Monday, May 12, 2014

កិច្ច​​ប្រជុំ​​កំពូល​​អាស៊ាន​​លើក​​ទី​២៤​ពិនិត្យ​​បញ្ហា​​សេស​សល់​​ដើម្បី​​សម្រេច​​ការ​កសាង​​សហគន៍​​អាស៊ាន​​ឲ្យ​បាន​​នៅ​​ត្រឹម​​ឆ្នាំ​២០១៥

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៤ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ក្រោម​មូល​បទ «ការ​ធ្វើ​ដំណើរ​ទៅ​មុខ​ដោយ​ឯកភាព​ឆ្ពោះ​ទៅ​កាន់​សហគមន៍​មួយ ដែល​ប្រកប​ដោយ​សន្តិភាព និង​វិបុលភាព» បាន​បិទ​បញ្ចប់​ហើយ​នៅរសៀល​ថ្ងៃ​អាទិត្យ​ទី១១ ខែ​ឧសភា ឆ្នាំ​២០១៤ ក្រៅ​ពី​លទ្ធផល​សំខាន់ៗ​ជាច្រើន​ដែល​កិច្ច​ប្រជុំ​បាន​សម្រេច បញ្ហា​វិបត្តិ​នៅ​ក្នុង​ប្រទេស​ថៃ ក៏​បាន​ក្លាយទៅ​ជា​បញ្ហារួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​យក​ចិត្ត​ទុក​ដាក់​ផងដែរ។

យោង​តាម​ការ​ស្នើ​ឡើង​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ ទាក់​ទង​នឹង​វិបត្តិ​នយោបាយ​ដ៏ហ្វឹកវរ​នៅ​ក្នុង​ប្រទេស​ថៃ បានជំរុញ​ឲ្យមេ​ដឹក​នាំ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឯកភាព ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម ដោយអំពាវនាវ​ឲ្យ​ថ្នាក់​ដឹក​នាំ និង​អ្នកនយោបាយ​ប្រទេស​ថៃ រួមគ្នា​ដោះ​ស្រាយ​វិបត្តិ​ដោយ​សន្តិវិធី​កុំ​ឲ្យស្ថាន​ការណ៍​កាន់​តែធ្ងន់ធ្ងរ​ថែម​ទៀត ធ្វើ​យ៉ាងណា​នាំ​ប្រទេស​មួយ​នេះ វិល​ទៅ​ប្រក្រតីភាព​ឡើង​វិញ។

ឯកឧត្តម​ កៅ គឹមហួន រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយករដ្ឋមន្រ្តី នៅ​ព្រលាន​យន្តហោះ​ពេល​អមដំណើរ​សម្តេច​តេជោ ហ៊ុន សែន ធ្វើ​មាតុភូមិនិវត្តន៍​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​មីយ៉ាន់ម៉ា នៅ​វេលា​ម៉ោង​ជាង ៨​យប់ ថ្ងៃ​ទី១១ ខែ​ឧសភា ឆ្នាំ​២០១៤ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា នៅក្នុងកិច្ច​ប្រជុំ​ចំនួន ៤ដាច់​ដោយ​ឡែក​ពីគ្នា គឺ​កិច្ច​ប្រជុំ​ចំហ ចង្អៀត និងកិច្ច​ប្រជុំ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ទៅ​កាន់ប្រមុខ​ដឹកនាំ​ប្រទេស​ជាសមាជិក​អា​ស៊ាន​ទាំង​អស់ ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ជាសំខាន់​ទៅស្ថាន​ការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ។ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​កម្ពុជា ក៏​បានស្នើ​ឲ្យកិច្ច​ប្រជុំកំពូល​អាស៊ាន​នេះ ចេញ​សេចក្តីថ្លែង​ការណ៍​រួម​មួយ​ឆ្លើយ​តបទៅ​នឹង​បញ្ហា​ដ៏វឹកវរ​ក្នុង​ប្រទេសភូមិផង​របង​ជាមួយ​កម្ពុជា​មួយ​នេះ។ ជាលទ្ធផល​មេដឹកនាំ​ប្រទេស​អាស៊ានទាំង​១០ បាន​ឯក​ភាព​គ្នា ព្រម​ទាំង​ចេញ​សេចក្តី​ថ្លែងការណ៍​ឆ្លើយតប​ចំពោះ​វិបត្តិ​នយោ​បាយ​នៅ​ក្នុង​ប្រទេស​ថៃ​តែម្តង។

សូម​បញ្ជាក់​ថា កិច្ច​ប្រជុំកំពូល​អាស៊ានលើក​ទី២៤ បាន​ប្រារព្ធពិធី​បើកជា​ផ្លូវការ​នៅ​មជ្ឈ​មណ្ឌល​សន្និសីទ​អន្តរជាតិ​ណៃពិដោ នៅ​ព្រឹក​ថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ​២០១៤ ដែល​ព្រះករុណា​ព្រះចៅស៊ុល​តង់ សម្តេច ឯកឧត្តម​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​អគ្គលេខា​ធិការអាស៊ាន​ត្រូវ​បានស្វាគមន៍​យ៉ាង​កក់​ក្តៅ​បំផុត ពី​សំណាក់​ឯកឧត្ត​មបណ្ឌិត ថេន សេន ប្រធានាធិបតី នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា ដែល​ជា​ប្រធាន​កិច្ច​ប្រជុំ​កំពូល​អាស៊ានលើក​ទី២៤ នេះ។

នេះ​គឺជា​លើក​ទី១ ដែល​ប្រទេស​មីយ៉ាន់ម៉ា បាន​ទទួល​ធ្វើជាប្រធាន​ប្តូរវេន​របស់​អាស៊ាន និង​ធ្វើ​ជាម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន បន្ទាប់​ពី​ប្រទេស​មីយ៉ាន់ម៉ា បាន​ក្លាយ​ជាសមាជិក​ពេញ​សិទ្ធិ​របស់​អាស៊ាន​កាល​ពី១៧​ឆ្នាំ​មុន។

ថ្លែង​នៅក្នុងពិធី​បើកកិច្ច​ប្រជុំកំពូល​អាស៊ាន​លើក​ទី២៤ ឯកឧត្តម​បណ្ឌិត ថេន សេន ក្នុងនាម​ជាប្រធាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២៤ បាន​គូសបញ្ជាក់​ពីការ​ធានា​ឲ្យមាន​នូវការ​អនុវត្ត​យ៉ាង​ពេញ​លេញ​នូវ​រាល់​កិច្ចការ ដែល​នៅ​សេសសល់ ដើម្បី​សម្រេច​ការ​កសាងសហគមន៍​អាស៊ាន​ឲ្យ​បាន​នៅ​ត្រឹម​ឆ្នាំ២០១៥។ កំណត់​រាល់​វិស័យ​អាទិភាព ដើម្បី​ពន្លឿនការ​អនុវត្ត​កិច្ច​កសាង​សហគមន៍​អាស៊ាន ដោយ​ពិនិត្យ​ជាថ្មីឡើង​វិញ​ទៅ​លើ​ស្ថាន​ភាព​ជឿន​លឿន​នៅក្នុង​កិច្ចកសាង​សហគមន៍​អាស៊ាន និង​ផ្តួចផ្តើ​មគំនិត​ចាំបាច់​ទាំង​ឡាយ​សម្រាប់​អនុវត្តន៍​នាអនាគត​កាល ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​អាស៊ាន​មាន​សកម្ម​ភាព​ក្លៀវក្លា​ព្រម​ទាំងបង្កើត​កម្មវិធី​នានា ដើម្បី​លើក​កម្ពស់​ទំនាក់ទំនង​ក្រៅ​អាស៊ាន។ ពិនិត្យ​ធម្មនុញ្ញ​អាស៊ានឡើង​វិញ ដើម្បី​ធានា​ឲ្យ​អាស៊ាន​ដើរ​តាមទាន់​សភាព​ការណ៍ និង​សមស្រប​ទៅ​តាម​កាលៈទេសៈ​ដែល​ប្រែប្រួល។ ត្រួត​ពិនិត្យ​ឡើង​វិញ នៅ​ពាក់​កណ្តាល​អាណត្តិ​ការប្រែ​ក្លាយ​អាស៊ាន​ឲ្យ​ទៅជា​អង្គការ ដែល​យក​ប្រជាជន​ធ្វើ​ជា​ស្នូល និង​ការ​បន្ត​អភិវឌ្ឍន៍​ចក្ខុវិស័យ អាស៊ានក្រោយ​ឆ្នាំ​២០១៥។

នៅ​ក្នុង​សុន្ទរក​ថា នៃ​ការ​ប្រារព្ធ​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៤ នោះ​ដែរ ឯកឧត្តម​ប្រធាន​កិច្ច​ប្រជុំ​ក៏បាន​លើក​ឡើង ពី​ការព្រួយ​បារម្ភ​ចំពោះ​បម្រែបម្រួល​អាកាស​ធាតុដែល​បាន និង​កំពុង​កើត​មាន​ឡើង នៅ​ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់ ដែល​បញ្ហា​ទាំង​អស់នោះ​ចាំ​ចាច់ យើង​ទាំងអស់​គ្នាបន្ត​ខិតខំ​រួមគ្នា​ដោះស្រាយ​ឲ្យខាន​តែបាន​ចាប់​ពី​ពេល​បច្ចុ​ប្បន្ន និង​ទៅ​អនាគត។

ដោយ​ឡែក​ កិច្ច​ប្រជុំ​កំពូល​ពេញអង្គ​អាស៊ាន​លើក​ទី២៤ និង​កិច្ច​ប្រជុំ​កំពូល​ចង្អៀត​បានប្រារព្ធ​ធ្វើ​ឡើង​បន្ទាប់​ពីការប្រារព្ធ​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​លើក​ទី២៤ ដែល​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​ទាំងពីរ​នោះ​រួមមាន ទី១ ការ​ពិនិត្យ​ពីការរីក​ចម្រើន​នៃ​ការ​អនុវត្ត​ផែនទី​ចង្អុល​ផ្លូវសម្រាប់​សហគមន៍​អាស៊ាន ផែន​ការ​ការងារទី២ នៃ​គំនិតផ្តួច​ផ្តើម​សម្រាប់​សមាហរណកម្មអាស៊ាន និង​ផែនការ​មេ​ស្តីពី​ការ​តភ្ជាប់​អាស៊ាន​ទី២ អនាគត​នៃ​សហគមន៍​អាស៊ាន និង​ទី៣ ទំនាក់​ទំនង​ក្រៅ​តំបន់​អាស៊ាន។

សម្រាប់​កិច្ច​ប្រជុំ​ចង្អៀត មេដឹកនាំ​អាស៊ាន​នឹង​ធ្វើការ​ពិភាក្សា​លើ​របៀប​វារៈ ទី១ ការ​ផ្លាស់​ប្តូរ​ទស្សនៈ​អំពី​បញ្ហា​តំបន់ និង​អន្តរ​ជាតិ និង​ទី២ ទាក់​ទិន​ទៅនឹង​កិច្ច​ប្រជុំ​កំពូល​នៃ​ប្រទេស G-20 ឆ្នាំ​២០១៤ ដែល​នឹង​ធ្វើឡើង​នៅ​ប្រទេស​អូស្រ្តាលី​ក្នុង​ខែវិច្ឆិកា​ខាង​មុខ។

ក្រោម​ប្រធាន​បទ​ឆ្ពោះទៅ​មុខរួមគ្នា​ទៅ​កាន់សហគមន៍​មួយប្រកប​ដោយ​សន្តិភាព និងវិបុល​ភាព​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២៤ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ចំនួន១៤ ចំណុច ដែល​ក្នុងនោះ​ប្រមុខរដ្ឋ​ប្រមុខរដ្ឋាភិបាល​អាស៊ាន​បាន​ពិភាក្សា​គ្នា​ប្រកប​ដោយ​ផ្លែផ្កា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២៤ ដោយ​បាន​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​យ៉ាងច្បាស់​លាស់​លើការ​សម្រេច​ចិត្ត​ទាន់​ពេលវេលា នូវ​សហគមន៍​អាស៊ាន​ត្រឹម​ឆ្នាំ​២០១៥ ការពង្រឹង​ស្ថាប័ន​អាស៊ាន និង​ប្រមើល​មើល​ទិសដៅ​យុទ្ធសាស្រ្ត​សម្រាប់​សហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ​២០១៥។ ប្រមុខ​រដ្ឋ​ប្រមុខរដ្ឋា​ភិបាល​អាស៊ាន​ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​ស្តីពី បញ្ហា​តំបន់ និង​អន្តរជាតិ ពិសេស​បាន​ពិភាក្សា​អំពី​ការបន្ត​ពង្រឹង និង​ធ្វើឲ្យ​កាន់​តែស៊ីជម្រៅ​នូវ​ទំនាក់​ទំនង​ជាមួយ​ដៃគូ​ខាង​ក្រៅ​របស់​អាស៊ាន។ ឆ្ពោះ​ទៅ​កាន់​សហគមន៍​អាស៊ាន​មួយ​ប្រកប​ដោយ​សន្តិភាព និងស្ថេរភាព​បាន​គូស​បញ្ជាក់​ពី​សារសំខាន់ នៃ​សាមគ្គី​ភាព​អាស៊ាន ដែលជា​មូលដ្ឋាន​សម្រាប់រាល់​កិច្ច​ខិតខំ​ក្នុង​ការលើក​កម្ពស់ សន្តិភាព និង​ស្ថេរភាព ការ​ពង្រឹង​វិបុលភាព​សេដ្ឋកិច្ច និងពង្រឹង​ការ​ចុះសម្រុង​គ្នា​ក្នុង​សង្គម ព្រម​ទាំង​អភិវឌ្ឍន៍​រួម​គ្នា​ក្នុងចំ​ណោ​មប្រជាជន​អាស៊ានទាំង​អស់។

ប្រមុខ​រដ្ឋ​ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​គូស​បញ្ជាក់​ពីសារ​សំខាន់ ក្នុង​ការ​ចាត់វិធាន​ការ​រួម ឈានដល់​សន្តិសុខ​គ្រប់​ជ្រុងជ្រោយ តាមរយៈ​ការ​ទទួល​ខុស​ត្រូវ​រួមរវាង​រដ្ឋ​ជាសមាជិក​អាស៊ាន ពិសេស​ការផ្តល់​នូវជំនឿ​ជឿជាក់​ដើម្បី​ឲ្យ​អាស៊ាន​ពង្រឹង ប្រជាធិបតេយ្យ​នីតិរដ្ឋ​អភិបាលកិច្ច​ល្អ គោរព និង​ការពារ​សិទ្ធិ​មនុស្ស និង​សេរីភាព​មូលដ្ឋាន​ផ្សេងៗ​ដោយ​ប្រកាន់​ខ្ជាប់​នូវ គោល​ការណ៍ នៃ​កិច្ច​ពិភាក្សា​កិច្ច​សហប្រតិបត្តិការ​ការ​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង និងអព្យាក្រឹត្យ​ភាព​ដូច​ដែល​បាន​ចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន។ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី​២៤ នេះផ​ងដែរ ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ក៏​បាន​ទទួល​ស្គាល់​ផងដែរ នូវ​តម្រូវ​ការ​ក្នុង​ក្របខណ្ឌ​គតិយុត្តិ​ទាំងស្រុង​របស់ធម្មនុញ្ញ​ឲ្យ​ចូលជា​ធរមាន តាម​រយៈ​ការ​ផ្តល់​សច្ចាប័ន​ឲ្យ​បាន​ពេញលេញ​នូវ​លិខិ​តូបករណ៍ ដែល​មិនទាន់​ចប់​សព្វ​គ្រប់​ពី​សំណាក់​រដ្ឋជាសមា​ជិក​អាស៊ាន។ ប្រមុខរដ្ឋ​ប្រមុខរដ្ឋាភិបាល​អាស៊ាន ក៏​បានស្វាគមន៍​ចំពោះ​ការបង្កើត​ក្រុមការងារ​ជាន់​ខ្ពស់ ស្តីពី​ការពង្រឹង​លេខាធិការ​ដ្ឋាន​អាស៊ាន និង​ត្រួត​ពិនិត្យ​អង្គការ​អាស៊ាន និង​ការ​ចាប់​ផ្តើម​ការងារ​របស់​ខ្លួន​នៅឯកិច្ច​ប្រជុំ​លើក​ដំបូង កាល​ពី​ថ្ងៃ​ទី១៨ ដល់​ថ្ងៃ​ទី​២០ មីនា ឆ្នាំ​២០១៤ នៅ​ទីក្រុងយ៉ាន់ហ៊្គូន​ប្រទេស​មីយ៉ាន់ម៉ា។ ជាមួយ​គ្នា​នេះ​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ក៏បាន​ស្វាគមន៍​ផងដែរ ចំពោះ​ការបង្កើត​មជ្ឈមណ្ឌល​សកម្មភាព​មីន តំបន់​អាស៊ាន (ARMAC) ដែល​ជាមជ្ឈមណ្ឌល​តំបន់​នាំមុខគេ​ក្នុងសកម្មភាព​មីន។

ទន្ទឹម​និង​នេះមេដឹកនាំ​អាស៊ាន​ក៏​បាន​ទទូច​សុំឲ្យ ARMAC ដើរ​តួនាទី​ស្នូល​យ៉ាង​សំខាន់​ក្នុងការ​ធ្វើ​ឲ្យ​អាស៊ាន​ក្លាយ​ជាតំបន់​គ្មាន​គ្រាប់​មីន និង​កាកសំណល់​ផ្ទុះ​ពីសង្រ្គាម (ERW) តាមរយៈ​វិធានការ និង​កសាង​សមត្ថភាព​រួម​គ្នា។ លើ​គំនិត​ផ្តួច​ផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន មេដឹក​នាំ​អាស៊ាន​បាន​បញ្ជាក់​ឡើងវិញ​នូវ​ការគាំទ្រ​ក្នុង​ការអនុវត្ត​ផែនការ​ការងារ​ទី២ នៃ​គំនិត​ផ្តួចផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន​ឆ្នាំ២០០៩ ដល់​ឆ្នាំ​២០១៥ និង​ស្វាគមន៍​ចំពោះ​ការ​បញ្ចប់​ការត្រួត​ពិនិត្យ​ពាក់​កណ្តាល​អាណត្តិ។

ក្រោយ​ពីការ​ត្រួត​ពិនិត្យ ប្រមុខរដ្ឋ​ប្រមុខរដ្ឋាភិបាល​អាស៊ាន​រង់ចាំ​មើល​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន ប្រកប​ដោយ​ប្រសិទ្ធភាព​រហូត​ដល់​ឆ្នាំ​២០១៥ និងបាន​កោត​សរសើរ​នូវ​ការផ្តួចផ្តើម​ឲ្យ​មាន​ការពិភាក្សា​ស្តីពី​ការ​បង្កើត​គោល​ដៅ និង​ផែនការការងារ​សម្រាប់​ផ្តួចផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន​ក្រោយ​ឆ្នាំ​២០១៥។ អាស៊ាន​នៅក្នុង​បរិបទ​តំបន់ និង​សកល មេដឹក​នាំ​អាស៊ាន​បាន​បង្ហាញ​ពីសាមគ្គី​ភាព​អាស៊ាន​ក្នុង​ការ​ថែរក្សា​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​រដ្ឋ​ជាសមាជិក​អាស៊ាន និង​គាំទ្រ​ការផ្លាស់ប្តូរ​របប​នយោ​បាយ​ដោយ​រលូន​នៅ​ក្នុង​រដ្ឋ​ជាសមាជិក​នីមួយៗ។ ជាមួយគ្នានេះ មេដឹកនាំ​អាស៊ាន​ក៏​បានកត់​សម្គាល់​ពីវឌ្ឍន​ភាព​ការងារ ក្នុង​ការ​អនុវត្ត​សេចក្តី​ថ្លែងការណ៍​ស្តីពី​ការប្រតិបត្តិ​របស់​ភាគី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង (DOC) ដែល​នឹង​រួម​ចំណែក​ដល់​សន្តិភាព​ស្ថេរភាព និង​សន្តិសុខដែន​សមុទ្រ​សេរីភាព​នៃ​ការ​ធ្វើ​ចរាចរ និង​សេរីភាព​ហោះហើរ​នៅ​ក្នុង​តំបន់។

មេដឹកនាំ​អាស៊ាន​ក៏បាន​កោត​សរសើរ​ផងដែរ ចំពោះ​កិច្ច​ពិភាក្សា​ផ្លូវ​ការ ដែល​កំពុង​តែ​បន្តរវាង​អាស៊ាន និង​ចិន​ស្តីពី​ការអភិវឌ្ឍ​ក្រមប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង (COC) និង​រង់ចាំមើល​ការបញ្ចប់​ក្រម​ប្រតិបត្តិ​នោះ​ក្នុង​ពេល​ឆាប់ៗ។ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល អាស៊ាន​លើក​ទី២៤ នោះដែរ មេដឹក​នាំអាស៊ាន​បាន​ស្វាគមន៍​ចំពោះ​ការរៀបចំ​ឲ្យ​មាន ការ​ជួប​ជុំគ្រួសារ​នៅទី​កន្លែង​កម្សាន្ត​លើភ្នំមួយ​នៅកូរ៉េខាង​ជើងកាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០១៤ កន្លង​ទៅ ប៉ុន្តែ​បានបង្ហាញ​ពី​កង្វល់​ជុំវិញ​ការវិឌ្ឍ​នៅ​ឧបទ្វីប​កូរ៉េ​នាពេល​ថ្មីៗ​នេះ ជាពិសេស​ការ​ដាក់​ដំណើរការមីស៊ីលស្គុដ ដែល​រំលោភ​សេចក្តី​សម្រេច​របស់អង្គការ​សហ​ប្រជាជាតិ ក្នុង​ការ​ហាម​ការបាញ់​កាំជ្រួច​ផ្លោង។ ជាមួយគ្នានេះ​ប្រមុខរដ្ឋ​ប្រមុខរដ្ឋាភិបាល​អាស៊ាន ​បាន​អំពាវនាវ​ដល់ភាគី​ទាំង​អស់​ឲ្យប្រកាន់​ខ្ជាប់​យ៉ាង​ពេញ​លេញ នូវ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហ​ប្រជាជាតិ និង​សេចក្តី​ថ្លែងការណ៍​រួម​នៃ​កិច្ច​ពិភាក្សា ៦​ភាគី កាល​ពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​១៩៩៥។ ទន្ទឹម​នឹងនេះ មេដឹកនាំ​អាស៊ាន​បាន​គូស​បញ្ជាក់​ពី​សារសំខាន់ នៃ​កិច្ចពិភាក្សា និង​បង្កើត​បរិយាកាស​មួយ​ដែល​នឹងនាំមក​នូវ​ការចាប់​ផ្តើម​កិច្ច​ពិភាក្សា ៦ភាគីឡើង​វិញ​ឲ្យ​បាន​ឆាប់ ដែល​នឹង​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការរំសាយ​អាវុធនុយក្លេអ៊ែរ​នៅ​ឧបទ្វីប។ លើ​ការកសាង​ស្ថាប័ន​អាស៊ាន​សម្រាប់​សហគមន៍​អាស៊ាន មេដឹកនាំ​អាស៊ាន​បាន​លើកទឹក​ចិត្ត​ឲ្យ​បន្ត​ពង្រឹង​តួនាទី​របស់​អគ្គលេខាធិការ​អាស៊ាន និង​លេខាធិការដ្ឋាន​អាស៊ាន តាមរយៈ​ការ​ផ្តល់​កិច្ចសហការ និង​សម្រប​សម្រួល​ពី​សំណាក់​រដ្ឋ ជាសមាជិក​អាស៊ាន​កាន់​តែប្រសើរ​ជាង​មុន ក្នុង​ការ​ធ្វើ​ការសម្រេច​ចិត្ត​លើ​កិច្ច​ព្រមព្រៀង​នានា និង​តាមរយៈ​ការ​ត្រួតពិនិត្យ និង​រាយការណ៍​ពីវឌ្ឍនភាព​កិច្ចការ​របស់​អាស៊ាន ក្រោម​សរសរ​ទ្រូង​នីមួយៗ​ក៏ដូចជា ទំនាក់​ទំនង​ជាមួយ​ដៃគូ​សន្ទនា និង​ដៃគូ​ខាង​ក្រៅ។

ដោយ​ឡែក​នៅ​ក្នុងចក្ខុវិស័យ​សម្រាប់​អនាគត​របស់​អាស៊ាន ប្រមុខរដ្ឋ​ប្រមុខរដ្ឋាភិបាល​អាស៊ាន​បានបញ្ជាក់​សាជាថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ដំណើរ​ទៅ​មុខ ដើម្បី​អនុវត្តន៍​ផែន​ការ​លម្អិតរបស់​សហគមន៍​អាស៊ាន​ឲ្យ​បាន​ឆាប់​រហ័ស និង​ប្រកប​ដោយ​គុណភាព និង​ទទួល​បានដោយ​ជោគ​ជ័យ​ពេញលេញ​នូវ​ការកសាង​សហគមន៍​អាស៊ាន​ត្រឹម​ឆ្នាំ២០១៥។

ជាមួយគ្នានេះ​មេដឹកនាំ​អាស៊ាន​បន្ត​សង្កត់​ធ្ងន់​អំពី​តម្រូការ នៃ​ការ​បង្កើត​ចក្ខុវិស័យ​អាស៊ានសម្រាប់​សម័យ​ក្រោយ​ឆ្នាំ​២០១៥ ដែល​អាច​ថែរក្សា​បាន​នូវ​ភាព​ទាក់ទង​កិត្តិស័ព្ទ និង​តួនាទី​ស្នូល​របស់​អង្គការ នៅ​ក្នុងសហគមន៍​ប្រជាជាតិ​សកល​នាពេល​អនាគត ក៏ដូចជា​ការប្តេជ្ញា​ចិត្ត​របស់​មេដឹកនាំ​ទាំង​អស់ ក្នុង​ការប្រែក្លាយ​អង្គការ​របស់​យើង​ទៅ​ជាអាស៊ាន​មួយ ដែល​យក​ប្រជាជន​ជាស្នូល​យ៉ាង​ពិត​ប្រាកដ​។

សូម​បញ្ជាក់​ថា មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​ដែល​អម​ដំណើរ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ទៅ​ចូល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៤ នៅ​សហភាព​មីយ៉ាន់ម៉ា​រួម​មាន​  ឯកឧត្ដមហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដ​ម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និងសមាជិកជាន់​ខ្ពស់​ដទៃទៀតនៃរាជ​រដ្ឋា​ភិបាល​កម្ពុជា៕