សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងនូវការរីករាយ និងស្វាគមន៍ចំពោះដំណើរការរីកចម្រើន ក្នុងការផលិត និងបង្កើននូវផលិតផលថ្មីរបស់រោចក្រ Minibea នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសអនុញ្ញាតឲ្យលោក Yoshihisa Kainuma ប្រធានក្រុមហ៊ុន Minibea មកពីប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសមនារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤នៅវិមានសន្តិភាព សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវការរីករាយជាមួយនឹងវឌ្ឍនភាពរបស់រោងចក្រ Minibea ដោយសម្តេចបានមានប្រសាសន៍បញ្ជាក់ថា ការបញ្ជាទិញបន្ថែមពីរោងចក្រនោះគឺឆ្លុះបញ្ចាំងអំពីជំនឿទុកចិត្ត ទៅលើរោងចក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងទៀតការវិលត្រឡប់មកជាមួយនឹងបុគ្គលិក កម្មករថែមទៀតមកបម្រើការងារនៅក្នុងរោងចក្រនោះ ក៏ជាការឆ្លុះបញ្ចាំងនៃជំនឿទុកចិត្តមកលើរោងចក្រផងដែរ។
តាមរយៈឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឲ្យដឹងថា លោក Kainuma បានជម្រាបជូនសម្ដេចតេជោអំពីវឌ្ឍនភាពនៃរោងចក្រ Minibea នៅកម្ពុជា ដែលបានបើកឲ្យដំណើរការកាលពីខែធ្នូឆ្នាំ២០១១ កន្លងមកនេះ ។ រយៈពេល២ឆ្នាំ ៦ខែកន្លងមក រោងចក្របានទទួលកម្មករចំនួន ៥០០០នាក់ និងនៅខែមិថុនាខាងមុខនេះនឹងឈានដល់ទទួលកម្មករចំនួន ៦០០០នាក់ ដើម្បីបម្រើការងារនៅក្នុងរោងចក្រនេះ ។ លោកក៏បានជម្រាបជូនព័ត៌មានល្អជូនសម្ដេចតេជោថា ក្នុងឆ្នាំនេះរោងចក្ររបស់ក្រុមហ៊ុនបានទទួលការបញ្ជាទិញបន្ថែមទៀត ដែលក្នុងបញ្ហានេះបុគ្គលិកបម្រើការងារក្នុងរោងចក្រនឹងមានការកើនឡើង។
លោក Kainuma ប្រធានក្រុមហ៊ុន Minibea ក៏បង្ហាញនូវសេចក្តីរីករាយផងដែរ ដោយសារកាលពីបុណ្យឆ្នាំកន្លងទៅនេះ បុគ្គលិក កម្មករ បានវិលទៅផ្ទះវិញដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំរបស់ជាតិ ហើយនៅពេលត្រឡប់មកវិញបាននាំមកនូវកម្មករ បុគ្គលិកដទៃទៀតមកដាក់ពាក្យបម្រើការងារនៅក្នុងរោចក្រផងដែរ ដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងនូវការពេញចិត្តរបស់បុគ្គលិកក្នុងការបម្រើការងារនៅក្នុងរោងចក្រ Minibea។ លោកប្រធានក្រុមហ៊ុនក៏បានជម្រាបជូនសម្ដេចតេជោផងដែរអំពីគម្រោងថ្មីរបស់ក្រុមហ៊ុនដែលនឹងផលិតភ្លើង LED សម្រាប់ប្រើប្រាស់នៅក្នុងទីធ្លាសាធារណៈផង នៅក្នុងអាយហ្វូនផង ក៏ដូចជាសម្រាប់កាមេរ៉ាសុវត្ថិភាពផងដែរ។
ពាក់ព័ន្ធនឹងគម្រោងថ្មីរបស់រោងចក្រ Minibea សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍នឹងគម្រោងថ្មីដែលក្រុមហ៊ុនទើបរកឃើញ និងត្រៀមនឹងផលិត ដោយសម្តេចបានចាត់ទុកថា ផលិតផលថ្មីនេះនឹងជួយដល់ការកាត់បន្ថយការប្រើប្រាស់អគ្គិសនីផងដែរ៕