Wednesday, August 28, 2013

អភិបាល​​រដ្ឋ​​ម៉ា​ឡា​កា​​របស់​​ម៉ាឡេស៊ី​​សន្យា​ជួយ​​ជំរុញ​ក្រុមហ៊ុន​ម៉ាឡេ​ស៊ី​​មក​វិនិយោគ​​នៅ​កម្ពុជា​​លើ​វិស័យ​​កែច្នៃ​អង្ករ

ឯកឧត្តម ទុន ដា​តុ ស្រ៊ី អ៊ូ​តា​ម៉ា មហា ម៉ា​ដ ខា​លី​ល ប៊ីន យ៉ា​កុប (TUN Datukseri ​ Utana Mohd Khalil bin yaakob) អភិបាល​រដ្ឋ​ម៉ា​ឡា​កានៃ​ប្រទេស​ម៉ាឡេស៊ី​បានមាន​ប្រសាសន៍ឲ្យ​ដឹងនៅ​រាជធានីភ្នំពេញ ​នា​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ២០១៣ ថា ឯកឧត្តម​​នឹង​ធ្វើ​ការណែនាំ​ឲ្យ​ក្រុមហ៊ុន​ម៉ា​មី ដែល​ជា​ក្រុមហ៊ុន​ផលិត​គុយទាវ ​មី​ ធ្វើ​ពី​អង្ករ ​មក​ធ្វើការ​សិក្សា​អំពី​លទ្ធភាព​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​ ដោយ​ឯកឧត្តម​យល់ថា​ ​កម្ពុជា​ជាប្រទេស​មួយ​ដែល​មាន​អតិរេក​អង្ករ ដែល​អាច​ប្រើប្រាស់​ផលិត​ជា​មី​ ឬ​គុយទាវ​ធ្វើ​ពី​អង្ករ​បាន។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឲ្យ​ដឹង​ថា នៅក្នុង​ជំនួប​សំដែង​ការគួរសម​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ នៅ​វិមាន​សន្តិភាព ឯកឧត្តម​ ប៊ីន យ៉ា​កុប (bin yaakob) បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក និង​គណៈប្រតិភូ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នាពេល​នេះ​គឺ ដើម្បី​សិក្សា​អំពី​ការចាត់ចែង និង​គ្រប់គ្រង​អង្គរវត្ត​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ ឯកឧត្តម​ ប៊ីន យ៉ា​កុប (bin yaakob) ​បានវាយតម្លៃ​ខ្ពស់​ចំពោះ​កំណើនសេដ្ឋកិច្ច​របស់​​កម្ពុជា ក៏ដូចជា​ការ​រីកចម្រើន​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ទូទាំង​កម្ពុជា​ ហើយ​ក៏បាន​សាទរ​ចំពោះ​កម្ពុជា​ ដែលទទួល​បាន​ជោគជ័យ ​​លើ​វិស័យ​ទេសចរណ៍​ផង​ដែរ​។

ឯកឧត្ត អ៊ាង សុផល្លែត បាន​ឲ្យ​ដឹង​ថា ឯកឧត្តម​ ប៊ីន យ៉ា​កុប (bin yaakob) មានប្រសាសន៍ថា អ្វីៗ​គឺ​មាន​ការ​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស​បំផុត បើប្រៀបធៀប​ពេល​លោក​មកកាន់​ព្រះរាជា​ណា​ចក្រកម្ពុជា​នៅក្នុង​រយៈពេល​ កន្លងមក ហើយ​អ្វីដែល​ជាការ សំខាន់​នោះ​គឺ​ការលូតលាស់​របស់​កម្ពុ​ជា រក្សាបាន​នូវ​ស្ថាបត្យកម្ម​កម្ពុជា ដែល​លោក​សូម​គោរព​សំដែង នូវ​ការ​អបអរសាទរ ហើយ​មានប្រសាសន៍ថា នេះ​មកពី​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ​។

ក្នុង​ជំនួប​ជាមួយឯកឧត្តម​ ប៊ីន យ៉ា​កុប (bin yaakob) សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​ថា ឆ្នាំ២០១៣ នេះ​កំណើន​សេដ្ឋកិច្ច​កម្ពុ​ជា​មាន​ប្រមាណ ៧,៦% ហើយកម្ពុជា​កំពុងតែ​ជំរុញ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ឲ្យ​បាន​កាន់តែ​ខ្ពស់​ថែមទៀត ក្នុងនោះ​វិស័យ​កសិកម្ម​ដើរ​តួនាទី​សំខាន់​ណាស់​នៅក្នុង​ការជំរុញ​កំណើន​សេដ្ឋ​កិច្ច។ ទាក់​ទង​នឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី សម្តេច​តេ​ជោ​មានប្រសាសន៍​ថា កម្ពុជា​កំពុងតែ​ព្យាយាម​ទាក់ទាញ​អ្នក​វិនិយោគ​ម៉ាឡេស៊ី ដើម្បី​មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​​កែច្នៃ​អង្ករ​កម្ពុជា​សម្រាប់​នាំចេញ។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា អ្វី​ដែល​ជា​បញ្ហា គឺ​កម្ពុជា​ចង់បាន​ការចូលរួម​ក្នុង​ការ​កែច្នៃ​អង្ករ​សម្រាប់​នាំចេញ​នេះឯង៕