Friday, May 31, 2013

សេ​ច​ក្តីជូន​ដំណឹង សន្និសីទ​កាសែត​របស់​អ្នក​រស់​រាន​មាន​ជីវិត​ពី​គុក​ទួល​ស្លែង​ប្រតិកម្ម​នឹង​សម្តី កឹម សុខា

ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០១៣

លោក អ៊ុំ ជុំ មី អ្នករស់រានមានជីវិតពីមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង ដែល​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅ លើ​សម្តី​របស់​អ្នកនយោបាយ លោក កឹម សុខា ដែលបាននិយាយថា គុកទួលស្លែងជា​គុក​សិប្ប​និម្មិត នឹងធ្វើសន្និសីទ កាសែតលើកទី២ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៣ វេលាម៉ោង ៨ ព្រឹក​នៅ​គុក​ទួលស្លែង បន្ទាប់ពីឱសានវាទរយៈ ពេល ១០ ថ្ងៃដែលលោក កឹម សុខា ត្រូវមកសុំទោស។

សម្តីមួយម៉ាត់របស់អ្នកនយោបាយរូបនេះ បានធ្វើឲ្យ អ្នករស់រានមានជីវិត និងប្រជាជនកម្ពុជា ក្តៅ​ប្រហាយ និង​ឈឺចាប់​សាជា​ថ្មីម្តង​ទៀត​នៅពេល​ពួក​គាត់បានធូរស្រាល រួចហើយពីរបួសផ្លូវចិត្ត បន្ទាប់​ពីមានអង្គជំនុំជម្រះ វិសាមញ្ញ ក្នុងតុលាការកម្ពុជា ជំនុំជម្រះ​ក្តីលើ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​របប​ខ្មែរក្រហម។

លោក នង ចាន់ផល អតីតអ្នកទោសកុមារ និងអ្នករស់រានមានជីវិតពីមន្ទីរសន្តិសុខ ស-២១ ឬគុក​ទួល​ស្លែង ព្រមទាំង អ្នក​រស់​រាន​មាន​ជីវិត​ពី​មន្ទីរ​សន្តិសុខ ស-២១ និង ជនរង​គ្រោះ​ដែល​មាន​សាច់​ញាតិស្លាប់បាត់បង់ជីវិតនៅ គុកទួលស្លែងជាច្រើនរូបទៀតនឹងចូលរួមនៅក្នុង សន្និ​សីទ​កាសែត​នេះផងដែរ។

សូមអញ្ជើញអ្នកកាសែតជាតិ និងអន្តរជាតិ អញ្ជើញចូលរួមយកព័ត៌មានឲ្យបានច្រើនកុះករ!
សូមអរគុណ!