Monday, April 29, 2013

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយ​ក​រដ្ឋមន្រ្តី ក្នុង​ពិធី​ជប់​លៀង​អបអរ​ខួប​លើក​ទី១៥ នៃការ​បង្កើត «សមាគម​អាណិក​ជន និង​ធុរកិច្ច ចិន ហុង​កុង និងម៉ាកាវ នៅ​កម្ពុជា»

សណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣
-    ឯកឧត្តម Pan Guangxue  ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា
-    លោកឧកញ៉ា Yum Sui Sang ប្រធានសមាគមអាណិកជន និងធុរកិច្ច ចិន ហុងកុង និងម៉ាកាវ នៅកម្ពុជា
-    ឯកឧត្តម​ លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ជាទីមេត្រី!

ខ្ញុំនិងភរិយាខ្ញុំមានក្តីសោមនស្សរីករាយចូលរួមជាមួយ ឯកឧត្តម​ លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ក្នុងពិធីជប់លៀងអបអរខួបលើកទី១៥ នៃការបង្កើត «សមាគមអាណិកជន និង ធុរកិច្ច ចិន ហុងកុង និងម៉ាកាវ​ នៅកម្ពុជា» នាពេលនេះ។ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងថ្លែង អំណរគុណចំពោះសមាគម ដែលក្នុងរយៈពេល១៥ឆ្នាំកន្លងមក បានខិតខំជួយផ្សព្វផ្សាយដល់​សហគមន៍ ធុរកិច្ចក្នុងទីក្រុងហុងកុង និងម៉ាកាវ បានយល់ដឹងជ្រួតជ្រាបអំពីកាលានុវត្តភាព និងសក្តានុពលភាពនៃ​ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ព្រមទាំងជួយសម្របសម្រួលដល់ការធ្វើធុរកិច្ច ក៏ដូចជាសកម្មភាព ពាណិជ្ជកម្ម​នៅក្នុងប្រទេសកម្ពុជារបស់វិនិយោគិនមកពីទីក្រុងហុងកុង និងទីក្រុងម៉ាកាវ។

នៅក្នុងរយៈពេល១៥ឆ្នាំមកនេះ ជាមួយនឹងសមាជិករបស់ខ្លួនជាង៧០ ក្រុមហ៊ុន​ដែល​ភាគច្រើន​​មកពីវិស័យផ្សេងៗដូចជា វាយនភណ្ឌ ឪសថ ដឹកជញ្ជូន ផលិតផលក្រដាស គីមី ប្លាស្ទិក គ្រឿងចក្រ សមាគមអាណិកជន និងធុរកិច្ច ចិន ហុងកុង និងម៉ាកាវ​នៅកម្ពុជា ពិតជាបានចូលរួម​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ដែលវិស័យនេះបាន​រួមចំណែក​ដ៏ធំធេង​​​​​ដល់​ការអភិវឌ្ឍ​​​សេដ្ឋកិច្ច។ ការខិតខំជួយការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សមាជិកសមាគម ការផ្តល់​ព័ត៌មាន​អំពីច្បាប់ បទប្បញ្ញត្តិ គោលនយោបាយ បរិយាកាសវិនិយោគ និងលក្ខខណ្ឌរស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដល់វិនិយោគិនមកពីហុងកុង​ និងម៉ាកាវ ព្រមទាំងការជួយដោះស្រាយបញ្ហាផ្សេងៗ​របស់​​សមាជិក គឺជាបេសកកម្មដ៏ចម្បងដែលគាំទ្រដល់ការធ្វើធុរកិច្ចរបស់សមាជិកសមាគម​នៅក្នុង​ប្រទេស​កម្ពុជា។

លើសពីនេះ ការចូលរួមចំណែកដ៏ថ្លៃថ្លារបស់សមាគម ក្នុងការថែរក្សា និងលើកកម្ពស់មិត្តភាពជា​​ប្រពៃណីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន​ ឆ្លុះបញ្ចាំងឱ្យឃើញថា​សមា​គម​​បាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជននៃប្រទេស​ទាំងពីរ។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​បំផុត​ជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែបានផ្តល់កិច្ចសហ​ប្រតិបត្តិការ និងជួយឧបត្ថម្ភគាំទ្រជារៀងរហូតមក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។

ក្នុងពិធីជប់លៀងដ៏ឱឡារិកនេះ ខ្ញុំសូមអញ្ជើញឯកឧត្តម​ លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី លើកកែវឡើង ដើម្បី ៖

អបអរសាទរចំពោះមិត្តភាពជាប្រពៃណី និងយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន។ សូមឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំ ពី​មួយជំនាន់ទៅមួយជំនាន់។

សូមជូនពរសមាគមអាណិកជន និងធុរកិច្ច ចិន ហុងកុង និងម៉ាកាវ នៅកម្ពុជា ឱ្យបន្ត បេសកកម្មដ៏មានអត្ថន័យរបស់ខ្លួន ទទួលបានជោគជ័យត្រចះត្រចង់បន្ថែមទៀត។

សូមជូនពរ ឯកឧត្តម​ លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ សូមមានសុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងទទួលបានជោគជ័យ លើគ្រប់ភារកិច្ច។

សូមអរគុណ!