Friday, September 27, 2013

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ថ្មីក្រសួង​អប់រំ​​​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​គោល​ការណ៍​អប់រំ​សម្រាប់​ទាំង​អស់​គ្នា

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី នា​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៣ បាន​ផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋមន្ត្រី​ថ្មីនៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កសាង​ធន​ធាន​មនុស្ស​​ តាម​រយៈ​នៃការ​អនុវត្តន៍​គោលការណ៍ «ការអប់រំសម្រាប់ទាំងអស់គ្នា» ឱ្យកាន់តែ​សកម្ម​និង​មាន​​ប្រសិទ្ធភាពបន្ថែមទៀត សំដៅ​ធានា​សមធម៌​ក្នុង​ការ​ទទួល​បាន​សេវា​អប់រំ បន្តលើកកម្ពស់​គុណភាពនិងប្រសិទ្ធភាព​សេវា​អប់រំគ្រប់កម្រិត ព្រមទាំងបន្តអភិវឌ្ឍស្ថាប័ន និងសមត្ថភាពមន្ត្រី​អប់រំ​។​ ​

ក្នុង​ឱកាស​អញ្ជើញ​ជាតំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី៥ នៃ​រដ្ឋសភា ក្នុង​ពិធី​ផ្ទេរ និង​ចូល​កាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា គឺ​ឯកឧត្តម ហង្ស ជួនណារ៉ុង ជំនួស​ឯកឧត្តម អ៊ឹម សិទ្ធី ដែល​ត្រូវ​ទៅ​បំពេញ​ភារកិច្ច​ថ្មី ឯកឧត្តមបណ្ឌិត​សភា​ចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រទេស​មួយ​ចំនួន​ដូច​ជា សិង្ហបុរី សាធារណរដ្ឋ​កូរ៉េ មិនមែន​ជា​ប្រទេស​ដែល​មាន​ធន​ធាន​ធម្ម​ជាតិ​ច្រើន​ដូច​កម្ពុជា​នោះ​ទេ តែ​ដោយ​សារ​តែ​គេ​មានមូល​ធន​​មនុស្ស​​ ធ្វើឲ្យ​ប្រទេស​ទាំង​នោះ​មាន​សេដ្ឋ​កិច្ច​រីក​ចម្រើន​។ សម្រាប់​ភារកិច្ច​​របស់រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថ្មី​អាណត្តិ​ទី​៥​នេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​ជំរុញ​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ យក​ចិត្ត​ទុក​ដាក់​ពង្រឹង​គុណភាពអប់រំ និង​ជួយ​តម្រង់​ទិស​ការ​សិក្សា​របស់​យុវជន​ ឲ្យ​ស្រប​តាម​តម្រូវការ​ទីផ្សារការងារ ដើម្បី​ចៀស​វាង​ភាព​ខ្វះ និង​លើសរវាង​មូល​ធន​មនុស្ស​ដែល​បណ្តុះ​បណ្តាល​បាន និង​ទីផ្សារ​ការ​ងារ​ដែល​មានការ​រីក​ចម្រើន​។

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា គុណភាព​នៃ​ការអប់រំ គឺ​ជាគន្លឹះ​សម្រាប់​ដោះ​ស្រាយ​រាល់​បញ្ហា​ប្រឈម​នានា ទាំង​ក្នុងអភិបាលកិច្ច ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម ក៏ដូចជា​ការអភិវឌ្ឍ​សហគមន៍ និងសង្គម​គ្រួសារ​នីមួយៗ ហើយ​ក្រសួងអប់រំ យុវជន និង​កីឡា គឺជាតួអង្គ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​តួអង្គ​ស្នូល​នានា នៅ​ក្នុងការកសាង​មូលធន​មនុស្ស (Human Capital) ឱ្យ​មានភាព​រឹងមាំ ដើម្បី​ជាមូលដ្ឋាន​ដ៏ចាំបាច់​សម្រាប់​ការធ្វើ​ពិពិធ​កម្មសេដ្ឋកិច្ច ការបង្កើន​ផលិត​ភាព និង​សមត្ថភាព​ប្រកួត​ប្រជែង ដែលនឹង​អនុញ្ញាត​ឱ្យ​កម្ពុជា​ចូលរួម​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សមធម៌ នៅ​ក្នុង​សហគមន៍​អាស៊ាន នាឆ្នាំ​២០១៥ ខាង​មុខ​ដ៏ខ្លី។

ដើម្បីសម្រេចនូវ​បេសកកម្ម​ដ៏ធំធេងនិងជាគន្លឹះនេះ ទាមទារ​ឱ្យមាន​ការ​សម្របសម្រួល និង​ការ​ចូលរួម​សហការ​យ៉ាងសកម្ម និង​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវខ្ពស់ រវាង​ក្រសួងអប់រំ យុវជន និង​កីឡា និង​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់  ដូច​ជា​ក្រសួង​ការ​ងារ​និង​បណ្តុះ​បណ្តា​ល​វិជ្ជាជីវៈ​ដែល​ទទួល​បន្ទុក​វិស័យអប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្រុម​ប្រឹក្សា​ជាតិមុខរបរ (NTB​) និង​ទីភ្នាក់​ងារ​ជាតិ​មុខរបរ (NEA) ព្រមទាំង​វិស័យឯកជន ដៃគូ​អភិវឌ្ឍន៍ និងអង្គការ​មិនមែន​រដ្ឋា​ភិបាល​នា​នា ដែល​បំពេញ​ការងារ​ក្នុងវិស័យ​អប់រំ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​មាន​ប្រសាសន៍​ផ្តល់​ជា​អនុសាសន៍​ឲ្យ​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា រក​វិធី​ និង​យក​ចិត្តទុក​ដាក់​កាត់​បន្ថយ​គម្លាតដែលនៅ​ធំ រវាង​អ្នក​សិក្សា​ស្រាវ​ជ្រាវ (Academic) និង​អ្នក​ធុរៈកិច្ច​ ដោយ​បង្កើត​ឲ្យ​មានការ​ជួប​គ្នារវាង​អ្នក​ស្រាវ​ជ្រាវ និង​អ្នក​ធុរៈកិច្ច​ដើម្បី​អាច​ស្វែង​យល់​ពី​គ្នា និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។

សូម​បញ្ជាក់​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​លើក​ដំបូង​ក្នុង​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា នា​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​វិមាន​សន្តិភាព​ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ប្រកាស​ដាក់​អនុវត្តន៍​នូវ​ “យុទ្ធ​សាស្ត្រ​ចតុកោណ” កំណើន​ សមធម៌ និង​ប្រសិទ្ធ​ភាព​ ដំណាក់កាល​ទី​៣ បាន​ផ្តោត​ចំណុច​អាទិភាព​ជា​ច្រើន​ក្នុង​វិស័យ​អប់រំ​ផង​ដែរ៕