Monday, April 14, 2014

សុន្ទ​រកថា ឯកឧត្ដម ឃឹម ប៊ុនសុង អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​សៀមរាប ថ្លែង​ក្នុង​ពិធី​រៀប​ចំ​ព្រឹត្តិ​ការណ៍​អង្គរ​សង្រ្កាន្ត ឆ្នាំថ្មី ឆ្នាំមមី ឆស័ក ពស.២៥៥៨ គស.២០១៤

ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៤

សូមក្រាបថ្វាយបង្គំ ព្រះមង្គលសិលាចារ្យឥន្ទកេសរោ ពេជ្រ សន ព្រះមេគណខេត្ត និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ខារៈដ៏ខ្ពង់ខ្ពស់ !
សូមគោរព ៖
ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី  ឯកឧត្តម លោកជំទាវ​ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី
ជាទីគោរពដ៏ខ្ពង់ខ្ពស់!
ឯកឧត្តម ហ៊ុន ម៉ានី  សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា !
- ឯកឧត្តម លោកជំទាវ ស​​មាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល !
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងអង្គទូតប្រចាំ​នៅព្រះរាជ
  ណាចក្រកម្ពុជា !
-​ ក្មួយៗសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនទូទាំងប្រទេស និង ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ  ជាទីមេត្រី !


ថ្ងៃនេះ ជាទិវាដ៏មហានក្ខត្តប្ញក្សអធិកអធម ឧត្តុង្គឧត្តម ពោរពេញដោយក្តី​មោទន​ភាព ដែលយើងបានជួបជុំគ្នាជាថ្មីម្តងទៀត ក្នុងការរៀបចំព្រឹត្តការណ៌អង្គរ សង្រ្កាន្ត ប្រកបដោយមនោសញ្ចេតនា ជាមួយនឹងសេចក្តីសោមន្សរីករាយក្រៃលែង​ដើម្បីអបអរសាទរ ទទួលពរជ័យក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ គ.ស ២០១៤ ។
  ស្ថិតក្នុងបរិយាកាសដ៏សែនរីករាយនេះ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំព្រះករុណា​ផ្ទាល់ ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងគារវកិច្ច ចំពោះ​វត្តមានដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តីការ​គណៈ​​រដ្ឋមន្រ្តី ដែល​បានឆ្លៀតឱកាស និងចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធី បើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ គ.ស ២០១៤ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ឯកឧត្តម ហ៊ុន ម៉ានីសមាជិករដ្ឋសភា និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម លោកជំទាវតំណាងរាស្រ្ត តំណាងអង្គទូតប្រចាំកម្ពុជា លោក លោកស្រី អ្នកនាងកញ្ញា និងក្មួយៗយុវជនទាំងអស់ ដែលបានអញ្ជើញជាអធិបតី និង ជាភ្ញៀវកិត្តិយស ដ៏ឧត្តុង្គឧត្តម ដែលញុំាងឲ្យអង្គពិធីនេះប្រព្រឹត្តទៅយ៉ាងមហាឡារិកក្រៃលែង ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់ !
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា  ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ជាទីគោរព ​និងជាទីមេត្រី !

ជាមួយនឹងភាពជោគជ័យដ៏ត្រចះត្រចង់កាលពីឆ្នាំ២០១៣កន្លងមក ព្រឹត្តិ- ការណ៌អង្គរសង្រ្កាន្តឆ្នាំ២០១៤នេះ ត្រូវបានផ្តួចផ្តើម និង រៀបចំជាថ្មីម្តងទៀត ដោយសហភាពសហព័ន្ធយុវជនកម្ពុជា និង ដោយមានកិច្ចសហការគាំទ្រយ៉ាង ពេញលេញពីសំណាក់ក្រសួង ស្ថាប័ន មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងខេត្តសៀមរាប។ ទោះបីជាពុំទាន់មានបទដ្ឋានកំណត់ក៏ដោយ ក៏អង្គរសង្រ្កាន្ត បានក្លាយជាព្រឹត្តិការណ៌វប្បធម៌ដ៏ធំមួយប្រចាំឆ្នាំក្នុងខេត្តសៀមរាប ដែលអាច ចាត់ទុកជាសម្បត្តិបេតិកភណ្ឌដ៏ស្តុកស្តម្ភ ហើយមានតម្លៃយ៉ាងជ្រាលជ្រៅសម្រាប់ ការអភិវឌ្ឍ​សេដ្ឋកិច្ច និង សង្គម តាមរយៈការលើកកម្ពស់តម្លៃវប្បធម៌ សង្គមធម៌ នៃព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋមួយដ៏ចំណាស់​ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ភាពល្បីល្បាញប្រកបដោយកិត្យានុភាពនៃវប្បធម៌ និងការផ្សព្វផ្សាយព្រឹត្តិការណ៌នេះ យើងរំពឹងទុកថានឹងទាក់ទាញបាននូវកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមក ទស្សនាខេត្តសៀមរាបកាន់តែច្រើនឡើងថែមទៀត ដើម្បីចូលរួមកម្សាន្តសប្បាយ​ក្នុងពិធីបុណ្យចូល​ឆ្នាំខ្មែរប្រពៃណីជាតិ ជាមួយនឹងការទស្សនាកម្មវិធីផ្សេងៗ នៃ ព្រឹត្តិការណ៌អង្គរ​សង្រ្កាន្ត​ ក្នុងរយៈពេល៣ថ្ងៃនេះនៅលើទីតាំងផ្សេងៗជាច្រើនកន្លែង ក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាក្នុងក្រុងសៀមរាបផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់ !
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា  ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ជាទីគោរព ​និងជាទីមេត្រី !

ជាការពិតណាស់ ព្រឹត្តិការណ៌អង្គរសង្រ្កាន្តឆ្នាំនេះ បានប្រារព្ធធ្វើឡើងក្នុង ស្ថានភាពដែលព្រះរាជាណាចក្រកម្ពុជា កំពុងស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៌រីកចំរើន​ លើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចប្រកបដោយចរីភាព ក្នុងក្របខ័ណ្ឌសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់រាជរដ្ឋាភិបាល​ នីតិកាលទី៥ នៃរដ្ឋសភា ដែលមានសម្តេច​អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម ។
ក្នុងបរិបទនេះ ខេត្តសៀមរាបក៏មានកាលានុវត្តភាព ជម្រុញកំណើនសេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់ក្នុងរយៈពេលកន្លងមក មានជាអាទិ៍ វិស័យ ទេសចរណ៌ កសិកម្ម សិប្បកម្ម និងសេវាកម្មផ្សេងៗជាដើម បានដើរតួនាទីយ៉ាង សំខាន់ប្រកបដោយសក្តានុពល​ក្នុងការរួមចំណែកសម្រេចបាននូវគោលដៅ ជា យុទ្ធសាស្រ្ត​ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តសៀមរាប ក៏បានសហការជាមួយអាជ្ញាធរអប្សរា ក្រសួង ស្ថាប័នពាក់ព័ន្ធ ហើយជាពិសេសដោយបានការជួយជ្រោមជ្រែង ដោយឥត សំចៃពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ទទួលបន្ទុក​ទីស្តីការ​គណៈ​​រដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរអប្សរា ដែលជានិច្ចកាល បានផ្តល់ការគាំទ្រ ទាំងស្មារតី និងថវិកា ក្នុងការរៀបចំកែលម្អសោភ័ណភាពក្រុង និងហេដ្ឋារចនាសម្ព័ន្ធក្រុងសៀមរាប ហើយដែលសមទ្ធិផលទាំងនេះ បានបង្កលក្ខណៈ ងាយស្រួលជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកទស្សនាកម្សាន្ត មានចំនួនកើនឡើងកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និង ព្រឹត្តការណ៌អង្គរសង្រ្កាន្តនេះ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាម​អាជ្ញាធរខេត្ត ខ្ញុំព្រះករុណាខ្ញុំ សូមធ្វើការ​គាំទ្រ និងសូមថ្លែងអរគុណចំពោះ​ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ​យុវជន កម្ពុជា និង​សហការីទាំងអស់ ដែលបានផ្តួចផ្តើមរៀប​ចំព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្តនេះ ឡើងនៅលើទឹកដីខេត្តសៀមរាបនេះ នាំមកនូវភាពត្រជាក់ត្រជុំ ថ្កុំថ្កើងដល់ទឹកដី អតីតមហានគរខ្មែរក្នុងសម័យអធិរាជាណាចក្រកម្ពុជាដ៏រុងរឿង ។
ខ្ញុំព្រះករុណាខ្ញុំ សូមឆ្លៀតយកឱកាសដ៏ប្រពៃនេះ ដើម្បីថ្លែងអំណរគុណ ដ៏ជ្រាល​ជ្រៅចំពោះ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ចំណាយ ពេលវេលាដ៏មានតម្លៃអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រឹត្តិការណ៌អង្គរសង្រ្កាន្ត ជា សក្ខីភាពនៃការលើកទឹកចិត្តដ៏សំខាន់ដល់យុវជន ឲ្យបន្តកិច្ចប្រឹងប្រែងទាំងកម្លាំង កាយចិត្ត និងប្រាជ្ញាស្មារតី ដើម្បីអភិវឌ្ឍសមត្ថភាពឲ្យរឹងមាំសម្រាប់ជាសរសរទ្រូង នៃការអភិវឌ្ឍប្រទេសជាតិក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ជាទីបញ្ចប់ ខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មី និង​ បារមីដែលរក្សាទឹកដី​អង្គរ សូមតាម​ប្រោសប្រទាន​សព្វ​សាធុការពរជ័យ ប្រគេនព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ និងសូម​មេត្តា​ជួប​ប្រទះ​តែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ។