Thursday, July 11, 2013

ប្រជា​​ពល​រដ្ឋ​​ស្រុក​​បាទី​​ប្តេជ្ញា​​បោះ​ឆ្នោត​ជូន​ណបក្ស​​ប្រជា​ជន​​កម្ពុជា​លេខ​រៀង​​ទី​៤



សមាជិក សមាជិកា​គណបក្ស​ប្រជា​ជន​កម្ពុជា​ប្រមាណ​១ម៉ឺន​នាក់ តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​​មក​ពី​បណ្តា​ឃុំ​នានា​ក្នុង​ស្រុក​បាទី ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជា​មួយ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន នា​ព្រឹក​ថ្ងៃ១១ ខែកក្កដា ឆ្នាំ២០១៣ ក្នុង​ឃុំ​ក្រាំងលាវ ស្រុក​បាទី ខេត្ត​តាកែវ បាន​​ប្តេជ្ញា​បោះ​ឆ្នោត​​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​លេខ​រៀង​ទី​៤ ដោយ​សារ​គណ​បក្ស​​ប្រជាជន​កម្ពុជា​មានគុណ​សម្បត្តិ​ដែល​ជា​សសរ​ស្តម្ភ​ពីរ​សំខាន់ គឺ​ការ​រំដោះ​ប្រជា​ពលរដ្ឋ​ពី​របប​ប្រល័យ​ពូជ​សាសន៍ និង​ការ​កសាង​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ជាតិ​ ជា​ពិសេស​គណបក្ស​ប្រជា​ជន​កម្ពុជា ហ៊ានថា ហ៊ាន​ធ្វើ​ មិន​សន្យាចោល។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន សមាជិក​អចិន្ត្រៃយ៍​គណកម្មាធិការ​កណ្តាល​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​ជា​បេក្ខ​ជន​តំណាង​រាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា​មណ្ឌល​ខេត្ត​តាកែវ សម្រាប់​អាណត្តិ​ទី​៥ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គណបក្ស​ប្រជា​ជន​កម្ពុជាទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​បោះ​ឆ្នោត ជា​ពិសេស​កំណើន​អសនៈមណ្ឌល​ខេត្ត​តាកែវជា​បន្ត​បន្ទាប់​ គឺដោយ​សារការ​ដឹកនាំ​ដ៏ល្អ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ដូច្នោះ បើ​ស្រឡាញ់, បើ​អាណិត, បើ​ពេញ​ចិត្ត, បើ​ជឿ​ទុក​ចិត្ត​ សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន សូម​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជា​ជន​កម្ពុជា។ បន្ទរ ប្រសាសន៍​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន សមាជិក សមាជិកាគណបក្ស​ប្រជា​ជន​ដែល​ចូល​រួម​ក្នុង​ពិធី​ទាំង​អស់​ បាន​ស្រែកជ័យោឃោសគាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី​៤។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គណបក្ស​ប្រ​ជា​ជន​កម្ពុជា​មាន​សសរ​ស្តម្ភ​ពីរ​សំខាន់​ គឺទី១,រំដោះ​ប្រជា​ពលរដ្ឋ​ពី​របប​ប្រល័យ​ពូជ​សាសន៍ ហើយ​បច្ចុប្បន្ន​មេដឹកនាំ​ជាន់​ខ្ពស់​បំផុត​នៃ​របប​ខ្មែរ​ក្រហម​កំពុង​ទទួល​ការ​កាត់​ទោស​ដោយ​តុលាការ​ ដោយ​​មានការ​ចូល​រួម​ពី​ចៅក្រម​បរទេស​។ ទី២, ​កសាង​បានសុខ​សន្តិភាព និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ កាត់​បន្ថយ​ភាព​ក្រីក្រ​ជូនប្រជា​ពលរដ្ឋ​។ ដោយ​ប្រៀ​ប​ធៀប​ជា​មួយ​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​តំបន់​អារ៉ាប់​ និង​ក៏ដូច​ជា​ប្រទេស​ជិត​ខាង​ដែលកំពុង​ប្រឈម​មុខ​នឹង​អសន្តិសុខក្នុង​ប្រទេស​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​រីក​ចម្រើន​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​យើង​សព្វ​ថ្ងៃ គឺ​ដោយ​សារ​ប្រទេស​យើង​មាន​សុខ​សន្តិភាព ដែល​រាជ​រដ្ឋាភិ​បាល​​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន សម្រេច​បាន​។ អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់សង្គ្រាម​បានដឹង​ថា សុខ​សន្តិភាព​មាន​តម្លៃ​ប៉ុនណា។ បច្ចុប្បន្ន គម្រូរបស់​កម្ពុជាក្នុង​ការ​កសាង​សុខ​សន្តិភាព និង​ការ​បង្រួប​បង្រួម​ជាតិ ការអភិវឌ្ឍន៍​ប្រទេស​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​ក្នុង​ពិភពលោក។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​ចាត់​ទុក​ការ​ឃោសនា​របស់​គណបក្ស​ប្រឆាំង​អំពី​វិធី​រក​ថវិកា​ដើម្បី​តម្លើង​ប្រាក់​បៀរវត្សរ៍ដល់កម្មករ មន្ត្រី​រាជការ​ គឺ​ជាការ​ភូត​កុហក់ គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ​។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​ពន្យល់​ថា ការ​តម្លើង​ថ្លៃ​ស្រូវរបស់​កសិករ​ជូន​កសិករ​ ក្រៅ​ពី​ការ​ដាក់​ចេញ​គោលនយោបាយនាំ​អង្ករ​ចេញ ១លាន​តោន​ក្នុង​ឆ្នាំ២០១៥ គឺ​ត្រូវ​ទាក់​ទាញ​ការ​វិនិយោគ​រោង​ម៉ាស៊ីន​កិន​ស្រូវ ដើម្បី​កែច្នៃ​អង្ករ​នាំ​ចេញ​ឲ្យ​មាន​ស្តង់ដារ​អន្តរជាតិ​ និង​ការ​ស្វែង​រក​ទីផ្សារ​ ទើប​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​របស់​កសិករ​កើន​ឡើង មិនមែន​គ្រាន់​តែ​សន្យា​នោះ​ទេ។

បញ្ហាប្រាក់​ខែកម្មករកម្ពុជាមធ្យម​ជាង ១៣០ដុល្លារ​អាមេរិក ដែល​បច្ចុប្បន្ន​ខ្ពស់​ជាងប្រទេស​ឡាវ បង់ក្លាដេស ឥណ្ឌា ភូមា​ នឹង​កើន​ឡើង​នៅ​ពេល​ដែល​ការ​វិនិយោគរោង​ចក្រ​កាន់​តែ​ច្រើន​ក្រោម​ការ​ទាក់​ទាញ​ដោយរាជ​រដ្ឋាភិបាល​សម្តេច​តេជោ និង ដោយ​សារ​តែ​ប្រទេស​មាន​សុខ​សន្តិភាព ហើយ​កម្មករកាន់​តែ​មាន​សមត្ថភាព​ផលិត។ ឯកឧត្តម​​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​បដិសេធ​ថា ការ​ប្រកាស​យកចំណូលពី​ទេសចរ​ចូល​មើល​រមណីយដ្ឋាន​អង្គរ​វត្ត ដើម្បី​តម្លើ​ង​ប្រាក់​បៀរវត្សរ៍ គឺ​មិន​អាច​ធ្វើ​បាន​ ព្រោះចំណូល​នេះ​មិន​គ្រប់​គ្រាន់​សម្រាប់​ថែរក្សា​ និង​អភិរក្ស​តំបន់​រមណីយដ្ឋាន​អង្គរផង ហើយដៃ​គូ​អន្តរជាតិ​ដែលបច្ចុប្បន្ន​កំពុង​ជួយ​ជួស​ជុល​ប្រាសាទ​នានា​មិនគាំទ្រឡើយ។ ឯការ​ប្រកាស​លុប​ចោល​បំណុលរបស់​ប្រជា​ពលរដ្ឋ​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​អនុវត្ត​សេដ្ឋកិច្ច​ទីផ្សារ​សេរី គឺ​មិន​អាច​ធ្វើ​បាន​ ហើយ​ជា​ការ​ភូតកុហក់​។
រដ្ឋ​គ្រាន់​តែ​ជា​អ្នក​សម្រ​ប​សម្រួល តែ​មិន​អាច​ចាប់​បង្ខំ​ឲ្យ​ធនាគារឯកជន​ណា​មួយ​លុប​ចោល​បំណុល​បាន​ឡើយ។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​ព្រមាន​ថា បើ​បងប្អូន​ប្រជា​ពលរដ្ឋ​ណា​ជឿ​តាម​បក្ស​ប្រឆាំង ហើយ​ទៅ​ខ្ចី​លុយ​ធនាគារ​ ដោយ​សង្ឃឹម​ថា គេ​នឹង​លុប​បំណុល​នោះ អាច​នឹង​ជួប​ផល​វិបាក​ជា​មិន​ខាន​។

ដោយ​រំលឹក​ឡើង​ពី​អភិវឌ្ឍន៍​វិស័យ​អគ្គិសនី ដែល​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន បាន​និង​កំពុង​អនុវត្តន៍ ធ្វើ​ឲ្យ​តម្លៃ​ប្រើ​ប្រាស់​អគ្គិសនី​របស់​ប្រជា​ពលរដ្ឋ​ថយ​ចុះ​ជា​បន្ត​បន្ទាប់​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​ជម្រាប​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ក្រាំង​លាវថា ឯកឧត្តមនឹង​ ឯកឧត្តម សូរ ឃុន ដែល​ជា​បេក្ខ​ជន​តំណាង​រាស្ត្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​មណ្ឌ​ល​តាកែវ​ផង​ដែរ នឹង​ជួយ​សម្រួល​ក្នុង​ការត​បណ្តាញ​អគ្គិសនី ជូនប្រជា​ពលរដ្ឋ​ចំនួន​២ភូមិ ក្នុង​ឃុំ​ក្រាំងលាវ ដែល​នៅ​ជិត​ផ្លូវ​ជាតិ​លេខ​៣ ឲ្យ​មាន​អគ្គិសនីប្រើ​ប្រាស់នៅក្រោយ​ការ​បោះ​ឆ្នោតនា​ពេល​ខាង​មុខ​នេះ។