ក្នុងកិច្ចប្រជុំចរចារវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ
ភាគីទាំងពីរបានឯកភាពគ្នាដាក់ស្ថាប័ន គជប ជាស្ថាប័នឯករាជ្យ
និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បង្កើតជំពូកថ្មីមួយទៀត គឺជំពូកទី១៥
ស្តីពីអង្គការរៀបចំការបោះឆ្នោត។
ការចរចាកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ពុំដែលបានដាក់លក្ខខណ្ឌណាមួយនោះទេក្នុងការដោះស្រាយភាពមិនចុះសម្រុងគ្នានៅពេលនេះ។
គណបក្សប្រជាជនកម្ពុជា តែងតែធ្វើការចរចាដោយឈរលើស្មារតី បង្រួបបង្រួម
ផ្សះផ្សារជាតិ និងគោរពតាមរដ្ឋធម្មនុញ្ញ ជានិច្ច ។ ផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិឯណោះទេ
ដែលដាក់លក្ខខណ្ឌក្នុងការចរចានោះ ហើយលក្ខខណ្ឌនេះទៀតសោត
មិនមែនដាក់មកដើម្បីដោះស្រាយឡើយ គឺជាការដាក់លក្ខខណ្ឌមួយបន្ថែមបន្ទុកពីរទៅវិញ។ដូច្នេះ វាជាហេតុផលដែលនាំឲ្យការស្វែងរកដំណោះស្រាយ បន្តមិនចុះសម្រុងគ្នាមិនចេះចប់ មិនចេះហើយរហូតមកដល់ពេលនេះ។
ការលើកឡើងដដែលៗរបស់មេដឹកនាំបក្សប្រឆាំង
ស្តីពីការទាមទារឲ្យមានការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សំឡេង២ភាគ៣ នៃសមាជិករដ្ឋសភាទាំងមូល
គឺជាលេសបន្តកំដៅនយោបាយនៅកម្ពុជា ក្នុងគោលបំណងកេងយកប្រជាប្រិយភាពពីប្រជាពលរដ្ឋ
តែប៉ុណ្ណោះ។
បើក្រឡេកមើលទៅអតីតកាល រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣
គឺតម្រូវឲ្យមានការអនុម័តច្បាប់ និងរាល់ឯកសារគតិយុត្តិផ្សេងៗ
ដោយសម្លេង២/៣ នៃសមាជិករដ្ឋសភា។
នៅក្នុងដំណាក់កាលនោះ
រាល់ដំណើរការអនុមត្តិច្បាប់តែងតែជួបប្រទះនូវវិបត្តិនយោបាយជាញឹកញាប់
ជាពិសេស គឺវិបត្តិនៃការខ្វះកូរ៉ុមក្នុងកិច្ចប្រជុំម្តងៗ។ គណបក្សដែលមានសម្លេងភាគតិចនៅក្នុងរដ្ឋសភា
តែងតែយកគណបក្សឈ្នះឆ្នោតដែលមានសម្លេងភាគច្រើនជាចំណាប់ខ្មាំង
ដើម្បីផលប្រយោជន៍នយោបាយរបស់បក្សខ្លួន គឺវិបត្តិនៃការខ្វះកូរ៉ុម
មិនអាចប្រជុំបាន
ដែលនឹងនាំមកនូវការជាប់គាំងក្នុងការអនុមត្តិច្បាប់ផ្សេងៗ។
ជាក់ស្តែង កាលណោះ គណបក្សសម រង្ស៊ី ដែលជាគណបក្សតូចតាចមួយ
មានការបែកបាក់ជាមួយគណបក្ស ហ៊្វុនស៊ីនប៉ិច ដែលដឹកនាំដោយទ្រង់ រណឬទ្ធិ
។ ដោយសារគណបក្សខ្លួន
មិនបានទទួលផលប្រយោជន៍ពីការអនុមត្តិច្បាប់ដោយសម្លេង២/៣នេះ និងដោយសារលោក សម រង្ស៊ី ចង់រំសាយកំហឹងជាមួយទ្រង់ រណឬទ្ធិ
ផង ទើបកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០០៦ គឺលោក សម រង្ស៊ី
ខ្លួនឯងផ្ទាល់ បានធ្វើសំណើទៅប្រធានរដ្ឋសភា ក្នុងអាណត្តិរបស់ទ្រង់
រណឬទ្ធិ ជាប្រធានរដ្ឋសភា
ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពីមតិ២/៣ ទៅជាការសម្រេចដោយសមាជិកសភា
ត្រឹម៥០ បូក១ វិញ។
ចាប់ពីពេលនោះមក វិបត្តិជាប់គាំងនយោបាយដោយសារការខ្វះកូរ៉ុម
ត្រូវបានផុតរលត់រហូតមកដល់ពេលបច្ចុប្បន្ននេះ។
ដូច្នេះ ការលើកឡើងនូវរូបមន្តឲ្យមានការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សំឡេង២ភាគ៣ នៃសមាជិករដ្ឋសភា ដោយគណបក្សសង្គ្រោះជាតិ
គឺជាចេតនា ដែលនឹងនាំឲ្យមានការជាប់គាំងខាងនយោបាយ យ៉ាងពិតប្រាកដ
ហើយទីបំផុត វានឹងនាំដល់ការបរាជ័យក្នុងការធ្វើកំណែទម្រង់នៃការបោះឆ្នោត
ដែលបានឯកភាពគ្នានៅក្នុងជំនួបកំពូល ជាមិនខាន។ មានន័យថា « គណបក្សសង្គ្រោះជាតិ
មានឆន្ទៈក្នុងការចរចា តែគ្មានឆន្ទៈក្នុងការដោះស្រាយបញ្ហា » និងបានប្រើនូវល្បិច
« ស្វាស៊ីបាយរួច
ទៅលាបមាត់ពពែ » ដោយគណបក្សសង្គ្រោះជាតិជាអ្នកលើកបញ្ហាឲ្យជាប់គាំង
ហើយទម្លាក់កំហុសមកលើគណបក្សប្រជាជនកម្ពុជា ជាអ្នកដោះស្រាយទៅវិញ។
ម៉្យាងវិញទៀត ការប្រកាន់ជំហរ មានះ រឹងរូស
របស់លោក កឹម សុខា និងលោក សម រង្ស៊ី ក្នុងការមិនចូលប្រជុំសភានាពេលនេះ
ក៏ជាល្បិចកលមួយផងដែរ ក្នុងការគៀងគររកថវិកា ពីបងប្អូនខ្មែររស់នៅបរទេស
ដើម្បីទទួលបាននូវលាភសាក្ការៈ ក្នុងការធ្វើមាន ធ្វើបានដល់ក្រុមគ្រួសារខ្លួន
តាមរយៈការយកលេសទៅធ្វើទស្សនៈកិច្ច ឬថាទៅបង្ហាញពីគោលជំហររបស់គណបក្សសង្គ្រោះជាតិជាដើម
។
មេបក្សប្រឆាំងទាំងពីរ តែងតែប្តូរវេនគ្នាទៅសុំរៃអង្គៀសប្រាក់
ពីប្រជាពលរដ្ឋខ្មែរនៅបរទេសពីរដ្ឋមួយ ទៅរដ្ឋមួយ ពីប្រទេសមួយ
ទៅប្រទេសមួយ
ដែលពួកគេខិតខំធ្វើការងារដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារយ៉ាងលំបាក។
ថ្មីៗនេះ ពេលដែលលោក កឹម សុខា ចេញទៅរកលុយ លោក សម រង្ស៊ី
នៅក្នុង ហើយឥឡូវនេះ ដល់វេនលោក កឹម សុខា នៅក្នុង លោក សម
រង្ស៊ី ចេញរកលុយវិញម្តង។ ពិតជាវិធីងាយៗក្នុងការរកប្រាក់មែន។
នៅទីបំផុត ពេលដែលមេបក្សប្រឆាំងទាំងពីរ
អស់សមត្ថភាព ក្នុងការប្រមូលប្រាក់នៅបរទេស
ហើយនៅពេលដែលប្រជាពលរដ្ឋនៅបរទេសកាន់តែអស់ជំនឿ
មានវិធីមួយទៀតគឺការនិយាយលួងលោមប្រជាពលរដ្ឋក្នុងប្រទេសថា យើងគួរតែដល់ពេលចូលប្រជុំសភាហើយ
ដើម្បីធ្វើកំណែទម្រង់នេះ ឬកំណែទម្រង់នោះ ឬនិយាយថា
យើងទទួលបានជោគជ័យហើយ ដើម្បីបង្ហាញថាគោរពឆន្ទៈប្រជាពលរដ្ឋ ប៉ុន្តែ
ចំណុចសំខាន់ក្នុងការព្រមចូលប្រជុំក្នុងសភា
គឺដើម្បីទៅទាមទារប្រាក់ខែរបស់ពួកគេគ្រប់គ្នាតែប៉ុណ្ណោះ។
ដូច្នេះ បក្សប្រឆាំង
មិនខុសពីមនុស្សដែលលោភលន់នោះទេ ដោយហេតុថា ក្នុងការចរចាគណបក្សសង្គ្រោះជាតិ
តែងដាក់លក្ខខណ្ឌជាបន្តបន្ទាប់ ហើយលក្ខខណ្ឌដែលគណបក្សប្រឆាំងដាក់ដើម្បីចរចានេះ វាមានចេតនាធ្វើឲ្យរាំងស្ទះ ច្រើនជាងដំណោះស្រាយ។
ជារួម ដើម្បីឲ្យមានកំណែទម្រង់ពិតប្រាកដលើប្រព័ន្ធបោះឆ្នោត
គឺស្ថាប័នគជប ត្រូវតែការពារដោយច្បាប់រដ្ឋធម្មនុញ្ញ
ហើយការបោះឆ្នោតជ្រើសតាំងសមាសភាពគជប ត្រូវតែធ្វើឡើងដោយសមាជិករដ្ឋសភាសំឡេង
៥០បូក១ ទើបស្ថានប័នបោះឆ្នោតនោះឯករាជ្យ
ព្រោះរាល់សមាជិកដែលបានជ្រើសតាំងទាំងអស់
សុទ្ធតែមានការឯកភាពគ្នាពីគណបក្ស ដែលមានសម្លេងក្នុងសភា ហើយសមាសភាពគណៈកម្មាធិការរៀបចំការបោះឆ្នោត
ដែលបានជ្រើសតាំង នឹងមិនមានការកែប្រែញឹកញាប់នោះឡើយ។
ដោយ ពង្ស សុក្រឹត្យ