Wednesday, October 2, 2013

បទអត្ថា​ធិប្បាយ៖ បក្ស​ប្រឆាំង​កំពុង​គ្រប់​គ្រង​អំណាច​នៃ​ការ​បំភ្លៃ និង​ភូត​កុហក

អត្ថបទដោយ៖ សៅ សុភៈ
ការព្យាយាមដាក់សម្ពាធនយោបាយមកលើស្ថាបន័ជាតិ ដែលកើតទ្បើងស្របតាម រដ្ឋធម្មនុញ្ញ គឺជា​ចេតនាបង្កភាព​ចលាចល​សង្គម និង​នាំ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ដល់​ម្ចាស់​ឆ្នោត​ ប្រសិនបើ​​អ្នក​នយោបាយ​ទាំង​នោះនៅតែបន្តប្រើឧបាយកល​ទុច្ចរិត​​ក្នុង​ការ​បោក​ប្រាស់​។​

គេបាន​ដឹងថា តាំង​ពី​មុន​ពេល​បោះឆ្នោត រហូត​មកដល់​បច្ចុប្បន្ន គណបក្ស​ប្រឆាំង​បាន​ទន្ទេញ​ចាំ​មាត់​នូវ​ពាក្យ​ដាច់ខាត! ដូច​ជា​ បដិសេធ​លទ្ធផល​បោះឆ្នោត មិន​ចូល​ប្រជុំ​សភា ​និងបានយក​អំណាចនៃការភូតកុហក បំផ្លើស បំភ្លៃ​ បំពុ​ល​បរិយាកាសសង្គម តាម​គម្រោងនៃការរៀបចំទុកជាមុន​របស់​ខ្លួនដើម្បី​ធ្វើ​ជា​លេសក្នុង​ការ​ចោទ​ប្រកាន់ និង​ទំ​លាក់​​កំ​ហុសមកលើ​ រដ្ឋសភា និង​រាជរដ្ឋាភិបាល​ថ្មី​នេះ ថា បាន​ធ្វើ​ឡើង​ខុសច្បាប់។

 ល្បិចកលទុច្ចរិតដែលបានចងជាចង្កោម នៃយុទ្ធសាស្រ្តបំភាន់ជាតំណាក់​កាល​ៗ​រួច​ជាស្រេច និងពួក​គេធ្វើនូវ​សកម្មភាព​នានា ដូច​ជា​ កៀង​គប្រជាពល​រដ្ឋ ​ដើម្បី​ចូលរួម​ធ្វើ​មហា​បាតុកម្ម​ក្រោម​លេស ទាមទារកយុត្តិធម៌ ដំណោះស្រាយភាពមិនប្រក្រតីនៃ​ការ​បោះ​ឆ្នោ​ត ដោយមិន​អើពើ​អំពី​ច្បាប់​ទម្លាប់ជាតិ គឺបក្សប្រឆាំង បាន​ និង​កំ​ពុង​តែរុញច្រានឲ្យ​ព្រះរាជាណាច​ក្រ​កម្ពុ​ជា​ ធ្លាក់​ចូលក្នុងអន្លង់នៃវិបត្តិនយោបាយ បង្អាក់ដំណើរនៃការអភិវឌ្ឍ បង្ក​នូវ​អ​ស​ន្តិ​សុ​ខ​ជាតិ បង្កើតភាពអនាធិបតេយ្យ ដែល​នាំ​ដល់​ការភ័យ​ខ្លាច​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​ប្រជាព​លរ​ដ្ឋ​នៅ​ទូទាំងប្រទេស ជាពិសេស អ្នក​វិនិយោគទុន។

តើ លោក សម រង្ស៊ី និង លោក កឹម សុខា ត្រូវការអ្វីទៀត បើ​ការ​ទាម​ទារ​រប​ស់​ពួកគេ ត្រូវបានដោះស្រាយ​ដោយស្ថាប័ន​ជាតិ​ តាមនី​តិវិធិ​ច្បា​ប់ច​ប់ស​ព្វ​គ្រ​ប់​រួច​ហើ​យ​នោះ? ​តើគោលបំណង​បំផុសឲ្យមាន​បដិវត្ត​មហាជនរប​ស់គណបក្សស​ង្គ្រោះជាតិ តាមរយៈ​ការ​ញុះញង់ឱ្យមាន​មហាបាតុកម្មម្តង​ហើយ​ ម្តងទៀតនោះ ស្រប​តាម​គោល​បំ​ណង​របស់​ប្រជា​ពល​រដ្ឋ​ដែរឬទេ?

ការដឹងខ្លួនយ៉ាងច្បាស់ថា ប្រាកដជាចាញ់ការបោះ​ឆ្នោតក្នុង​អាណត្តិ​ទី៥នេះ ​ត្រូវ​បាន​ក្រុ​ម​​ប្រឆាំង   និង​អង្គការ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន បាន​ប្រើ​គ្រប់​ល្បិច​កល​ ដើម្បី​បំផ្លាញ​លទ្ធផល​បោះ​ឆ្នោត​ ដោ​​យចាត់តាំងរៀបចំជាសេណារីយោ ដើម្បីបំពុល​បរិយាកាសនៃដំណើ​ការ​បោះ​ឆ្នោត ដែល​ក្នុ​ងនោះរួមមានជាអាទិ៍៖ ការចោទប្រកាន់អំពីការបាត់ឈ្មោះអ្នកបោះឆ្នោត ការប្រ​កាស​មិន​ចូ​ល​រួមការបោះឆ្នោត ឬបដិសេធលទ្ធផលនៃការបោះឆ្នោត ការប្រើពាក្យ​អសុរោះ មាក់​ងា​យ​​ប្រមាថប្រជាពល​រដ្ឋ​ដែលគាំទ្រគណបក្សប្រជាជន បណ្តុះគំនិត​ញុះញ​ង់​ឲ្យមា​ន​គំនុំ​ជាតិ​សា​ស​ន៍ រំខានអ្នកបោះឆ្នោត និងរារាំងអ្នកបោះឆ្នោតមិនឲ្យបោះឆ្នោត ការ​ប្រកាស​លទ្ធ​ផ​ល​ដែល​ប្រាសចាកពីការពិតថា គណបក្សសង្គ្រោះជាតិទទួលបាន ៦៣ អាសនៈ​​ ក្រោយ​មកប្រ​កា​ស​ថា បាន ៧៣ និង៧៦ អាសនៈជាដើម។ ទាំង​អស់​នេះ​ សុទ្ធ​តែ​គឺជា​ការនិយាយ​បំផ្លើសខុសពី​ការ​ពិត​ ញុះញង់​​អ្នក​បោះឆ្នោតឲ្យមានកំហឹងឈឺចាប់ ហើយ​ចូលរួម​ធ្វើបាតុកម្ម ដែលគេហៅថា (មហា​បាតុ​កម្ម​ស​​ម្តែ​ងឆន្ទៈស្អីគេនោះ) បូក​រួម​ទាំង​ការ​ទាមទារឲ្យ គ.ជ.ប រាប់​សន្លឹ​កឆ្នោ​តទ្បើ​ង​វិញ​ នៅ​ការិយា​ល័​យមួ​យ​ចំ​នួនជាដើម។ល។

លើសពីនេះទៅទៀតនោះ គណបក្ស​សង្រ្គោះ​ជាតិនៅ​តែ​បន្ដ​ធ្វើ​ការ​ទាមទារ​ដោយ​គ្មានភាពខ្មាស់អៀនម្ដង​ហើយ​ម្ដង​ទៀត សុំ​​បង្កើត​យន្ដ​ការ​ថ្មី គឺ​​គណៈកម្មការ​ចម្រុះឯក​រាជ្យ ដែល​សំណើ​នោះ មិន​អាច​ទទួល​យក និង​អនុវត្ត​បាន ដោយ​ឈរ​លើ​មូល​ហេតុ​មួយ​ចំនួន រួម​មាន៖

-កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ នីតិ​រដ្ឋ​ ដែល​មាន​ច្បាប់ មាន​យន្ដ​ការ​ យុត្តាធិការ​ច្បាស់​លា​ស់​​សម្រាប់​រៀបចំ​ដំណើរការ​បោះឆ្នោត និង​ដោះ​ស្រាយ​វិវាទ​ក្នុង​ដំណើរ​ការ​បោះឆ្នោត។

-ការ​ស្នើ​ឲ្យ​បង្កើតយន្ដ​ការ​ថ្មី គឺ​ជា​ការ​បំពាន​លើ​រដ្ឋ​ធម្មនុញ្ញដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ និង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ ដែល​បាន​ចែង​ថា គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គឺ​ជា​យន្ដ​ការ​សម្រាប់​ដំណើរ​ការ និង​ការ​ដោះ​ស្រាយ​រាល់​វិវាទ​ទាក់​ទង​នឹង​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត។

-គ.ជ.ប បាន​ប្រកាស​លទ្ធ​ផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត នៅ​ថ្ងៃទី ១២ ខែ​សី​ហា ឆ្នាំ ​២០១៣ ហើយ​រាល់ពាក្យ​បណ្ដឹង​អំពី​ភាព​មិន​ប្រក្រតី ត្រូវ​បាន​ដោះ​ស្រាយ​ចប់​សព្វ​គ្រប់​ដោយ គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌។ លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះឆ្នោត​ត្រូវ​បាន​ប្រកាស​នា​ថ្ងៃ​ទី ៨ ខែ​កញ្ញា ឆ្នាំ​ ២០១៣ រួច​ហើយ។

-ក្នុង​ព្រះ​រាជ​សារ​​របស់​ព្រះ​មហា​ក្សត្រ ចុះ​ថ្ងៃ​ទី ៣០ ខែ​សីហា ឆ្នាំ ​២០១៣ ក៏​បាន​ប​ញ្ជា​ក់​​យ៉ាង​​ច្បាស់​ថា ការ​ដោះ​ស្រាយ​បញ្ហា​នានា​របស់​ជាតិ គួរ​ផ្អែក​លើ​រដ្ឋ​ធម្ម​នុញ្ញ នឹង​ប្រគល់​តួ​នា​ទី​​ទៅ​ស្ថាប័ន​មាន​សមត្ថ​កិច្ច ដែល​កំណត់​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ និង​ច្បាប់​នានា​របស់​ជាតិ​យើង។

ដោយ​ឡែក ​ពាក់​ព័ន្ធ​ទៅនឹង​ការ​បើកសម័យ​ប្រជុំ​សភា​លើក​ដំបូង​នៃ​រដ្ឋ​សភា ត្រូវ​បាន​គណបក្ស​ប្រឆាំង​ព្យាយាម​បំភ័ន្តសាធារណៈ​មតិ​ថា ជា​ការ​រំលោភ​ទៅនឹង​រដ្ឋធម្មនុញ្ញ​ ដែលការ​ចោ​ទ​ប្រកាន់​បែប​នេះ គឺ​ជា​ការ​បក​ស្រាយ​ខុស​ទាំង​ស្រុងពី​ខ្លឹម​សារ​នៃ​រដ្ឋ​ធម្មនុញ្ញ​ ពីព្រោះ​​ជុំវិញ​បញ្ហានេះ ត្រូវ​បាន​ក្រុម​អ្នក​ច្បាប់​មួយចំនួនបាន​ធ្វើ​ការ​បក​ស្រាយ​យ៉ាង​ច្បាស់​​លាស់​ហើយ​ថា តាម​ពិត​ មា​ត្រា ៨២ ថ្មី នៃ​រដ្ឋ​ធម្មនុញ្ញ កថាខណ្ឌ​ទី​ ១ បាន​ចែងថា «​រដ្ឋ​សភា​បើក​សម័យ​ប្រជុំ​ដំបូង​ ៦០ ​ថ្ងៃ​យ៉ាង​យូរ​ ក្រោយ​ពេល​បោះឆ្នោត តាម​ការ​កោះ​ប្រជុំ​របស់​ព្រះ​មហា​ក្សត្រ» ដែលផ្ទុយ​ពីការលើកឡើងរបស់​គណបក្ស​សង្រ្គោះ​ជាតិ ថា ការ​ប្រជុំ​សភា​លើក​ដំបូង ធ្វើ​ឡើង ៦០​ ថ្ងៃ ​​ក្រោយ​ប្រកាស​លទ្ធ​ផល​ឆ្នោត​ចុង​ក្រោយ។ ម្យ៉ាង​វិញ​ទៀត មាត្រា​ ៧៦ កថាខណ្ឌទី ​១ ចែងថា «ដ្ឋសភា​មាន​សមាជិក​តំណាង​រាស្ដ្រ​យ៉ា​ង​​តិច ១២០ ​រូប​» មានន័យថា តំណាង​រាស្ដ្រ​យ៉ាង​​តិច ១២០ រូប ត្រូវ​បាន​ជ្រើស​រើស​​ នៅ​រាល់​ពេល​បោះឆ្នោត​សកល។ ដោយ​ឡែក​ ការ​បោះ​ឆ្នោត​សកល​នៅ​ឆ្នាំ​ ២០១៣ នេះ សមាជិក​រដ្ឋ​សភា​មាន​ចំនួន ១២៣​ រូប។ មាត្រា​ទាំង​ពីរនេះ មិន​បាន​ចែង​ថា សម័យ​ប្រជុំ​លើក​ដំបូង ក្រោម​ព្រះ​រាជាអធិបតី​ភាព​របស់​ព្រះ​មហា​ក្សត្រ ត្រូវ​មាន​វត្ត​មាន​សមាជិក​សភា​យ៉ាង​តិច ១២០ ​រូប​នោះ​ទេ។

ជា​រួម​ ទោះបីជាបក្សប្រឆាំងខិតខំបំប៉ោងសភាពការណ៍យ៉ាងណា ក៏មិន​មាន​ទឡ្ហី​ករ​ណ៍​​ណាមួយ​ច្បាស់​លាស់ ក្នុង​ការ​បញ្ជាក់​ពីជំហរ​ដ៏​ត្រឹម​ត្រូវ​របស់​ខ្លួន ឲ្យសហគមន៍ជាតិ និងអ​ន្តរ​ជាតិជឿជាក់ ​ស័ក្ដិ​សម​ជា​អ្នក​ដឹកនាំ​បក្ស​នយោបាយ​មួយ​ប្រកប​ដោយ​ភាព​សុចរិត​នោះ​ឡើ​យ ព្រោះគេបានដឹងច្បាស់ណាស់ថា នៅ​កម្ពុជា​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ដោយសេរី តាម​រយៈ​ការ​បោះ​ឆ្នោតបែប​ប្រជាធិបតេយ្យ​ សេរី​ ពហុបក្ស ដែលមាន​គណបក្ស​នយោបាយ​ចំនួន ៨ បាន​ចូលរួម​ការបោះ​ឆ្នោត​ក្នុង​អាណត្តិ​ទី ៥ នេះ។

បច្ចុប្បន្ន ស្ថាប័នកំ​ពូល​ទាំង​ពី គឺរដ្ឋសភា និងរាជរដ្ឋាភិបាល​ដែលកើតចេញ​ពីការ​បោះឆ្នោត កាលពីថ្ងៃទី ២៨ ខែក​ក្កដា ឆ្នាំ ២០១៣ បាន និង​កំ​ពុង​ដំណើរការត្រឹម​ត្រូវ​តាម​ការ​កំណត់ក្នុងរដ្ឋធម្មនុញ្ញ សំដៅធានាស្ថិរភាពនយោបាយ ការ​អភិវឌ្ឍ និង​និរន្តរភាពជាតិ  មិន​ដូច​អ្វី​ដែល​គណបក្ស​ប្រឆាំងដើរភូត​កុហក​ថា កម្ពុជា​កំ​ពុង​ប្រឈម​នូវ​វិបត្តិនយោបាយ​នោះ​ឡើយ ​។

សរុបមក អំណាច​នៃ​ការ​បំភ្លៃ​ ភូត​កុហក និង​បំភ័ន្ត​សាធារណមតិរប​ស់​គ​ណ​ប​ក្ស​ប្រឆាំងនៅកម្ពុជា មិនអាចយកឈ្នះកម្លាំងយុត្តិធម៌ ដោយឈរលើគោលការណ៍ច្បាប់នោះ​ទេ។

ផ្ទុយ​ទៅ​វិញគណបក្ស​ប្រឆាំង​បាន​ត្រឹម​តែ​គ្រប់គ្រង​បាន​នូវ​អំ​ណាច​នៃ​ការបំ​ភ្លៃ ​ភូត​កុហក​​ប្រជា​ពល​រដ្ឋ​តែ​ប៉ុណ្ណោះ ពុំទាន់​មាន​ជោគ​វាសនា នឹង​ធ្វើជាប្រធាន​រដ្ឋ​សភា ឬក៏​អាច​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បាន​ឡើយ​ ។ ដូច្នេះ  គណបក្ស​ប្រឆាំង​ត្រូវ​ចាំទុក​ថា «​ ភូត​ច្រើន​ចាញ់​អាត្មា»៕