Saturday, November 9, 2013

លិខិត​​ជូន​​ចំពោះ​​អ្ន​ក​​និពន្ធ​នាយក, សំណើ​​សុំ​​​កែ​​តម្រូវ​ព្រឹត្តិការណ៍​​រ​សើប​ខ្លាំង និង​​​ធ្ងន់​ធ្ងរ

ថ្ងៃសុក្រ ទី​០៨ ខែ វិច្ឆិកា ឆ្នាំ​២០១៣

អត្ថបទ​​ចំណង​ជើង​ថា “ អ្នក​ភូមិ​រស់​នៅ​ជុំ​វិញ​ប្រាសាទ​ព្រះ​វិហារ បាន​ក្រាប​ចុះ​រង់​ចាំ​ការ​កាត់​សេចក្ដី​របស់​តុលាការ​យុត្តិធម៌អន្ដរជាតិ ” ដោយ​ សាំង សឹងរិទ្ធ និង ឃួន ណារឹម ដែល​ចុះ​ផ្សាយក្នុង​ Cambodia daily ចុះ​ថ្ងៃសុក្រ ទី ០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ដែល​ធ្វើ​ឲ្យ​អ្នក​អាន​យល់ខុស​យ៉ាងធ្ងន់​ធ្ងរ​ទាំង​ក្នុង​ប្រទេស និង​លើ​ឆាក​អន្ដរជាតិ ទៅ​លើ​ករណី​កម្មសិទ្ធិ​លើ​ប្រាសាទ​ព្រះ​វិហារ ដោយ​និយាយថា៖ “ប្រជាជនដែលរស់នៅ​ប៉ែកខាង​ដី​ថៃលើ​ផ្ទៃ​ព្រំ​ប្រទល់​ជុំវិញ​ប្រាសាទ​ព្រះ​វិហារ​ដែល​​មាន​ទំនាស់​ នោះបាន​ចាប់​ផ្ដើមសាងសង់​លានដ្ឋាន​ក្រោម​ដី​ដើម្បី​ត្រៀមពេល​ដែល​​តុលាការ​យុត្តិធម៌​អន្ដរ​ជាតិ​​ចេញ​សាល​ដីកា​អំពី​កម្មសិទ្ធិ​នៃ​ប្រាសាទ​ នៅ​ថ្ងៃ​ច័ន្ទ ដោយ​យោង​ទៅ​តាម​ការ​ផ្សាយ​របស់​កាសែត​ថៃ ” ។

តាមការ​ពិត រឿង​ដែល​កើត​ឡើង​​ហើយ អាច​និយាយ​យ៉ាង​ហោច​ណាស់ ដែល​គេ​យល់​ដឹង​​ទូទាំង​ប្រទេស​ និង​និយាយ​ក្នុង​ន័យ​ឲ្យទូលាយទាំង​ផ្នែក​តំបន់ និង​លើ​ឆាក​អន្ដរ​ជាតិ បាន​​ទទួល​ស្គាល់​ថា ប្រាសាទ​ព្រះ​វិហារ​ “គឺ​ស្ថិត​នៅ​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា” យោង​តាម​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្ដរជាតិ ថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ ដែល​មាន​រយៈ​ពេល​ ៥១​ឆ្នាំ​កន្លង​មក​​ហើយ។​ Cambodia daily មិន​អាច​ធ្វើ​មិន​ដឹង​មិន​ឮ​ម្នាក់​ឯង​នោះ​ទេ។

ម្យ៉ាង​វិញ​ទៀត ការ​កំណត់​ពេល​ថ្ងៃច័ន្ទ ទី​១១ ខែ​វិចិ្ឆកា ឆ្នាំ​២០១៣ សម្រាប់​ចេញសាល​ដី​កា ដោយ​តុលាការយុត្តិធម៌​អន្ដរ​ជាតិនោះ​ គឺ​យោង​ជា​ពិសេស​ទៅ​លើ​ពាក្យ​បណ្ដឹងរបស់​កម្ពុជា​ដែល​បាន​ដាក់ចុះ​បញ្ជីនៅ​តុលាការ​យុត្តិធម៌​អន្ដរជាតិ កាល​ពី​ថ្ងៃទី២៨ ខែ​មេសា ឆ្នាំ​២០១១ ដើម្បី​សុំឲ្យ​ធ្វើ​ការ​បក​ស្រាយ​នូវ​សាលដីកា ថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ ស្ដីពី​ “រឿង​ក្ដី​​ប្រាសាទ​ព្រះវិហារ” ដែល​នេះ​ពុំ​មែន​ជា​ “សាលដីការបស់​តុលាការ​យុត្តិធម៌​អន្ដរ​ជាតិ លើរឿង​ក្ដី​កម្ម​សិទ្ធិ​នៃ​ប្រាសាទ” ដែល​ Cambodia daily បាន​សរសេរខុស។

ដោយសារ​ភាព​រសើប និង​កំហុស​ធ្ងន់​ធ្ងរនោះ ខ្ញុំ​​ស្នើ​សុំ​យ៉ាង​មុតមាំឲ្យ​ Cambodia daily ធ្វើ​ការ​កែតម្រូវ​ជា​បន្ទាន់ក្នុង​ការ​បោះ​ពុម្ព​ផ្សាយ​របស់ខ្លួន នៅ​ថ្ងៃ​បន្ទាប់។
ដោយ​ស្មោះ​ស្ម័គ្រ​អំពីខ្ញុំ
ប៉ែន ងឿន
សមាជិ​ក​អង្គភាព​ព័ត៌មាន និង​ប្រតិកម្មរហ័ស
០៩២ ៧២ ០០ ០៣