Friday, July 5, 2013

ប្រជាពលរដ្ឋស្រុកបូរីជលសារ ប្រកាសគាំទ្រគណបក្សប្រជាជន ដែលមានលេខរៀងទី៤



ប្រជាពលរដ្ឋជាច្រើនពាន់នាក់ ដែល​ជា​សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា មកពីបណ្តាឃុំនានានៃស្រុកបូរីជលសារ នាព្រឹក​ថ្ងៃទី​៥ ​ខែកក្កដា ឆ្នាំ២០១៣ បាន អះអាង​ចំពោះ​មុខ​​​ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បេក្ខជន​​តំណាង​​​​រាស្រ្ត គណបក្ស​ប្រជាជន​មណ្ឌល​តាកែវ​ថា គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​លេខ​រៀង​ទី៤ ដើម្បី​​បាន​សម្តេច​អគ្គ​មហា​សេនាបតីតេជោ  ហ៊ុន សែន  ជានាយករដ្ឋមន្រ្តី ។

ការសន្យារបស់ប្រជាពលរដ្ឋបានធ្វើឡើងនៅក្នុងពីធីសំណេះសំណាលមួយ ​នៅក្នុង​ឃុំគោក​ពោធិ៍ ជាមួយ​ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន សមាជិក​អចិន្រ្តយ៍​គណៈ​កម្មាធិការ​កណ្តាលគណបក្សប្រជាជនកម្ពុជា និងជា​​បេក្ខជន​តំណាង​រាស្រ្ត​នៅក្នុង​ការបោះ​ឆ្នោត​ជ្រើសរើសសមាជិកសភាអាណត្តីទី V នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣  

ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍​ឲ្យ​ដឹងថា ចាប់តាំងពីឆ្នាំ១៩៩៣ នៃ​ការ​បោះ​ឆ្នោតជ្រើសរើស​សមាជិក​សភា​អាណត្តិទីI រហូតមកដល់អាណត្តីទីIV គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ​ពីប្រជាពល​រដ្ឋខេត្តតាកែវ​រហូត តាំងពី ៣អសនៈ ក្នុងចំណោម ៨អសនៈរហូតមកដល់៦អសនៈ នៅក្នុងការ​បោះឆ្នោត​ជ្រើសរើស​សភាអាណត្តិទីIV ឆ្នាំ២០០៨ គឺឡើងមួយ អាណត្តិមួយអសនៈ បានសេចក្តីថា ប្រជាពល​រដ្ឋ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​ក្នុង​ការ​គាំទ្រ​ចំពោះអ្នកឈ្នះ ដែលជា​គណបក្ស​បាន​ជួយប្រជាជន​ឲ្យជួយផុត​ពីរបប​ប្រល័យ​ពូជសាសន៍ កសាងប្រទេសឲ្យមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមាន​ការអភិវឌ្ឍ​ជាក់ស្តែង​លើ​គ្រប់វិស័យ ។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន​ បាន​មាន​ប្រសាសន៍​បញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹក​នាំរបស់​​​គណ​បក្សប្រជាជនកម្ពុជាបាន​កសាងហេដ្ឋា​រចនា​សម្ព័ន្ធជាតិ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាពិសេសមណ្ឌលសុខភាព និងសម្ភព នៅតាម​មូលដ្ឋាន បើកទូលាយឲ្យមានជំនឿសាសនា ដែលបច្ចុប្បន្នមានវត្តអារាមជាង៤ពាន់ ព្រះសង្ឍមាន​ជាង៥ម៉ឹនអង្គ។ ការដាក់ចេញនូវនយោបាយនាំអង្ករចេញឲ្យបាន១លានតោន នាឆ្នាំ២០១៥ និងការទាក់ទាញការវិនិយោគ បង្កើតម៉ាស៊ីនកិនស្រូវ ដើម្បីនាំចេញ នឹងធ្វើឲ្យ​តម្លៃ​ស្រូវ​របស់​កសិក​កើន​ឡើង។ ការបង្កើតវារីអគ្គិសនី និងការនាំ​ចូលថាមពល​អគ្គិសនីពីបរទេស បាន​ធ្វើឲ្យតម្លៃ​ប្រើប្រាស់​អគ្គិសនីចុះថោកជាបន្តបន្ទាប់​ ជាមួយគ្នា​នោះ ការលុបបំ​បាត់​អំពើ​ពុករលួយ​តាម​រយៈការលើកកម្ពស់ការផ្តល់សេវា​សាធារណៈជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព លើកកម្ពស់​សមត្ថភាព និងបៀវត្សជូនមន្រ្តីរាជការជាបន្តបន្ទាប់ បានធ្វើឲ្យភាព​ក្រីក្ររបស់​ប្រជាពល​រដ្ឋបាន​ធ្លាក់ចុះ​មកដល់១៩ភាគរយ ក្នុងឆ្នាំ ២០១៣នេះ ។

ទាក់ទងនឹងប្រាក់ខែកម្មកររោងចក្រ ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ពន្យល់​ថា សព្វថ្ងៃ​កម្មកររោង​ចក្រកម្ពុជា​មានបៀវត្ស​ខ្ពស់ជាងកម្មកររោងចក្រ នៅ​​ប្រទេស​​​បង់ក្លាដេស និងឥណ្ឌា ។ កម្មកររោងចក្រនៅកម្ពុជា​មានប្រាក់ខែទាបបំផុតជាង​១០០​ដុល្លារ និងខ្ពស់បំផុតជាង ២០០ដុល្លារ ដែលក្នុងមួយខែៗមានប្រាក់ជាមធ្យម ៤០ដុល្លារ ផ្ញើមកឲ្យ ឳពុកម្តាយ ។ ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា ការតម្លើងប្រាក់ខែ​ជូនកម្មករត្រូវធ្វើឡើងដោយការពិភាក្សារវាង ៣ភាគី គឺ ១) ភាគីម្ចាស់រោងចក្រ ២) សហជីព    ៣) គឺរាជរដ្ឋា-ភិបាល គឺយើងមិនអាចចាប់បង្ខំបានឡើយ ។  មធ្យោបាយតម្លើងប្រាក់ខែជូនកម្មករ ក្រៅពីការពិភាក្សា គឺការទាក់ទាញការវិនិយោគឲ្យបានច្រើន និងធ្វើឲ្យកម្មករកម្ពុជាមានសមត្រភាពជំនាញ ដើម្បីធានាផលិតភាពការងារ គឺមិនមែនគ្រាន់តែជាការសន្យានោះទេ ។ ជាមួយនឹងការ​រំលឹកឡើងវិញកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈការដាក់បញ្ជូលព្រះសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក និងការរៀបចំកិច្ចប្រជុំលើកទី៣៧ ក្នុងនាមជាប្រធានគណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន​ជាប្រធានអាស៊ានជាដើម ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ជម្រាបជូនប្រជាពលរដ្ឋស្រុកបូរីជលសារថា គណបក្សប្រជាជនកម្ពុជា ហ៊ាននិយាយ ហ៊ានធ្វើ មិនសន្យាឡើយ ៕