សម្តេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៨
ខែមីនា ឆ្នាំ ២០១៤ ថា
បច្ចុប្បន្ននេះវិស័យកសិកម្មកម្ពុជាកំពុងមានសក្កានុពលយ៉ាងខ្លាំង
ហើយទាក់ទាញ បាននូវទំហំវិនិយោកទុនយ៉ាងច្រើន
ដែលបានរួមចំណែកសំខាន់ដល់ការបង្កើតការងារប្រាក់ចំ ណូល
និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនផងដែរ។
ក្នុងឱកាស
អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម
រុក្ខា ប្រមាញ់ និងនេសាទ
នៅសាលសន្និសីទចតុម្មុខសម្តេចតេជោមានប្រសាសន៍រំលឹកឡើងជាថ្មីទៀតថា
ការដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣
របស់រាជរដ្ឋាភិបាលបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់លើ
វិស័យកសិកម្មនេះ ក្នុងចំណោមវិស័យអាទិភាពចំនួន ៤
គឺ១-ការអភិវឌ្ឍធនធានមនុស្ស
ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារពលកម្មក្នុងតំបន់
ដែលកាន់តែបើកចំហ
២-ការបន្តវិនិយោគលើវិស័យហេដ្ឋារចនាសម័្ពន្ធដឹកជញ្ជូន
៣-ការបន្តអភិវឌ្ឍ និងការបង្កើនតម្លៃបន្ថែមក្នុងវិស័យកសិកម្ម
និង៤-ការពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័នរដ្ឋ
សំដៅបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈ និងកែលម្អបរិយាកាសវិនិយោគ។
សម្តេច
តេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ចក្ខុវិស័យរបស់កម្ពុជា
គឺបន្តធ្វើទំនើបកម្មវិស័យកសិកម្ម ដោយជំរុញប្រពលវប្បកម្ម
ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការស្រាវជ្រាវ
និងការអភិវឌ្ឍយន្តូបនីយកម្ម ព្រមទាំងការបង្កើនសមត្ថភាពស្រោចស្រព
ការគ្រប់គ្រងដីធ្លីកសិកម្មប្រកបដោយប្រសិទ្ធភាព
ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម
ធានាចីរភាពនៃការអភិវឌ្ឍផលិតកម្មកសិកម្ម។
“ខ្ញុំមានសុទិដ្ឋិនិយមថា
មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់យើងនៅតែមានលក្ខណៈរឹងមាំ
ដោយយើងរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនលើសពី ៧%
សម្រាប់ឆ្នាំ២០១៤ នេះ និងរយៈពេលមធ្យមខាងមុខ
ដោយសារការរីកចម្រើនបន្ថែម ទាំងក្នុងវិស័យកសិកម្ម ថាមពល
ហេដ្ឋារចនាសម័្ពន្ធ
កំណើនសមត្ថភាពប្រកួតប្រជែងការកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម
និងបរិយាកាសវិនិយោគ”។
សម្តេច
តេជោមានប្រសាសន៍កត់សម្គាល់អំពីការរីកចំរើនលើវិស័យកសិកម្មកម្ពុជា
កាលពីឆ្នាំ ២០១៣ កន្លងមកនេះ
ដែលក្នុងនោះបរិមាណផលស្រូវសរុបទទួលបាន ៩,៣៨លានតោន
និងអាចសល់ស្រូវជាស្បៀងប្រមាណ ៤,៨២លានតោន
ឬគិតជាអង្ករសរុបប្រមាណជាង ៣លានតោនថា
«ជាជោគជ័យដ៏ធំសម្រាប់កម្ពុជា»។ សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា
ចំណុចនេះ
បានបង្ហាញឲ្យឃើញយ៉ាងប្រត្យក្សអំពីការខិតខំជំរុញការងារបង្កបង្កើន
ការស្តារឡើងវិញនូវផ្ទៃដីដែលបានខូចខាតដោយគ្រោះទឹកជំនន់ ទឹកភ្លៀង
និងរាំងស្ងួត ការកែសម្រួលហេដ្ឋារចនាសម័្ពន្ធ
ក៏ដូចជាការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត
ភាពម្ចាស់ការច្នៃប្រឌិតរបស់ប្រជាកសិករលើការងារគ្រប់គ្រង
ស្រែចម្ការ ការរៀបចំសហគមន៍កសិកម្ម
ការផ្លាស់ប្តូរពូជដែលមានទិន្នផលខ្ពស់ជាដើម។
យើងអាចវាយតម្លៃបានថា ផលិតផលស្រូវរបស់យើងពីមួយឆ្នាំ
ទៅមួយឆ្នាំមានការកើនឡើងគួរឲ្យកត់សម្គាល់ ពិសេសក្នុងអំឡុងពេល
២ទសវត្សរ៍ ចុងក្រោយនេះ
ហើយផលិតកម្មកសិកម្មស្រូវនៅតែជាផលិតកម្មចម្បងមួយសម្រាប់ទ្រទ្រង់
ជីវភាពប្រជាជននៅជនបទក្នុងប្រទេសកម្ពុជា និងការនាំចេញ
ដើម្បីកំណើនសេដ្ឋកិច្ច។
ក្រៅ
ពីដំណាំស្រូវសម្តេចតេជោបានលើកសរសើរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទដែលបានជំរុញផលិតកម្មកសិកម្ម លើគ្រប់មុខព្រួញ
ពិសេសការបង្កបង្កើនផលដំណាំជាយុទ្ធសាស្រ្ត មានជាអាទិ៍ ដំណាំកៅស៊ូ
ដែលកំពុងមានសន្ទុះ គួរឲ្យចាប់អារម្មណ៍
និងដំណាំឧស្សាហកម្មផ្សេងៗទៀត ក៏ដូចជា ការចិញ្ចឹមសត្វ
និងវារីវប្បកម្ម
ដែលកិច្ចការនេះមិនត្រឹមតែអាចឆ្លើយតបបានទៅនឹងតម្រូវការស្បៀង
ក្នុងស្រុកប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងអាចនៅសល់សម្រាប់ការនាំចេញទៀតផង។
សម្តេចតេជោ
នាយករដ្ឋមន្រ្តីបានអំពាវនាវ ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋបាល
ថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ
អន្តរជាតិ និងវិស័យឯកជន
សូមបន្តចូលរួមតាមគ្រប់រូបភាពក្នុងការជួយដល់កសិករ
និងការងារអភិវឌ្ឍន៍វិស័យកសិកម្មជាតិឲ្យមានការរីកចម្រើនជាលំដាប់
ដែលនឹងរួមចំណែកសំខាន់ក្នុងការធ្វើសមាហរណកម្មក្នុងសហគមន៍សេដ្ឋកិច្ច
អាស៊ាននាឆ្នាំ២០១៥ ខាងមុខនេះ។
ថ្លែង
ក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់
និងនេសាទសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ក៏បានរំលឹកឡើងវិញអំពីលុបចោលនូវគម្រោងវិនិយោគដីសម្បទានណា
ដែលមិនគោរពកិច្ចសន្យាផងដែរ ដោយសម្តេចបានបញ្ជាឲ្យក្រសួង
ស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់
ចំពោះគម្រោងវិនិយោគទាំងឡាយណា ដែលមិនគោរពតាមកិច្ចសន្យា
ដោយការដាក់ពិន័យ ឬលុបចោលការលើកទឹកចិត្ត
ឬលុបកិច្ចសន្យាសម្បទានក្នុងករណីធ្ងន់ធ្ងរ
ដើម្បីដកដីសម្បទានសេដ្ឋកិច្ចនោះ
បង្វែរទៅប្រើប្រាស់ជាដីសម្បទានសង្គមកិច្ចវិញ។
សម្ដេច
តេជោមានប្រសាសន៍រំលឹកជាថ្មីទៀតអំពីបទបញ្ជារឲ្យបញ្ឈប់ការកាប់ព្រៃ
រំលោភយកដីធ្វើកម្មសិទ្ធិថា “ត្រូវបញ្ឈប់ជាដាច់ខាតការកាប់រាន ដុត
ហ៊ុំព័ទ្ធ រំលោភយកដីព្រៃឈើធ្វើជាកម្មសិទ្ធិ
ដែលបានកើតឡើងក្រោយថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២
បើមិនដូច្នេះទេត្រូវទទួលទោសតាមច្បាប់ស្ដីពីព្រៃឈើ”។
ទន្ទឹមនឹងនេះក៏ត្រូវបន្តអនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវបទបញ្ជា
ដែលខ្ញុំបានដាក់នាពេលថ្មីៗនេះ
អំពីការបង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទ។
ជាមួយនេះក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុត្រូវបន្តចុះពិនិត្យផ្ទៀងផ្ទាត់ជាប់ប្រចាំ
ចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននានា ដែលទទួលបានដីសម្បទាន
ដើម្បីធានាដល់កិច្ចដំណើរការវិនិយោគ ទប់ស្កាត់នូវភាពអសកម្មផ្សេងៗ
ដែលអាចកើតមានទាក់ទងនឹងដីសម្បទាននេះ រួមទាំងការបង់ថ្លៃសម្បទានដី
និងកម្រៃសួយសារផ្សេងៗជូនរដ្ឋតាមកិច្ចសន្យា។
បន្ថែម
លើនេះត្រូវបន្តជំរុញកំណែទម្រង់ព្រំប្រទល់ដែនព្រៃឈើ
ធ្វើចំណាត់ការ និងចុះបញ្ជីសម្បត្តិព្រៃឈើអចិន្ត្រៃយ៍
និងការបន្តកំណត់តំបន់ព្រៃឈើរិចរិល
ដើម្បីស្ដារព្រៃដាំដុះឲ្យក្លាយជាតំបន់ព្រៃឈើមានតម្លៃឡើងវិញ។
នៅ
ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទបានរាយការណ៍ឲ្យដឹង ថា ការបង្កបង្កើនផលស្រូវឆ្នាំ២០១៣
កន្លងមក នៅទូទាំងប្រទេសអនុវត្តន៍បាននៅលើផ្ទៃដីចំនួន ៣,០៥២
លានហិកតាកើនឡើងចំនួន ១,៤៩% នៃផ្ទៃដីធៀបនឹងឆ្នាំ២០១២។
តែដោយសារគ្រោះរាំងស្ងួតនៅដើមរដូវ
និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅខេត្តចំនួន១៩ ទូទាំងប្រទេស
គួបផ្សំនឹងការបំផ្លាញដោយសត្វល្អិតផង
ផ្ទៃដីដំណាំស្រូវដែលត្រូវប្រមូលផលនៅសល់ត្រឹមតែ ២,៩៦
លានហិកតាប៉ុណ្ណោះ និងទទួលផលិតផលស្រូវសរុបបានចំនួន ៩,៣៨ លានតោន
(ទិន្នផលជាមធ្យមប្រចាំឆ្នាំគឺមាន ៣,១៦តោនក្នុងមួយហិកតា)
បើប្រៀបធៀបឆ្នាំ២០១២ គឺកើនលើសចំនួនជាង៩២ម៉ឺនតោន។
ឯកឧត្តម
រដ្ឋមន្រ្តីបានឲ្យដឹងថា
ជាក់ស្តែងផ្ទៃដីដំណាំស្រូវវស្សាអនុវត្តន៍បានចំនួន ២,៥៦៧
ហិកតាធៀបនឹងឆ្នាំ២០១២ កើនឡើង ៧%។
ប៉ុន្តែផ្ទៃអាចប្រមូលផលបានមានត្រឹមតែ ២,៤៨៥លានហិកតាប៉ុណ្ណោះ
ដោយទទួលផលស្រូវបានចំនួន ៧,២៧១ លានតោន (ទិន្នផលជាមធ្យម
២,៩២៥តោនក្នុងមួយហិកតា)។ រីឯផ្ទៃដីស្រូវប្រាំងអនុវត្តន៍បានចំនួន
៤៨៤.៦៩៧ ហិកតាបើធៀបនឹងឆ្នាំ២០១២ កើនលើស ២៦,៣៤%
និងទទួលផលស្រូវបានចំនួន ២,១១៨ លានតោន (ទិន្នផលជាមធ្យម ៤,៣៨៣តោន
ក្នុងមួយហិកតា)។
ដូច្នេះ
តាមការវាយតម្លៃតុល្យភាពស្បៀងឆ្នាំ២០១៣ បានបង្ហាញឲ្យឃើញថា
ផលិតផលស្រូវមានអតិរេកចំនួន ៤,៨២ លានតោនគឺកើនលើស ១,៩៦%
បើធៀបនឹងឆ្នាំ ២០១២ ហើយបើគិតជាអង្ករគឺមានចំនួន ៣,០៨លានតោន។
ក្រៅពីដំណាំស្រូវ ក៏មានដំណាំរួមផ្សំ និងដំណាំកសិឧស្សាហកម្មផ្សេងៗ
រួមមានៈ ដំឡូងមី ពោត សណ្តែក អំពៅ ថ្នាំជក់..។ល។
បានដាំដុះនៅលើផ្ទៃដីជាង ៩៤១.០០០ហិកតា ដោយទទួលបានផលសរុបជាង
១០,៥៤០ លានតោន គឺកើនឡើងប្រមាណ ១៣,៦៧% ធៀបនឹងឆ្នាំ ២០១២៕