Friday, September 6, 2013

កម្ពុជា​គាំទ្រ​ប្រទេស​ទីម័រ​ខាង​កើត​ឲ្យ​ចូល​ជា​សមាជិកទី១១នៃ​អាស៊ាន

តាមរយៈ​ ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គោសម៉ៅ (Kay Rala Xanana Gusmao) នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ការពារ​ជាតិ និង​សន្តិសុខ នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យទីម័រ​ខាងកើត ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជានា​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ២០១៣ បាន​ប្រកាស​គាំទ្រ​សាធារ​ណ​រដ្ឋ​ប្រជាធិប​តេយ្យ​ទីម័រ​ខាង​កើត​ជា​សមាជិក​ទី ១១ របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ASEAN)

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​ បាន​ឲ្យ​ដឹង​​ថា នៅ​ក្នុង​​ជំនួប​ពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គោសម៉ៅ (Kay Rala Xanana Gusmao)នាយក រដ្ឋ​មន្រ្តី និង​ជា​រដ្ឋមន្រ្តី​ការពារ​ជាតិ និង​សន្តិសុខ នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យទីម័រ​ខាងកើត នៅ​វិមាន​សន្តិភាព កាល​ពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ២០១៣ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា បា​ន​ជម្រាប​ជូន​ឯកឧត្តម កៃ រ៉ាឡា សាណា​ណា ហ្គោសម៉ៅ ថា ជំហរ​របស់​កម្ពុជា​ គឺ​គាំទ្រ​ប្រទេស​ទីម័រឲ្យ​ចូល​ជា​សមាជិក​អាស៊ានដោយ​ពុំ​​មាន​ការ​ជំទាស់​នោះ​ឡើយ។

ដោយ​ចាត់​ទុក​ដំណើរ​ទស្សន​កិច្ច​របស់​ឯកឧត្តម​នាយក​រដ្ឋមន្រ្តី​ទីម័រ​ខាង​កើត មក​កាន់​កម្ពុជា​​ថា​ជា​ការ​ចាប់​ផ្តើម​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​​ទាំង​ពីរ (កម្ពុជា-ទីម័រ) ​​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​សំដែង​នូវ​ការ​អបអរសាទរ​ចំពោះ​សេដ្ឋកិច្ច​ប្រទេស​ទីម័រ ដែល​មាន​ការ​រីក​ចម្រើន​ឡើង​យ៉ាង​ល្អ​ប្រសើរ ទោះ​បី​ជា​ក្នុង​កាលៈទេសៈ ដែល​ពិភព​លោក​ទទួល​រង​នូវ​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាង​ណា​ក្តី។ សម្តេច​តេជោ​​បាន​ស្នើ​ឲ្យ​ឯកឧត្តម​នាយក​រដ្ឋមន្រ្តី​ទីម័រ​ខាង​កើត និង​គណៈ​បរតិភូ​ទាំង​មូល ពិនិត្យ​មើល​លទ្ធភាព​វិស័យ​ផ្សេងៗ ដែល​ប្រទេស​ទាំង​ពីរ​អាច​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​បាន ពិសេស​លើ​វិស័យ​អង្ករ ដែល​កម្ពុជា​មាន​អតិរេក​ស្រាប់​នោះ។

ឯកឧត្តម​ អ៊ាង សុផល្លែត បានឲ្យ​ដឹង​ថា ​ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គោសម៉ៅ បាន​មាន​​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មក​កាន់​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​នា​ពេល​ នេះ​​គឺ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ក៏​ដើម្បី​ពិនិត្យ​មើល​វិស័យសក្តា​នុពល​​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ ដែល​អាច​ធ្វើ​កិច្ច​ប្រតិបត្តិការ​ជាមួយ​គ្នា​បាន​ផងដែរ។

ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គោសម៉ៅ កើត​នៅ​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៤៦ នៅ​ម៉ា ណាទុទូ ប្រទេស​ទីម័រឡេស្ត។ នៅ​ឆ្នាំ ២០០២-២០០៧ ឯកឧត្តម​ជា​ប្រធានាធិបតី​ប្រទេស​ទីម័រ​ឡេស្ត។ នៅ​ខែ​សីហា ឆ្នាំ២០០៧ ជា​នាយក​រដ្ឋមន្រ្តី និង​នៅ​ខែ​សីហា ឆ្នាំ២០១២ ជា​នាយក​រដ្ឋមន្រ្តី​ប្រទេស​ទីម័រ​ឡេស្ត​សម្រាប់​អាណត្តិ​ទី២។


ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គោសម៉ៅ (Kay Rala Xanana Gusmao ) នាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ការពារ​ជាតិ និង​សន្តិសុខ នៃ​សាធារណរដ្ឋ​ទីម័រ​ឡេស្ត បាន​អញ្ជើញ​មក​ដល់​កម្ពុជា សម្រាប់​ទស្សន​កិច្ច​ផ្លូវ​ការ​រយៈ​ពេល​ ៥ថ្ងៃ (05.09-09.2013)។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គោសម៉ៅ (Kay Rala Xanana Gusmao )  ភាគី​ទាំង​ពីរ​ក៏បាន​ចុះ​​​ហត្ថ​លេខា​លើ​​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា ​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម និងបច្ចេក​ទេស​ផង​ដែរ៕