជាតិ​។ ដូច្នេះ ចាំបាច់​ណាស់ ផលិតផល​សិល្បៈ ត្រូវតែ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ក្បួនខ្នាត និង​តម្លៃ​នៃ​វប្បធម៌​ជាតិ ដែល​ឆ្លុះបញ្ចាំង​ពី​អត្តសញ្ញាណ​កម្ម​នៃ​ជាតិ​សាសន៍​ខ្មែរ​ពិតៗ​។ ទន្ទឹមនេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវ​បន្ត​ផ្តល់​ការ​អប់រំ និង​ការផ្សព្វផ្សាយ​អំពី​គោលនយោបាយ​ជាតិ​លើ​វិស័យ​វប្បធម៌ ដោយ​ចាំបាច់​ត្រូវតែ​ធ្វើ​ឡើង​ឱ្យបាន​ទូលំទូលាយ ទាំង​នៅក្នុង​មជ្ឈដ្ឋាន​នៃ​ម្ចាស់​ផលិតកម្ម ទាំង​អ្នកនិពន្ធ អ្នកដឹកនាំ​រឿង អ្នក​បង្កើត​ស្នាដៃ​សិល្បៈ​មហាជន និងក្នុងចំណោម​សិល្បៈករ សិល្បៈការិនី​ទាំងអស់​របស់​យើង​។ ក្នុងនោះ យើង​ទាំងអស់គ្នា​ត្រូវ​មាន​ស្មារតី​ចងចាំ​ថា យើង​ធ្វើ​សិល្បៈ​ មិនមែនដើម្បី​ភាព​ស៊ីវិល័យ ភាពឆើតឆាយ និង​ភាព​អំនួត​ផ្ទាល់ខ្លួន​នោះទេ ប៉ុន្តែ​យើង​ធ្វើ​សិល្បៈ​ដើម្បី​បង្ហាញ​ពី​តម្លៃ​ប្រពៃណី វប្បធម៌ ភាពថ្លៃថ្នូរ និង​មោទនភាព​ជាតិ​ទាំងមូល​។

ទី​២- ​ត្រូវ​បង្កើត​ស្នាដៃ​ថ្មី តាមរយៈ​ការបញ្ចូល​វិធី​វិទ្យាសាស្ត្រ​បច្ចេកទេស ទៅ​ក្នុង​មធ្យោបាយ​ផលិត និង​ការសម្តែង​ដោយ​ឈរ​លើ​គ្រឹះ​វប្បធម៌​បុរាណ ស្រប​តាម​ទស្សនាទាន "​បុរាណ​មិនយឺត ទំនើប​មិន​បរទេស​" ក្នុង​គោលដៅ​ប្រើប្រាស់​ស្នាដៃ​ទាំងនេះ សម្រាប់​បម្រើ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ លើកកម្ពស់​ជីវភាព​រស់នៅ​របស់​សិល្បករ​។ ការបង្កើត​ស្នាដៃ​ថ្មី គឺជា​ការ​ចាំបាច់​មួយ ពី​ព្រោះ​យើង​ត្រូវ​ដឹងថា ភាព​សាំ គឺ​ជា​សត្រូវ​ស្លាប់​រស់ របស់​ទស្សនិកជន​។​

ទី​៣- ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ត្រូវ​យកចិត្តទុកដាក់​បើក​វគ្គ​អប់រំ និង​វិក្រឹតការ ដើម្បី​បង្កើន​សមត្ថភាព​យល់ដឹង​ដល់​អ្នកនិពន្ធ ព្រមទាំង​សិល្បករ​របស់​យើងទៅលើ​ទិដ្ឋភាព​ថ្មីៗ វិទ្យាសាស្ត្រ​បច្ចេកទេស​ថ្មី ខ្លឹមសារ​ថ្មី ដើម្បី​ទប់ស្កាត់​ការហូរចូល​នៃ​វប្បធម៌​អវិជ្ជមាន​ពី​ខាងក្រៅ បញ្ចៀស​ឱ្យបាន​នូវ​ភាព​លួច​ចម្លង​ស្នាដៃ​ពី​អ្នកដទៃ ដែល​ជា​បទល្មើស​កម្មសិទ្ធិ​បញ្ញា និង​ជា​កត្តា​នាំ​ឱ្យ​វិស័យ​សិល្បៈ​យើង​មិនឤ​ចរីក​ចម្រើន​បាន​ផង​ដែរ​។ ប្រាកដ​ណាស់ អ្នក​បង្កើត​ស្នាដៃ​ថ្មី​តែង​បាន​រៀនសូត្រ​ពី​អ្នក​ដទៃ តែ​គេ​ពុំគួរ​ចម្លង​ស្នាដៃ​អ្នក​ដទៃ​ដោយ​ល្ងិតល្ងង់ ឬ​ដកស្រង់​របស់គេ​ទាំងស្រុង​នោះ​ទេ​។ ក្នុងន័យនេះ យើង​សង្ឃឹមថា អ្នកនិពន្ធ អ្នកដឹកនាំ​រឿង សិល្បៈករ សិល្បៈការិនី​របស់​យើង នឹង​ដក​ស្រង់​យក​តែ​មេរៀន​ល្អៗ​របស់​អ្នកដទៃ​មក​ពិចារណា ហើយ​ចម្រាញ់​យក​ធ្វើ​ជា​ចំណេះដឹង​ខ្លួន ដើម្បី​បង្កើត​ស្នាដៃ​ថ្មីៗ​។

ទី​៤- ​បង្កើត​កម្មវិធី​ផ្លាស់ប្តូរ​ជំនាញ​ឯកទេស ការសិក្សា​ស្រាវជ្រាវ បង្កើន​កិច្ចសហប្រតិបត្តិការ ទាំង​ក្នុង​ថ្នាក់ជាតិ ថ្នាក់​តំបន់ និងអន្តរជាតិ ដើម្បី​ស្វែងរក​វិធាន​ការលើកកម្ពស់​ដល់​ការអភិវឌ្ឍ​វិស័យ​សិល្បៈ ឱ្យ​ប្រកបដោយ​ភាព​អប់រំ ដែល​សង្គម​ជាតិ​ទាំងមូល​ទទួលយកបាន និង​នៅក្នុង​វិធាន​មួយ​ធានា​បាន​ដល់​កិច្ចការពារ និង​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​ជាតិ ឱ្យ​បន្ត​មាន​អត្ថិភាព​ជានិច្ច​និរន្ត​តទៅ​អនាគត​។​

​ទី​៥- ​ត្រូវ​យកចិត្តទុកដាក់​បង្កើត​កម្មវិធី​ផ្ទេរ​ចំណេះដឹង ចំណេះ​ធ្វើ​ពី​មរតក​មនុស្ស​រស់ទៅ​ឱ្យ​យុវជន​ជំនាន់​ក្រោយ ដើម្បី​បន្តវេន​ថែរក្សា​ការពារ​បេតិកភណ្ឌ​វប្បធម៌ ឱ្យបាន​គង់វង្ស​តទៅ​អនាគត។ ក្នុងនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវ​យកចិត្តទុកដាក់ និងលើកទឹកចិត្ត​ដល់​វរ​សិល្បករ វរ​អ្នកនិពន្ធជាដើម ទៅ​ធ្វើ​បទឧទ្ទេស​អំពី​តម្លៃ​វប្បធម៌​ជាតិ នៅតាម​បណ្តា​គ្រឹះស្ថានសិក្សា ទាំង​កម្រិត​វិទ្យាល័យ និង​សកល​វិទ្យាល័យ​។

​ទី​៦- ​បន្ត​រៀបចំ​បើក​មហោស្រព​សិល្បៈ​មហាជន​ឱ្យបាន​ទៀងទាត់​តាម​ថ្នាក់​នីមួយៗ ទាំង​ថ្នាក់​មូលដ្ឋាន​ខេត្ត ថ្នាក់​ភូមិភាគ និង​ថ្នាក់​ជាតិ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​សិល្បករ បាន​ផ្លាស់ប្តូរ​បទពិសោធន៍ និង​រៀនសូត្រ​ពី​គ្នា​ទៅវិញទៅមក ទាំង​ការបង្កើត​ស្នាដៃ​ថ្មី ទាំង​ការសម្តែង ដែល​ជា​សមាសធាតុ​មួយ​ដ៏​សំខាន់ ក្នុង​ការលើកកម្ពស់​វឌ្ឍនភាព​វប្បធម៌​ជាតិ ឱ្យ​បាន​ប្រកបដោយ​ចីរភាព​។ ធ្វើដូច្នេះបាន យើង​ពិតជាឤ​ច​ប្រែក្លាយ​ក្រុមសិល្បៈម​ហាជនយើង​ឱ្យ​រួមចំណែក​ស្ថាបនា ការពារ ថែរក្សា និង​ផ្សព្វផ្សាយ​ពី​តម្លៃ​នៃ​វប្បធម៌​ជាតិ​របស់​យើង ជាមួយនឹង​គុណប្រយោជន៍​ដល់​ការអប់រំ​សីលធម៌​សង្គម បម្រើ​សេចក្តី​រីករាយ​ប្រកបដោយ​ភាពថ្លៃថ្នូរ ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច តាមរយៈការ​យក​សិល្បៈ​ចិញ្ចឹម​សិល្បៈ​។

​ទី​៧- ​បន្ត​យកចិត្តទុកដាក់​លើកកម្ពស់​ដល់​ការសិក្សា​ស្រាវជ្រាវ និង​ចងក្រង​រក្សាទុក​ឱ្យ​បាន​គង់វង្ស​នូវ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​គ្រប់​ប្រភេទ​។ ក្នុងនោះ ត្រូវ​ជំរុញ​ឱ្យ​មាន​ការចុះបញ្ជី​សារពើ​ភណ្ឌ និង​ធ្វើ​បច្ចុប្បន្នភាព​ជាប់​ជាប្រចាំ ដើម្បី​ឱ្យដឹងថា តើ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ប៉ុន្មានដែល​បាន​កើតឡើង និង​ប៉ុន្មាន​ទៀតដែល​បាន​ធ្លាក់ចុះ​។ ការរកឃើញ​លទ្ធផល​ទាំងនេះ ទើប​យើងឤ​ចរៀប​ចំ​ផែនការ​ទប់ស្កាត់ ថែរក្សា ការពារ និង​លើកស្ទួយ​ឱ្យមាន​ការរីកចម្រើន ប្រកបដោយ​ប្រសិទ្ធភាព​។​
​ទី​៨-​ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវ​បន្ត​យកចិត្តទុកដាក់​រៀបចំ​ចងក្រង​នូវ​បទដ្ឋាន​គតិយុត្តញក់​ព័ន្ធ​ទាំងឡាយ ដែល​ទាក់ទង​ដល់​ការគ្រប់គ្រង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ដូចជា អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​សិល្បៈ​ទស្សនីយភាព អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​សិល្បៈ​សិប្បកម្ម និង​សិល្បៈ​សូន​រូបជាដើម ដើម្បី​ធានាបាន​ដល់​ការលើកកម្ពស់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៃ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​យើង​។

ជាមួយ​នឹង​អនុសាសន៍​ទាំង​ ៨ចំណុច​ខាង​លើ នៅ​ក្នុង​ពិធីប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ថ្ងៃ​៣​មីនា លើក​ទី​១៥ នេះ​ដែរ សម្តេចតេជោនាយក​រដ្ឋមន្ត្រី បានប្រកាស​អំពាវនាវ​ជា​ចំហរ​ទៅកាន់​ម្ចាស់​ស្ថានីយទូរទស្សន៍ក្នុង​ស្រុក​ទាំង​អស់ ឲ្យជួយបង្កើត​ឲ្យមាន​ក​ម្ម​វិធី​ប្រលង​ចម្រៀង​ផ្នែក​បុរាណ បន្ថែម​លើ​កម្មវិធី​ប្រលងប្រជែង​ប្រុស​ស្អាត​ស្រី​ស្អាតផង​។

សម្តេចតេជោនាយក​រដ្ឋមន្ត្រីបាន​មានប្រសាសន៍ថា "​ប្រសិន​បើ​បណ្តា​ស្ថានីយ​ទូរទស្សន៍​ទាំងឡាយខិតខំអាច​នឹង​មាន​កម្មវិធី​ប្រលង​ចំរៀង​ខាង​ផ្នែក​បុរាណបាន​ខ្លះជា​ការល្អ ព្រោះ​ឥឡូវវា​ពេញនិយម ​ហើយខ្ញុំ​ទទួលស្គាល់ថា វា​ពេញនិយម​ហើយ ដែល​​អស់លោក​ប្រលង​បវរកញ្ញា ស្រី​ស្អាត ប្រុស​ស្អាត ឬ​ក៏​អា​បញ្ហា​ដទៃទៀត​។ ប៉ុន្តែ​យើងទាំងអស់គ្នាជា​ជនជាតិ​សាសន៍​មួយ ដែល​ចាំបាច់​ត្រូវ​មាន​មោទនភាព​ជាតិ ដែល​គួរតែបង្កើត​នូវ​កម្មវិធី​នៃ​ការប្រលងប្រជែងតាម​ទូរទស្សន៍​ច្រើនណាស់​។ គួរតែ​រក​នូវ​កម្ម​វិធី​ណាដែល​អាច​ប្រើប្រាស់​មួយ​ម៉ោង ឬ​ពីរ​ម៉ោងក្នុង​មួយអាទិត្យដើម្បី​ប្រលង​ប្រជែង​មួយឆ្នាំ ចាំ​ឲ្យ​វា​ជាប់ក៏​មិនយឺត​ពេល​ទេ​"​។

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចតេជោនាយក​រដ្ឋមន្ត្រីក៏​បាន​ថ្លែង​ទៅកាន់​ក្រុមហ៊ុន​នានា ដែលធ្លាប់​ធ្វើជា​អ្នក​ឧបត្ថម្ភ​កម្មវិធី​ទូរទស្សន៍​នោះ គឺ​ចូលរួម​ឧបត្ថម្ភ​កម្មវិធី​​ប្រលងប្រជែង​ចម្រៀងបុរាណ​នេះ​ផង ដើម្បី​ឲ្យ​សិល្បៈ​យើង​រីកចម្រើន​ទៅ​មុខ ព្រោះ​ក្រែងលោក្រុមហ៊ុន​ទូរទស្សន៍​ទាំងនោះ​ថា អត់​មាន​គេ​ឧបត្ថម្ភ​ផង តើ​ធ្វើ​ម៉េច​នឹង​បាន​បង្កើត​កម្មវិធី​ប្រលងប្រជែង​នោះបាន​។

សម្តេចតេជោ​នាយករដ្ឋមន្ត្រីបាន​គូសបញ្ជាក់ថា "​អីចឹង​ទេ សូម​អំពាវនាវ​ដល់​ក្រុមហ៊ុន​ទូរទស្សន៍​នានា​អើយ អាច​ប្រលង​ជា​ចម្រៀង​យី​កេ បាសាក់ មហោរី កំណាព្យ ស្អីៗ​តទៅទៀត​។ មាន​កន្លែង​ខ្លះ​ក៏​គេ​ធ្វើ​ដែរ​។ បាយ័ន វា​ទៅ​ផុត ចប់​ហើយ​។ ឥឡូវ​វា ( ទូរទស្សន៍​បាយ័ន ) ចប់​មួយ​វគ្គ​ហើយ វា​កំពុងតែ​ដាក់​បន្ត ព្រោះ​អា​នឹង​គេ​ដឹង​ហើយ​ថា កូនស្រី​លោក​ហ៊ុន​សែន អ្នក​កាន់ ហើយ​បើ​កាន់មិន​ធ្វើ​អា​នឹង​ទៀត អា​នឹង​វា​មិន​ចប់​។ អីចឹង​ទេ ខ្ញុំ​អំពាវនាវសូម​ស្នើ​ថា បណ្តា​ក្រុមហ៊ុន​ទូរទស្សន៍ គួរតែ​ប្រើប្រាស់​ឱកាស​។ ប៉ុន្តែ​នៅ​កន្លែង​ខ្លះ គេ​ក៏​នៅ​បន្ត ដូចជាខ្ញុំ​ឃើញ​ថា ទូរទស្សន៍អាស៊ីអាគ្នេយ៍ គេ​បង្ហាញ​ឈុត​ខ្លីៗ​របស់គេ ដោយ​គេ​មិន​បោះបង់​ចោរ​ទេ​។ តែ​ទូរទស្សន៍​នានា គួរ​ត្រូវ​បាន​លើកទឹកចិត្ត ហើយ​ក្រុមហ៊ុន​មួយចំនួន ដែល​តែងតែ​ឧបត្ថម្ភ​កម្មវិធី​វ៉ៃ​បុក ឬក៏​អារ​ញ៉ាក់រ​ញ័​មួយចំនួន ក៏​សូម​ឲ្យ​វា​មាន​ភាពស្មើគ្នា ឬ​ក៏​មិន​បាន​ស្មើភាព ក៏​សូមឲ្យ​បាន​ត្រឹម ៨០% នៃ​កម្មវិធី​ប្រុស​ស្អាត ស្រី​ស្អាត​នេះ ក៏​បាន​ដែរ​"​។​

សម្តេច​តេជោនាយករដ្ឋមន្ត្រី​ ក៏​បាន​ធ្វើ​ការ​បក​ស្រាយ​អំពី​ទស្សនៈ​ជ្រុល​និយម​របស់​ក្រុម​ប្រឆាំង ដែល​សម្តេច​ចាត់​ទុក​ថា ជា​ក្រុម​នៃ​បក្ស​សម្ព័ន្ធ​ណាតូ (NATO) ប៉ុន្តែ​ NATO ក្នុង​ពេល​នេះ មិនមែន​ជា​ខ្លឹមសារ​ពិត​របស់​កងទ័ព NATO ដែល​មកពី​ពាក្យ​ផ្លូវការ​គេ​ថា អង្គការ​សន្ធិសញ្ញា​អា​តា​ឡង់​តិច​ខាងជើង​នោះឡើយ​ គឺ​ជា​ក្រុមដែលបាន​តែ​និយាយ អត់​ធ្វើការ "No Action Talk Only" ដែល​បាន​និយាយ​ដោយ​ភ្លេច​គិត​លក្ខណៈ​ពិសេស​របស់​ប្រទេសកម្ពុជា ហើយ​ទៅ​ប្រៀ​ប​ធៀប​ជាមួយ​នឹង​ប្រទេស​ដទៃ

សម្តេចតេជោនាយក​រដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍ថា "​មាន​មនុស្ស​ម្នាក់​គេ​ថា ចាំបាច់​យក​កម្ពុជា​បច្ចុប្បន្ន ទៅ​ប្រៀបធៀប​ជាមួយ​អាពត​ធ្វើ​អី​? ហើយ​ដូចជា​ឥឡូវ ( មនុស្ស​ម្នាក់​នោះ ) ចាប់ផ្តើម​ទទួលស្គាល់ថា អា​ពត​សម្លាប់​មនុស្ស​ស្អីៗ​។ តែ​ថា កម្ពុជា​ត្រូវ​កុំ​យក​កម្ពុជា​បច្ចុប្បន្នទៅ​ប្រៀបធៀប​ជាមួយ​ជំនាន់​អាពត​។ ត្រូវ​យក​កម្ពុជា​បច្ចុប្បន្ន ទៅ​ប្រៀបធៀប​ជាមួយ​ប្រទេស​ជិតខាង​។ ខ្ញុំ​ថា អុ​ញ​! ឥឡូវនេះ កុំថាឡើយ យក​ប្រទេសមួយ​ទៅ​ប្រៀបធៀប​ជាមួយ​ប្រទេស​មួយ គ្រួសារ​មួយ និង​គ្រួសារ​មួយ ក៏​មិន​អាច​ទៅ​ប្រៀបធៀប​ជាមួយគ្នា​បាន​ដែរ​។ ខ្ញុំ​ជាមួយ​បង ហ៊ឹម ឆែម ( រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បះ ) ក៏​មិន​អាច​ប្រៀបធៀប​គ្នា​បានដែរ ព្រោះ​អី​? ព្រោះ​ខ្ញុំ​អត់​មាន​ក្បាល​ឆក​ផង​...​។ អីចឹង​ឲ្យ​ប្រៀបធៀប​យ៉ាងម៉េច​?"​

សម្តេចតេជោនាយក​រដ្ឋមន្ត្រីក៏​បាន​គូសបញ្ជាក់ថា "​កាន់តែ​ប្រៀបធៀប​គ្នា​លែងកើត វៀតណាម ឡាវ និង​ថៃ គេ​មាន​របប​ប្រល័យពូជសាសន៍​ទេ​?... អីចឹង​កម្ពុជា មិន​អាច​ទៅ​ប្រៀបធៀប​ជាមួយនឹង​នរណា​បានទេ​"​។​

សម្តេចតេជោ​នាយក​រដ្ឋមន្ត្រីក៏​បាន​រម្លឹក​ពី​បទ​សម្ភាសន៍​របស់​សម្តេច ជាមួយនឹង​អ្នកកាសែត​បរទេសដែល​បាន​ចោទសួរ​អំពី​កំណែ​ទម្រង់​ដែលបានដាក់ចេញ​សម្រាប់​កម្ពុជា កាលពី​ឆ្នាំ​១៩៨៨ថា តើ​នយោបាយ​របស់​សម្តេច យក​លំនាំ​តាម​មេដឹកនាំ​ផ្តាច់ការ​របស់​ប្រទេស​កុម្មុយនីស្ត​មួយចំនួន ដូចជាគុយបា និង​សូ​វៀត យ៉ាងដូចម្តេច​?​

សម្តេចតេជោ​នាយករដ្ឋមន្ត្រីបានមាន​ប្រសាសន៍​ឲ្យ​ដឹង​​ថា "​ខ្ញុំ​ថា អត់​ទេ​។ ខ្ញុំ​ត្រូវការ​កាត់​មួក តម្រូវ​ក្បាល​។ កាច់​ស្បែកជើង តម្រូវ​ជើង​។ ខ្ញុំ​អត់​កាត់​ក្បាល​ខ្ញុំ តម្រូវ​មួក ហើយ​ក៏​អត់​កាត់​ជើង​ខ្ញុំ តម្រូវ​ស្បែកជើង​ដែរ ព្រោះ​អី​ស្ថានភាព​របស់​ខ្ញុំ អត់​ដូច​សូ​វៀត​ឯណា​? ខ្ញុំ​ចាប់ផ្តើម​ពី​បាតដៃ​ទទេរ​មក ហើយ​ធ្វើ​កំណែទម្រង់​ដីធ្លី កំណែទម្រង់​នេះ កំណែទម្រង់​នោះ ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៃ​ប្រទេស​របស់​ខ្ញុំ​"​