Friday, November 22, 2013

បទអត្ថាធិប្បាយ៖ ការគោរព និងអនុវត្តសាលដីកា ICJ គួរតែមានមុនអ្វីៗទាំងអស់

ប្រាសាទព្រះវិហារ
ការគោរព និងអនុវត្តសាលដីកា ICJ គួរតែមានមុនអ្វីៗទាំងអស់

          ក្រុមអ្នកសិក្សាស្រាវជ្រាវក្នុងប្រទេសថៃ ដែលរួមទាំងប្រវត្តិវិទូកំពូល គឺសាស្ត្រាចារ្យ Charnvit Kasetsiri Morakot Jewachinda សាស្ត្រាចារ្យនៅមហាវិទ្យាល័យអន្តរជាតិ Pridi Banomyong នៃ​សា​កល​វិទ្យាល័យ Thammasat​ និង Akkharaphong Khamkhun សាស្ត្រចារ្យមួយរូបទៀត នៅ​មហាវិទ្យាល័យ​ Pridi Banomyong នេះដែរ ត្រូវចាំថា​ប្រាសាទ​ព្រះវិហារ​បានក្លាយ​ជា​បេតិក​ភណ្ឌ​ពិភពលោក​ដោយ​សិទ្ធិ​ខ្លួន​ឯង​ផ្ទាល់ ចាប់តាំងពីបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០០៨ ហើយ​វាពិត​ជា​មិនមែន ជាប្រភពនៃ «ជម្លោះរាំរៃ» ដូចដែល Supalak Ganjanakhundee បានសរសេរនៅក្នុង The Nation នៅ ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៣ ក្រោមចំណងជើងថា៖ «អំពាវ​នាវ​ឱ្យដាក់​ប្រាសាទ​ព្រះវិហារ​ជាសម្បត្តិ​បេតិកភណ្ឌ អាស៊ាន» នោះទេ។
          «ជម្លោះរាំរៃ» នោះ នៅទីបំផុតបានបញ្ជាក់ដោយស្របច្បាប់ និងតាមផ្លូវច្បាប់ថា ប្រាសាទព្រះវិហារស្ថិត នៅក្នុងទឹកដី ក្រោមអធិបតេយ្យរបស់កម្ពុជា តាមសាលដីកាថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ១៩៦២ របស់ICJក្នុងរឿងក្តី ទាក់ទងនឹង ប្រាសាទព្រះវិហារ ហើយ ICJ ក្រោមសាលដីកាមួយទៀតនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្នុង រឿងក្តីទាក់ទងនឹងប្រាសាទព្រះវិហារ បានសម្រេចដោះស្រាយ ​«ជម្លោះរាំរៃ» នោះ ជាមួយនឹងការបកស្រាយលើ «តំបន់ក្បែរប្រាសាទ» ដោយកំណត់ថា «តំបន់ក្បែរប្រាសាទ» គឺជាតំបន់ពយភ្នំទាំងមូលនៃប្រាសាទព្រះវិហារ ក្នុងអត្ថន័យដូចខាងក្រោម៖
-       «បង្ហាញឱ្យឃើញថាដែនកំណត់ពយភ្នំនៃព្រះវិហារ​ នៅខាងត្បូងនៃខ្សែបន្ទាត់ផែនទីឧបសម្ព័ន្ធ១ គឺជាសណ្ឋាន ភូមិសាស្ត្រធម្មជាតិ។ ទៅទិសខាងកើត ខាងត្បូង និងនិរតី ពយភ្នំធ្លាក់ចុះល្បាក់ ចំណោតយ៉ាងខ្លាំងទៅ កាន់វាលទំនាបខាងកម្ពុជា។»
-       «ទៅទិសខាងលិច និងទិសពាយព្យ សណ្ឋានដីធ្លាក់ចុះជាជំរាលមិនសូវចោទខ្លាំង ប៉ុន្តែបង្ហាញច្បាស់ថា ធ្លាក់ចូលទៅក្នុងជ្រលងភ្នំដែលបែងចែកព្រះវិហារពីភ្នំត្រប់ ដែលនៅជាប់ទីនោះមានជាជ្រលងភ្នំ ដែល ធ្លាក់ចុះឆ្ងាយទៅទិសខាង ត្បូងទៅក្នុងវាលទំនាបរបស់កម្ពុជា។»
-       «នៅភាគខាងជើង ដែនកំណត់នៃពយភ្នំ គឺជាខ្សែបន្ទាត់ព្រំដែនក្នុងផែនទីឧបសម្ព័ន្ធ១ ចាប់ពីចំណុចមួយ នាទិសឥសាន្តនៃប្រាសាទ ដែលនៅចំណុចនេះខ្សែបន្ទាត់ព្រំដែននោះបានជួប នឹងចំណោទល្បាក់ភ្នំឆ្ពោះ ទៅកាន់ចំណុចមួយនៅទិសពាយព្យ ត្រង់កន្លែងដែលដីចាប់ផ្តើមឡើងពីជ្រលងភ្នំនៅជើងភ្នំត្រប់។»
វាសមហេតុផលមែនហើយ ដែលសាស្ត្រាចារ្យ Charnvit ទទូចឱ្យរដ្ឋាភិបាលថៃគោរពទៅតាមច្បាប់ និង បញ្ញត្តិ របស់អង្គការសហប្រជាជាតិ តុលាការយុត្តិធម៌អន្តរជាតិ និងអាស៊ាន ប៉ុន្តែការដែលស្នើឱ្យដាក់ប្រាសាទ ព្រះវិហារជា «សម្បត្តិបេតិកភណ្ឌវប្បធម៌ធម្មជាតិអាស៊ាន» នោះ គឺមិនសមហេតុផលចង់ដើរខ្សែលើ និងមិនអាច អនុវត្តន៍បានទេ៖
-       ពេលនេះ វាលើសពីគ្រប់គ្រាន់រួចទៅហើយ ប្រសិនបើភាគីទាំងអស់គោរពសាលដីកា ICJ។ វាសមហេតុ ផលក្នុងការធ្វើដូច្នេះ។
-       វាកេងចំណេញពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់ប្រជាជនកម្ពុជាច្រើនជំនាន់ ដែលបានការពារ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ក្នុងការតស៊ូនៅឯ ICJ ដើម្បីរក្សាបាននូវភាពស្របច្បាប់ និង តាមផ្លូវច្បាប់នៃប្រាសាទព្រះវិហារ។ ទស្សនៈនៃក្រុមសិក្សាស្រាវជ្រាវថៃទាំងនេះ គឺចង់ដើរខ្សែលើ ហើយគួរ ឱ្យអស់សំណើចនិងពុំអាចទទួលយកបាន។
-       គណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលបានចុះឈ្មោះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភព លោក គឺជាស្ថាប័នមួយនៃយូណេស្កូ ដែលប្រតិបត្តិការក្រោមមាត្រានៃអនុសញ្ញាអន្តរជាតិដែលបានបង្កើត ឡើង។ «សម្បត្តិបេតិកភណ្ឌវប្បធម៌ធម្មជាតិអាស៊ាន» ស្អីគេនោះដែលថានឹងយល់ព្រមឡើងដោយអ្នក នយោបាយនៃប្រទេសថៃ កម្ពុជា ឡាវ ដូចដែលបានស្នើដោយសាស្ត្រាចារ្យ Charnvit គឺមិនអាចអនុវត្តន៍ បានមិនសមហេតុផល និងប្រាសចាកសច្ចៈភាព ។
ការដែលនិយាយថា «ការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌឆ្លងកាត់ព្រំដែនគឺអាចទៅរួចបាន» ដោយ Morakot Jewachinda សាស្ត្រាចារ្យនៅមហាវិទ្យាល័យអន្តរជាតិ Pridi Banomyong នៃសាកលវិទ្យាល័យ Thammasat​ ដោយផ្អែកលើការពិតមួយដែលថា «មានសម្បត្តិបេតិកភណ្ឌឆ្លងកាត់ព្រំដែនជាច្រើនក្នុងទី្វបអឺរ៉ុប» ដោយមិនមានការយល់ដឹងថាសម្បត្តិបេតិកភណ្ឌបែបនោះ កើតឡើងដោយបែបណានោះ គឺជាការដែលគួរធ្វើ ឱ្យខកចិត្តយ៉ាងខ្លាំងដែលបានឃើញ បញ្ញាវន្តមួយរូបមិនបានយកចិត្តទុកដាក់លើការពិតស៊ីជម្រៅ ឬបណ្តោយ ឱ្យភាពធ្វេស ប្រហែសគ្របដណ្តប់លើកការវិនិឆ្ឆ័យដ៏ល្អរបស់ខ្លួន។
ជាការលើកទឹកចិត្តមែនទែនដោយបានឮ Akkharaphong Khamkhun សាស្ត្រាចារ្យមួយរូបទៀត នៅ ឯមហាវិទ្យាល័យ Pridi Banomyong ដែលបាននិយាយថា ថៃមិនទាមទារប្រាសាទព្រះវិហារនោះទេ។ ប៉ុន្តែ វានឹងទៅជាល្អមែនទែន ប្រសិនបើថៃចុះឈ្មោះវិហារភ្លោះ និង ផាម៉អ៊ីដែង និងសម្បត្តិបេតិកភណ្ឌបូរាណដទៃៗ ទៀតក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយខ្លួនឯងផ្ទាល់។ នៅពេលនោះ កម្ពុជានិងថៃ នឹងមានបេតិភណ្ឌពិភព លោកពីរនៅទន្ទឹមគ្នា។ ការដង្ហោយហៅឱ្យមានបេតិកភណ្ឌឆ្លងកាត់ព្រំដែន គឺមិនសមហេតុផលទាល់តែសោះ។
មុនគេបង្អស់ ក្រុមអ្នកសិក្សាស្រាវជ្រាវថៃ គួរងាកទៅបញ្ចុះបញ្ចូលដល់អ្នកនយោបាយថៃវិញ ដើម្បីឱ្យ គោរព និងអនុវត្តន៍សាលដីកា ICJ ក្នុងន័យជាមធ្យោបាយដើម្បីទទួលបាននូវសន្តិភាព និងសុវត្ថិភាព ក្នុងតំបន់ ព្រំដែនរវាងកម្ពុជានិងថៃ។

ភ្នំពេញ ថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០១៣
ប៉ែន ងឿន
សមាជិកអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

នៃទីស្តីការគណៈរដ្ឋមន្ត្រី