Tuesday, June 10, 2014

អតីត​រដ្ឋម​ន្ត្រីការ​បរទេស​សិង្ហ​បុរី៖ កម្ពុជា​​សព្វ​​ថ្ងៃ​ពោរ​ពេញ​​ទៅ​ដោយ​ភាព​​រស់​​រវើក និង​​មាន​ការ​​ផ្លាស់​​ប្តូរ​​គួរ​​ជាទី​​ពេញ​​ចិត្ត​​

លោក George Yong Boon Yed ប្រធាន​ក្រុមហ៊ុន Kerry Logisties មក​ពី​ប្រទេស​សិង្ហបុរី បាន​ចាត់​ទុក​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ ​ពោរពេញ​ទៅ​ដោយ​ភាព​រស់​រវើក ​​បើ​ប្រៀបធៀប​ទៅ​នឹង​ទសវត្ស ១៩៩០ កម្ពុជា​នៅ​ពេល​នេះ​ គឺ​ពិតជា​មានការ​ផ្លាស់ប្តូរ​គួរ​ជាទី​ពេញចិត្ត​ជាទីបំផុត។

នៅ​ក្នុង​ឱកាស​ចូល​សម្តែង​ការ​គួរ​សម ជាមួយ​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា នៅ​វិមាន​សន្តិ​ភាព​ ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៤ លោក George Yong Boon Yed អតីត​រដ្ឋមន្ត្រី​ការបរទេស​សិង្ហ​បុរី និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Kerry Logisties បាន​មាន​ប្រសាសន៍​ថា នេះ​គឺជា​លើក​ទី៣ ​ដែល​រូបលោក​បាន​មក​កាន់​ប្រទេស​កម្ពុជា និង​​បាន​មើលឃើញ​ពី​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​គួរ​ជាទី​មោទនភាព​បំផុត។

ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា លោក George Yong Boon Yed បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា រូបលោក​បាន​ជួប​ជន​ជាតិ​សិង្ហ​បុរី​ជាច្រើន​ដែល​មក​កម្ពុជា ទាំង​អ្នក​ទេសចរ​ក៏ដូចជា​អ្នក​ជំនួញ និង​អ្នកបម្រើ​លើ​ការងារ​របស់​អង្គការ​ក្រៅរដ្ឋាភិបាល​ដែល​ពួកគេ​ទាំងអស់​បាន ​ពោល​ពាក្យ​យ៉ាង​ល្អ​អំពី​កម្ពុជា។

លោក George Yong Boon Yed មាន​ប្រសាសន៍​ឲ្យ​ដឹង​​ថា នេះ​គឺជា​ដំណាក់កាល​ថ្មី​មួយ​សម្រាប់​កម្ពុជា​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​រស់​រវើក ពោល​បើ​ប្រៀបធៀប​ទៅ​នឹង​ទសវត្ស១៩៩០ ​កម្ពុជា​នៅ​ពេល​នេះ​ គឺ​ពិតជា​មានការ​ផ្លាស់ប្តូរ​គួរ​ជាទី​ពេញចិត្ត​ជាទីបំផុត។ លោក George Yong Boon Yed បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​ដែរ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​លោក​មកកាន់​កម្ពុជា​នៅ​ពេល​នេះ​ គឺ​ក្នុង​តួនាទីថ្មី​ជា​ប្រធាន​ក្រុមហ៊ុន Kerry Logisties និង​មាន​ទិសដៅដើម្បី​ក្រុមហ៊ុន​ភស្តុភារ Kerry នៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​នៅ​កម្ពុជា។

ដោយហេតុ​ថា កម្ពុ​ជា​មាន​សក្តានុពល​ខ្ពស់ ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​​មាន​ភាព​ល្អប្រសើរ  ​លោក​ George Yong Boon Yed បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុមហ៊ុន​លោក​មានបំណង​បើក​ក្រុម​ហ៊ុន​​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​មាន​ឃ្លាំង​ស្តុក​ទំនិញ​ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក និង​នាំចេញ​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​ជាទី​កន្លែង​សម្រាប់​ឆ្លងកាត់​ទំនិញ​ទៅកាន់​ប្រទេស​ដទៃទៀត​តាមផ្លូវ​គោក។

លោក​ប្រធានក្រុមហ៊ុន Kerry Logisties បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បញ្ហា​ភស្តុភារ​វា​នឹង​បម្រើ​ឲ្យ​យន្ត​ការ​សេដ្ឋកិច្ចកម្ពុជា​ផង និង​សម្រាប់​តំបន់​ផង ហើយ​វា​ក៏​ជា​របៀប​សេដ្ឋកិច្ច​ថ្មី​មួយ​នៅក្នុង​នយោ​​បាយ​ដែល​មាន​ស្រាប់ ​​ដែល​ត្រូវ​ទទួលបាន​នូវ​ការអនុវត្ត​ដោយ​ក្រុមហ៊ុន Kerry Logisties ផ្ទាល់តែម្តង។ ​លោក​ប្រធាន​ក្រុមហ៊ុន ក៏​បាន​គោរព​ស្នើសុំ​សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​ធ្វើការ​គាំទ្រ​ដល់​គ​ម្រា​ង​បណ្តាក់​ទុន​វិនិយោគ​ក្រុម​ហ៊ុន​របស់​លោក​នៅ​កម្ពុជា​។

សម្តេច​តេជោនាយករដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​ស្វាគមន៍​ ចំពោះ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Kerry Logisties នៅ​កម្ពុជា ដោយ​បាន​ណែនាំ​ឲ្យ​ឯកឧត្តម សុខ ចិន្តា​សោភា ធ្វើការ​សហការ​ជាមួយ​នឹង​ឯក​ឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ គាត ឈន់ ដើម្បី​ពិនិត្យមើល​ពី​លក្ខណៈ​ច្បាប់ និង​ធ្វើ​ការ​សម្រួល​ដល់​បញ្ហា​ទាំងអស់​នោះ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ឲ្យ​ដឹងថា កម្ពុជា​កន្លងមក​គឺ ជា​ប្រទេស​មួយ​ដែល​ធ្លាប់​តែ​រង់ចាំ​ទទួល​ជំនួយ ប៉ុន្តែ​ឥឡូវនេះ​កម្ពុជា​កំពុងតែ​បោះជំហាន​ទៅមុខ​លើវិស័យ​ពាណិជ្ជ​កម្ម។ “​ការ​ធ្វើ​ពាណិជ្ជកម្ម​បែរមុខ​ទៅ​រក​ប្រទេស​ខាងក្រៅ​កាន់តែ​ធំ​ទូលាយ​ឡើង”។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍ថា បញ្ហា​ភស្តុភារ​ គឺជា​បញ្ហា​មួយ​ដែល​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ក្នុង​ប្រធាន​បទ​មួយ​​នៅក្នុង​កម្មវិធី​កំណែទម្រង់សេដ្ឋកិច្ច​រប​ស់​កម្ពុជា​ផង​ដែរ​៕