Friday, March 1, 2013

ឯកអគ្គ​រាជ​​ទូត​​អង់​គ្លេស​​កត់​​សម្គាល់​​ពីការ​​រីក​​ចម្រើន​​របស់​​កម្ពុជា​លើ​​វិស័យ​​ទេសចរណ៍ ពាណិជ្ជកម្ម​ និង​​ការ​​វិនិយោគ

ឯកឧត្តម ម៉ាក ហ្គោឌីង (Mark Gooding) ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ ប្រចាំ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា នៅ​ក្នុងឱកាសចូល​ជួប​សម្តែង​ការគួរ​សម​ និង​ពិភាក្សា​ការងារ​ ជាមួយ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ២០១៣ បាន​មាន​ប្រសាសន៍កត់​សម្គាល់​អំពីការរីក​ចម្រើននូវ​កិច្ច​សហ​ប្រតិ​បត្តិ​កា​​រ​រវាង​ប្រទេស​ទាំង​ពីរ (ចក្រភពអង់គ្លេស-កម្ពុជា) និងការ​អភិវឌ្ឍនរីក​ចម្រើន​យ៉ាង​ពិត​ប្រាកដ​នៅក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា ជាពិសេស​លើ​វិស័យ​ទេសចរណ៍ វិស័យ​ពាណិជ្ជ​កម្ម​ និងការ​វិនិ​យោគ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា ឯកឧត្តម ម៉ាក ហ្គោឌីង (Mark Gooding) បាន​មាន​ប្រសាសន៍ថា ឯកឧត្តម​មានការ​រីក​រាយ​យ៉ាង​ខ្លាំង​ជាមួយ​នឹងកិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​ប្រទេស​កម្ពុជា រយៈពេល ១៨ខែ​កន្លង​មក​នេះ ក្នុង​ពេល​ឯកឧត្តម​បាន​បំពេញ​បេសកកម្ម​ការទូត​នៅ​កម្ពុជា។ ឯកឧត្តម ម៉ាក ហ្គោឌីង ​បាន​មើលឃើញ​ពី​ការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ពិត​ប្រាកដនៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​លើ​វិស័យ​ទេសចរណ៍ ដោយ​មាន​ភ្ញៀវ​ទេសចរមកពីចក្រ​ភព​អង់គ្លេស​ជា​ច្រើនបាន​មក​កាន់​កម្ពុជា។ ទាក់ទងការ​រីក​ចម្រើន​លើ​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ ឯកឧត្តមឯកអគ្គរាជទូត​បាន​កត់​សម្គាល់​ថា នៅ​ក្នុង​ឆ្នាំ២០១២​កន្លងមក ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ បាន​កើន​ឡើង​ប្រមាណជា ២៨ភាគរយ ដែលមាន​ទឹកប្រាក់​ចំនួន​ប្រមាណ ៧៥០លាន​ដុល្លារ​អាមេ​រិក។ នៅលើវិស័យ​អប់រំ ឯកឧត្តម ម៉ាក ហ្គោឌីង បាន​មានប្រសាសន៍ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៣​នេះ ចក្រភព​អង់​គ្លេស​នឹង​បើកសមាគម​និស្សិត​ទៅ​សិក្សា​នៅ​ចក្រភព​អង់គ្លេស។ ពាក់​ព័ន្ធ​ទៅ​នឹង​សាលា​ក្តី​ខ្មែរ​ក្រហម ចក្រភព​អង់គ្លេ​ស​នឹង​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់ចំនួន ២លាន ២​សែន​ដុល្លារ​អា​មេរិក សម្រាប់​ការ​កាត់​ទោសអតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​បន្ថែម​ទៀត។ បើ​គិត​រហូត​មក​ដល់​ពេល​នេះ ​អង់គ្លេស​បានជួយ​ដល់​សាលាក្តី​ខ្មែរក្រហម មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ១០​លាន​ដុល្លារ​អាមេរិក។

ឯកឧត្តម ម៉ាក ហ្គោឌីង បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ឯកឧត្តម​បាន​ឃើញ​ដោយ​​​ផ្ទាល់នូវ​ការអភិវឌ្ឍរីកចម្រើន​ ដូច​ជា ផ្លូវ​ថ្នល់ មជ្ឈមណ្ឌល​សុខ​ភាព សាលា​រៀន។ នៅ​ក្នុង​ខេត្តក្រចេះ ស្ទឹង​ត្រែង មណ្ឌលគីរី រតនគីរី ដែល​ឯកឧត្តម​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ទាំង​អស់​នោះដោយ​ផ្ទាល់នា​ពេល​កន្លង​មក។ ​ជា​មួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ក៏បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​ខ្លាំងបំផុត ​ចំពោះ​ដំណើរការ​កម្ម​វិធី​បែងចែក​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ (គោល​នយោបាយ​ចាស់ សកម្មភាពថ្មី) ដោយ​ឯកឧត្តម​ឯកអគ្គរាជទូតចាត់​ទុក​ថា ​កម្មវិធី​នេះ​ពិតជា​ជួយ​ដល់ការ​អភិវឌ្ឍ​កម្ពុជា។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​ថ្លែង​អំណរគុណ ចំពោះ​ឯកឧត្តម ឯកអគ្គ​រាជ​ទូត​ចក្រ​ភព​អង់​គ្លេស ហើយ​បាន​សម្តែង​នូវ​ការពេញចិត្ត​ជាមួយ​នឹង​ការ​រីក​ចម្រើន និង​ការ​កើន​ឡើង​នូវ​ទំហំ​ពាណិជ្ជកម្ម ទេសចរណ៍ រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ថា នេះ​គឺជា​ការ​បង្ហាញ​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អរវាង​ប្រទេស​ទាំងពីរ ដោយ​សម្តេច​មាន​ក្តី​សង្ឃឹមថា ​ចំនួន​វិនិយោគិន​របស់​ចក្រភព​អង់គ្លេស​នឹង​កើនឡើង​ផង​ដែរ។ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ឲ្យ​ដឹង​ថា ការ​បើក​ការិយា​ល័យ​ពាណិជ្ជកម្ម និង​វិនិ​យោគ​នៅ​ស្ថាន​ទូត​ចក្រភព​អង់គ្លេស គឺ​ពិតជា​លើកស្ទួយ និង​ជម្រុញជំនឿ​ទុកចិត្ត​របស់​ទេស​ចរណ៍ និង​វិនិយោគ​ចក្រភព​អង់គ្លេស​មក​កាន់​កម្ពុជា។ ទន្ទឹម​នេះសម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ក៏បាន​សម្តែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ត្រៀម​បើក​នូវ​សមាគម​និស្សិត​ទៅ​សិក្សា ​នៅ​ចក្រ​ភព​អង់គ្លេស​នៅ​កម្ពុជា ដែលនេះ​ គឺជា​ការ​ចាប់ផ្តើម និង​មាន​សារសំខាន់​ណាស់​សម្រាប់​ទំនាក់​ទំនងរវាង​យុវជន និង​យុវជន នៃ​ប្រទេស​ទាំងពីរ។

ទាក់​ទង​ទៅនឹង​វិស័យ​ទេសចរណ៍ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា កំណើ​ន​ទេសចរ​របស់​ចក្រភព​អង់គ្លេស ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​ជម្រុញ​នូវ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។ សម្តេច​តេជោ​​ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​រាជ​រដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស ដែល​បាន​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​សុខាភិបាល ការ​ចូល​រួម​ចំណែក​ក្នុង​ការ​ផ្តល់​ថវិកា សម្រាប់​ការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ដោយ​សម្តេច​តេជោបាន​ឯកភាព​ជាមួយ​ឯកឧត្តម​ឯកអគ្គរាជទូត​អង់គ្លេស​ចំពោះ​ការ​ព្រួយ​បារម្ភ​អំពីវ័យ​ចំណាស់​របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម ក៏ដូចជា​ក្តីបារម្ភ​ចំពោះ​បញ្ហា​ថវិកា​សម្រាប់​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ផង​ដែរ។

ពាក់​ព័ន្ធ​ទៅនឹង​ការ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ជូន​ដល់​ប្រជាជន សម្តេច​តេជោ​នាយករដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍​បញ្ជាក់​ថា កម្មសិទ្ធិ​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ទេ ត្រូវ​មាន​ការ​យកចិត្ត​ទុកដាក់​ទៅលើ​បញ្ហា៤ទៀត ដែល​ក្នុង​នោះ មានការ​ផ្តល់​ជូន​ប្រជាជន​ដែល​ប្តូរ​ទីលំនៅ​ថ្មី ភូមិ​ថ្មី នូវ​ផ្លូវថ្នល់ ដើម្បី​ធ្វើដំណើរ​ទៅវិញ​ទៅមក​ត​ភ្ជាប់​ជា​មួយ​ភូមិ និង​ផ្លូវជាតិ។ ការ​ផ្តល់​ជូន​នូវ​មណ្ឌល​សុខភាព និង​វិស័យ​អប់រំ​ដែល​ជា​កត្តា​ចាំបាច់។ ក្នុង​ករណី​នេះ សម្តេច​តេជោ​ក៏បាន​ស្នើ​ឲ្យ​ចក្រភព​អង់​គ្លេស​បន្ត​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​ដែល​អាច​ជួយ​បាន​ផង​ដែរ៕