បទអត្ថាធិប្បាយ៖
សេចក្តីប្រកាសរួម
ដើម្បីដំណោះស្រាយបញ្ហាជាតិ
ត្រូវបានជាន់ឈ្លីដោយគណបក្សប្រឆាំង
សេចក្តីប្រកាសរួម
នៃជំនួបកំពូលរវាងគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ កន្លងទៅ នៅមន្ទីររដ្ឋសភា
ត្រូវបានមេដឹកនាំគណបក្សសង្គ្រោះជាតិជាន់ឈ្លី
និងបានបង្កើតឡើងនូវបញ្ហាថ្មីៗបន្ថែមទៀតជាច្រើន។
តើការព្រមព្រៀងគ្នាដើម្បីដោះស្រាយបញ្ហាជាតិ
ដោយមានទាំងការចុះហត្ថលេខាជាសាក្សីពីមេដឹកនាំគណបក្សប្រឆាំងផងនោះ
វាគ្រាន់តែជានយោបាយឡប់ឡែ
ឬក៏ពួកបក្សប្រឆាំងជាក្រុមប្រភេទមនុស្សដែលមានតែការភូតកុហក់
ដើម្បីកេងចំណេញនយោបាយ?។
ជានិច្ចកាល មេដឹកនាំគណបក្សសង្គ្រោះជាតិ ទាំង សម រង្ស៊ី និង កឹម
សុខា តែងតែនិយាយថា គោរពតាមឆន្ទៈប្រជាពលរដ្ឋ និងថា ប្រជាពលរដ្ឋជាអ្នកមិនឱ្យទទួលយកលទ្ធផលបោះឆ្នោត
មិនឱ្យចូលប្រជុំសភា និងប្រាប់ថា ត្រូវតែធ្វើបាតុកម្ម........។ល។ បន្ថែមពីលើនេះ កាលពីមុននោះ ពួកគេស្រែកថា
គណបក្សគេម្តងបាន៦៣អាសនៈ ម្តងថាបាន ៧៣ និងក្រោយមកថា បាន៧៥អាសនៈ ។
បន្ទាប់មកទៀត ទាមទារឱ្យផ្ទៀងផ្ទាត់ រាប់សន្លឹកឆ្នោតឡើងវិញ។
ដល់ពេលគជប និងក្រុមប្រឹក្សាធម្មនុញ្ញ រកមិនឃើញអំពីភាពមិនប្រក្រតី
និងថែមទាំងបានចេញផ្សាយសៀវភៅ «ស » ជាសាធារណៈទៀតនោះ
ក៏មិនឃើញមានប្រតិកម្មអ្វីតបតអស់មួយរយៈមកនេះ។
អីឡូវ
មានរបាយការណ៍ពីអង្គការសង្គមស៊ីវិលមួយចំនួន ជាអង្គការសម្ព័ន្ធមិត្ត
បានជួយបន្ទរថា គេរកឃើញភាពមិនប្រក្រតីជុំវិញការបោះឆ្នោតទៀត
ស្របពេលដែលគណបក្សខ្លួនជាបក្សចាញ់ឆ្នោតផងនោះ កឹម សុខា ក៏ឆក់យករបាយការណ៍នោះ យកមកចិញ្ចឹមចលនាតវ៉ាប្រឆាំងជាមួយលទ្ធផលឆ្នោតជាថ្មីទៀត
ដោយទាមទារឱ្យមានការបោះឆ្នោតឡើងវិញ និងបាននិយាយបំភ្លើសថា
ការកែទម្រង់ការបោះឆ្នោត គឺមិនមែននៅពេលខាងមុខទេ
គឺកែទម្រង់ការបោះឆ្នោតនៅក្នុងអាណត្តិនេះ
និងទាមទារយកជ័យជំនះឱ្យបានមកវិញ។ តាមរយៈការចេញផ្សាយនូវរបាយការណ៍
អំពីការបោះឆ្នោតក្នុងខណៈនេះ ត្រូវបានគេគិតថា
អង្គការមួយចំនួនបានស្ថិតនៅពីក្រោយការផ្សំគំនិត
ដោយសហការផ្តល់ជំនួយសម្រាប់ការគាំទ្របក្សនយោបាយប្រឆាំង ដើម្បីជំទាស់នឹងលទ្ធផលបោះឆ្នោត
នៅពេលដែលរាជរដ្ឋាភិបាល និងរដ្ឋសភា បានធ្វើដំណើរឆ្ពោះទៅមុខក្នុងកិច្ចការរបស់ខ្លួនប្រកបដោយភាពត្រឹមត្រូវតាមច្បាប់ហើយនោះ។
ចំណែកឯ លោក សម
រង្ស៊ី វិញត្រូវបានបណ្តាញផ្សព្វផ្សាយមួយចំនួនស្រង់សម្តីចុះផ្សាយថា
ចាប់ពីថ្ងៃទី១៥ ខែធ្នូតទៅ គណបក្សសង្គ្រោះជាតិនឹងរៀបចំបាតុកម្មរៀងរាល់ថ្ងៃ
ឥតឈប់ទេ ដើម្បីទាមទារជាដាច់ខាតឱ្យមានការបោះឆ្នោតឡើងវិញ
ក្នុងពេលឆាប់ៗខាងមុខនេះ។
យោងតាមការផ្លាស់ប្តូរជំហរឥតឈប់ឈនេះ
ក្រុមអ្នកវិភាគមួយចំនួនបាននិយាយថា ការធ្វើនយោបាយគ្មានភាពច្បាស់លាស់
ប្រៀបដូចមនុស្សប្រមឹក « ស្វាងតឹង ស្រវឹងធូរ» បែបនេះ
វាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ប្រទេសជាតិ ដែលបញ្ហាទាំងអស់នោះ គណបក្សប្រឆាំងគួរតែត្រូវបានលើកឡើងក្នុងជំនួបកាលពីថ្ងៃទី១៦
ខែកញ្ញា កន្លងទៅ ប៉ុន្តែ ពួកគេបានខកខាន។
បើងាកមកពិនិត្យឡើងវិញ
អំពីខ្លឹមសារនៃសេចក្តីប្រកាសរួមនៃជំនួបកំពូលរវាងមេដឹកនាំនៃគណបក្សនយោបាយទាំងពីរកាលពីថ្ងៃទី
១៦ ខែកញ្ញា ឆ្នាំ២០១៣ គឺបានបញ្ជាក់យ៉ាងច្បាស់ អំពីការព្រមព្រៀងគ្នាលើចំនុចអាទិភាពចំនួន៣
សម្រាប់ដោះស្រាយបញ្ហារបស់ជាតិ ក្នុងនោះរួមមាន៖ ទី១‑
គណបក្សទាំងពីរប្តេជ្ញា
អនុវត្តដោយហ្មត់ចត់តាមព្រះរាជសាររបស់ព្រះមហាក្សត្រចុះថ្ងៃទី១៦
ខែកញ្ញា ឆ្នាំ២០១៣
ដែលបានអំពាវនាវដល់ជនរួមជាតិទាំងមូលអត់ធ្មត់ជាអតិបរិមា
ដើម្បីបញ្ចៀសអស្ថិរភាពនៃជាតិយើង ព្រមទាំងរក្សាភាពថ្លៃថ្នូរ និងភាពស្ងប់ស្ងៀម
ដើម្បីទុកឱកាសរកដំណោះស្រាយបញ្ហាជាតិទាំងអស់គ្នា ទី២‑ ភាគីទាំងពីរព្រមព្រៀងគ្នា
នឹងបង្កើតយន្តការមួយដើម្បីកែទម្រង់ការបោះឆ្នោតនាពេលខាងមុខ និងទី៣‑
ភាគីទាំងពីរ នឹងបន្តជួបចរចាគ្នាតទៅទៀត
តាមគ្រប់កម្រិតដើម្បីដោះស្រាយបញ្ហារបស់ជាតិ។
បន្ទាប់ពីចេញសេចក្តីប្រកាសរួមនេះរួចមក
ប្រជាពលរដ្ឋខ្មែរ ហាក់ដូចជាមាននូវសេចក្តី
សង្ឃឹមដ៏មុតមាំថា អំណឹះតទៅ អ្នកនយោបាយទាំងពីរគណបក្សធំៗ បានមូរមាត់ រួបរួមឯកភាពគ្នាជាធ្លុងមួយ
ដើម្បីផលប្រយោជន៍ជាតិទាំងអស់គ្នា
ហើយប្រាកដជានឹងបញ្ចៀសបាននូវការឈ្លោះទាស់ទាញគ្នា និងបញ្ឈប់ការបង្កើតឧបសគ្គ
ឬក៏វិបត្តិដល់សង្គមទៀតហើយ។
គេក៏បានដឹងដែរថា
ឆ្លើយតបនឹងគោលបំណងដ៏ពិសិដ្ឋនេះ រាជរដ្ឋាភិបាល
ក៏បានយកការឯកភាពគ្នានេះ
ដោយចេញជាសេចក្តីប្រកាសព័ត៌មានជាបន្ទាន់អំពីកិច្ចការចាំបាច់មួយចំនួន
នៃដំណើរការកែទម្រង់ការបោះឆ្នោតនាពេលខាងមុខ ក្នុងន័យថា
ការបោះឆ្នោតកន្លងមកត្រូវបានដោះស្រាយបញ្ចប់បញ្ហាជាស្ថាពរហើយ
ហើយរាជរដ្ឋាភិបាលក៏បានចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់អាណត្តិទី៥
លើការងារជាអាទិភាពនានាជាច្រើនផងដែរ ដើម្បីឆ្ពោះទៅរកការកែទម្រង់ដ៏ស៊ីជម្រៅ
លើផែនការ កសាង និងអភិវឌ្ឍជាតិឱ្យបានសំបូររុងរឿងជាលំដាប់។
ចំពោះ
ការកែទម្រង់ការបោះឆ្នោត រាជរដ្ឋាភិបាល
បានប្រគល់ភារកិច្ចឱ្យក្រសួងមហាផ្ទៃរៀបចំសិក្ខាសាលា
នៅមុនបំណាច់ឆ្នាំ២០១៣ ដើម្បីប្រមែប្រមូលមតិយោបល់
និងអនុសាសន៍នានាពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ
សំដៅកសាងឱ្យបាននូវក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោត ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
និងនីតិរដ្ឋ។ សិក្ខាសាលានោះ
នឹងបើកទូលាយឱ្យមានការចូលរួមពីតំណាងស្ថាប័ននីតិប្បញ្ញត្តិ
នីតិប្រតិបត្តិ តំណាងគណបក្សនយោបាយ គជប
សង្គមស៊ីវិល អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ស្ថាប័ន
និងអ្នកពាក់ព័ន្ធដទៃទៀត។
ប៉ុន្តែ ជាអកុសល
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានចុះហត្ថលេខានឹងដៃ បែរជាជាជាន់ឈ្លីនឹងជើង
តាមរយៈការបង្កើនល្បឿនធ្វើមហាបាតុកម្មម្តងហើយ ម្តងទៀត ឥតឈប់ឈរ និងបានប្រកូកប្រកាស
ញុះញង់ប្រជាពលរដ្ឋឱ្យងើបឡើងប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់
ទាមទារឱ្យមានការបោះឆ្នោតឡើងវិញ
និងបណ្តេញសម្តេចតេជោនាយករដ្ឋមន្ត្រីចេញពីដំណែង ។
ប្រសិនបើមេដឹកនាំគណបក្សសង្គ្រោះជាតិ ពិតជាមានភាពស្មោះត្រង់
នឹងប្រជាពលរដ្ឋ ហើយជាអ្នកមាននូវសច្ចៈធម៌មែននោះ
ពួកគេនឹងអនុវត្តតាមស្មារតីនៃសេចក្តីប្រកាសរួមនោះដោយបង្ហាញនូវសុឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាជាតិ
ពីព្រោះទ្វាសម្រាប់ការចរចានៅបន្តបើកចំហរនៅឡើយ
ដែលមិនគួរនឹងគណបក្សប្រឆាំងសម្រេចជ្រើសរើសយកការធ្វើបាតុកម្ម
ដើម្បីដាក់គំនាបលើគណបក្សដែលមានអាសនៈច្រើននៅក្នុងរដ្ឋសភានោះទេ។ នោះ
អាចថា ជាកំហុសផ្នែកយុទ្ធសាស្ត្រមួយដ៏ធ្ងន់ធ្ងរក្នុងការដឹកនាំនយោបាយ
ដោយការប្រើវិធី « ប្លន់ច្បាមយកអំណាចក្រៅរង្វង់ច្បាប់»។
តើឯណាទៅជាសុចរិតភាព
និងការគិតគូរតម្កល់ផលប្រយោជន៍ជាតិ ដែលគណបក្សប្រឆាំងប្រកាសថា
ខ្លួនជាអ្នកគោរពឆន្ទៈរាស្ត្រ និងគោរពច្បាប់នោះ ? ការពិត គឺគ្មានសោះឡើយ
ពួកគេមានតែនយោបាយភូតកុហក់តែប៉ុណ្ណោះ សូម្បី
តែព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលលោក សម រង្ស៊ី កឹម សុខា និងគណៈប្រតិភូរបស់ខ្លួន បានចុះហត្ថលេខា
លើសេចក្តីប្រកាសរួម ថា គោរព និងអនុវត្តតាម ក៏ត្រូវបានជាន់ឈ្លីដែរ
ចុះការសន្យាផ្សេងៗទៀត រួមទាំងទង្វើបំពានច្បាប់ផងនោះ
មេដឹកនាំគណបក្សប្រឆាំង អាចនឹងមិនខ្លាចញញើតក្នុងការប្រព្រឹត្តឡើយ។
អត្ថបទ៖ ពូន សំរេច