ឯកឧត្ដម
តូស្សីមីស៊ុយ មូតេក (Toshimisu Motegp) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន នារសៀលថ្ងៃទី២៧
ខែមេសា ឆ្នាំ២០១៤ បានជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអំពីការរីកចម្រើន
នៃកិច្ចពិភាក្សាជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេស
ទាំងពីរ។
ឯកឧត្តម
អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឲ្យដឹងថា
ក្នុងជំនួបសម្តែងការគួរសមនៅវិមានសន្តិភាព ឯកឧត្ដម តូស្សីមីស៊ុយ មូតេក
(Toshimisu Motegp) បានជម្រាបសម្ដេចតេជោនាយករដ្ឋមន្ត្រីថា
កាលពីព្រឹកមិញនេះ (ថ្ងៃទី២៧ មេសា)
ឯកឧត្ដមបានជួបជាមួយសមាភាគីរដ្ឋមន្ត្រីរបស់កម្ពុជា
ដែលក្នុងជំនួបនោះ
មានទិសដៅដើម្បីជំរុញល្បឿនបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
ពាណិជ្ជកម្មជប៉ុន បានមានប្រសាសន៍ឲ្យដឹងថា
នៅក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានេះ
មានវត្តមានថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនដែលនាំមុខនៅក្នុង
ប្រទេសជប៉ុន ហើយការចូលរួមរបស់ប្រតិភូក្នុងដំណើរទស្សនកិច្ចនេះ
គឺដើម្បីជំរុញធ្វើយ៉ាងណាឲ្យមានទំនាក់ទំនងកាន់តែប្រសើរឡើង
រវាងកម្ពុជា និងជប៉ុនផង និងជំរុញវិនិយោគជប៉ុនមកកាន់កម្ពុជាផង ព្រោះថា
កម្ពុជាមានសក្ដានុពលខ្ពស់
ជាពិសេសនៅពេលដែលកម្ពុជាកំពុងតែធ្វើសមាហរណកម្មតំបន់ក្នុងតំបន់
អាស៊ាន។ ជាមួយគ្នានេះដែរ
ក្រុមហ៊ុនជប៉ុនមានសេចក្ដីសង្ឃឹមយ៉ាងខ្លាំងចំពោះសក្ដានុពលទាំងឡាយ
ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា
ពិសេសប្រជាជនជប៉ុនមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិស័យទេសចរណ៍
ដូចជាអង្គរវត្ត
អង្គរធំក៏ដូចជាស្ថានភាពរួមជាក់ស្ដែងនៅកម្ពុជាផងដែរ។ សូមបញ្ជាក់ថា
តាមរយៈប្រធានអង្គការចេត្រូបានឲ្យដឹងថា
ថ្មីៗនេះមានក្រុមហ៊ុនជប៉ុនប្រមាណ ១០០
ក្រុមហ៊ុនបានចូលមកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ស្វាគមន៍
នូវរាល់កិច្ចពិភាក្សាលើគម្រោងនានា
ក្នុងទិសដៅពង្រឹងភាពជាដៃគូរវាងកម្ពុជា និងជប៉ុន។ សម្ដេចមានប្រសាសន៍ថា
ជប៉ុនគឺជាប្រទេសដែលបានផ្ដល់ជំនួយធំជាងគេសម្រាប់ការ
អភិវឌ្ឍកម្ពុជា
ហើយក៏ជាប្រទេសដែលបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការស្វែងរក
សន្តិភាពសម្រាប់កម្ពុជាផងដែរ។
សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា
កម្ពុជាសព្វថ្ងៃនេះមិនត្រឹមតែចង់បាននូវជំនួយពីប្រទេសជប៉ុនប៉ុណ្ណោះទេ
ប៉ុន្តែគឺចង់បានភាពជាដៃគូអ្នកវិនិ យោគដែលមកវិនិយោគនៅកម្ពុជា
ហើយនាំផលិតផលពីកម្ពុជាទៅកាន់ប្រទេសជប៉ុនវិញ។
កម្ពុជាក៏មានមហិច្ឆតាចង់ឱ្យមានអ្នក វិនិយោគជប៉ុន មកកាន់កម្ពុជា ហើយ
ផលិតនូវផលិតផលនាំទៅកាន់ទីផ្សារ ពិភពលោក ហើយក្នុងន័យនេះ សហគ្រាស
ធុនតូច និងមធ្យម គឺជាគោលដៅ ដែល កម្ពុជាចង់បាន។ ជាងនេះទៀតកម្ពុជាក៏
ចង់បានឧស្សាហកម្មថ្មីៗ និងរក្សាឧស្សាហកម្មដែលមានស្រាប់
និងជំរុញការផលិត ឧស្សាហកម្ម បង្កើនតម្លៃបន្ថែម
ដែលកម្ពុជាមានធនធានវត្ថុធាតុដើមស្រាប់ដូចជា អង្ករ ដំឡូង និងកៅស៊ូជាដើម៕