Monday, July 22, 2013

យុវជន​ខេត្តតាកែវ ​ប្រកាស​គាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​រដ្ឋសភា​អាណត្តិទីV

នៅក្រុងដូនកែវ នៃខេត្តតាកែវ វេលាម៉ោង៩ព្រឹក នាថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៣ មាន​យុវជន យុវនារី ប្រមាណជាង២ម៉ឺននាក់ មកពីបណ្តាស្រុក ក្រុង ទាំង១០ នៃខេត្តតាកែវ ដោយមាន​ពាក់អាវ ពាក់មួក និងបិទលើ ថ្ពាល់​នូវរូប​សញ្ញា​គណ​បក្ស​ប្រជាជន​​កម្ពុជា និង​លេខ៤ផង បានមកជួបជុំគ្នា​នៅរង្វង់​មូលវិមាន​ឯករាជ្យ  និងនៅ​ទីលាន​មុខផ្សារ​ដូនកែវ ដើម្បីសម្តែង​ការគាំទ្រចំពោះគណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​បោះឆ្នោតជ្រើស​រើស​សមាជិក​សភាអាណត្តិទីដែល​នឹងប្រព្រឹត្ត​ទៅ​នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ​។ ដោយមានក្រុមតន្រ្តីប្រគុំកំដរ ពាក្យស្លោក បើស្រឡាញ់ បើអាណិត បើពេញចិត្ត បើជឿទុកចិត្ត សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមបោះឆ្នោតជូនគណបក្ស​ប្រជាជនកម្ពុជា និង​បោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា ​លេខ៤ ព្រមទាំងពាក្យឈ្នះ! ឈ្នះ! ឈ្នះ!​  ឈ្នះ! ត្រូវបានស្រែកបន្ទរ​យ៉ាងកងរំពងក្នុងពិធីជួបជុំនោះ ។

លោក សុខ ពុទ្ធិវុឌ្ឍ ប្រធាន​សហភាព​សហព័ន្ធ​យុវជនកម្ពុជាខេត្តតាកែវ ដែលជាអ្នករៀបចំឲ្យ​មាន​ការ​ជួបជុំ បានថ្លែងអំណរគុណចំពោះយុវជន យុវ​នារី ដែលភាគច្រើនជាសិស្ស និស្សិត ដែល​បាន​មកជួបជុំគ្នា ដើម្បីបង្ហាញ​សមាន​ចិត្តគាំទ្រ​ចំពោះ​គណ​បក្ស​ប្រជាជនកម្ពុជា សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើសសមាជិកសភាអាណត្តិទីV ដើម្បីបាន​សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​ធ្វើជា​នាយក​​-រដ្ឋមន្រ្តី ដឹកនាំ​ប្រទេស​ជាតិឲ្យ​មាន​សុខ​សន្តិភាព និងការរីកចម្រើន ។  លោក សុខ សូកាន ដែលជា​បេក្ខជន​តំណាងរាស្រ្ត​គណ​បក្ស​ប្រជាជន​កម្ពុជា​វ័យក្មេងក្​នុង​នាម​ឯកឧត្តមប​ណ្ឌិត​សភាចារ្យ សុខ អានសមាជិក​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិការ​កណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាប្រធាន​ក្រុមការងារ​គណ-បក្ស​ប្រជាជនកម្ពុជា ខេត្តតាកែវ និង​ជាបេក្ខជន​តំណាងរាស្រ្តខេត្តតាកែវផងដែរ បានប្រកាសថា គណ-បក្សប្រជាជកកម្ពុជា ដែលជាគណបក្សដែលយកចិត្តទុកដាក់ចំពោះ សុខុមាលភាព អប់រំយុវជនឲ្យមាន​តែការសាមគ្គីភាព ដើម្បីការអភិវឌ្ឍន៍ ផ្ទុយពីគណបក្សផ្សេង អប់រំញុះញង់ បញ្ឆេះកំហឹង បំបែក​បំបាក់​សាមគ្គីយុវជន ដែលអាចជាប្រការនាំឲ្យប្រទេសជាតិធ្លាក់ចូល​ក្នុង​គ្រោះថ្នាក់ដូចអតីតកាលកន្លងមក ដែល​​ប្រទេសជាតិបានជួបប្រទះ ។
ជាមួយនឹង​ការថ្លែង​អំណរគុណចំពោះយុវជន យុវនារី ខេត្តតាកែវ​ទាំងមូល ដែលបាន​មកគាំ​ទ្ររូប​លោក ក្នុងនាមជាបេក្ខជន​តំណាង​រាស្រ្ត​គណ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ សូកាន ​បានប្រកាស​បេ្តជ្ញាចិត្តថា ក្នុង​នាមយុវជន​មួយរូប​របស់​គណបក្ស​ប្រជា​ជនកម្ពុជា ដែលជាប់​ឆ្នោតជាតំណាងរាស្រ្ត លោកនឹងខិតខំបម្រើ​ប្រជាពលរដ្ឋ ពិសេសយុវជន តាមរយៈជម្រុញ​ការ​កែទម្រង់​ប្រទេសជាតិ ស៊ី​ជម្រៅ ឲ្យមានអភិបាលកិច្ចកាន់តែល្អ និង​កំណើន​សេដ្ឋ​កិច្ចដោយការទាក់ទាញ​វិនិយោគ​ទុន​បរទេស មកជួយ​អភិវឌ្ឍប្រទេស ដើម្បី​យុវជន​មាន​ការ​សិក្សា និងមានការងារធ្វើ​កាន់តែ​ច្រើន ។ សូម​បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រពីប្រជាពលរដ្ឋក្នុងខេត្តតាកែវកើន​អសនៈ​ជារៀង​រាល់អាណត្តិ គឺពី៣អសនៈ នៅអាណត្តិទីI មក៦អនសៈក្នុងអាណត្តិទីIV កន្លងមកនេះ ។ ប្រជា-ពលរដ្ឋ និងយុវជន បានប្រកាសថា នឹងបោះឆ្នោតគាំទ្រគណបក្សប្រជាជនឲ្យបាន ៧អសនៈ ក្នុង​ចំណោម ៨អសនៈ ក្នុងមណ្ឌលខេត្តតាកែវ សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភាអាណត្តិទីដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ។


 ព្រឹត្តិការណ៍នៃការជួបជុំ ដែលពោរពេញ​ទៅ​ដោយការ​ពុះកញ្ជ្រោលសប្បាយរីករាយ ក្នុង​ភាព​​ថ្លៃថ្នូរ និងសាមគ្គីភាព បាន​បញ្ចប់​នៅ​វេលា​ម៉ោង ១២ថ្ងៃត្រង់ បន្ទាប់ពីក្រុមយុវជនទាំង១០​ស្រុក ក្រុង បែកគ្នា​ដង្ហែក្បួ​នឃោស​នាវិល​ត្រឡប់​ទៅកាន់​មូលដ្នាន​រៀងៗខ្លួន ។

សូម​បញ្ជាក់ថា ការជួបជុំយុវជន ដើម្បី​គាំទ្រ​គណ​បក្សប្រជាជនកម្ពុជា នៅខេត្តតាកែវ មិនមែន​ជា​លើក​ទី១ ហើយក៏មិនមែនជាលើកចុងក្រោយដែរ នៅក្នុងយុទ្ធនាការនៃការបោះឆ្នោតជ្រើសតាំង​សមាជិកសភាអាណត្តិV រយៈពេល​១ខែ​ ដែល​ចាប់ផ្តើមឡើងចាប់ពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ​២០១៣ កន្លង​មកនោះឡើយ ។ កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៣ ក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្ស​ប្រជាជនកម្ពុជាចុះជួយខេត្ត​តាកែវ និង​គណៈ​កម្មា​ធិការ​គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានប្រារព្ធ​ពិធី​ប្រកាសបើកយុទ្ធនាការនៅក្រុងដូនកែវ ក្រោម​អធិប​តីភាព​ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន សមាជិក​​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា ដែលជាប្រធាន​ក្រុម​ការងារ​គណ-បក្ស​ប្រជាជនកម្ពុជា ខេត្តតាកែវ និងជា​បេក្ខជន​តំណាង​រាស្រ្ត​ខេត្តតាកែវ ។