Monday, February 17, 2014

បទវិចារណកថា ៖ តើ​ត្រង់ណា​​ជាសច្ចភាពរបស់​មេបក្សប្រឆាំង

ដោយៈ លី គាំ
នៅយប់​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤  មេបក្សប្រឆាំង​បានវិលត្រឡប់​ចូល​មក​ស្រុក​វិញ​ បន្ទាប់​​ពីធ្វើ​ដំណើរ​​ចាកចេញ​ពីប្រទេសអស់រយៈពេល​ជាងមួយសប្តាហ៍។          នៅ​ពេល​មកដល់​​
ព្រលាន​យន្ត​ហោះ​អន្តរជាតិភ្នំពេញ ​លោក សម រង្ស៊ី បានប្រកាសក្តែងៗ ដោយមិន​ខ្មាសអៀនថា លោកបានជួប​ទាក់ទង​ជាមួយ​មេដឹកនាំ​សហគមន៍អឺរ៉ុប​មួយចំ​នួន ហើយបាន​បន្ថែម​ទៀតថា អ្នក​ដឹក​នាំ​​នៅក្រៅប្រទេសបាន​គាំទ្រ​គណបក្សស​ង្រ្គោះជាតិ​​​យ៉ាងច្រើន ហើយ​ថា​ គេ​បាន​ថ្កោល​ទោស​គណបក្ស​ប្រជាជន​កម្ពុជា និងរាជរដ្ឋាភិបាលថា បានិង​កំពុង​តែគាបសង្កត់បក្សប្រឆាំង។
          មតិ​ជាតិអ្នក​នៅ​ក្នុង​ស្រុក​ ​តែ​ងតែ​លាន់​មាត់​ថា មេបក្សប្រឆាំងរូបនេះ​ ឲ្យតែត្រឡប់មក​​ពី​ក្រៅ​​​​ម្តងៗ​ តែងតែប្រកាសអួត​ក្អេងក្អាងថា ខ្លួនបាន​ទៅធ្វើចលនា​​នយោបាយ​ក្រៅ​ប្រទេស​ កៀង​គរ​​អ្នកនយោបាយ​ក្រៅប្រទេស និងអន្តរជាតិយ៉ាងច្រើនឲ្យគាំទ្រ​គណបក្សរបស់ខ្លួន។ កាល​ពី​មុន​ក្តី ឥឡូវនេះក្តី​ នរណា​ក៏​គេ​ដឹង​ដែរថា លោក សម រង្ស៊ី ​បានជួបត្រឹមតែសមាជិក​តំណាង​រាស្រ្ត​មួយ​ចំនួន​​ដែលមាននិន្នា​ការ​ជា​បក្សប្រឆាំង ឬក៏​ជា​អ្នកនយោបាយ​នៅ​តំបន់​​ដែលមានខ្មែរ​អណិក​ជន​​​រស់​នៅ​  ដែលគាំទ្រ​គណបក្ស​ខ្លួន​មួយ​ដំបរ​ស្វាប៉ុណ្ណោះ។
យើងសុំសួរថា តើ លោក សម​ រង្ស៊ី ដែលបានអួត​ថា​ រូបលោកបានជួបនឹង​មេដឹកនាំ​ប្រទេសនៃ​សហគមន៍អឺរ៉ុប​នោះ ពិត​ឬទេ?​ តើលោក សម រង្ស៊ី មានបានជួបទាក់ទងជាមួយ​នឹង​លោកជំទាវ Angela Merkel អធិការបតីនៃប្រទេសអាឡឺម៉ង់  ឬ ឯកឧត្តម David Camerone នាយក​រដ្ឋ​មន្រ្តី​នៃ​ចក្រ​​​ភពអង់គ្លេស ឬ ឯកឧត្តម François Hollande ប្រធានាធិបតីនៃ​​សា​ធារ​ណ​រដ្ឋ​​បារាំង​ ដែលពេលនោះ ឯកឧត្តម Hollande កំពុងតែធ្វើ​ទស្សន​កិច្ច​នៅ​សហ​រដ្ឋ​អា​មេ​រិក​​?
រឿង​ដែល​គួរឲ្យអាម៉ាស់​​ ដែល​មិន​អាច​លាក់​ជិតពី​ក្រសែ​ភ្នែក​អ្នក​នៅ​ក្នុង​ស្រុក​នោះ គឺ​នៅ​ថ្ងៃទី៩ ខែ​កុម្ភៈ ឆ្នាំ​២០​១៤ លោក សម រង្ស៊ី បានចាកចេញ​ពីអឺរ៉ុប​មកកាន់​សាធារណរដ្ឋកូរ៉េ​  ​ក្នុង​គោល​​បំណង​កៀង​គរ​​ពលករ​ខ្មែរ​​ដែលធ្វើការនៅទីនោះ​ឲ្យ​គាំទ្រ​គណបក្សខ្លួន​ ហើយ​​​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល។ លោក សម រង្ស៊ី បានកុហកអាជ្ញាធរ​សមត្ថកិច្ច​ប្រទេស​កូរ៉េថា ខ្លួន​មាន​បំណង​អញ្ជើញ​បងប្អូន​ពលករខ្មែរ​ឲ្យជួបជុំគ្នាសប្បាយរីករាយ​ ស្តាប់ភ្លេង​រាំកំសាន្ត​ ​តែ​ផ្ទុយ​ទៅវិញ លោក សម រង្ស៊ី ​មាន​បំណង​​កេណ្ឌ​ពលករខ្មែរដើម្បីបំ​បះបំបោរក្នុងស្រុកគេនោះ ក៏​ត្រូវអា​ជ្ញា​ធរ​កូរ៉េ​បាន​ឃើញលើ​គោក។ គេបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់​មិនឲ្យ លោក សម រង្ស៊ី លួច​យក​អធិបតេយ្យ​​​របស់​គេធ្វើ​​នយោបាយ​ផ្ទាល់​ខ្លួន​នោះ​ឡើយ។ ព័ត៌មានដែល​​គេ​ទទួល​បាន​នោះ​ គឺ​ពលករខ្មែរមួយចំនួននៅកន្លែងកើតហេតុ​ បាន​ផ្ញើសារ​អ៊ីម៉ែលមកកាន់សារ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹងថា “កង​​កម្លាំង​សម​ត្ថកិច្ច​កូរ៉េ បាន​បំបែកការជួបជុំ និងដេញ លោក សម រង្ស៊ី រត់​ស្ទើរតែ​មិន​រួច​​ខ្លួន។
យើងសុំសួរថា ព្រឹត្តិការណ៍យ៉ាងអាម៉ាស់ដែលលើក​ឡើងខាងលើនេះ តើ លោក សម រង្ស៊ី មានបាន​លាតត្រដាង​រឿងនេះ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ក្នុង​ស្រុក​​  និងសមាជិកគាំទ្រ​បក្ស​​​ខ្លួន​ដែរ​ឬទេ?
រឿងដែល​មេបក្ស​ប្រឆាំង​រូប​នេះ​ចេញចូល​ៗ​ក្រៅ​ប្រ​ទេស​​នោះ កាលដើមឡើយគេចាប់​ អារម្មណ៍បន្តិច ប៉ុន្តែ​ក្រោយ​ៗមក គេហាក់ដូចជា​មិនសូវ​ចាប់​អារម្មណ៍ ព្រោះថា ប្រទេសជា​មិត្តរបស់​កម្ពុជាក្តី អង្គការ​សហប្រជាជាតិក្តី គឺគេគាំទ្ររាជ​រដ្ឋា​​ភិបាលមួយស្របច្បាប់ ដែលកើត​ចេញ​ពីការបោះឆ្នោត​ស្របតាមរដ្ឋធម្មនុញ្ញ។
ប៉ុន្តែ​រឿង​ដែល​គួរឲ្យចាប់អារម្មណ៍នោះ គឺ​គេបាន​ឮសូរពីមាត់មួយ​ទៅ​មាត់​មួយ ក្នុង​ចំណោម​អ្នកដឹកនាំ​​ខ្លះក្នុងជួរគណបក្សសង្រ្គោះជាតិ​  គេ​រអ៊ូរទាំថា ហេតុអ្វី​ លោក សម រង្ស៊ី​ បន្តិច​ទៅសហរដ្ឋអាមេរិក។ ចុង​ក្រោយនេះទៅការ​កូន។ ហើយ​បន្តិច​ទៅ​សហគមន៍អឺរ៉ុប ទៅស្រុក​បារាំង ដើម្បី​ដោះស្រាយជីវិត​ផ្ទាល់​ ឬយ៉ាងណា?  ពិសេសខណៈ​ដែល​គណបក្ស​របស់ខ្លួន ​ដែល​ថ្នាក់​ដឹក​នាំ​​ទាំងអស់​ ទាំង​អ្នក​គាំទ្រ​​រាប់ម៉ឺននាក់កំពុងតែ​វឹកវរ ហើយបាត់មេបាត់កើយ ដោយមេ​បែរជាគេច​វេសដើរលេងសប្បាយឬទៅ​​សម្រាកកាយ ​ឬ​ដើម្បីទៅធ្វើប្រយោជន៍​ផ្ទាល់​ខ្លួនទៅវិញ
ថ្មីៗ តាមប្រភពព័ត៌មានចេញពីផ្ទៃក្នុងគណបក្សសង្រ្គោះជាតិ​​បានឲ្យដឹងទៀតថា ​សមា​ជិក​មួយ​ចំនួនធំ  ក្នុងចំណោមអ្នក​ដែលជាប់ឆ្នោតតំណាងរាស្រ្តទាំង៥៥រូប  ដែលគេរង់ចាំ​យ៉ាងអន្ទះ​សារ រង់​ចាំប្រាក់បៀវត្ស។ មួយចំនួនទៀតជំពាក់​លុយកាក់គេច្រើន ដោយបានចំណាយយ៉ាង​ក្រែល​ក្នុងយុទ្ធនាការ​បោះឆ្នោត មាន​អ្នក​ខ្លះខិតខំតស៊ូចំណាយលុយអស់រាប់ម៉ឺន ​រាប់​សែន​ដុល្លារ តាំងពីឆ្នាំ១៩៩៨មកម្ល៉េះ ហើយពុំទាន់បានទទួលជ័យលាភី​នៅឡើយ​។
ផ្ទុយទៅវិញ លោក សម រង្ស៊ី  ក្តី លោក កឹម សុខា ក្តី ដោយពួកគេប្រមែប្រមូល​ថវិ​កាពីក្រៅ ប្រទេសបានក្រាស់ក្រែលហើយ ដូច្នេះមេដឹកនាំ​បក្សនេះ​មិនខ្វល់ខ្វាយនឹងនរណាកើត​ទុក្ខ​នោះ​ទេ!។ គេមិនខ្វល់នឹងការចូលរួមក្នុងសភាទេ។ ព្រោះថា​ ទាល់តែចូលស្បថ ផឹកទឹកសម្បត់រួច​ហើយចាប់ផ្តើមចូលរួមប្រជុំ ទើបសភាអាចគឹតគូរ​ ផ្តល់ប្រាក់បៀវត្សឲ្យបាន។
ជាក់​ស្តែងក្នុងកិច្ចប្រជុំកំពូល​រវាងគណបក្សធំៗទាំងពីរ  ​(គណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះជាតិ)​ កាលពី​ខែកញ្ញា ឆ្នាំ២០១៣ កន្លងទៅ ​មេដឹកនាំ​គណបក្សសង្រ្គោះជាតិ​បាននិយាយយ៉ាងច្បាស់ថា ខ្លួនគាំទ្រ​លទ្ធផលការបោះឆ្នោត គឺ​គណបក្សប្រជាជនកម្ពុជាទទួល​បាន​៦៨អាសនៈ ហេតុអ្វីមេដឹកនាំរូបនេះ  នៅ​ក្រៅសង្វៀននិយាយច្រំដែលៗថា ខ្លួនមិនចូល​ប្រជុំនៅសភាជាដាច់ខាត ដរាបណា​រដ្ឋាភិបាលមិនរៀបចំឲ្យមានគណៈកម្មការឯករាជ្យ​ស៊ើបអង្កេត​រឿងអ្វីដែលខ្លួនចោទថា មានភាពមិនប្រ​ក្រតី​នោះ។ មេបក្សប្រឆាំង​នៅតែ​និយាយ​ច្រំដែលៗ ថា រដ្ឋា​ភិបាល​បច្ចុប្បន្ន​ជារាជរដ្ឋាភិបាល​​មិនស្របច្បាប់ ថាត្រូវ​តែមានការបោះឆ្នោត​ឡើង​វិញ។ល។​
តើ​មេដឹកនាំបក្សប្រឆាំង​រូបនេះ​មានដែល​យល់ទេថា ខ្លួន និងថ្នាក់ដឹកនាំ​របស់បក្សខ្លួន​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខរដ្ឋធម្មនុញ្ញបែបណា?​ ចំពោះមុខប្រជាពលរដ្ឋជាងបីលាននាក់​ដែល​បោះ​ឆ្នោត​​ផ្តល់ការ​ទុកចិត្តដល់គណបក្សប្រជាជន​កម្ពុជា​បែបណា ពិសេស តើខ្លួន​ត្រូវ​ទទួល​ខុស​ត្រូវ​​ចំ​ពោះមុខ​អ្នក​​គាំទ្រ​របស់ខ្លួន​​ជាងពីលាននាក់ ដែលពួកគាត់សុំរស់នៅដោយសន្តិភាព ដោយ​សុខដមប៉ុណ្ណោះ យ៉ាងណា?
តើមេដឹកនាំបក្សប្រឆាំងគួរចាប់ផ្តើមសិក្សាពីលក្ខណសម្បត្តិរបស់មេដឹកនាំ​​  ​គឺចាប់ផ្តើមពីអ្វីទៅដែលហៅថា​​​​  «សច្ចភាព?»​​​
 


កំណត់ចំណាំ៖
ទស្សនៈនៅក្នុងបទវិចារណកថានេះ គឺជាទស្សនៈរបស់អ្នកនិពន្ធសុទ្ធសាធ