រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី បានស្នើសុំឲ្យកម្ពុជា ទទួលយកជនភៀសខ្លួនស្របច្បាប់ ដែលកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលី មកតាំងទីលំនៅស្របច្បាប់ នៅក្នុងប្រទេសកម្ពុជា ហើយសំណើរនេះទទួលបានចម្លើយវិជ្ជមានពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ ចូលី អ៊ីសាប៊ែល ប៊ីសប់ (Julie ISabel Bishob) សមាជិកសភា និងជារដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី ខណៈពេលលោកជំទាវ បានត្រូវអនុញ្ញាតឲ្យចូលជួបពិភាក្សាការងារ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ នៅវិមានសន្តិភាព បានលើកឡើងនូវសំណើដូចខាងលើនេះ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹង ថា លោកជំទាវ ចូលី អ៊ីសាប៊ែល ប៊ីសប់ (Julie ISabel Bishob) បាន ស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ពិនិត្យពិចារណាជួយដល់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការទទួលយកជនភៀសខ្លួនស្របច្បាប់បរទេស ពីប្រទេសអូស្ត្រាលីមកតាំងទីលំដៅថ្មី និងរស់នៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជានឹងបង្កើតគណៈកម្មាធិការមួយ និងពិនិត្យលើករណីមនុស្សធម៌នេះ ហើយសម្តេចផ្ទាល់នឹងទទួលយកសំណើនោះជាវិជ្ជមាន ជាមួយគ្នានោះសម្តេចសុំទទួលយកជំនាញការអូស្ត្រាលី ដើម្បីមកពិភាក្សាជាមួយក្រុមការងាររបស់ភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី ដើម្បីធ្វើការពិភាក្សាគ្នាលើបញ្ហាដ៏មានសារៈសំខាន់នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលជានិច្ចកាលតែងតែជួយគាំទ្រ ដល់ប្រទេសកម្ពុជា ក្នុងការស្វែងរកសុខសន្តិភាព និងការជួយកម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្ម កម្ពុជា ជួយដល់ដំណើរការរបស់សាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម ក្នុងន័យនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើដល់រដ្ឋាភិបាលអូស្ត្រាលីបន្តជួយដល់ ដំណើរការរបស់សាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមផងដែរ។
សម្តេចតេជោមានប្រសាសន៍បន្តថា សម្តេចបានស្នើដល់ភាគីអូស្ត្រាលីបន្តជួយដល់ភាគីកម្ពុជាក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស និងបានស្នើដល់ភាគីអូស្ត្រាលីពិចារណាជួយដល់កម្ពុជា ក្នុងការបង្កើតនូវមជ្ឈមណ្ឌលមីនអាស៊ាន ក្នុងប្រទេសកម្ពុជា ដែលមជ្ឈមណ្ឌលមីនអាស៊ាននោះមានគោលបំណងជួយបណ្តុះបណ្តាលដល់ការដោះមីន ដើម្បីឲ្យការដោះមីននៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងស្ថិតនៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិកាន់តែមានប្រសិទ្ធភាព ថែមទៀត។
សម្តេចតេជោបានចាត់ទុកជំនួយរបស់ប្រទេសអូស្ត្រាលីទាក់ទិនទៅ នឹងការអភិវឌ្ឍន៍ធនធានមនុស្សគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់តាមរយៈនេះ។ បញ្ហាបង្កើតមជ្ឈមណ្ឌលមីនអាស៊ាននេះ លោកជំទាវ Julie Isabel Bishop មានប្រសាសន៍ថា នៅពេលនេះរដ្ឋាភិបាលអូស្ត្រាលី កំពុងតែមានគម្រោងជួយដល់ការបង្កើតមជ្ឈមណ្ឌលនោះហើយ។
ទាក់ទងដំណើរការបោះឆ្នោតនៅកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើដល់ភាគីអូស្ត្រាលីចូលរួមចំណែកជួយដល់ការកែទម្រង់ដំណើរការ បោះឆ្នោតនៅកម្ពុជាផងដែរ។
ដោយឡែកពាក់ព័ន្ធទៅនឹងសំណើឲ្យភាគីអូស្ត្រាលីជួយដល់ការធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា លោកជំទាវ Julie Isabel Bishop បានទទួលយក ដោយលោកជំទាវ Julie Isabel Bishop រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះអូស្ត្រាលីមានបំណងជាក់លាក់ ដើម្បីធ្វើជាមិត្តភាព និងដៃគួរដ៏ល្អជាមួយកម្ពុជា ដែលនោះគឺជាដំណាក់ការថ្មីមួយ ដែលប្រទេសទាំងពីរ រដ្ឋាភិបាលទាំងពីរកំពុងតែពង្រឹងនូវទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ និងមានរយៈពេលវែងតទៅមុខទៀត។
លោកជំទាវ Julie Isabel Bishop រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានវាយតម្លៃខ្ពស់ និងទទួលស្គាល់ពីតួនាទី នៃការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ពាក់ព័ន្ធទៅនឹងទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច ដែលកំពុងតែមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕