Thursday, May 8, 2014

សេចក្តី​ប្រកាស​ព័ត៌មាន ពិធី​ប្រគល់​-ទទួល​រូបច​ម្លាក់​ទុរយោធន៍ (DURYODHANA) ដែលបាន​ឃ្លាតឆ្ងាយ​ពីកម្ពុជា​អស់​រយៈ​ពេលជាង​៤០ឆ្នាំ

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយក-​រដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​អញ្ជើញ បំពេញ ទស្សនកិច្ច ពិសេស ទៅកាន់ សហរដ្ឋអាមេរិក​ ក្នុងនាម​រាជ​រដ្ឋា​ភិបាលក ម្ពុជា ដឹក នាំ ដោយ​ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ដើម្បីចូលរួមពិធីប្រគល់-ទទួលរូបចម្លាក់​ទុរយោធន៍ (DURYODHANA) នៅទីក្រុងញូវយ៉ក កាល​ពី រសៀល​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ២០១៤ ជាមួយ​​នឹង​វត្តមា​ន របស់​លោក Preet Bharara​រដ្ឋអាជ្ញា​ប្រចាំតំបន់​ភាគខាងត្បូង​ទីក្រុង​ញូវ​យ៉ក សហរដ្ឋ​អាមេរិក។ ដំណើរ​ទស្សនកិច្ចនេះ ផ្តោតសំខាន់​លើសារសំខាន់​នៃគោល​នយោបាយ​របស់​រាជរដ្ឋា​ភិ​បាលកម្ពុជា ក្នុងការទាម​ទារ​មកវិញ​នូវ​បុរាណ​វត្ថុ​ខ្មែរ​ដែល​ត្រូវ​បាន​លួច។ ពិធីនេះ​ក៏ទទួលបាន​ការចូលរួមផងដែរពី​តំណាង​ក្រសួង​សន្តិ​សុខ​ជាតិ​សហរដ្ឋអាមេរិក អង្គការយូណេស្កូ​ សាលា​បារាំងចុងបូព៌ា និងរាជរដ្ឋាភិបាល​កម្ពុជា ជា​សាក្សី​នៃ​ពិធី​នេះ។

រូបចម្លាក់ទុរយោធន៍ត្រូវបានលួចចេញក្នុងទសវត្សឆ្នាំ១៩៧០ ពីប្រាសាទ​ចិន​នៃ​រមណីយ​ដ្ឋាន​កោះ​កេរ​ដែល ជាទីតាំងបុរាណវិទ្យាដ៏ឆ្ងាយដាច់ស្រយាលមួយ នៅភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា ដែល​ជាគោល​ដៅនៃ​ការ​លួចគ្រប់ទិសទី ក្នុងអំឡុង​សង្រ្គា​ម​ស៊ីវិល​រយៈ​ពេល​២​ទសវត្សនៅកម្ពុជា ​ដែលបានចាប់ផ្តើមឡើង​ចាប់ពី​ចុងទសវត្សឆ្នាំ១៩៦០ ដោយ​រួម​បញ្ជូល​ទាំងរបបមហាវិនាសកម្មខ្មែរក្រហមផងដែរ។

នៅខែមីនា ឆ្នាំ២០១១ ក្រុមហ៊ុនលក់វត្ថុបុរាណ Sotheby’s បានដាក់ដេញថ្លៃលក់រូបចម្លាក់ទុរយោធន៍​របស់ កម្ពុជា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅក្នុងសៀវភៅបញ្ជីបុរាណវត្ថុរបស់ខ្លួន​សម្រាប់ការ​លក់​ដេញ​​ថ្លៃ ឈ្មោះសប្តាហ៍អាស៊ី ហើយការលក់ដេញថ្លៃមួយត្រូវបានកំណត់ឱ្យចាប់ផ្តើមនៅថ្ងៃច័ន្ទនៃសប្តាហ៍បន្ទាប់ នៅ ទីក្រុងញូវយ៉ក។

ក្រុមអ្នកស្រាវជ្រាវនៃសាលា​បារាំងចុងបូព៌ាពិតជាបានជួយបង្ហាញឱ្យឃើញយ៉ាងច្បាស់​នូវសិទ្ធិរបស់​កម្ពុជា លើ រូបចម្លាក់ទុរយោធន៍​ បន្ទាប់ពីការរកឃើញនូវជើងទម្រ​នៅប្រាសាទចិន ក្នុងរមណីយដ្ឋានកោះកេរ ប្រទេស​កម្ពុជា។

ការដាក់ដេញថ្លៃត្រូវបានកំណត់នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១១ ប៉ុន្តែត្រូវបានបញ្ឈប់ទៅវិញ នៅពេល​ដែល​រាជរដ្ឋាភិបាលកម្ពុជាបានសរសេរ​លិខិត​មួយទៅកាន់ក្រុមហ៊ុន Sotheby’s ដោយស្នើឱ្យក្រុមហ៊ុនផ្អាក​ការ​ដាក់ លក់ដេញថ្លៃនេះ ហើយប្រគល់រូប​ចម្លាក់ទុរយោធន៍មកឱ្យកម្ពុជាវិញ។ គួររំលឹកផងដែរថា គំនិតផ្តួចផ្តើម​នេះ គឺផ្តើមចេញមកពីការពិភាក្សាប្រកបដោយផ្លែផ្ការវាងឯកឧត្តម ច័ន្ទ តានី រដ្ឋលេខាធិការនៃ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី និងឯកឧត្តម Jeff Daigle ភារធារីស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។

កាលពីខែមេសា ​ឆ្នាំ២០១២ ក្នុងនាមកម្ពុជា រដ្ឋអាជ្ញាសហរដ្ឋអាមេរិកបានដាក់ពាក្យបណ្តឹង​រដ្ឋប្បវេណី​ទៅ​តុលាការសហព័ន្ធដើម្បីទាមទារឱ្យមានការរិបអូសរូបចម្លាក់នេះ។

ដំណើរការនីតិវិធីនៅតុលាការបានបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៣ នៅពេលដែលក្រុមហ៊ុនលក់វត្ថុបុរាណ Sotheby’s សម្រេចដោះស្រាយជម្លោះ ដោយព្រមព្រៀងប្រគល់រូបចម្លាក់ទុរយោធន៍មកកម្ពុជាវិញ។

ក្នុងពិធីនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានបំពាក់គ្រឿង​ឥស្ស​រិយយសនៃព្រះរាជាណាចក្រកម្ពុជា ជូនតំណាងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋ​អាមេរិកប្រចាំតំបន់​ភាគខាង​ត្បូងទីក្រុងញូវយ៉ក ក្រសួងសន្តិសុខជាតិសហរដ្ឋអាមេរិក និងសាលាបារាំងចុងបូព៌ា។

រាជរដ្ឋាភិបាលកម្ពុជាសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសស្ថានទូតសហរដ្ឋ​អាមេរិក ក្នុងទីក្រុងភ្នំពេញ ចំពោះការប្តេជ្ញាចិត្តក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ និង​ឆន្ទៈ ដ៏មោះមុតក្នុងការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសូមធ្វើការអំពាវ​នាវ ដល់សារមន្ទីរ និងអ្នកប្រមូលទុកបុរាណវត្ថុដ៏ទៃទៀតនៅទូទាំងពិភពលោក ឱ្យអនុវត្តតាមគម្រូ​នៃការ​ប្រគល់ ត្រឡប់មកវិញនូវរតនៈវត្ថុដែលត្រូវបានលួច ទៅឱ្យម្ចាស់ស្របច្បាប់វិញ ដែលនេះ គឺជាការរួម​ចំណែកក្នុង​យុទ្ធនាការជាសកលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងៈ
ឯកឧត្តម ច័ន្ទ តានី
រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី
ទូរស័ព្ទដៃៈ +៨៥៥-១២-៨០៤ ៦៩៩
អ៊ីម៉េលៈ chantanim@gmail.com