Tuesday, March 18, 2014

មតិ​សំណេះ​សំណាល ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធ​ផល​​ការងារ របស់​ក្រុម​ប្រឹក្សា​ខេត្ត​តាកែវ​អាណត្តិ​ទី១ និង​បូក​សរុប​លទ្ធ​ផល​​ការ​ងារ​​ប្រចាំ ឆ្នាំ២០១៣ និង​ទិស​ដៅ​ការងារ​របស់​រដ្ឋបាល​ខេត្ត

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រុមប្រឹក្សាខេត្តតាកែវអាណត្តិទី១ និងបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៣ និងទិសដៅការងាររបស់រដ្ឋបាលខេត្ត និងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំង មុខតំណែង អភិបាល អភិបាលរងខេត្ត និងអភិបាលក្រុង ស្រុកមួយចំនួននៃខេត្តតាកែវ
ខេត្តតាកែវ ថ្ងៃទី ១៨ ខែមីនាឆ្នាំ២០១៤

-    ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
-    ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃរដ្ឋសភានិងរាជរដ្ឋាភិបាល
-    ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការនិង​កងកម្លាំង​ប្រដាប់​អាវុធទាំងអស់ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ចូលរួមជាមួយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាខេត្តតាកែវអាណត្តិទី១ ពិធី​បូក​​សរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៣​ និងទិសដៅការងាររបស់រដ្ឋបាលខេត្ត និងពិធីប្រកាសផ្ទេរ​ភារ​កិច្ច​តែងតាំងមុខតំណែងនៃអភិបាល អភិបាលរងខេត្ត និងអភិបាលក្រុង ស្រុកមួយចំនួន នៃ​ខេត្ត​តាកែវ។​​       

ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល​ការងាររបស់​ក្រុមប្រឹក្សា​​ខេត្ត​តាកែវ​អាណត្តិ​ទី១ លទ្ធផលការងារប្រចាំឆ្នាំ២០១៣និងទិសដៅការងាររបស់រដ្ឋបាល​ខេត្ត ដូចដែលបានលើកឡើងក្នុងរបាយការណ៍របស់ឯកឧត្តម ស្រី បេន។ លទ្ធផលទាំងនេះ គឺជា​កិច្ចខិតខំ​ប្រឹង​ប្រែងរួម​​របស់ថ្នាក់ដឹកនាំ​​ខេត្ត មន្រ្តីរាជការ​គ្រប់លំដាប់ថ្នាក់និងកងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ដែលយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញា​ស្មារតី​ក្នុងការបន្តបំពេញ​​តួនាទី ភារកិច្ច និង​កាតព្វកិច្ច ដើម្បីបម្រើ និងការពារ​ជាតិមាតុភូមិ និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកប​​ដោយ​ស្មារតី​ទទួលខុស​ត្រូវខ្ពស់។

រដ្ឋបាលថ្នាក់ក្រោមជាតិ មិនត្រឹមតែមានតួនាទីជាអ្នកការពារសន្តិភាព សុវត្ថិភាពនិងសណ្តាប់ ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីជា​អ្នកផ្តល់សេវាសាធារណៈនិងជាសេនាធិការផ្ទាល់ និងជាតំណាងរបស់​រាជរដ្ឋាភិបាលក្នុងមូលដ្ឋានទៀតផង។ ក្នុងន័យនេះ រដ្ឋបាល​​​ថ្នាក់ក្រោមជាតិ ដែលរួមមានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុង ស្រុក និង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ​ ដោយ​​​ស្មារតីម្ចាស់ការ ភក្តីភាព សីលធម៌វិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ក្នុងគោលដៅធ្វើ​យ៉ាង​ណា​​គឺ “បម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង”។ ដើម្បីសម្រេចបាននូវវត្ថុបំណងនេះ រដ្ឋបាល​ថ្នាក់ក្រោមជាតិដែលជាអ្នកផ្តល់សេវាសាធារណៈ ត្រូវមានទស្សនាទានប្រែក្លាយរដ្ឋបាលសាធារណៈ​ពី “អ្នកគ្រប់គ្រងនិងអនុវត្តវិធាននិងនីតិវិធី” ឱ្យទៅជា “អ្នកផ្តល់សេវាជូនប្រជាពលរដ្ឋ” គឺ មន្រ្តី​ដែល​ជាអ្នកផ្ដល់សេវាត្រូវផ្លាស់ប្តូរឥរិយាបថនិងផ្នត់គំនិតពី “ភាពជាអ្នកត្រួតត្រា” ទៅជា “អ្នកផ្តល់សេវា” ហើយ​ប្រជាពលរដ្ឋដែលពីមុនត្រូវបានចាត់ទុកថាជា “អ្នកត្រូវគេត្រួតត្រា” ឱ្យទៅជា “អ្នកប្រើប្រាស់​សេវា”។ ទាំងនេះជាទស្សនាទានដ៏សំខាន់សម្រាប់មន្រ្តីរាជការគ្រប់រូប ដែលត្រូវប្រកាន់យកនៅ​ក្នុង​បរិការណ៍​នយោបាយបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។

ទស្សនាទានខាងលើនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយនៃ​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម ដែលត្រូវបានដាក់ឱ្យដំណើរការដោយរាជរដ្ឋាភិបាលកម្ពុជាក្រោម​ការ​ដឹកនាំ​ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា រហូតដល់ថ្នាក់មូលដ្ឋាន តាមរយៈការបោះឆ្នោតដោយផ្ទាល់ក្នុងការ​ជ្រើសរើស​​​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលត្រូវបានជ្រើសរើសដោយប្រជាពលរដ្ឋនៃឃុំ សង្កាត់របស់ខ្លួន តាមរយៈការបោះឆ្នោតទូទៅ សកល សេរី​ ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ចំពោះ និងសម្ងាត់ និងការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តដែលត្រូវបានជ្រើសរើសឡើងដោយការបោះឆ្នោតអសកល​ មិន​ចំពោះ ដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ ផងដែរ។ ដូច្នេះ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងក្រុមប្រឹក្សា​ឃុំ សង្កាត់ ក៏ដូចជាគណៈអភិបាលខេត្ត ក្រុង ស្រុក ត្រូវចងចាំថា ខ្លួនជារដ្ឋបាលរបស់ប្រជាពល​រដ្ឋ កើតឡើងដោយប្រជាពលរដ្ឋ និងធ្វើអ្វីៗដើម្បីប្រជាពលរដ្ឋ។

តាមពិត លទ្ធិប្រជាធិបតេយ្យគ្រាន់តែជាគោលការណ៍ទូទៅ ដែលបញ្ជាក់ថាប្រជាពលរដ្ឋជា ម្ចាស់អំណាច ក៏ប៉ុន្តែក្នុងសកលលោកយើងនេះ មិនមានគំរូនៃលទ្ធិប្រជាធិបតេយ្យណាមួយ ដែល​អាច​យកទៅអនុវត្តបានគ្រប់ប្រទេសបានឡើយ។ ប្រជាធិបតេយ្យភាវូបនីយកម្មត្រូវអនុវត្ត ដោយ​ស្រប​តាមស្ថានភាពនយោបាយទូទៅ កាលៈទេសៈ វប្បម៌​ ប្រពៃណី សាសនា និងចំណេះដឹង​ទូទៅ​របស់ប្រជាពលរដ្ឋផងដែរ។ ដូច្នេះ ព្រះរាជាណាចក្រកម្ពុជា ក៏មានលទ្ធិប្រជាធិបតេយ្យខ្លួន​ដែល​អាច​អនុវត្ត​បាននៅក្នុងដែនដីអធិបតេយ្យរបស់យើងផងដែរ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាការពារ ពង្រឹង និងកែទម្រង់ឱ្យកាន់តែប្រសើរជាងនេះទៀត។

ជាមួយគ្នានេះដែរ គោលយោបាយកំណែទម្រង់វិមជ្ឈការ​​​​និងវិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល​​​​សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន។ ជាក់ស្តែង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ជាបន្តបន្ទាប់​ ព្រមទាំង​​ការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង​​ស្រុក ខណ្ឌ បានប្រព្រឹត្ត​ទៅ​​យ៉ាងរលូន ហើយ​លទ្ធផលនៃការបោះឆ្នោតនេះក៏បានជំរុញឱ្យដំណើរការ​កែទម្រង់​វិមជ្ឈការនិង​វិសហ​មជ្ឈការ​នេះ​មានលក្ខណៈល្អប្រសើរ និង​កាន់តែស៊ីជម្រៅជាងមុនថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និង​អបអរសាទ​រ​ចំពោះសមិទ្ធផល​ការងារ​ជាច្រើន​របស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស ខេង ជាពិសេស ជោគជ័យ ក្នុងការដ្ឋាននៃកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការអនុវត្តគោលនយោបាយ​ភូមិឃុំមានសុវត្ថិភាព ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនសង្គមជាតិ​ទាំងមូល។

ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី !
ថ្មីៗនេះ ក្នុងគោលបំណងពង្រឹងអភិបាលកិច្ចល្អ និងបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែ ប្រសើរឡើងថែមទៀត រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣​របស់​រាជរដ្ឋាភិបាល នៅគ្រប់រាជធានីខេត្តទូទាំងប្រទេស។ ចំពោះខេត្តតាកែវ​យើងនេះ រាជរដ្ឋាភិបាលបានសម្រេចឱ្យ​ខ្ញុំទទួលបន្ទុកជាប្រធានក្រុមការងារថ្នាក់ជាតិនេះ ព្រមទាំងមាន​សមាជិកសមាជិកា រាជរដ្ឋាភិបាល​និងឥស្សរជន ជាច្រើនរូបទៀតចូលរួមផងដែរ។ ក្រុមការងារថ្នាក់ជាតិនេះ​នឹងជំរុញ លើកកម្ពស់​កិច្ចសហការសម្របសម្រួលក្នុងការដោះស្រាយបញ្ហានានា និងលើកកម្ពស់ការទទួលខុសត្រូវ​របស់​ក្រសួងស្ថាប័ន ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅ​មូលដ្ឋាន​។  ក្រុមការងារក៏នឹងមានការរៀបចំវេទិកាសាធារណៈ ដើម្បីស្តាប់សំណូមពរ និងបញ្ហានានារបស់​មូលដ្ឋាន ជាពិសេស គឺស្តាប់​សំឡេង​ និងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ មូលដ្ឋាន ហើយយក​ចិត្ត​ទុកដាក់​ដោះស្រាយនូវរាល់សំណូមពរដោយផ្អែកលើ​ច្បាប់ និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។ ប៉ុន្តែក្រុមការងារពុំមានតួនាទី និងសម្រេចជំនួសក្រសួងស្ថាប័នមាន សមត្ថកិច្ចឡើយ ហើយក៏​មិន​ចាត់ចែង​កិច្ចការជំនួសរដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនានាឡើយ។ ព្រមជាមួយ​គ្នានេះ ក្រុមការងារថ្នាក់ជាតិនេះនឹង​មាន​តួនាទីផ្សព្វផ្សាយ ឱ្យកាន់តែទូលាយនូវគោលនយោបាយ កម្មវិធីនយោបាយ យុទ្ធសាស្រ្ត ផែនការ​អភិវឌ្ឍជាតិ គោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជា​សភាពការណ៍រួមរបស់ប្រទេសជាតិ ដោយផ្សារភ្ជាប់ជាមួយនឹងសភាពការណ៍នៅមូលដ្ឋាន។ ក្នុង​ស្ថានភាព​នយោបាយបច្ចុប្បន្ន ការ​ចោទប្រកាន់នានាដោយគ្មានភស្តុតាង​សមស្រប​របស់​គណបក្ស​ប្រឆាំង ក៏ដូចជាអង្គការមិនមែន​រដ្ឋាភិបាលនានាមួយចំនួនតូច ទៅលើការរៀបចំការបោះឆ្នោត​សកល​ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៃរដ្ឋសភា នៅតែជាប្រធានបទស្រួចស្រាល់ ដែល​បាន​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិនាមនៃស្ថាប័ន កំពូលៗរបស់ជាតិមានជាអាទិ៍ ស្ថាប័នព្រះមហាក្សត្រ រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ រាជរដ្ឋាភិបាល គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត និង​ឥស្សរជន​មួយចំនួន។ ឆ្លៀតក្នុងឱកាស​ដ៏​មហោឡារិក​នេះ ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមយកចិត្តទុកដាក់និងឆ្លើយបំភ្លឺ ចំពោះការលើកឡើងនានាដែលទាក់ទងនឹងបញ្ហានេះ។ ចំពោះការស្រាយ​បំភ្លឺឆ្លើយតប​នឹងបញ្ហា​ទាំងនេះ រាជរដ្ឋាភិបាលបានចេញឯកសារគោលពីរ គឺ សៀវភៅ​​ស​ស្តីពីការបោះឆ្នោតសកល​ជ្រើស​តាំង​តំណាងរាស្ត្រនីតិកាលទី៥​ នៃ​រដ្ឋសភា​ នៃ​ព្រះ​រាជា​ណា​​ចក្រកម្ពុជាឆ្នាំ២០១៣ និងការ​ស្រាយបំភ្លឺ​របស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សចំពោះ​របាយការណ៍​​រួមស្តី​ពីការរៀបចំ​ការបោះឆ្នោត​​នៅក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ២០១៣របស់​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​​។

ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី!
​ខ្ញុំសូម​យក​ឱកាស​នេះ​​ សំដែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃខ្ពស់​​ផងដែរ​​ ចំពោះ​សមិទ្ធផល ​​នានា​របស់ខេត្តតាកែវ​ ក្រោមការដឹកនាំរបស់ឯកឧត្តម ស្រី បេន អតីតអភិបាល​នៃ​គណៈអភិបាលខេត្តតាកែវ និងខ្ញុំសូម​រំឭក ដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិក សមាជិកា​នៃ​ក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត និងក្រុង ស្រុកដែលទទួលការតែងតាំង មុខតំណែងថ្មី ក៏ដូចជាឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអភិបាលរងខេត្ត​ អភិបាលក្រុង ​អភិបាលស្រុកទាំងអស់ នៃខេត្តតាកែវ ព្រមទាំង​មន្រ្តីរាជការ ​កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ ឱ្យបន្តរួមសហការ​គ្នា​​​ពង្រឹងការ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមវិស័យរបស់ក្រសួងស្ថាប័ននានា ព្រមទាំងផ្តោត​ការយកចិត្ត​ទុកដាក់លើការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាអាទិភាព។ ជាមួយគ្នានេះដែរ ត្រូវបន្តរួមគ្នា​ថែរក្សា​ការពារ​សុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ឱ្យ​បាន​ល្អ​នៅទូទាំងខេត្ត​ឱ្យ​​កាន់តែប្រសើរ​ឡើងថែមទៀត តាមរយៈការជំរុញនិងលើកទឹកចិត្ត​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធទាំងអស់ ជាពិសេស ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យចូលរួម​អនុវត្តគោលនយោបាយ​ភូមិឃុំ​មានសុវត្ថិភាព។ ទន្ទឹមនឹង​នេះ ត្រូវបន្ត​ទប់ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ការលេងល្បែងស៊ីសង សកម្ម​ភា​ពក្មេង​​​ទំនើង ដែលអាចជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិ និងជាពិសេសដល់ក្មួយៗយុវជន ព្រមទាំង​ត្រូវលើកកម្ពស់ការគ្រប់គ្រងច្រក​ទ្វារព្រំដែនច្រករបៀង​រួមគ្នា​បង្ការទប់ស្កាត់​ និង​បង្រ្កាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព​នូវ​បទ​ល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ហើយក៏​ត្រូវ​បន្ត​ខិតខំបង្កើនកិច្ចសហប្រតិបត្តិការ​ឱ្យបានកាន់​ល្អ​ថែមទៀត​ជាមួយ​អាជ្ញាធរ ​​និង​​​កម្លាំង​មានសមត្ថកិច្ចនៅតាម​តំបន់​ព្រំដែននៃប្រទេសជិតខាង ដើម្បីអភិវឌ្ឍ​​តំបន់​ព្រំដែន​​ឱ្យមាន​ការ​រីក​ចម្រើន​​ថែមទៀត។ លើសពី​នេះទៀត ដើម្បីពង្រឹង​របៀប​របប​ការងារឱ្យកាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​ និង​ប្រកប​​​ដោយការ​ទទួល​ខុសត្រូវ ត្រូវយកចិត្តទុកដាក់លើការកសាងសមត្ថភាពធនធានមនុស្សនិង​ការអភិវឌ្ឍស្ថាប័ន​គ្រប់ជាន់ថ្នាក់នៅ​រដ្ឋបាលថ្នាក់ក្រោមជាតិ។

ជារួម ក្នុងឋានៈជារដ្ឋបាលដែលនៅជាប់នឹងប្រជាពលរដ្ឋរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ អាជ្ញាធរ​ថ្នាក់ក្រោមជាតិត្រូវ​ប្រកាន់​ខ្ជាប់នូវជំហរជាអ្នកការពារនិងបម្រើប្រជាពលរដ្ឋ តាមរយៈការ ធានា​​ឱ្យបាននូវ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍក្នុងមូលដ្ឋាន និង អភិបាល​កិច្ចល្អ ជាពិសេស​ការទប់ស្កាត់ឱ្យបានទាន់ពេលវេលារាល់ទង្វើអសកម្មដែលប៉ះពាល់ដល់ សុខុមាលភាព​​​របស់​ប្រជាពលរដ្ឋ។ ជាងនេះទៅទៀត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ​ត្រូវបន្តយកចិត្តទុកដាក់ធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន​​មានជំនឿទុកចិត្តលើ​រដ្ឋបាលរបស់ខ្លួន ហើយក៏​ត្រូវបន្តបំផុសចលនាមហាជនឱ្យយល់​ដឹង​កាន់តែស៊ីជម្រៅថែមទៀតអំពីតួនាទីរបស់បងប្អូន​ប្រជាពលរដ្ឋ ក្នុងការចូលរួមជាមួយ​រាជរដ្ឋា​ភិបាល ក្នុងកិច្ចអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។

ជាថ្មីម្តងទៀត ខ្ញុំសូមអបអរ​សាទរ​ចំពោះឯកឧត្តម ឡាយ វណ្ណៈ ដែលទទួលបាន​ការទុក​ចិត្ត​ពី​ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល តែងតាំងជា​​អភិបាល​នៃគណៈអភិបាលខេត្តតាកែវ នាពេលនេះ ​ព្រមទាំង​អភិបាលរងខេត្ត និងអភិបាលក្រុង ស្រុក ដែលទទួលការតែងតាំងមុខតំណែងថ្មី ដូច​សុភាសិត​ខ្មែរ​បាន​ពោល​ថា «ទំពាំង​ស្នង​ឫស្សី​»។ ខ្ញុំក៏សូម​កោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ​ចំពោះ​កិច្ចខិតខំប្រឹងប្រែងមិនខ្លាច​នឿយ​ហត់​របស់អាជ្ញាធរ​មាន​សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃ​ខេត្ត​តាកែវ​​ក្នុងការបំពេញតួនាទីជាអ្នកការពារ និង​បម្រើ​ប្រជាពលរដ្ឋ​ ​និងប្រទេសជាតិប្រកប​ដោយ​ជោគ​ជ័យ​។

  ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី​ ថ្នាក់​ដឹកនាំ ​និងសមាជិក សមាជិកានៃក្រុមប្រឹក្សា គណៈអភិបាល ក៏ដូចជា មន្រ្តីរាជការ កងកម្លាំងប្រដាប់​អាវុធ និង​បងប្អូន​​​ប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងអស់ សូមមាន​សុខភាព​​​​​​​ល្អ ទទួលបាន​ជោគជ័យ​គ្រប់​​ភារកិច្ច និង​មាន​​សុភមង្គល​ក្នុងក្រុមគ្រួសារ៕
សូមអរគុណ!