Thursday, September 12, 2013

បក្ស​​កុម្មុយ​នីស្ត​​ចិន​​ប្រកាស​​គាំទ្រ​​រាជរដ្ឋាភិបាល​​សម្តេច​​តេ​ជោ​​​

ឯកឧត្តម លាវ យន់​សាន មន្ត្រីជាន់ខ្ពស់​នៃ​បក្ស​កុម្មុយនីស្ត​ចិន​ ដែល​បាន​ដឹកនាំ​ប្រតិភូ​បក្ស​កុម្មុយនីស្ត​ចិន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ ថា បក្ស​កុ​ម្មុយ​និ​ស្ត​ចិន​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​​តេ​ជោ ហ៊ុន សែន។​

ឯកឧត្តម លាវ យន់​សាន ដែល​ជា​សមាជិក​ការិយាល័យ​នយោបាយ សមាជិក​គណៈ​លេខា​នៃ​គណៈក​ម្មា​ធិ​កា​រម​ជ្ឈឹ​ម​បក្សកុម្មុយនីស្ត​ចិន និង​ជា​មនុស្ស​សំខាន់​ទី៥ ក្នុង​ជួរ​គណៈកម្មាធិការ​អចិ​ន្ត្រៃ​យ៍​នៃការិយាល័យ​នយោបាយ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​ចិន និង​គណៈប្រតិភូ​អមដំណើរ​បាន​​អញ្ជើញ​មកបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ​ (១១-១២ ខែកញ្ញា ឆ្នាំ២០១៣)​បាន​​មាន​ប្រសាសន៍​បែប​នេះ ក្នុង​ពិធីជួបពិភាក្សា​ការងារ​ជាមួយសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅ​​វិមាន​សន្តិភាព នាទីស្តីការ​គណៈរដ្ឋមន្ត្រី ដែល​ក្នុង​ឱកាស​នោះក្រៅ​ពី​អះអាង​ពីការបន្ត​​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​​រវាង​​ប្រទេសជាតិទាំងពីរ (កម្ពុជា​-ចិន) ឯកឧត្តម លាវ យន់​សាន ​ក៏​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ឯកឧត្តម​ប្រធានាធិបតី ឯកឧត្តម​នាយករដ្ឋមន្ត្រីនៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផងដែរ​។

ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេចតេជោនាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ឯកឧត្តម លាវ យន់​សាន មានប្រសាសន៍ថា នេះ​ជា​ខួប​លើក​ទី ៥៥ឆ្នាំ​ នៃទំនាក់ទំនង​ការទូត​មិត្តភាព​កម្ពុជា​-​ចិន ហើយ​ដំណើរ​ទេស្សន​កិច្ច​របស់ឯកឧត្តម និង​គណៈ​ប្រតិ​ភូ​​ជាន់ខ្ពស់នៃ​គណបក្ស​កុម្មុយ​នីស្ត​​ចិន​​នៅ​កម្ពុជា​ពេលនេះ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហ​ប្រតិបត្តិការ​​គ្រប់​ជ្រុង​ជ្រោយ និង​ជំរុញ​ការអភិវឌ្ឍ​ថែមទៀត ហើយក៏​ជាការ​បង្ហាញ​ជំហរ​របស់​ម​ជ្ឈឹ​ម​បក្ស​កុម្មុយ​និស្ត​​ចិន​ចំពោះ​ការគាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំកម្ពុជា​ឆ្ពោះទៅកាន់​ការអភិវឌ្ឍ​នោះ​។​

សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ ចំពោះ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​ប្រធានាធិបតី ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន និងបាន​ថ្លែងអំណរគុណ​ផងដែរ​ ចំពោះ​បក្ស​កុម្មុយ​នីស្ត​​ចិន ដែល​តែងតែ​គាំទ្រ​បុព្វហេតុ​សន្តិភាព និង​ការអភិវឌ្ឍ​កម្ពុជា និង​បានអនុញ្ញាត​ឲ្យ​យុវជន​​កម្ពុជា​បាន​ទៅ​សិក្សា​បទពិសោធន៍​នៅ​ប្រទេស​ចិន និង​ជំរុញសម្ព័ន្ធភាព​រវាង​ខេត្ត និង​ខេត្ត​។ ​សម្តេចតេជោនាយក​រដ្ឋមន្ត្រី​បាន​សំដែង​នូវ​ការរីករាយ​ ចំពោះ​សកម្មភាព​នៃ​កិច្ច សហ​ប្រតិបត្តិការ​​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច វិនិយោគ និង​ទេសចរណ៍​​។​

សូម​រំលឹក​ផង​ដែរ​ថា កម្ពុជាទទួលបាន​នូវ​ការវិនិយោគ​យ៉ាងច្រើន​ពី​វិស័យ​ឯកជន​របស់​ចិន ពិសេស​​នៅក្នុង​វិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ កសិកម្ម និង​ទេសចរណ៍​។ ពាណិជ្ជកម្ម​ទ្វេភាគី​របស់​ប្រទេស​ទាំងពីរ​ក៏មាន​ការកើនឡើង​គួរ​ឲ្យ​ កត់​សម្គាល់ ដែល​តាម​សិ្ថ​តិ​របស់ចិន ​គឺមាន​ទំហំ​ប្រមាណ ២,៩ពាន់​លាន​ដុល្លារ​អាមេរិក ​នៅ​ឆ្នាំ ២០១២ កន្លងទៅនេះ​។ ​ប្រការនេះ​បានផ្តល់នូវ​ជំនឿ​ដោយ​សុ​ទិដ្ឋិ​ថា គោលដៅ​នៃ​ទំហំ​ពាណិជ្ជ​កម្ម​​ទ្វេភាគីកម្ពុជា​-​ចិន​ ចំនួន ៥ពាន់​លាន​ដុល្លារ សម្រាប់ឆ្នាំ២០១៧ គឺ​ទំនងជា​នឹង​សម្រេចបាន​ជាមិនខាន​។​


ព្រះរាជាណាចក្រកម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​នៅ​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដែល​ចាប់តាំងពី​ពេលនោះ​រហូតមកដល់ប​ច្ច​ប្បន្ន​នេះ​កិច្ច សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ចិន ​បានក្លាយ​យ​ជា​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែល​បាន​ប្រកាសឡើង​កាលពី​ខែធ្នូ ឆ្នាំ២០១២​។ ​ឆ្នាំ២០១៣ នេះ​ជា​ខួប​លើក​ទី ៥៥ឆ្នាំ នៃ​ថ្ងៃ​បង្កើតទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន ដែល​ភាគី​ទាំង​ពីរបានកំណត់ថា ជា​ឆ្នាំ​មិត្ត​ភាព​​កម្ពុជា​-​ចិន តាមរយៈ​នេះ​ភាគី​ទាំងពីរ​បានប្រកាស​ពី​ការរៀបចំ​សកម្មភាព​នានា ដើម្បី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំងពីរ​ឲ្យ​បាន​អធិក​អធម​ជាទីបំផុត​៕​