Wednesday, May 15, 2013

សម្ភាស​ន៍​ លោក​​បណ្ឌិត​ ឈឹម ផលវរុណ ប្រធាន​​វិទ្យា​ស្ថាន​ ពលរដ្ឋ​វិជ្ជា​ ជាមួយ​ទូរទស្ស​ន៍​ បាយ័ន ស្តីពី​ ចរឹត​​មិន​​​ស្រប​​គ្នា​​​រវាង សម រង្ស៊ី និង​ កឹម សុខា


ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៣​​
លោក សត្យា រក្ស​
សំណួរ​​ ៖  ​ពេលនេះ គឺជាពេលមួយដែលកម្មវិធីរបស់យើង ត្រូវតែបង្ហាញ​ទៅ​ដល់​ជន​រួមជាតិ​ ដើម្បីឆ្លុះ​បញ្ចាំងនូវមាយាថ​ ក៏ដូចជាសកម្មភាពដែលមិនទទួលខុសត្រូវ​របស់​គណបក្ស​ប្រឆាំង​នៅកម្ពុជា​ ដែលសូម្បីតែសម្ដី​របស់​ខ្លួន ក៏ខ្លួនមិនបានគោរព​ដែរ។ ប៉ុន្ដែ​ពេល​នេះ បែរជា កឹម សុខា និង សម រង្ស៊ី ដើរសន្យាទៅដល់កម្មករ ដើរសន្យាទៅដល់មន្ដ្រីរាជការ រួម​ជាមួយ​និង​ការ​​សន្យាទៅដល់​ចាស់ទុំ​ទៅទៀត សុទ្ធតែ ៤ ម៉ឺន អីជាដើម។
 
តើ សម្ដីដែល​ កឹម សុខា និង សម រង្ស៊ី និយាយពីមុនមកនោះ ​គាត់បាន​គោរពនូវ​សម្ដី​របស់​គាត់​ដែរ​ឬទេ? ហើយ​បច្ចុប្បន្ននេះ អ្វីដែល កឹម សុខា និង សម រង្ស៊ី និយាយ​ តើ​យើង​គួរ​ជឿ​ដែរ​​ឬ​ទេ? ​
 
​ជុំវិញរឿង​ ​អតីតកាលរ​បស់ កឹម សុខា និង​ សម រង្ស៊ី នេះ សូម​អញ្ជើញ​​លោក​បណ្ឌិត​មាន​ចំណាប់​​អារម្មណ៍?​
 
លោក​បណ្ឌិត ឈឹម ផល​វរុណ​
ចម្លើយ​៖ ​បើយើងសង្កេតអំពី​ឥរិយាបថ និងវោហា​សព្ទ​នយោបាយរប​ស់​​លោក កឹម សុខា​ និង លោក សម រង្ស៊ី ដែល​ខ្ញុំ​ទាញចេញពី​ចរិតនយោបាយ ក្នុងគន្លង​វប្បធម៌​ប្រជាធិបតេយ្យ​ គឺ​គេធ្វើខុស​ពី​លោក កឹម សុខា និង លោក សម រង្ស៊ី ។ ​សម្រាប់​ពីរនាក់​នេះ​ ក្នុងតួនាទី​ជាមេដឹកនាំ​គណបក្ស​ប្រឆាំង​ ​​មិនបាច់​និយាយ​ថាគាត់អាច​​ដឹក​នាំ​ប្រទេស​ជាតិ​ ទៅ​ផ្លូវ​អភិវឌ្ឍទេ​ ផ្ទុយ​ទៅ​វិញគ្រាន់​តែ​គាត់ដឹក​នាំ​​គណបក្សប្រឆាំងរបស់គាត់ហ្នឹង ក៏ធ្លាក់ទៅ​ក្នុង​ភាព​វឹកវរ​ និង​ភាព​មិនច្បាស់​លាស់​ទៅហើយ​។​ នៅត្រង់ថា លោក កឹ​ម សុខា លោក សម រង្ស៊ី នេះ បើ​អត់ត្រូវគ្នាទេ គឺ​រលាយក្រុម រលាយ​បក្ស​ហ្នឹង​តែម្ដង។ ហើយ​យើង​មើលបានន័យថា គណបក្ស​​លោកទាំងពីរ​ហ្នឹង មេបក្សទាំងពីរហ្នឹង​ អាច​ត្រូវគ្នាមិន​មែន​អាស្រ័យទៅនឹង​ចរិត​របស់​គណបក្ស​​ទេ គឺ​អាស្រ័យទៅនឹង​ចរិក​របស់ កឹម​ សុខា និង​ សម រង្ស៊ី តែ​ម្តង​។​ ដល់​អញ្ចឹង​ទៅ​​ការ​ត្រូវគ្នា ឬមិនត្រូវគ្នា វាអត់ផ្អែកទៅលើ​ឆន្ទៈនយោបាយ​បក្ស​ទេ​ គឺ​ផ្អែក​ទៅលើ​ឆន្ទៈ​បុគ្គល​ពីរ​នាក់​ហ្នឹង។​
 
លោក សត្យា រក្ស​
សំណួរ​៖ ​អំបាញ់មិញនេះ ខ្ញុំ​ចាប់​អារម្មណ៍ប្រសាសន៍​លោកបណ្ឌិត ​ត្រង់ថា ពីរនាក់​នេះ​ បើសិន​ណាជាមិនត្រូវគ្នាទេ គឺគណបក្សទាំងពីរហ្នឹង គឺ​ត្រូវ​រលាយ​។ ហើយ​ចំណុចនេះ គឺជាចំណុច​សំខាន់មួយ​ដែលប្រជាពលរដ្ឋ និង​សូម្បីតែអ្នកគាំទ្របក្សប្រឆាំង ក៏មើលឃើញថា អញ្ចឹង​​ដែរ។​ ប៉ុន្ដែចំណុចពិសេសដែលខ្ញុំចង់ឲ្យលោកបណ្ឌិតជួយបញ្ជាក់​បន្ថែមហ្នឹង ត្រង់ថា នៅ​​ពេលដែល​ កឹម សុខា ក្ដី សម រង្ស៊ី ក្ដី គាត់មើលឃើញពីភាពរលាយរបស់បក្សគាត់នេះ គាត់​បែរជាចោទ​ថា គណបក្សប្រជាជនជាអ្នកបំបែក។ អញ្ចឹងត្រង់ចំណុចនេះ ខ្ញុំចង់​ឲ្យ​លោកបណ្ឌិត​ជួយបញ្ជាក់មើល​ថា តើដោយសារតែចរិតរបស់ កឹម សុខា ដែលធ្វើ​ឲ្យ​គណបក្ស​របស់​ខ្លួន​ហ្នឹង​ រលំរលាយ ឬក៏​ដោយសារតែអ្នកដទៃញុះញង់?
 
លោក​បណ្ឌិត ឈឹម ផល​វរុណ​
ចម្លើយ​៖ ការពិតខ្ញុំចង់ជម្រាបអំពី​​ល្បិចទៅវិញទេ។ ល្បិចហ្នឹងវាផ្សាភា្ជប់​ទៅនឹង​អ្វី​ដែល​ កឹម សុខា និយាយជាសម្លេងបន្លើទៅសាធារណៈជនហ្នឹង វាអត់ពិតនូវអ្វីដែល កឹម សុខា ដឹង។​ បានន័យថា អ្នកនយោបាយទាំងពីរហ្នឹង គឺអត់ស្មោះត្រង់នឹង​ការពិត ជាពិសេស​ស្មោះត្រង់​ចំពោះ​ខ្លួនឯង​ និង​ស្មោះត្រង់នឹង​​ស្ថានភាពពិត ស្មោះត្រង់​នឹង​គណបក្ស និង​អ្នកគាំទ្រ​របស់ខ្លួន​។ ហើយ​ដែលខ្ញុំ​ហ៊ាន​ចោទ​ប្រកាន់ថា ពីរនាក់ហ្នឹង គាត់អត់ស្មោះត្រង់ខ្លួន​ឯង ហើយអត់ស្មោះត្រង់ទៅនឹងគណបក្ស​របស់​ខ្លួន​ហ្នឹង គឺនៅត្រង់ថា ឧទាហរណ៍ដូចលោក កឹម សុខា គាត់អត់ស្មោះត្រង់នឹងខ្លួនហ្នឹង គឺ​គាត់ខំ​បំប៉ោង​និងបំភ្លៃ​ បំភាន់ទៅអ្នកគាំទ្រ គណបក្ស​គាត់​ថាគណ​បក្សហ្នឹង គឺ​ឈ្នះ។ យើងមើល​កាល​ ២០០៨ អញ្ចឹង ហើយ​ដល់ពេល​ហ្នឹង​ តាមពិតមិនមែន កឹម សុខា ងោះ អត់ដឹងថាគណបក្ស​គាត់​ហ្នឹងមិនអាចយកជ័យជម្នះទេ​។​​យើង​​កុំនិយាយថា ជ័យជម្នះជាមួយនឹងគណបក្សប្រជាជន ជ័យជម្នះ​តែ​ជាមួយ​គណបក្ស​ប្រឆាំង សម រង្ស៊ី ក៏ទៅមិនរួចដែរ។​ ប៉ុន្ដែលោក កឹម សុខា គាត់ភូតខ្លួនឯងផង គាត់​បំភាន់​អ្នកគាំទ្រ​គាត់ផង​។ ហ្នឹងគេហៅថា អ្នកនយោបាយទុច្ចរិត។​ ឯលោក សម រង្ស៊ី ក៏​អញ្ចឹង​ដែរ​ មិនមែន​គាត់មិនដឹង​ថា​គាត់មិនអាច​ឈ្នះគណបក្សប្រជាជនទេ​ គឺ​គាត់ដឹងច្បាស់ មិនមែនមិន​ដឹង​​ទេ​។ មួយទៀត នៅពេលដែលមាន កឹម សុខា មកបង្កើតគណបក្សថ្មី គាត់ក៏ដឹងថា កឹម សុខា មិន​អាចយកសម្លេងគាំទ្រពីគណបក្សប្រជាជនទេ លោក សម រង្ស៊ី ដឹងច្បាស់ថា យក​ពី​អ្នក​គាំទ្រ​​ សម រង្ស៊ី។ អញ្ចឹងពីរនាក់ហ្នឹង ដណ្ដើមគ្នាទេ ប៉ុន្ដែដល់ពេលគាត់អត់ស្មោះត្រង់នឹង​ប្រជាពលរដ្ឋ​ អត់​ស្មោះត្រង់នឹងខ្លួនឯង អត់​ស្មោះត្រង់ហ្នឹងគណបក្ស គាត់ប្រើ​វប្បធម៌​មួយ​ទម្លាក់​កំហុស​ទៅ​អ្នកដទៃ​​នឹង​ឯង។
 
លោក សត្យា​រក្ស​
អ្វីដែលសំខាន់ហ្នឹង គឺបងប្អូនជ្រាបហើយនូវ​អ្វី​ ដែលលោកបណ្ឌិតធ្វើការបំភ្លឺ ហើយ​​សុំ​ឲ្យ​បងប្អូន​យើងផ្ទៀងផ្ទាត់ជាមួយនឹង​ចរិតពិតរបស់ កឹម សុខា និង សម រង្ស៊ី ។ ​និយាយ​ឲ្យចំ​ទៅ​​ភាព​​រលំរលាយនៃគណបក្សប្រឆាំងទាំងពីរនេះ គឺ​កើតចេញពី​ទង្វើ​របស់​ខ្លួន​គាត់​។​ ​​គ្រប់​ម៉ាត់ គ្រប់ពាក្យ គ្រប់សម្ដី គ្រប់កាយវិការរបស់គាត់ហ្នឹង គឺ​សុទ្ធតែជាការសម្ដែង មិនមែន​ផុស​ចេញ​ពីដួងចិត្តទេ​។ អញ្ចឹងសកម្មជនអ្នកគាំទ្រ គឺបានខកចិត្តជាមួយ កឹម សុខា និង សម រង្ស៊ី ជាមួយ​នឹងអំនួត ជាមួយនឹងការបោកប្រាស់ បញ្ជោរថា ឈ្នះថាអីជាដើម។
 
សំណួរ​៖ ឥឡូវនេះ​ ជុំវិញអ្នកទាំងពីរនេះ មិនថា​សារព័ត៌មាន​ក្នុងស្រុកទេ​​ដែល​បាន​ផ្សព្វផ្សាយ ពីបញ្ហាដែល កឹម សុខា និង សម រង្ស៊ី ​ គឺជាអាយ៉ងរបស់សម្ដេចតេជោ ហ៊ុន សែន សូម្បី​តែបរទេស ក៏បានលើកឡើង និងចុះផ្សាយ​ពីបញ្ហានេះផងដែរ។ នេះ​បើយោងទៅតាម​សម្ដី​​របស់ កឹម សុខា ។ ប៉ុន្ដែ ថ្មីៗនេះ បងប្អូនជនរួមជាតិឃើញហើយថា គណបក្សសម រង្ស៊ី បាន​​លាតត្រដាង ​និង​ពន្យល់​ជូនទៅដល់សកម្មជនរបស់ខ្លួន ក៏ដូចជាជូនទៅដល់ប្រជាពលរដ្ឋ​អំពី​ថាតើចំណុច​អីខ្លះ ដែលបញ្ជាក់ថា កឹម សុខា ហ្នឹង គឺជាអាយ៉ងរបស់សម្ដេច ហ៊ុន សែន។ ទី១ គឺ​បងប្អូនឃើញហើយថា លោក គង់ គាំ បានលើកឡើងនូវចំណុចដែលបញ្ជាក់ថា កឹម សុខា គឺ​ជា​អាយ៉ង​របស់សម្ដេច ហ៊ុន សែន គឺទី១ គឺសម្ដេចបានសួរពីរឿងថវិកា។ ថវិកាសមាជ​គណបក្ស​​នៅស្ដាតអូឡាំពិច។ ទី២ គឺ​សម្ដេចបានប្រាប់ឲ្យ កឹម សុខា ហ្នឹង ធ្វើយ៉ាងម៉េច​បញ្ចុះ​បញ្ចូល​អូស​ទាញសកម្មជន និង​មន្ដ្រីគណបក្សសម រង្ស៊ី ហ្នឹង ឲ្យ​មក​នៅជាមួយគ្នា កឹម សុខា។ ហើយ​​ពេលនោះ បើតាមសម្ដី​ គង់ គាំ​ គឺ​គាត់បញ្ជាក់ទៀត គឺ​ កឹម សុខា ពេល​ដែល​ទាញ​លោក ម៉ៅ មុនី​វណ្ណ មកបាននេះ គឺ​ កឹម សុខា បានរាយការណ៍​ជូនសម្ដេចទៅទៀត។
 
​ឥឡូវនេះ សូម​លោកបណ្ឌិតជួយតាមដាន ក៏ដូចជាជនរួមជាតិ តាមដាន​ស្ដាប់​នូវ​សម្ដី​ដើម​ របស់​លោក គង់ គាំ ហ្នឹងតែម្ដង។
 
លោក គង់ គាំ ៖ “​សម្ដេចតេជោ គាត់ថា ខាអើយខា ស្អី​សមាជបើកគណ​បក្ស ​ខាឯង ដែលខ្ញុំជួយស្ដាត​អូឡាំពិចហ្នឹង ជោគជ័យល្អណាស់ មែនទេ។ ខាគេឆ្លើយថា បាទ សម្ដេច។ សម្ដេចហ្នឹង ក៏មាត់រអិលទៀត សួរថាអស់លុយប៉ុន្មាន បើអត់ជួយលុយគេផង ចាំសួរធ្វើអី លុយ​ហោរប៉ៅ​ គេសោះ ចង់សួរគេ។ ហើយ​ដល់មួយវគ្គទៀត សម្ដេចតេជោថា អើ ខាឯង មានបក្ស​ហើយ បក្ស​ខាឯង ត្រូវអូសទាញកំលាំងពី សម រង្ស៊ី មោ មើល​ប្រធានខេត្តណាខ្លាំងៗ របស់​ សម រង្ស៊ី ទាញមោ។ ដល់​នេះ ខាសម្ភាសជាមួយអាស៊ីសេរី អញ្ចឹងមែនទេ លោក កឹម សុខា ។ លោក កឹម សុខា ទេ ហ៊ុន សែន គំនិតអាក្រក់​ហ្មង ថតទុក។ គាត់ថា គាត់មានអំនិតអាក្រក់ គាត់​ថា​ទេ ខ្ញុំមិនមានអឿអើជាមួយគាត់ឯណា។ ប៉ុន មិនអឿអើមែន ប៉ុន្ដែលួចធ្វើតាមសម្ដេច យក​ ម៉ៅ មុនី​វណ្ណ ពីគណបក្សសម រង្ស៊ី ទៅបានហើយ សូមរាយការណ៍ជូនសម្ដេច។ មិនបានថា ប៉ុនធ្វើ កឹម​សុខា ធ្វើ។ ហើយឥឡូវហ្នឹងមើលចុះ អត់មានមួលបង្កាច់ អត់មានលាបពណ៌អីទេ
 
អំបាញ់មិញនេះ គឺបងប្អូនជនរួមជាតិ ក៏ដូចជាសម្ដេចលោក​ជំទាវ​ឯកឧត្តម លោកជំទាវ​ បាន​ស្ដាប់ហើយ នូវអ្វីដែលជាការលើកឡើងរបស់លោក គង់ គាំ ហើយ​អ្វី​ដែល​ជា​ន័យ​សំខាន់​​ហ្នឹង​ គឺគាត់ចង់បង្ហាញជូនប្រជាពលរដ្ឋថា កឹម​ សុខា នេះ គឺជាអាយ៉ងរបស់​សម្ដេច ហ៊ុន សែន យ៉ាង​ពិតប្រាកដ។ អញ្ចឹងឆ្លងតាមសម្ដីរបស់ គង់ គាំ ហើយក៏ដូចជាអ្វីដែល​លោកបណ្ឌិតបាន​ទទួលស្ដាប់អំបាញ់​មិញនេះ លោកបណ្ឌិតយល់ឃើញយ៉ាងម៉េច?
 
លោក​បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ នេះហើយ​ជាទឡ្ហីករណ៍មួយចេញពីប្រភពគណបក្សប្រឆាំងខ្លួនឯង ដែល​ខាង​ភាគី​គណបក្ស​​សម រង្ស៊ី បានបញ្ជាក់ហើយថា រឿងទាំងអស់នេះ គឺជារឿងរបស់ កឹម សុខា ដែល​​ចង់​អូស​ទាញ​​ឬ​បំបែក​បំបាក់​គណបក្សសម រង្ស៊ី ដោយត្រូវការទៅពឹងពាក់ ឬក៏​ជំនួយ​ស្មារតី​ ឬក៏ជាជំនួយទីបឹ្រក្សា​ពីសម្ដេចនាយករដ្ឋមន្ដ្រី។ ហើយ​ចំណុច​ហ្នឹង ដែលយើង​ចង់​បញ្ជាក់​ថា​ កឹម សុខា មិនបាច់​ប្រកែក​ទៀតទេ ថាខ្លួនមានគំនិតបំបែកគណបក្សសម រង្ស៊ី ។ វាមិន​ជា​អាក្រក់​អីឯណា ធម្មតានយោបាយ​វា​ចេះតែប្រកួតប្រជែងទៅ ឲ្យតែមានប្រសិទ្ធភាព​ត្រង់ណា​ ដែលខ្លួនទាញយកការគាំទ្រ។ ហេតុអី​បាន កឹម សុខា មិនស្មោះត្រង់​ហ្នឹង​នយោបាយ​ពីព្រោះ​ ខ្លួន​បានមានគំនិតទៅហើយ រហូតដល់​ធ្វើចេញ​ជា​ផ្លែផ្កាក្នុងការអូសទាញ​មនុស្ស​ពី​បក្ស​សម រង្ស៊ី ម៉េចក៏មិនទទួលស្គាល់? ការពិត កឹម សុខា​ ខ្លួន​ឯង​គួរមោទនភាព នេះជា​ជោគជ័យ​របស់ កឹម សុខា ក្នុងការបំបែកគណបក្សសម រង្ស៊ី តែ​ហេតុអី​បាន​កឹម សុខា ចូលចិត្ត​ធ្វើការ​លាក់លៀម​។​ ដល់គេលាតត្រដាងបែរទៅជាទម្លាក់កំហុសទៅអ្នកដទៃ។ ហើយនេះជា​សំណាង​ល្អ​ដែរ​ ដែលប្រជាពលរដ្ឋបានដឹង ដោយសារប្រមុខរាជរដ្ឋាភិបាលបាន​ចាក់​ផ្សាយ​នៃ​ការ​សន្ទនាហ្នឹង​ ទម្លាយរឿងសន្ទនា កុំ​អី កឹម សុខា ហ្នឹង មិនដឹងជាលាក់លៀម​ បោក​ប្រជា​ពលរដ្ឋ​ប៉ុនណាទេ?​​
 
 អញ្ចឹងបានខ្ញុំទាញមកវិញ ​វាអស់អ្វីដែលយើងត្រូវឆ្ងល់ទៀតហើយ​ថា ការបែកបាក់​គណបក្ស​សម រង្ស៊ី ឬក៏ក្រុមណា​មួយ ឬបុគ្គលណាមួយចេញពី សម រង្ស៊ី មក​ចូល​កឹម សុខា ឬក៏​ចេញ​ពី សម រង្ស៊ី ទៅណា​ទៅណីនោះ មិនមែនជារឿងរបស់អ្នកដទៃទេ គឺ​ជា​រឿង​ កឹម សុខា និង សម រង្ស៊ី ខ្លួនឯង។ ឥឡូវ សម្ដី​យើងធ្លាប់ឃើញហើយ លោក សម រង្ស៊ី វាយ​ប្រហារ​លោក កឹម សុខា ជាអាយ៉ង លោក កឹម សុខា វាយប្រហារលោក សម រង្ស៊ី ជាអាយ៉ង។ តែ​ឥឡូវ​នេះ មិនមែន​តែ កឹម សុខា និង សម រង្ស៊ី ទេ​ អ្នកដទៃនៅក្នុងក្រុម កឹម សុខា នៅក្នុងក្រុម សម រង្ស៊ី ក៏​បាន​លាត​ត្រដាងរឿង​ហ្នឹង តទៅទៀត ហ្នឹងហើយជាទឡ្ហីករណ៍ពីប្រភពក្រុម​ប្រឆាំង​ខ្លួនឯង។ ខ្ញុំ​បញ្ជាក់​ឧទាហរណ៍ដូចរឿងអតីតអ្នកតំណាងរាស្ដ្ររបស់គណបក្សសម រង្ស៊ី ដែល កឹម សុខា ខ្លួន​ឯង​ធ្លាប់និយាយហើយ សុទ្ធតែសរសើរ​បុគ្គលហ្នឹង ដោយ​ចោទប្រកាន់​គណបក្សសម រង្ស៊ី បក្ខ​ពួក​គ្រួសារនិយម ផ្ដាច់ការ អីជាដើម មិនចេះអស់មិនចេះហើយ រហូតដល់សរុបមួយម៉ាត់ គឺ​ងងឹត។ ដល់​ពេល​ចេញពី សម រង្ស៊ី ចូល​ កឹម សុខា គឺ​ភ្លឺ។ តើ​ហ្នឹងគឺជាពាក្យ កឹម សុខា ដែល​បញ្ជាក់​ថា​គាត់ជា​​អ្នក​​អូសទាញឬ​អត់​? ឥឡូវយើងមើល​ បានន័យថា លោក កឹម សុខា គួរតែ​ធ្វើ​នយោបាយ​​ស្មោះ​ត្រង់​។ ​អ្នកចង់សន្យា អ្នកចង់ធ្វើអី​ធ្វើចុះ តែមានការស្មោះត្រង់នឹង​ការពិត។ រឿង​តាក់តិច​ ​ល្បិចកល​​ ឬ​ក៏​យុទ្ធសាស្ដ្រនយោបាយ វាជារឿងរបស់ កឹ​ម សុខា ឬរបស់​គណបក្ស​​នីមួយៗ​ ប៉ុន្ដែ​សុំ​ឲ្យ​ កឹម សុខា ស្មោះត្រង់នឹងការពិត។ បើ កឹម សុខា មិនស្មោះត្រង់​នឹង​ការពិត​ចំពោះខ្លួន​ឯង ដូច្នេះសមិទ្ធផល​ជាតិ ការអភិវឌ្ឍប្រទេស ឬក៏ការសន្យា​ចំពោះ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោតយើង​មិនបាច់សង្ឃឹម​ជឿ​ថា លោក កឹម សុខា អាច​ធ្វើបានទេ ពីព្រោះ​មនុស្ស​នេះ​ អត់ស្មោះត្រង់​នឹង​ខ្លួនឯង​ទៅហើយ​។ ​
 
លោក សត្យា រក្ស​
សំណួរ​៖ ​​បើយើងរំលឹកឡើងវិញ នៅជំនាន់ដែលលោក គង់ គាំ បានមានប្រសាសន៍ ដែល​​យើង​យក​សម្លេងយកមកបង្ហាញជូនជនរួមជាតិ អំបាញ់មិញនេះ​ ពេលនោះ គឺ កឹម សុខា ក៏បាន ប្រតិកម្មជាមួយនឹង លោក គង់ គាំ ដែរ ។ ហើយ​អ្វី​ដែលសំខាន់បំផុត ដែលខ្ញុំ​ចង់​ឲ្យ​លោក​បណ្ឌិត​​ជួយបន្ដ​ពន្យល់​ទៅលើ​សម្ដី​របស់ កឹម​ សុខា ហ្នឹង គឺត្រង់ថា កឹម សុខា មិនទទួល​យល់​ព្រម​​ថា អ្វី​ដែល គង់ គាំ​ និយាយហ្នឹង គឺ​ជាការពិតនោះទេ។ គាត់ គង់ គាំ និយាយហ្នឹង ក្នុងនាម​​បង្កាច់​បង្ខូច​វាយប្រហារទៅលើគណបក្ស​របស់គាត់ ដើម្បី​ឲ្យគណបក្សរបស់គាត់ហ្នឹង រលាយ។ រហូតទៅ​ដល់​គាត់ប្រើពាក្យថា ពេលដែលគាត់ឡើងវាយលើសង្វៀនហើយ ម៉េចក៏​ទៅចាប់ជើងចាប់អីគាត់ ប្រយ័ត្នគាត់គ្រវាសបាក់ធ្មេញ បាក់ថ្គាមអីហ្នឹង។ អញ្ចឹងមានន័យថា កឹម សុខា មិនដែល​ទទួល​ស្គាល់នូវអ្វីដែលជាសេចក្ដី​ពន្យល់​របស់ គង់ គាំ ទេ។ ហើយ​ក៏​មិនខុស​អី​​ពីថ្មីៗនេះ បន្ទាប់ពី​វេទកា​របស់យើងកាលពីថ្ងៃ ព្រហស្បត្ត៍ លើកឡើងហ្នឹង ក៏បាន​ប្រតិកម្ម​បដិសេធ​ពី កឹម សុខា ដែរ។ ហើយ​ក៏ដូចជាឆ្លៀតពេលជាមួយ​នឹង​ព្រឹត្តិការណ៍​នៃ​ខ្សែអាដ​ សម្លេងដែលមានការអត្ថាធិប្បាយ​មានចំណងជើងថា កឹម សុខា សម រង្ស៊ី កើតជម្ងឺ​ភ្លេច​សម្ដី​ខ្លួន​ ឬក៏​យើងហៅថា អាយ៉ៃ​ឆ្លើយ​ឆ្លង​រវាង​អ្នកខ្លាំងទាំងពីរនោះ ។ លោកបណ្ឌិត គឺ កឹម សុខា បានចោទទៅលើ​បទវិភាគក៏ដូចជាវេទិកា​របស់យើងនេះ គាត់ថា នេះគឺជាល្បិចកល​របស់​​គណបក្ស​ប្រជាជន នេះទី១។​ នេះគឺ​គាត់​ចោទ​អញ្ចឹង គាត់ថា ខ្សែអាដ​សម្លេងនេះ ជាភាព​ទាល់ច្រក​របស់គណបក្សប្រជាជន។​ គាត់ប្រើ​ពាក្យថា​ជា​ភាពទាល់​​ច្រក​​របស់គណបក្ស​ប្រជាជន​ នេះ​បើតាមអ្វីដែល កឹម សុខា សម្ភាសន៍​ជាមួយនឹង​វិទ្យុ​បារាំង​អន្ដរជាតិ។ ហើយមួយ​ឃ្លា​ទៀត​ កឹម សុខា ថា បើទោះជាលោកបណ្ឌិតក្ដី ឬក៏នាទី​របស់​យើងនេះ ប្រឹងប្រែង​បង្ហាញ​នូវ​ឯកសារ​ នូវភាពស្អុយអាសោចរបស់ កឹម សុខា និង សម រង្ស៊ី យ៉ាង​ណាក៏ដោយ ក៏សម រង្ស៊ី និង កឹម សុខា មិនបែកគ្នាទេ នេះ​ជា​ចំណុចសំខាន់​។​ អញ្ចឹង​ទាក់​ទង​ទៅ​នឹង​ការឆ្លើយ​តបរបស់ កឹម សុខា នេះ​ លោកបណ្ឌិតមានអី​ជា​ការពន្យល់​?
 
លោក​បណ្ឌិត ឈឹម ផល​វរុណ​
ចម្លើយ​៖ ​ចំណុចរបស់ លោក កឹម សុខា ដែលខ្ញុំឧស្សាហ៍និយាយ គឺលោក កឹម សុខា អត់​ចេះ​​ខ្មាស​ខ្លួន​ឯង។ ខុសពីអ្នកដទៃ លោក កឹម សុខា អត់ចេះខ្មាសខ្លួនឯង នៅត្រង់​ថា​ទង្វើ​គាត់​ធ្វើ​ បើ​គាត់​គិតថា ថ្ងៃណាមួយវាអត់ចំណេញ​ដល់រូបគាត់ កឹម សុខា ប្រកែក​ដាច់ក្បាល​ចោល​។​ ហ្នឹងហើយដែល​លោក កឹម សុខា មិនសាកសមជាបុគ្គលសាធារណៈ ក្នុង​ក្របខណ្ឌ​គណបក្ស​នយោបាយ​ទេ។ ធម្មតាបើសិនជាមនុស្សដែលមានសីលធម៌ខ្ពស់ ធ្វើជាគម្រូក្នុង​តួនាទី​ជា​​បុគ្គល​សាធារណៈក្នុង​ក្របខណ្ឌគណបក្សនយោបាយ។ វាគ្មានអ្វី​ដែលពិបាក​នឹង​សារភាព​ទេ។​ ឧទាហរណ៍​ខ្ញុំ​ផ្ដល់​ដំបូន្មានចុះ កុំថាប្រដៅអី ខ្ញុំថាផ្ដល់ប្រឹក្សាទៅដល់ កឹម សុខា បន្ដិច​ចុះ ។ វាមានទៅជា​អាក្រក់​អី​ការ​តតាំងជាមួយ សម រង្ស៊ី ពីព្រោះកាល​ហ្នុង កឹម សុខា និ ង សម រង្ស៊ី មានទាន់​ចូលគ្នាឯណា។ អញ្ចឹង​ការប្រកួតប្រជែងគ្នា ដណ្ដើមសន្លឹកឆ្នោតគ្នាពី កឹម សុខា ពី សម រង្ស៊ី មានរឿងអីអាក្រក់ ក្រែង​ប្រជាធិបតេយ្យ យើងដណ្ដើមគ្នាអញ្ចឹង។ ព្រោះ​ប្រជា​ពលរដ្ឋ​ នៅតែប្រជាពលរដ្ឋហ្នឹង​។​ ១៤ លាន​នាក់ នៅតែ ១៤ លាននាក់ ប៉ុន្ដែ​សន្លឹកឆ្នោត​វានៅ​រត់ចុះ​រត់ឡើង វាមានខុសអី​ គ្រាន់តែការ​ដណ្ដើម​គ្នា សុំ​ឲ្យមានសីលធម៌ មាន​វប្បធម៌​នយោបាយ​ទេតើ​ ។​
 
លោក សត្យា​រក្ស​
​តាមការពិតមិនអាក្រក់ទេ រឿងការដណ្ដើមគ្នា​ដូចដែល​លោកបណ្ឌិត​បាន​ផ្ដល់​​ជា​ដំបូន្មាន​​ ទៅ​កឹម សុខា អញ្ចឹង។ ប៉ុន្ដែរឿងដែល កឹម សុខា គិតថាអាក្រក់នោះ គឺត្រង់ថា គាត់​ប្រើ​ពាក្យ​ស្បថ​ស្បែ​រ​​ ដាក់​បណ្ដាសាទៅលើ សម រង្ស៊ី រហូតទៅដល់សុំឲ្យមេដឹកនាំ គណបក្ស​សម រង្ស៊ី វិនាស​អន្ដរាយ ព្រាត់​ប្រាស់​ -ល-។ ហើយ​រួមជាមួយ​នឹងការ​ចង្អុល​បង្ហាញ​អំពី​អ្វី​ដែលជា​ភាពមិន​សុច្ចរិត​របស់ សម រង្ស៊ី ហ្នឹង ច្រើន​ផង​ដែរ ដែលធ្វើឲ្យ សម រង្ស៊ី ហ្នឹង អត់ទ្រាំ​មិនបាន ក៏ចេះតែមានការ​តបតរហូតទៅដល់​អ្នកប្រជាធិបតេយ្យ​ទាំងពីរហ្នឹង បាន​ក្លាយទៅ​ជា​អ្នក​​អាណា​ធិបតេយ្យ​​នោះ​​។
 
សំណួរ​៖ អំបាញ់មិញ​នេះ​ គឺ​លោក​បណ្ឌិតបានបញ្ជាក់ហើយពីរឿង អ្វីដែលធ្វើឲ្យ សម រង្ស៊ី ហ្នឹង ចោទប្រកាន់ទៅលើ​លោក កឹម សុខា ពីរឿងករណីអាយ៉ង។ ហើយចំពោះ​ការបំភ្លឺ​របស់​ កឹម សុខា ហ្នឹង ក៏អត់ច្បាស់លាស់​ដែរ។ អ្វី​ដែលគាត់និយាយ​លោកបណ្ឌិត​មានតែ​មួយ​ម៉ាត់​គត់​ គឺគណបក្សសម រង្ស៊ី ចោទខ្ញុំ មាន​តែ​ប៉ុណ្ណឹង​ទេ។ ហើយ​ឥឡូវនេះ នៅមាន​ចំណុច​មួយ​ទៀត​ ដែលយើងឃើញថា បន្ទាប់ពីលោក គង់ គាំ​ ចោទ​និង​បញ្ជាក់ថា កឹម សុខា ជាអាយ៉ង​របស់​សម្ដេច​ ហ៊ុន សែន នេះ យើងឃើញថា ភ្លាមនោះ លោក កឹម សុខា បានប្រើប្រាស់​វេទិកា​របស់​គាត់ នៅពេល​ដែលគាត់​ជួបប្រជាពលរដ្ឋហ្នឹង គឺ​គាត់​មិន​បាន​បកស្រាយ​ជូនប្រជាពលរដ្ឋ​ ឬក៏​​ជូន​សកម្មជនរបស់គាត់ឲ្យឃើញថា គាត់មិនបានទាក់​ទង​ជាមួយសម្ដេចនោះទេ។ គាត់បែរ​ទៅ​ជា​ជេរប្រមាថ​លោក គង់ គាំ ថាលោក គង់ គាំ ហ្នឹង ជា​អនុ​ប្រធានទីងមោង។ ហើយ​ពាក្យ​ទីងមោង​នេះ គឺបងប្អូនជ្រាបហើយ ពាក្យទីងមោងនេះ គឺ​សំដៅ​ទៅលើមនុស្សល្ងង់​ខ្លៅ មនុស្ស​ដែល​គ្មានអំណាច មនុស្សដែលល្ងិតល្ងង់ គ្មានចេះអីទាំងអស់ ​​គឺ​ទីងមោងហ្នឹងឯង។ ​
 
លោក កឹម សុខា ថែម​ទាំង​ជេរ​ប្រមាថ​លោក គង់ គាំ​ ថា​ គឺ​ជាមនុស្ស​ដែល លោក សម រង្ស៊ី​ ដាក់​​ក្នុង​​កន្ត្រក​យួរ​តាម​ ដើម្បី​កំដរ​តែ​ប៉ុណ្ណោះ​​ ដែល​មាន​ខ្លឹម​សារ​ថា៖ « មេបក្សខ្លះអួតថាប្រជាធិបតេយ្យអនុប្រធានហ្នឹងដូចដាក់កន្ត្រកស្ពាយតាមទេគេអត់ឲ្យនិយាយអីទេ ដោយសារគេអត់នៅទេទើបគេឲ្យនិយាយយូរៗម្តងនិយាយទៅខុសទៀតនិយាយភ្លាវ​​ទៀត​​ ដូច្នេះគេអត់ដែលឲ្យចេញមុខផងហ្នឹង​​ គេដាក់កន្ត្រកតាមហ្នឹងជាអនុប្រធានទីងមោងហ្នឹងដូច្នេះមកធ្វើឯងអួតខ្លាំងអីអនុប្រធានទីងមោងពេលគេនៅគេមិនឲ្យចេញមុខធ្វើអីផងហ្នឹងតែសម រង្ស៊ីមួយហ្នឹង​ »
 
នេះ​ជា​ចម្លើយ​របស់ កឹម សុខា ដែល​ឆ្លើយ​តប​ទៅនឹង​លោក គង់ គាំ ។ តាម​រយះ​ការ​ពន្យល់​បូរ​បាច់​ និង​វាយ​ប្រហារ​ធ្ងន់ៗ​ ទៅលោក​ គង់​ គាំ​ ដែល​តំណាង​ឲ្យ​គណបក្ស សម រង្ស៊ី​ នេះ​ តើលោក​បណ្ឌិត​យល់ឃើញ​យ៉ាងណា​ដែរ​ អំពី​សីលធម៌​ និង​អាកប្បកិរិយា​នយោបាយ​របស់​ កឹម សុខា ?
 
លោក​បណ្ឌិត ឈឹម ផល​វរុណ​
ចម្លើយ​៖ ដំបូង​ខ្ញុំចង់​និយាយ​បន្តិច​ អំពី​អ្វី​ដែល លោក សម រង្ស៊ី បាន​​លើក​ ដើម្បី​ឲ្យ​ កឹម សុខា និង​ប្រជាពលរដ្ឋ​ពិចារណា​។ តើ​ការ​លើក​របស់លោក​ សម រង្ស៊ី​ វាជាការ​ពិត​ឬទេ​?​ លោក​អនុប្រធាន​របស់ សម រង្ស៊ី បានទទួល​ស្គាល់​ថា លោក កឹម សុខា មាន​ចរឹត​នយោបាយ​មួយ​ដែល​មិនមែន​ជាចរឹត​នយោបាយ​អាច​ផ្សំ​ផ្គុំ​​ជាមួយ សម រង្ស៊ី បានទេ​ តែ​គឺជាចរឹត​នយោបាយ​​អូសទាញ​​អ្នក​គាំទ្រ​​ខាង សម រង្ស៊ី ក៏​ដូចជា​ជួរ​​ដឹក​នាំ​គណបក្ស សម រង្ស៊ី ដែរ​។ មានន័យ​ថា​ ជាចរឹត​នយោបាយ​បំបែក ឬធ្វើ​ឲ្យ​ចុះ​ខ្សោយ​ដល់​គណបក្ស សម រង្ស៊ី ដើម្បី​ជា​ប្រយោជន៍​​ គណបក្ស​ កឹម សុខា ដែល​​ទើប​​បង្កើត​​ថ្មី​។
 
ដូច្នេះ​​នៅ​ពេល​​ដែល កឹម សុខា តប​​មក​​វិញ​ គឺ​វាស៊ីគ្នា​ទៅនឹង​អ្វី​ដែល​អនុប្រធាន​ សម រង្ស៊ី​ បាន​​វាយ​​ចំ​ដំបៅ​​របស់​ កឹម សុខា​ ។ អ្នក​​ទាំងពីរ​​នេះ​ លែង​​ប្រតិកម្ម​គ្នា​ ទៅលើ​ខ្លឹម​សារ​នយោបាយ​​​ហើយ​ គឺ​​ប្រតិកម្ម​​តាម​​បែប ​បាតផ្សារ ​ទៅ​វិញ​។ បាន​ន័យ​ថា នៅពេល​ដែល​អ្នក​ទាំង​ពីរ​​ឈ្លោះគ្នា​ ពួក​​គេ​​លែង​​និយាយ​អំពី​ហេតុផល​ និង​អង្គសេច​ក្តីនៃ​ជម្លោះ​ហើយ​ គឺ​ជាការ​ជេរ​បញ្ចោរ​​គ្នា​​ទៅវិញ​​ហើយ​ គឺ​ជា​​ភាសា បាត​ផ្សារ​ ហើយ​​។ ​លោក កឹម សុខា បាន​និយាយថា​ លោក គង់ គាំ គេដាក់​ក្នុង​កន្ត្រក​ ត្រូវ​ សម រង្ស៊ី​ យួរតាម​ផ្លូវ​ ហើយ​ពេល​ខ្លះ​របូត​ចេញ​ពីកន្ត្រក​ អាឡេអាឡូ ម្តង​។​ ឥឡូវ​ចំណែក កឹម សុខា វិញ​ មួយហ្វូង​ក្នុង​បន​នយោបាយ​របស់​ កឹម សុខា តើ​ដូច​គ្នា​ដែរ​ឬទេ​?។ បើ​អ្នក​ដែលដង្ហែរតាម​ សម រង្ស៊ី​ សុទ្ធ​តែ​នៅក្នុង​កន្ត្រក​យួរ​របស់ សម រង្ស៊ី​ ចុះ​ចំណែក អ្នក​ដែល​ដង្ហែរ​តាម​​ កឹម សុខា នោះ​មិនថិត​នៅ​ក្នុង​កន្ត្រក​ កឹម សុខា​ តើ​មែន​ឬទេ?​។​ចំណុច​នេះ​ ខ្ញុំចង់​បញ្ជាក់​ថា​ កាលណា​ កឹម សុខា ប្រមាថ​គេ​ប៉ុន​ណា​ គឺ​សុទ្ធ​តែ​ជារឿង​ដែល​ កឹម សុខា មានដូច​គ្នា​។ ដូច្នេះ​ រវាង​មេដឹកនាំ​ កឹម សុខា និង សម រង្ស៊ី នៅពេល​ដែល​ពួកគេ​អត់​ត្រូវ​គ្នា​ គឺ​ពួក​គេ​មិនបាន​ឈរ​នៅលើគោលនយោបាយ​ បក្ស ឬគោលនយោបាយ​អភិវឌ្ឍ​ប្រទេស ឬវប្បធម៌​ប្រជាធិបតេយ្យទេ​ ប៉ុន្តែ​ចេញ​មក​គឺ​របៀប​បាត​ផ្សារ​ដាក់​គ្នា​តែ​ម្តង​។​ នេះ​ជាចំណុច​ខ្សោយ​របស់​គណបក្សប្រឆាំង​នៅកម្ពុជា​។
លោក សត្យា រក្ស​
សំណួរ​៖ បន្ទាប់​ពីលោក គង់ គាំ​ បាន​វាយ​ប្រហារ​ចំៗ​ទៅលើ កឹម សុខា​ មក​ លោក គង់​គាំ ​បាន​បញ្ជាក់​បន្ថែម​​ទៀត​អំពី​ចំណុច​ដែល​ថា​ កឹម សុខា ជាអាយ៉ង​របស់ សម្តេច​ ហ៊ុន សែន ។ ដូច​ករណី​លោក គង់ គាំ លើក​ថា​៖ ​​« កឹម សុខា គេលែងជឿហើយពីព្រោះនៅក្នុងអាស្អី​​អាថ៌កំបាំង​​សម្ងាត់អី​​ហ្នឹងនៅមួយវគ្គទៀតសម្តេចតេជោថាខា យូរៗខាឯងដាក់ខ្ញុំ​​មួយក្ឌាំង​​​ទៅខ្ញុំដាក់ខា ឯងម៉ាក្ឌាំងទៅ ដើម្បីឲ្យគេជឿថាខាឯងនិងខ្ញុំឈ្លោះគ្នាមិនមែនគ្នា​​ឯង​​ទេតែការពិតគ្នាឯងសោះដូច្នេះគាត់ដាក់អាខ្សែរអាត់នោះម៉ាក្ឌាំងទៅដើម្បី​​ជួយលាងកឹម សុខាថា​​មើល​​យើង​​ឈ្លោះគ្នា​​មែន​​ហ្នឹងមានត្រូវគ្នាឯណា?​​ »
 
ទាក់​ទង​ទៅហ្នឹង​ចំណុច​នេះ​ តើ​លោក​បណ្ឌិត​មាន​អ្វី​ដើម្បី​ពន្យល់អំពី​បញ្ហា​នេះ​​?
 
លោក​បណ្ឌិត ឈឹម ផល​វរុណ​
ចម្លើយ​៖ ខ្ញុំ​សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ថា ការ​ពិត​ដែល​ត្រូវបាន​លាត​ត្រដាង​នូវ​ភាព​ជាអាយ៉ង​របស់​លោក កឹម សុខា ​​ក្នុង​ការ​សន្ទនា​ជាមួយប្រមុខ​រាជ​រដ្ឋាភិបាល គឺ​បញ្ហា​នៅត្រង់​ថា​ លោក កឹម សុខា អត់​ទទួល​ស្គាល់​នូវ​សម្តី​របស់​ខ្លួន​។ អញ្ចឹង​ហើយ​ទើប​ជម្រុញ​ឲ្យ​មាន​ចលនកម្មមួយ​ ទាំង​សាធារណៈជន ក៏ដូច​ជា​អ្នក​គាំ​ទ្រ​គណបក្ស សម រង្ស៊ី ក៏ដូចជា​មេដឹក​នាំ​គណបក្ស សម រង្ស៊ី​ ក៏​គេ​ចង់​បញ្ជាក់​អំពី​ភាព​ដេញ​ទាន់​ជាន់​កែង​ដែរ​។​ រឿង​នេះ​ដោយ​សារ​ កឹម សុខា​ ប្រកែក​​​នឹង​សម្តី​ខ្លួន​ឯង​។​
 
 តាម​ពិត​ក្រុម​មេដឹកនាំ​ប្រឆាំង​ទាំង​ពីរ​ នេះ​ បាន​បាត់​បង់​នូវ​ស្ថានភាព​មួយ​នៅក្នុង​កិច្ច​ការ​នយោបាយ​ ដោយសារ​តែ​ភាគីទាំង​ពីរ​ហ្នឹង​មាន​ចរឹត​មិនស្មោះត្រង់​នឹង​គ្នា​។ លោក សម រង្ស៊ី​ ក៏ជា​​មនុស្ស​​មិនស្មោះ​ត្រង់​​ដែរ​​ ហើយ​ក្រុម​របស់​គាត់​ក៏​មិនស្មោះ​ត្រង់​​នឹង​នយោបាយ​ខ្លួន​ឯង​ដែរ​ ។ ដល់​អញ្ចឹង​ទៅ​ នៅពេល​ដែល​ឃើញ​ កឹម សុខា លេង​ល្បិច ដើ​ម្បី​បំបែក សម រង្ស៊ី ហើយ សម រង្ស៊ី ចាប់​បានការពិត​។ ប្រសិនបើ​ប្រមុខ​រាជរដ្ឋាភិបាល​ មិនទម្លាយ​ការពិត​ទេ គឺ​អ្នកទាំងពីរ​នេះ​ប្រហែល​ជាអត់​ទាន់​ដឹង​អីទេ​។ សម រង្ស៊ី គួរតែអរគុណ​ប្រមុខ​រដ្ឋាភិបាល​ ដែលបា​ទម្លាយ​រឿងហ្នឹង ដើម្បី​កុំឲ្យ​ចាញ់​បោក​ កឹម សុខា​។ ការទម្លាយ​រឿង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ទៅ​លើ​ចំណុចពីរ​។ ទីមួយគឺទៅលើ​ សម រង្ស៊ី ដែល​ចូល​ចិត្ត​មិនយក​ការពិត​មក​ធ្វើ​នយោបាយ​។ ចំណុច​មួយទៀត​គឺ​ ដើម្បី​វាយ​ទៅ​លើ​ កឹម សុខា ថា​ ការ​ដែល​ កឹម សុខា ធ្វើ​នយោបាយ​បែប​នេះ​ មិនមែន​ជារឿង​អស្ចារ្យ​អី​នោះទេ​។ សរុប​ទៅ​ វប្បធម៌​នយោបាយ​របស់ សម រង្ស៊ី និង​ កឹម សុខា គឺជា​វប្បធម៌​ទម្លាក់​កំហុស​ទៅលើ​អ្នក​ដ៏ទៃ​ អញ្ចឹង​ការ​លាត​ត្រដាង​ទម្លាយ​ការ​ពិត​នេះ​គឺ​ដើម្បី​ឲ្យ​ក្រុម កឹម​សុខា និង សម រង្ស៊ី ដឹង​ថា​រឿង​នេះ​គឺ​ភាព​ខ្សោយ​របស់​គណបក្ស​ខ្លួន​នោះទេ​ គឺមិនពាក់​ព័ន្ធ​នឹង​អ្នក​ណា​​ដែលទៅ​​បំបែក​អ្នក​ឯង​​ទេ​។​​ ឧទាហរណ៍​ កឹម សុខា មាន​លទ្ធភាព​ឯណា​ទៅ​យក​សន្លឹក​ឆ្នោត​ពីអ្នក​គាំទ្រ​គណបក្ស​ប្រជាជន​នោះ ម្លោះហើយ​មាន​តែ​ទៅ​បំបែក​ ដើម្បី​យក​សន្លឹក​ឆ្នោត​ពី​ សម រង្ស៊ី ។ ចំណែក សម រង្ស៊ី ក៏​អញ្ចឹង​ដែឬ​ គឺ​គ្មាន​លទ្ធភាព​ទៅ​ដណ្តើម​យក​សនកលឹក​ឆ្នោត​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ គឺ​មាន​តែ​រក្សា​កុំ​ឲ្យ​អ្នក​គាំទ្រ​ គណបក្ស​ សម រង្ស៊ី បាត់​ចេញ​ពី​ខ្លួន​ទៅ គាំ​ទ្រ​ កឹម សុខា ប៉ុណ្ណោះ​។ ដូច្នេះ​ ការ​ដណ្តើម និង​ការពារ​ អ្នក​គាំទ្រ​ រវាង​អ្នក​​ទាំង​ពីរ​នេះ​ បាន​បង្ក​ឲ្យ​មាន​ជម្លោះ​​ គឺ​ពួក​គេ​មិន​ចេះ​រក​វិធី​ ដើ​ម្បី​រក្សា និង​បង្កើន​សម្លេង​ទេ​ គឺ​ពួកគេ​រក​តែ​វិធី​ចោទប្រកាន់​គ្នា​ ហើយ​ចរឹត​នេះ​ បាន​ឈាន​ទៅ​ដល់​ការ​ចោទ​ប្រកាន់​រាជ​រដ្ឋា​ភិបាល​ថា​ជាអ្នក​បំបែក​បំបាក់​ និង​ញុះ​ញង់​ប្រជាពលរដ្ឋ​​ឲ្យ​ស្អប់​រាជ​រដ្ឋាភិបាល​ថែម​ទៀត​។ ប៉ុន្តែ​ រឿង​នេះ​មិនបាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជឿ​លើ​ពួក​គេ​នោះ​ទេ​ ទី​បំផុត​គឺ​បាន​ត្រឡប់​មក​វិញ​ តាម​របៀប​  « កាំបិត​​ ចិតដង​ឯង » ដោយ​វិធី​ជេរ​ប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ កឹម សុខា និង​ សម រង្ស៊ី​ ប៉ុណ្ណោះ​។​ ការ​ចោទ​ប្រកាន់​មក​លើ​រាជរដ្ឋាភិបាល ថា​ជាអ្នក​បំបែក​បំបាក់​ ទី​បំផុត​ការ​ពិត​ត្រូវ​បាន​ប្រជាពលរដ្ឋ​​មើល​ឃើញ​អំពី គំនិត​ខូច​ដូច​គ្នា មិនស្មោះ​ត្រង់​ដូចគ្នា បោក​ប្រជាពលរដ្ឋ​ក្នុង​រូបភាព​នយោបាយ​ដូច​គ្នា​ ​រវាង​អ្នក​ទាំង​ពីរ​នោះ​ឯង។​
 
សរុប​មក​ ការ​ពន្យល់​របស់​លោក បណ្ឌិត​អំពី​ចរឹត​របស់​មេដឹក​នាំ​បក្ស​ប្រឆាំង​កាល​ពី​អតីត​កាល​ថ្មី​ៗនេះ​ ដែល​ពួក​គេ​បាន​ឈ្លោះ​ប្រកែក​គ្នា​។ បង​ប្អូន​ត្រូវ​ចងចាំ​ថា អតីតកាល​គឺ​វាឆ្លុះ​បញ្ចាំង​នូវ​បច្ចុប្បន្នកាល​ផង​ដែរ​ ដូច​បុរាណ​ពោលថា« ឆ្កែ​កន្ទុយ​ខ្វៀន​ គឺ​នៅ​តែ​ខ្វៀនដដែល​​ »​ជា​​ដើម​​​។​ ឧទាហរណ៍​ សារជាតិ​របស់ កឹម សុខា គឺជាមនុស្ស​ក្រឡិច​ក្រឡុច​ ពីព្រោះ​ កឹម សុខា ធ្លាប់​មាន​ប្រវត្តិ​មិនស្មោះ​ត្រង់​ជាមួយប្រជាពលរដ្ឋ​ តាំង​ពី​ជំនាន់​ កឹម សុខា​ ធ្វើ​ជាអ្នក​កាន់​ស្បៀង​​អាហារ​​ឆ្នាំ​ ១៩៨០​ មក​ម្លេះ​។ គាត់​ធ្លាប់​បាន​លួច​អង្ករ​ប្រជាជន​ ហើយ​ត្រូវ​បាន​មន្ត្រី​គណបក្ស​​ប្រជាជន​​ដេញ​គាត់​ចេញ​ពី​ការងារ​ ​​​ហើយ​ក៏រត់​ទៅ​ចូល​ជាមួយ​ខ្មែរ​ក្រហម​។ ចំណុច​នេះ​ តើ​​ព្រហ្ម​វិហារ​ធម៌​របស់​ កឹម សុខា  ​​​និង​ សម រង្ស៊ី​ មាន​នៅត្រង់​ណា​?​។ ដូច្នេះ​ ការ​ចាប់​ដៃ​គ្នា​រវាង​ សម រង្ស៊ី និង កឹម សុខា នាពេល​នេះ ​គឺ​ជា​ការ​ឈាន​ទៅ​រក​ភាព​រលំ​រលាយ​នៃ​គណបក្ស​ថ្មី​ របស់​គេ​យ៉ាង​ពិត​ប្រាកដ​៕​
សម្រង់ព័ត៌មាន៖  លោក នូ សាវុធឌី